ខឹម ខាន់ ហៅ សំអាង៖ អនុលេខា ស្រុកស្វាយរៀង តំបន់២៣ ភូមិភាគបូព៌ា(២០៣)

ខ្ញុំឈ្មោះ ខឹម ខាន់ ហៅ សំអាង[1] ភេទប្រុស មានអាយុ៣៨ឆ្នាំ(គិតត្រឹមឆ្នាំ១៩៧៨)។ ខ្ញុំមានទីកន្លែងកំណើតនៅភូមិគ្រួស ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ តំបន់២៣(បច្ចុប្បន្នក្នុងខេត្តស្វាយរៀង) ភូមិភាគបូព៌ា។ ខ្ញុំមានឪពុកឈ្មោះ ខឹម ជាម និងម្ដាយឈ្មោះ ចាន់ សួន។ ខ្ញុំមានប្រពន្ធឈ្មោះ ធូ សាមិត ដែលមាននាទីផ្នែកតម្បាញនៅស្វាយរៀង ព្រមទាំងមានកូនចំនួន៥នាក់ ក្នុងនោះស្រីចំនួន២នាក់។[2]
នៅខែឧសភា ឆ្នាំ១៩៧៥ កែវ អាន គឺជាគណៈអចិន្រ្តៃយ៍តំបន់២៣ បានសរសេរសំបុត្រមួយច្បាប់ឲ្យខ្ញុំនៅមន្ទីរស្រុកស្វាយរៀង តាមរយៈនីរសារតំបន់២៣ ឈ្មោះ សុក។ សំបុត្រមានខ្លឹមសារអញ្ជើញខ្ញុំចូលរួមប្រជុំការងារមួយចំនួននៅឃុំប្រសាក់ នៅម៉ោង៧ព្រឹក កុំខានដោយមានវៀតណាមចំនួន២នាក់ចូលរួមដែរ។ នៅម៉ោង៧ព្រឹក ខ្ញុំជិះម៉ូតូហុងដាពណ៌ក្រហម មកមន្ទីរប្រសាក់។ ទៅដល់ភ្លាម កែវ អាន ហៅខ្ញុំចូលប្រជុំ។ អ្នកចូលរួមមាន៖ ១) សាម គឺជាប្រធានសន្តិសុខតំបន់២៣, ២) ស៊ែល គឺជាសមាជិកសេនាធិការតំបន់២៣, ៣) ខ្ញុំ, ៤) ឈិន គឺជាសមាជិកស្រុកស្វាយរៀង, ៥) ប្រាក់ សំបាត់ គឺជាប្រធានឃោសនាការ ស្រុកស្វាយរៀង និង ៦) ជី គឺជាលេខាឃុំប្រាសាក់ រួមជាមួយនឹងខាងវៀតណាម ដែលមានឈ្មោះ ទឺ បា គឺជាគណៈទាក់ទងកម្ពុជា-វៀតណាម និង ទឺ បែ គឺជាអនុគណៈទាក់ទងកម្ពុជា-វៀតណាម។ ចំពោះខ្លឹមសារប្រជុំ កែវ អាន តំណាងឲ្យគណៈអិចន្រ្តៃយ៍តំបន់២៣ គឺបងសូ[3] លើកឡើង៣ចំណុច៖ ១) បញ្ហាព្រំដែននៅរក្សាបង្គោលចាស់ដដែល ប្រសិនខាងវៀតណាមចូលមកក្នុងទឹកដីកម្ពុជា ឬខាងកម្ពុជាចូលទឹកដីវៀតណាម យើងកុំបាញ់គ្នាអី។ ២) បញ្ហាទ័ពវៀតណាម និងកម្ពុជា ត្រូវបោះទីតាំងឲ្យឃ្លាតចេញពីព្រំដែនចម្ងាយ១គីឡូម៉ែត្រ។ ៣) សុំស្នើថ្នាំពេទ្យ ខោអាវ ពីសមមិត្ត ទឺ បា មកទុកដាក់សម្រាប់បម្រើផែនការខាងមុខ។ បន្ទាប់ពី កែវ អាន លើកឡើងដូច្នេះ ទឺ បា យល់ព្រមតាមសំណើពីរចំណុចខាងលើចំណែក ខោអាវ និងថ្នាំពេទ្យ គាត់សុំពេលទាក់ទងជាមួយ សាយូ លេខាខេត្ត ឡុងអាន សិន។ ក្រោយប្រជុំរួច កែវ អាន ប្រគល់ភារកិច្ចឲ្យខ្ញុំ, ឈិន និង ប្រាក់ សំបាត់ ត្រូវជូន ទឺ បែ និង ទឺ បា ទៅខេត្តឡុងអាន។ ខ្ញុំចូលដល់ព្រំដែន ឃុំកំពង់ស្លម ឈ្មោះវេ, ដាង និង ហ(យួន) បានទទួលឈ្មោះ ទឺ បា និង ទឺ បែ ទៅជួប សាយូ នៅខេត្តឡុងអាន ហើយពួកខ្ញុំទាំង៣នាក់បានត្រលប់មកអង្គភាពវិញ។ ពេលខ្ញុំទៅដល់បងគួន ណែនាំឲ្យខ្ញុំធ្វើសកម្មភាពតាមព្រំដែន ដោយមានការពិភាក្សាជាមួយវៀតណាមឈ្មោះ ហាយ ដាង និង វេ គឺឲ្យហាយ ដាង បញ្ជូនភ្នាក់ងារវៀតណាមមកក្នុងដីខ្មែរ។
នៅខែឧសភា ឆ្នាំ១៩៧៦ បងគួន ដែលជាអនុលេខាតំបន់២៣ បានផ្ញើសំបុត្រមួយតាមរយៈនីរសារឈ្មោះ សុក ឲ្យខ្ញុំទៅជួបគាត់នៅមន្ទីរតំបន់ ក្នុងស្រុកស្វាយរៀង។ ពេលខ្ញុំទៅដល់ បងគួន បានឲ្យសំបុត្រខ្ញុំមួយច្បាប់យកទៅឲ្យឈ្មោះ សាយូ ដែលជាគណៈខេត្តឡុងអាន។ បងគួន ប្រាប់ខ្ញុំថាឲ្យយកសំបុត្រទៅដោយផ្ទាល់ ប្រសិនជាជួប សមមិត្ត ហាយ ដាង អាចផ្ញើតាមរយៈ ហាយ ដាងក៏បាន។ ពេលត្រលប់មកពីជួបបង គួន វិញ ខ្ញុំបានជិះម៉ូតូហុងដា ទៅព្រំដែនហើយខ្ញុំបានចូលទៅកន្លែង ហាយ ដាង និងផ្ញើសំបុត្រឲ្យ សាយូ។ រំលងបានរយៈពេល៣ថ្ងៃ ខ្ញុំជិះម៉ូតូ ទៅកន្លែងមិត្ត ហាយ ដាង ចង់ដឹងពីសំបុត្រ បងគួន យ៉ាងណាហើយ។ ខ្ញុំជិះម៉ូតូ ទៅដល់ក៏ឃើញ ហាយ ដាង និង ជិន សុខ ដែលជាប្រធានសន្តិសុខ ខេត្តឡុងអាន ជិះកាណូតពីត្រើយខាងត្បូងមកដល់មន្ទីរជួបខ្ញុំ។ ជិត សុខ ប្រាប់ថាសមមិត្តទៅវិញប្រាប់ សមមិត្ត គួន ស្អែកមកជួបខ្ញុំនៅកន្លែងនេះកុំខាន។ ខ្ញុំជិះម៉ូតូមកមន្ទីរតំបន់ ប្រាប់បងគួន ហើយបងគួន ប្រាប់ខ្ញុំវិញថា មិត្តត្រូវទៅឲ្យបានមុនខ្ញុំពីព្រឹកបន្តិចហើយប្រាប់មិត្ត ឧស្សាហ៍,សម្បត្តិ, ជាង និង មិត្តឈិន ទៅជាមួយផង។ ស្អែកឡើងម៉ោង៦ព្រឹក ខ្ញុំ, បងឧស្សាហ៍, មិត្តសម្បត្តិ, មិត្តជាង និង មិត្តឈិន យកម៉ូតូ៣គ្រឿងជិះទៅមន្ទីររបស់ ហាយ ដាង នៅឃុំកំពង់សម្ល។ ពេលពួកខ្ញុំទៅដល់ មិនបានជួប ហាយ ដាង និង ជិត សុខ ទេ គឺយើងនៅអង្គុយរង់ចាំបន្តិចទើប បងគួន ជិះឡានទៅដល់ ហើយ ហាយ ដាង និង ជិត សុខ ជិះកាណូតពីត្រើយខាងត្បូងមកដល់ដែរ។ ជិន សុខ ចាប់ផ្ដើមនិយាយតំណាងឲ្យគណៈខេត្តឡុងអាន សមមិត្ត សាយូ ផ្ដាំមកឲ្យខ្ញុំសួរ មិត្ត គួន ដើម្បីធ្វើការតាមព្រំដែនសុំស្នើមិត្ត គួន អនុវត្តន៍ផែនការថែមទៀតលើបញ្ហាបញ្ជូនប្រជាជន គោ-ក្របី ពីស្រុកខ្មែរទៅឲ្យស្រុកយួន និងមិនត្រូវឲ្យបែកការណ៍ទេ។ បងគួន បានឆ្លើយតបថាមិនបែកការណ៍ទេ ព្រោះគួន បានធ្វើស្របច្បាប់ប្រាប់អង្គការថា ប្រជាជនបះបោរនាំគោក្របីទៅស្រុកយួន។ កម្លាំងកសាងបានបង្កប់នៅក្នុងស្រុកតំបន់២៣ គឺជាកម្លាំងដែលបានរៀបចំសម្រាប់សកម្មភាពបញ្ជូនប្រជាជន ឬគោ-ក្របី មកពីស្រុកយួន គឺមាននៅឃុំប្រសាក់ រហូតដល់ឃុំគ្រួស។ ចំណែកកម្លាំងតាមស្រុកនីមួយៗមាន ផន លេខាស្រុកកំពង់រោទិ៍, សំអន លេខាស្រុកចន្ទ្រា, សាលីវ លេខាស្រុកប្រសូត, សាផល់ លេខាស្រុករមាសហែក, សារ៉េត លេខាស្រុក សំរោង និង សយ គឺជាលេខាស្រុកមានជ័យថ្មី។ នៅខែសីហា ឆ្នាំ១៩៧៦ ខ្ញុំទៅទទួលផែនការពីបងគួន នៅមន្ទីរតំបន់២៣។ ក្រោយពីទទួលផែនការហើយ ខ្ញុំបានចុះអនុវត្តន៍សកម្មភាពជាមួយសមមិត្តសម្បត្តិ, សមមិត្តជាង និង សមមិត្តឈិន។ ខ្ញុំនៅឃុំគ្រួសបំផុសប្រជាជនចំនួន២០០គ្រួសារនៅភូមិសំរោង ភូមិក្រសាំងជ្រុំ និងភូមិអង្រ្កង ឲ្យរត់ចូលដីយួនតាមរយៈ ហាយ ដាង មកទទួលយកត្រឹមកំពង់ចម្លងសម្ល។ សមមិត្តឈិន បំផុសប្រជាជនជាង១០០គ្រួសារ និងគោក្របីប្រហែល៤០ក្បាល បញ្ជូនឲ្យទៅមិត្ត ហាយ ដាង។ សមមិត្តសម្បត្តិ នៅឃុំចំបក់ បានបំផុសប្រជាជនចំនួន១០០នាក់ឲ្យរត់ចូលយួន កៀរគោក្របីចំនួន២០ក្បាលឲ្យទៅ ហាយ ដាង។ ចំណែកមិត្តជាង មិនមានប្រជាជនទៅទេ ដោយសារកងទ័ពភាគបោះទីតាំងជាប់ឃុំចំឡង។
នៅខែកុម្ភៈ ឆ្នាំ១៩៧៧ បងសូ បានអញ្ជើញកម្លាំងគ្រប់ស្រុក ទៅប្រជុំនៅមន្ទីរតំបន់ ក្នុងឃុំស្វាយរៀង។ ទាក់ទងនឹងខ្លឹមសារប្រជុំ បងសូ លើកឡើងពីសភាពការណ៍នៅក្នុងតំបន់២៣ទាំងមូល សមមិត្តគ្រប់ស្រុកបានអនុវត្តន៍ បំផុសប្រជាជនឲ្យរត់នៅស្រុកយួនជាបន្តបន្ទាប់ ដោយលាក់ការណ៍។ ទី២ កសាងកម្លាំងនៅក្នុងខ្សែកងទ័ពត្រឹមមេបញ្ជការវរសេនាតូច។ បងសូ បញ្ជាក់ទៀតថា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៩៧៧ សាយូ, សៅញ៉ និង អ៊ុក តុង ត្រូវមកជួបគាត់នៅមន្ទីរតំបន់ដូច្នេះលេខាគ្រប់ស្រុក ត្រូវមកជួប កុំឲ្យខាន។
ថ្ងៃមួយក្នុងខែមីនា ឆ្នាំ១៩៧៨ ខ្ញុំឃើញមានឈ្មោះ អេង នីរសារ បងសូ ជិះម៉ូតូហុងដា ពណ៌ក្រហម មកជួបខ្ញុំនៅផ្ទះរបស់ខ្ញុំនៅកំពង់តាសួស។ អេង ប្រាប់ខ្ញុំថា៖ “អ៊ំសូ ឲ្យបងសំអាង ទៅជួបគាត់នៅមន្ទីរមានជ័យថ្មីកុំបីខាន។” ដូច្នេះ ខ្ញុំបានទាញម៉ូតូហុងជិះមកតាមនីរសារដែរ។ ធ្វើដំណើរមដល់មន្ទីរស្រុកមានជ័យថ្មីជួប បងសូ ប្រាប់ខ្ញុំឲ្យទៅរាយការណ៍ជូន សាយូ អំពីសភាពការណ៍កម្លាំងកងទ័ពចំនួន២កងពល នៅឃុំឈើទាល រហូតដល់ ឃុំសំបុកតាសួស និង ឃុំគ្រួស។ រហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧៨ អង្គការចាប់ខ្ញុំ។
អត្ថបទដោយ ដារ៉ារដ្ឋ មេត្តា
[1] ឯកសារលេខJ០០៨៨៣ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«ចម្លើយរបស់ ឈ្មោះ ខឹម ខាន់ ហៅ សំអាង៖អនុលេខាស្រុកស្វាយរៀង តំបន់២៣ ភូមិភាគបូព៌ា»៖ សរសេរដោយវាយអង្គលីលេខចំនួន២៣ទំព័រ។ កំណត់សម្គាល់ៈ ចម្លើយសារភាពរបស់អ្នកទោសទាំងអស់សុទ្ធតែឆ្លងកាត់ការបង្ខិតបង្ខំនិងធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរពីកងសួរចម្លើយរបស់ខ្មែរក្រហម ដូច្នេះយើងមិនអាចសន្និដ្ឋានបានថាចម្លើយសារភាពរបស់ ខឹម ខាន់ ហៅ សំអាង ពិតឬយ៉ាងណានោះទេ? និង ឯកសារ k02476 សរសេរជាអង្គលីលេខចំនួន១ទំព័រ។
[2] ឯកសារលេខK០០២៨៨ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា,គ្មានចំណងជើង។ សរសេរវាយអង្គលីលេខ១ទំព័រ។
[3] ឯកសារលេខK០១២០២ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«ប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង៖ សូ ស៊ីណាត» វាយអង្គីលេខមានចំនួន១ទំព័រ។