គា យ៉េប ៖ ម្តាយខ្ញុំស្លាប់ដោយសារអត់អាហារនៅក្នុងជំនាន់ខ្មែរក្រហម

គា យ៉េប[1] ភេទស្រី អាយុ៧៣ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិផ្អាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ យ៉េប សព្វថ្ងៃរស់នៅក្នុងភូមិយាងត្បូង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
យ៉េប បាននិយាយថា៖ “កាលពីកុមារភាព ខ្ញុំមិនបានរៀនសូត្រឡើយ ព្រោះគ្រួសារខ្ញុំមានជីវភាពខ្វះខាត។ ខ្ញុំ មានបងប្អូនបង្កើតចំនួន៣នាក់ ហើយខ្ញុំជាកូនទីពីរនៅក្នុងគ្រួសារ។ ម្យ៉ាងវិញទៀតនៅក្នុងភូមិរបស់ខ្ញុំ មិនទាន់មានសាលារៀននៅឡើយទេ ព្រោះស្ថានភាពភូមិរបស់ខ្ញុំសុទ្ធតែព្រៃ និងដាច់ស្រយាលខ្លាំង។ ឪពុកម្ដាយខ្ញុំ ប្រកបមុខរបរធ្វើស្រែចម្ការ ដើម្បីចិញ្ចឹមជីវិត។ ការរស់នៅក្នុងសម័យសង្គមរាស្រ្តនិយម គឺប្រជាជននៅទីនេះមានជីវភាពក្រីក្រ រួមទាំងជួបនូវទុក្ខលំបាកជាច្រើន ដោយសារនៅសម័យនោះមិនទាន់មានសម្បូរឧបករណ៍ ឬគ្រឿងចក្រប្រើប្រាស់គ្រប់គ្រាន់នោះទេ។ ជំនាន់នោះ ប្រជាជនភាគច្រើនធ្វើដំណើរដោយថ្មើរជើង ឬបររទេះគោសម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយ។
កាលណោះ ភូមិផ្អាវមិនសូវមានប្រជាជនរស់នៅច្រើនប៉ុន្មាននោះទេ គឺមានតែបងប្អូនជីដូនជីតាដែលជាម្ចាស់ស្រុកនៅតាំងពីយូរយាមកហើយ។ នៅពេលមានបុណ្យទានម្ដងៗ ខ្ញុំ រួមទាំងប្រជាជនដែលរស់នៅក្នុងភូមិផ្អាវ មានស្រីមានប្រុស តែងតែនាំគ្នាដើរពីភូមិផ្អាវមកស្រុកអន្លង់វែង ដើម្បីទិញសម្លៀកបំពាក់ រួមទាំងអំបិល ស្ករ ប៊ីចេង និងគ្រឿងបរិភោគមួយចំនួនទៀត សម្រាប់រៀបចំកម្មវិធី។ រីឯ នៅរដូវចូលឆ្នាំ ប្រជាជននៅក្នុងភូមិខ្ញុំ បបួលគ្នាមកកំសាន្តបុណ្យចូលឆ្នាំនៅក្នុងស្រុកអន្លង់វែងរយៈពេល២ទៅ៣ថ្ងៃទើបត្រលប់ទៅភូមិស្ថានវិញ។ ការធ្វើដំណើរនាពេលនោះ ខ្ញុំនិងប្រជាជនគ្មានការបារម្ភរឿងចាប់ជំរិត ឬជួបចោរប្លន់នោះទេ។ ប្រជាជនខ្លាចតែម្យ៉ាងទេ គឺខ្លាចដើរជួបហ្វូងសត្វខ្លានិងដំរី ដែលតែងតែដើរឆ្លងកាត់ផ្លូវ។
នៅក្នុងឆ្នាំ១៩៦៧ ប្រជាជនដែលរស់នៅក្នុងភូមិផ្អាវ និយមដើរបរបាញ់សត្វព្រៃធ្វើជាអាហារ។ នៅជំនាន់នោះ សម្បូរម្ហូបអាហារត្រីសាច់ណាស់ មិនខ្វះខាតទេ។ ប្រជាជន ស្រឡាញ់រាប់អានគ្នាដូចបងប្អូនបង្កើត និងមានការចែករំលែកអាហារហូបចុកជាមួយគ្នាទៅវិញទៅមក។ ចំពោះការធ្វើស្រែចម្ការប្រជាជនប្រើប្រាស់ឧបករណ៍ដូចជា ចបកាប់ ចបជីក ដើម្បីធ្វើដីដាំស្រូវ រួមទាំងដាំបន្លែជាដើម។ នៅពេលមានកម្មវិធីរៀបការកូនប្រុសកូនស្រីនៅក្នុងភូមិ គឺមិនមានការរៀបចំអ្វីធំដុំឡើយ។ ចាស់ៗធ្វើពិធីសែនផ្ទឹមប្រាប់ដូនតា និងមានការចងដៃសង្កត់ព្រលឹងកូនប្រុសស្រី ចាត់ទុកជាការរួចរាល់ក្នុងពិធីរៀបការ។
ក្នុងចន្លោះឆ្នាំ១៩៧២ ដល់ឆ្នាំ១៩៧៣ មានការទម្លាក់គ្រាប់បែកនៅក្នុងភូមិត្រពាំងល្បើក ធ្វើឲ្យប្រជាជននៅភូមិក្បែរៗគ្នា រត់គេចខ្លួនទាំងអស់។ កាលណោះ គ្រួសារខ្ញុំក៏ចាប់ផ្ដើមរត់គេចខ្លួនពីកន្លែងមួយទៅកន្លែងមួយទៀត មិនហ៊ានត្រលប់ចូលក្នុងភូមិវិញឡើយ។ រហូតដល់ដើមឆ្នាំ១៩៧៤ ខ្មែរក្រហមបានចូលមកដល់ក្នុងស្រុកអន្លង់វែង និងបានប្រមូលប្រជាជនគ្រប់ភូមិនៅក្នុងស្រុកអន្លង់វែងទាំងអស់ឲ្យទៅរស់នៅជាមួយគ្នា។ អ្នកភូមិដែលត្រូវចាកចេញទៅរស់នៅក្នុងព្រៃជាមួយខ្មែរក្រហម រួមមានភូមិផ្អាវ, ឬស្សី, រំចេក, តាដេវ, លំទង, អន្លង់វែង និងត្រពាំងតាវ។
អំឡុងពេលនោះ ខ្ញុំរៀបការ និងមានផ្ទៃពោះប្រាំខែទៅហើយ។ បន្ទាប់ពីខ្ញុំរស់នៅក្នុងព្រៃបានមួយរយៈ ខ្មែរក្រហមក៏ជម្លៀសប្រជាជនដែលប្រមូលបានទាំងអស់ឲ្យធ្វើដំណើរទៅកាន់ស្រុកក្រឡាញ់ ក្នុងទឹកដីខេត្តសៀមរាប។ នៅពេលដែលខ្ញុំបានទៅដល់ទីនោះ ខ្ញុំក៏បន្តរស់នៅរហូតដល់កូនខ្ញុំមានអាយុពីរខួប ទើបខ្មែរក្រហមបញ្ជូនខ្ញុំទៅធ្វើស្រូវវស្សា និងស្រូវប្រាំង។ ចំណែកឯការរស់នៅពេលនោះ យើងនៅជាសហករណ៍ហូបរួម ប៉ុន្តែស្នាក់នៅផ្ទះដាច់ៗពីគ្នា។
ការងារនៅអំឡុងពេលនោះ ស្រីៗត្រូវទៅធ្វើការលើកទំនប់ជីកប្រឡាយនៅស្ពានស្រែង ចំណែកឯបុរស ត្រូវទៅភ្ជួររាស់ និងចូលជាកងទ័ព។ កាលណោះ ប្ដីខ្ញុំមិនបាននៅជាប់ជាមួយខ្ញុំឡើយ គាត់ត្រូវបានបញ្ជូនទៅសមរភូមិមុខ។ ចំពោះ ការហូបចុក មានការខ្វះខាតជាខ្លាំង។ ក្នុងមួយថ្ងៃខ្ញុំទទួលបានបបរចំនួនពីរកូនចានតែប៉ុណ្ណោះ។ ខ្ញុំទទួលបានបបរហូបនៅពេលព្រឹកមុនចេញទៅធ្វើការ និងនៅពេលរសៀលបន្ទាប់ពីបញ្ចប់ការងារនៅការដ្ឋាន។ ម្ដាយខ្ញុំ បានស្លាប់នៅក្នុងស្រុកក្រឡាញ់ ដោយសារខ្វះខាតអាហារហូបចុក។
រហូតដល់ឆ្នាំ១៩៧៩ នៅពេលដែលកងកម្លាំងរដ្ឋាភិបាលកម្ពុជា រួមជាមួយកងទ័ពស្ម័គ្រចិត្តកម្ពុជាបានវាយចូលមករំដោះដល់ស្រុកក្រឡាញ់ ខ្ញុំបានរត់ទៅបៃតាប់ជាមួយប្រជាជនជាច្រើននាក់ផ្សេងទៀត។ ចំណែកឯប្រជាជនមួយចំនួនធំ បានរត់ភៀសខ្លួនទៅតាមកងទ័ពខ្មែរក្រហមឡើងទៅលើភ្នំដងរែក។ អំឡុងពេលនោះ ខ្ញុំបានបែកពីប្ដីរបស់ខ្ញុំ ដោយគាត់បានបាត់ខ្លួន គ្មានដំណឹងទាល់តែសោះ។ លុះក្រោយមក ទើបខ្ញុំបានទទួលដំណឹងថាប្ដីខ្ញុំបានស្លាប់បាត់ទៅហើយ។ ខ្ញុំក៏បានបន្តរស់នៅបៃតាប់ រហូតដល់ឆ្នាំ១៩៩៨។ នៅពេលតំបន់អន្លង់វែង បានធ្វើសមាហរណកម្មបញ្ចប់សង្គ្រាម ទើបខ្ញុំធ្វើដំណើរមកកាន់ភូមិយាងត្បូង ដើម្បីស្វែងរកលំនៅស្ថាន និងដីធ្លីសម្រាប់ធ្វើស្រែចម្ការ៕”
អត្ថបទដោយ មេក វិន
[1] មេក វិន សម្ភាសន៍ គា យ៉េប នៅក្នុងភូមិយាងត្បូង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅក្នុងឆ្នាំ២០២៥។