តន់ សារ៉ន ៖ កងឈ្លបឃុំក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ តន់ សារ៉ន[1] ភេទប្រុស កើតនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៥២ នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ សព្វថ្ងៃខ្ញុំរស់នៅភូមិឃុំស្រុកដដែល។ នៅក្នុងឆ្នាំ១៩៧៣ ខ្ញុំចូលធ្វើឈ្លបឃុំគគីរ មានតួនាទីការពារសន្តិសុខនៅក្នុងភូមិឃុំ និងដើរល្បាតតាមព្រំដែនកម្ពុជា-វៀតណាម។ នៅអំឡុងឆ្នាំ១៩៧៤ ខ្ញុំបានរៀបការ ហើយបន្ទាប់ពីរៀបការរួច ប្រពន្ធខ្ញុំបង្កើតបានកូនប្រុសម្នាក់។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពេលដែលខ្មែរក្រហមចូលមកគ្រប់គ្រងនៅខេត្តស្វាយរៀង ខ្ញុំនៅធ្វើឈ្លបឃុំដដែល។ ក្រោយមក ខ្មែរក្រហមបានបញ្ជូនខ្ញុំឲ្យទៅត្រៀមនៅសមរភូមិពាម (ស្ថិតនៅក្នុងឃុំអង្គប្រសែ ស្រុករមាសហែក) ជាប់ព្រំដែនកម្ពុជា-វៀតណាមរយៈពេលមួយឆ្នាំ។ បន្ទាប់មកទើបខ្មែរក្រហមបញ្ជូនខ្ញុំទៅការពារព្រំដែនស្ថិតនៅខាងកើតភូមិព្រៃក្តី ក្នុងឃុំគគីរ ស្រុករមាសហែក រយៈពេល៦ខែទៀត។ កងឈ្លបរបស់ខ្ញុំត្រូវយាម និងប្រចាំការនៅក្នុងលេណដ្ឋានស្ថិតនៅតាមបណ្តោយមាត់ទន្លេនៅក្នុងឃុំគគីរនៅពេលយប់ ដើម្បីទប់ស្កាត់កុំឲ្យកងទ័ពវៀតណាមចូលមកក្នុងទឹកដីកម្ពុជា។ ដូច្នេះ ខ្ញុំមិនសូវបានជួបជុំប្រពន្ធ និងកូនទេ។
រហូតមកដល់ឆ្នាំ១៩៧៧ ខ្មែរក្រហមបានផ្លាស់ខ្ញុំពីភូមិព្រៃក្តី ឃុំគគីរ ឲ្យមកធ្វើការនៅក្នុងឃុំអំពិលវិញ។ មួយរយៈក្រោយមក មេដឹកនាំខ្មែរក្រហមបានចោទ សោ ភឹម លេខាភូមិភាគបូព៌ាថាក្បត់ និងចូលដៃជើងជាមួយវៀតណាម រួចហើយបញ្ជូនកងទ័ពឲ្យតាមចាប់ សោម ភឹម។ ក្រៅពីការតាមចាប់ សោ ភឹម ខ្មែរក្រហមបានចាប់ខ្លួនមេបញ្ជានៅតាមអង្គភាពទ័ព និងកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមប្រចាំនៅខេត្តស្វាយរៀងមួយចំនួនទៀតផង។ ភ្លាមៗនោះ ខ្មែរក្រហមបានឲ្យនីរសារមកហៅខ្ញុំពីអង្គភាពឈ្លបនៅក្នុងឃុំអំពិលឲ្យទៅប្រជុំនៅឃុំក្រសាំង។ ខ្ញុំធ្វើដំណើរទៅដល់ភូមិត្រោកក្នុងឃុំអំពិលដដែល ក៏សង្ស័យថាខ្មែរក្រហមហៅទៅដើម្បីចាប់ខ្លួន។ ដូច្នេះ ខ្ញុំក៏វិលត្រលប់មកស្នាក់នៅផ្ទះវិញ។ ខ្ញុំគិតថាប្រសិនបើខ្មែរក្រហមចាប់ខ្លួនខ្ញុំ សូមឲ្យមកចាប់ខ្លួននៅផ្ទះខ្ញុំតែម្តង ប៉ុន្តែខ្ញុំមិនឃើញខ្មែរក្រហមមកចាប់ខ្ញុំឡើយ។
នៅពាក់កណ្តាលឆ្នាំ១៩៧៨ ខ្មែរក្រហមបានជម្លៀសខ្ញុំ និងក្រុមគ្រួសារឲ្យទៅនៅភូមិភាគពាយ័ព្យ ដោយឃោសនាថា នៅទីនោះសម្បូរអាហារត្រីសាច់ហូបចុកណាស់ សូម្បីតែធាងត្រាវមានទំហំធំប៉ុននឹងគល់ឫស្សី។ ខ្ញុំនិងប្រជាជននៅក្នុងភូមិ បាននាំគ្នាជឿលើការឃោសនានេះ។ ខ្មែរក្រហមបានដឹកគ្រួសារខ្ញុំចេញពីឃុំអំពិលទៅដាក់នៅអ្នកលឿង។ ខ្ញុំដេកចាំនៅអ្នកលឿងរយៈពេលមួយយប់ ទើបខ្មែរក្រហមបើកកប៉ាល់មកដឹកខ្ញុំនិងក្រុមគ្រួសារទៅឈប់នៅច្បារអំពៅក្រុងភ្នំពេញ។ នៅព្រឹកបន្ទាប់ ខ្ញុំនិងគ្រួសារបានឡើងជិះរថភ្លើងបន្តទៅខេត្តបាត់ដំបង។ ខ្ញុំជិះតាំងពីព្រឹករហូតដល់ព្រឹកថ្ងៃបន្ទាប់ ទើបដល់ស្ថានីយរថភ្លើងក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង។ នៅទីនោះ ឈ្លបខ្មែរក្រហមនៅមូលដ្ឋានបាននាំខ្ញុំ និងប្រពន្ធកូនទៅនៅសហករណ៍មួយស្ថិតនៅក្បែរជើងភ្នំ។ ឈ្លបខ្មែរក្រហម បានបង្ខំក្រុមគ្រួសារខ្ញុំឲ្យធ្វើដំណើរទៅមុខឲ្យបានលឿន ហើយសូម្បីប្រពន្ធខ្ញុំសុំឈប់ដាំបាយហូប ក៏ឈ្លបខ្មែរក្រហមមិនអនុញ្ញាតដែរ។
នៅពេលខ្ញុំទៅដល់សហករណ៍ដំបូង ប្រធានសហករណ៍ប្រើខ្ញុំឲ្យក្រោកនៅវេលាម៉ោង៤ទៀបភ្លឺ ទៅជីកប្រឡាយ។ ចំណែកប្រពន្ធរបស់ខ្ញុំមានជំងឺប្រចាំកាយច្រើន និងមិនអាចធ្វើការធ្ងន់បានទេ ហេតុនេះ ប្រធានកងប្រើគាត់ឲ្យរែកអង្កាមដាក់ស្រែ ដើម្បីដុតធ្វើជី។ ខ្មែរក្រហមបានបំបែកប្រជាជនមិនឲ្យរស់នៅជុំគ្នាឡើយ សូម្បីតែកុមារអាយុ៣ឆ្នាំ គឺត្រូវបញ្ជូនទៅនៅកងកុមារ និងឲ្យយាយចាស់ៗមើលថែទាំង។ ក្រៅពីជីកប្រឡាយ ខ្មែរក្រហមប្រើខ្ញុំឲ្យច្រូតស្រូវ បោកស្រូវនៅពេលយប់ ហាលស្រូវ និងរែកស្រូវទៅលាក់ទុកនៅក្នុងព្រៃលើភ្នំ។ នៅពេលចេញទៅរែកស្រូវម្តងៗ ខ្ញុំឃើញសាកសពមនុស្សនៅពាសពេញវាលស្រែ។ សាកសពមួយចំនួនត្រូវបានជ្រូកព្រៃ និងឆ្កែចចកខាំហែកដាច់ដៃជើងជាបំណែកៗ។ ចំណែកនៅក្នុងព្រៃ ខ្ញុំឃើញសាកសពមនុស្សជាច្រើន ត្រូវខ្មែរក្រហមសម្លាប់ដោយចងផ្អោបនឹងគល់ឈើ និងនៅក្រោមដើមឈើ។ សាកសពមួយចំនួនហើមស្អុយអសោច និងសាកសពមួយចំនួនទៀតនៅតែគ្រោងឆ្អឹងប៉ុណ្ណោះ និងមានស្មៅដុះជុំជិត។ ខ្មែរក្រហមបានសម្លាប់មនុស្សកាន់តែច្រើនឡើងៗ ព្រោះខ្ញុំឃើញឈ្លបខ្មែរក្រហមដឹកប្រជាជនថ្មីស្ទើររាល់ព្រឹកចេញពីភូមិ ចូលទៅក្នុងព្រៃដើម្បីសម្លាប់ចោល ហើយយកខោអាវរបស់អ្នកស្លាប់ទាំងនោះមកចែកឲ្យប្រជាជនដែលនៅរស់ក្នុងភូមិស្លៀកពាក់វិញ។ ខ្ញុំមិនដែលសង្ឃឹមថានៅរស់រានមានជីវិត និងត្រលប់មកស្រុកកំណើតវិញទេ ព្រោះមិនដឹងថាថ្ងៃណាខ្មែរក្រហមនឹងនាំខ្ញុំទៅសម្លាប់ដែរ។ ជីវិតរបស់ខ្ញុំហាក់ដូចជាទាសករ ព្រោះខ្មែរក្រហមប្រើខ្ញុំឲ្យធ្វើការងារធ្ងន់ធ្ងរ និងមិនផ្តល់របបអាហារឲ្យខ្ញុំហូបគ្រប់គ្រាន់ឡើយ។ ម្តាយរបស់ខ្ញុំ និងកូនស្រីរបស់ខ្ញុំម្នាក់នៅកងកុមារបានធ្លាក់ខ្លួនឈឺស្លាប់ដោយសារអត់អាហារ។ មិនយូរប៉ុន្មាន ប្រជាជនដែលត្រូវជម្លៀសទៅរស់នៅតាមសហករណ៍ចាប់ផ្តើមបាក់កម្លាំង និងធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ទៀត។ ដោយឡែក អ្នកជំងឺដែលមិនអាចចេញទៅធ្វើការងារបាន ភាគច្រើន ត្រូវខ្មែរក្រហមយកទៅសម្លាប់ចោលតែម្តង។
ក្រោយមក ខ្មែរក្រហមបានមកជ្រើសរើសប្រពន្ធរបស់ខ្ញុំដោយប្រាប់ថា ឲ្យទៅកាប់ឆ្ការព្រៃធ្វើចម្ការ ប៉ុន្តែតាមពិត គឺមានបំណងចង់យកប្រពន្ធខ្ញុំទៅសម្លាប់ចោល។ សំណាងល្អ ពេលនោះប្រពន្ធរបស់ខ្ញុំបានឈឺរាគមួលធ្ងន់ធ្ងរ ក៏សុំអនុញ្ញាតពីប្រធានកងនៅសម្រាកព្យាបាលនៅក្នុងភូមិមួយរយៈសិន។ រយៈពេលកន្លះខែក្រោយមក ប្រធានកងបានមកហៅប្រពន្ធរបស់ខ្ញុំទៅធ្វើម្តងទៀត ស្រាប់តែភ្លាមៗនោះកងទ័ពវៀតណាមវាយចូលមកដល់ធ្វើឲ្យកម្មាភិបាល និងកងឈ្លបខ្មែរក្រហមរត់គេចចូលព្រៃអស់។ ឆ្លៀតឱកាសដែលមិនមានខ្មែរក្រហមនៅគ្រប់គ្រង ខ្ញុំនិងប្រពន្ធកូនបានប្រញាប់ប្រញាល់ចាកចេញពីសហករណ៍សំដៅទៅរកតំបន់ដែលកងទ័ពវៀតណាមគ្រប់គ្រងនៅតាមបណ្តោយផ្លូវជាតិ។ ខ្ញុំជួបការលំបាកខ្លាំងណាស់ ដោយសារខ្ញុំត្រូវអៀវឪពុករបស់ខ្ញុំដែលឈឺដើរមិនរួច។ ខ្ញុំធ្វើដំណើររយៈពេលពីរថ្ងៃទើបទៅដល់ផ្លូវជាតិលេខ៥ ក្នុងស្រុកមោងឫស្សី ហើយឪពុករបស់ខ្ញុំក៏បានស្លាប់នៅទីនោះ។
បន្ទាប់មកខ្ញុំ និងប្រពន្ធព្រមទាំងកូន បានធ្វើដំណើរដោយថ្មើរជើងត្រលប់មកស្រុកកំណើត។ ខ្ញុំមិនមានស្បែកជើងសម្រាប់ពាក់ឡើយ ដូច្នេះខ្ញុំបានយកក្រណាត់មករុំជើង ព្រោះលើថ្នល់ក្រាលកៅស៊ូមានសភាពក្តៅខ្លាំងណាស់។ ខ្ញុំបានឈប់សម្រាកនៅតំបន់ដែលកងទ័ពវៀតណាមបោះទីតាំង ព្រោះខ្លាចខ្មែរក្រហមស្ទាក់ផ្លូវនិងបាញ់សម្លាប់ចោល។ ខ្ញុំឈប់ជាច្រើនកន្លែងនៅតាមផ្លូវ ដើម្បីស្វែងរកអាហារហូប។ ខ្ញុំដើររយៈពេលបីខែ ទើបមកដល់ស្រុកកំណើតនៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀងវិញ។ ខ្ញុំបានជួបជុំបងប្អូនសាច់ញាតិ និងបានធ្វើស្រែចម្ការចិញ្ចឹមជីវិតមកដល់សព្វថ្ងៃ។
អត្ថបទដោយ សោម ប៊ុនថន
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, គម្រោងលើកកម្ពស់សិទ្ធិ និងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, បទសម្ភាសន៍ សៅ ចាន់ណា ជាមួយ តន់ សារ៉ន អាយុ៦៩ឆ្នាំ រស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។