មល់ វី ៖ អ្នកដែលចាកចេញពីភូមិ ត្រូវបានចាត់ទុកជាបណ្ដាញរបស់ខ្មែរក្រហម

មល់ វី[1] ភេទស្រី អាយុ៥៣ឆ្នាំ មានស្រុកកំណើតនៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ សព្វថ្ងៃ វី រស់នៅក្នុងភូមិយាងជើង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
វី បាននិយាយថា៖ “ខ្ញុំមានបងប្អូនបង្កើតចំនួន១៤នាក់ (ស្រីចំនួន៧នាក់)។ ឪពុកម្ដាយខ្ញុំប្រកបមុខរបរជាកសិករ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ ក្រៅពីការងារស្រែចម្ការ ឪពុកម្ដាយខ្ញុំមិនបានធ្វើការងារអ្វីផ្សេងទៀតនោះទេ។ ការចងចាំរបស់ខ្ញុំនៅចន្លោះឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ គឺជាកុមារភាពដែលរស់នៅជាមួយឳពុកម្តាយ។
ខ្ញុំនៅចាំបានថា ការរស់នៅរបស់ប្រជាជនមានការផ្លាស់ប្តូរ ចាប់តាំងពីខ្មែរក្រហមទទួលបានជ័យជម្នះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ប្រជាជនរស់នៅតាមសហករណ៍ត្រូវធ្វើការរួម និងហូបរួមគ្នា។ លើសពីនេះ កុមារមិនបានទទួលការសិក្សារៀនសូត្រ ដោយត្រូវធ្វើការងារឆ្ងាយពីឪពុកម្ដាយ។
ចំណែកឯការហូបចុកវិញ យើងបានជួបប្រទះនូវការខ្វះខាតយ៉ាងខ្លាំង។ ខ្ញុំមិនដែលបានទទួលបាយហូបគ្រប់គ្រាន់ទាល់តែសោះ។ ថ្ងៃមួយ ម្ដាយខ្ញុំបានដាំបបរឲ្យកូនៗហូប ដោយក្នុងបបរឃើញសុទ្ធតែគល់ចេកលាយឡំជាមួយគ្រាប់អង្ករបន្តិចបន្តួចតែប៉ុណ្ណោះ។ រីឯសម្លភាគច្រើន ស្លជាមួយសត្វចៀសដែលជាប្រភេទសត្វបង្គួយភ្នំ។ ជំនាន់នោះ ខ្ញុំហូបអាហារណាដែលអាចរស់បាន ដោយសារតែភាពខ្សត់ខ្លាំង។ សូម្បីតែអំបិល ក៏មិនអាចរកបានសម្រាប់ការហូបចុកនោះដែរ។ នៅពេលធ្វើម្ហូបម្ដងៗ ម្ដាយខ្ញុំបានយកផេះទៅលាយជាមួយទឹក និងទុកឲ្យរងទឹកប្រែជាថ្លាមកវិញ ទើបយកទៅស្ល។ ការធ្វើបែបនេះ គឺដើម្បីធ្វើឲ្យទឹកមានជាតិប្រៃ។ ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាជនកាន់តែជួបនូវទុក្ខលំបាកកាន់តែខ្លាំងឡើង។ ខ្មែរក្រហមមិនដែលអើពើពីទុក្ខលំបាករបស់ប្រជាជននោះទេ។
លុះដល់ឆ្នាំ១៩៧៩ នៅពេលដែលកងទ័ពរដ្ឋាភិបាលកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាមបានចូលមករំដោះប្រជាជនខ្មែរពីរបបខ្មែរក្រហម គ្រួសារខ្ញុំក៏បានត្រលប់ទៅរស់នៅផ្ទះវិញ។ ឪពុកម្ដាយខ្ញុំបានរៀបចំបោសសម្អាតទីធ្លាផ្ទះ និងចាប់ផ្ដើមនាំគ្នាធ្វើស្រែចិញ្ចឹមជីវិត។ ខ្ញុំបានបន្តរស់នៅជាមួយឪពុកម្ដាយរហូតដល់ឆ្នាំ១៩៨៥។ នៅក្នុងឆ្នាំនោះ បងស្រីជីដូនមួយឈ្មោះ ផាន ដែលបានរស់នៅជាមួយខ្មែរក្រហម បានវិលត្រលប់មកលេងផ្ទះនៅឯស្រុកកំណើត។ នៅពេលខ្ញុំបានឮដំណឹងភ្លាម ដោយក្ដីនឹករឭក ខ្ញុំក៏បានសុំម្ដាយទៅសួរសុខទុក្ខ និងស្នាក់នៅជាមួយបងស្រីចំនួនមួយយប់។ ខ្ញុំ និងបងផាន ក៏បាននិយាយគ្នាលេងតាមរបៀបបងប្អូនដែលបានបែកគ្នាយូរឆ្នាំ។
ក្នុងខណៈពេលនោះ ខ្ញុំបាននិយាយរៀបរាប់ពីទុក្ខលំបាករបស់គ្រួសារ រួមទាំងប្រជាជនដែលរស់នៅក្រោមការគ្រប់គ្រង់របស់កងទ័ពវៀតណាម។ ស្ថានភាពនៅក្នុងភូមិ ត្រូវបានកងទ័ពវៀតណាមលុកលុយ ហើយបានធ្វើបាបប្រជាជន តាមរយៈការចាប់សត្វគោ មាន់ ទា យកទៅស៊ីដោយគ្មានការអនុញ្ញាត។ លើសពីនេះទៅទៀត ស្រីក្រមុំៗនៅក្នុងភូមិ ក៏ត្រូវបានកងទ័ពវៀតណាមចាប់បង្ខំ និងវាយធ្វើបាបយ៉ាងព្រៃផ្សៃ។ នៅពេលដែលបងផានបានឮបែបនេះ គាត់ក៏បានបបួលខ្ញុំទៅនៅជាមួយខ្មែរក្រហមនៅក្នុងព្រៃមួយកន្លែង ដែលស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង។
លុះដល់ថ្ងៃដែលបងផាន ត្រលប់ទៅវិញ ខ្ញុំបានសម្រេចចិត្តចាកចេញពីភូមិកំណើត ដើម្បីទៅរស់នៅក្នុងព្រៃជាមួយខ្មែរក្រហម។ នៅពេលដែលខ្ញុំធ្វើដំណើរមកដល់បន្ទាយរបស់ខ្មែរក្រហមមួយកន្លែងដែលស្ថិតនៅក្នុងភូមិទួលប្រាសាទ ស្រុកកំពង់លែង ខ្ញុំបានចូលនៅក្នុងក្រុមនារីៗ ដែលក្រុមនីមួយៗមានគ្នាពី១០ទៅ១២នាក់។ ជារៀងរាល់ថ្ងៃ ការងារដែលខ្ញុំធ្វើនៅក្នុងក្រុមនារី គឺការបោសសម្អាតកន្លែងស្នាក់នៅ និងទីធ្លាបន្ទាយ រួមទាំងធ្វើម្ហូបអាហារសម្រាប់កងទ័ព។ ថ្ងៃមួយ ខ្ញុំបានត្រូវរបួសកដៃដោយសារការធ្វេសប្រហែស អំឡុងពេលខ្ញុំកាន់កាំភ្លើង។ ខ្ញុំបានយកដៃម្ខាងទៅបិតចំពីមុខកាណុងកាំភ្លើង ទើបធ្វើឲ្យរាកៃ បណ្ដាលឲ្យខ្ញុំដាច់កដៃមួយចំហៀង។ បន្ទាប់ពីខ្ញុំត្រូវរបួស ក្រុមគ្រូពេទ្យនៅក្នុងបន្ទាយបានព្យាបាល និងមើលថែខ្ញុំរហូតដល់ជាសះស្បើយ។
អំឡុងពេលខ្ញុំរស់នៅក្នុងព្រៃ ខ្ញុំពិតជាមានការនឹករឭកទៅដល់ឪពុកម្ដាយខ្ញុំជាខ្លាំង ប៉ុន្តែមិនអាចត្រលប់ចូលទៅក្នុងភូមិកំណើតវិញបាននោះទេ។ នៅជំនាន់នោះ អ្នកដែលចាកចេញពីភូមិត្រូវបានចាត់ទុកថាជាបណ្ដាញរបស់ខ្មែរក្រហមទាំងអស់។ ដោយសារតែមិនអាចទៅជួបឪពុកម្ដាយបាន ខ្ញុំក៏សរសេរសំបុត្រផ្ញើទៅ ដោយនៅក្នុងសេចក្ដីសំបុត្រនោះសរសេរថា៖ “កូនសុខសប្បាយទេ។ ពុកម៉ែ កុំបារម្ភពីកូនអី។” ខ្ញុំមិនបានប្រាប់អំពីហេតុការណ៍ដែលខ្ញុំត្រូវរបួសដាច់ដៃនោះទេ។ ខ្ញុំមិនចង់ឲ្យឪពុកម្តាយព្រួយបារម្ភ និងខ្វាយខ្វល់ពីខ្ញុំច្រើន។ ខ្ញុំខ្លាចឪពុកម្ដាយពិបាកចិត្ត។
រហូតដល់ឆ្នាំ១៩៨៧ ខ្ញុំបានធ្វើដំណើរទៅកាន់តំបន់អន្លង់វែង ក្នុងវ័យ២០ឆ្នាំ។ បន្ទាប់ពីធ្វើដំណើរទៅដល់អន្លង់វែង កម្លាំងខ្ញុំបាននាំគ្នាបន្តឡើងទៅដល់លើភ្នំដងរែកដើម្បីរកកន្លែងស្នាក់នៅ។ ខ្ញុំរស់នៅលើភ្នំដងរែក។ រយៈពេលមួយឆ្នាំក្រោយមក ខ្ញុំក៏បានរៀបការជាមួយប្ដីខ្ញុំ ដែលជាកងទ័ពខ្មែរក្រហមដែរ។ ក្រោយពីរៀបការរួច ខ្ញុំនិងប្ដីបានរស់នៅជាមួយគ្នា ហើយលែងទៅធ្វើការអ្វីទៀតហើយ។
រហូតដល់ឆ្នាំ១៩៨៩ ខ្ញុំមានកូនស្រីម្នាក់។ ស្របពេលជាមួយគ្នានេះដែរ តាម៉ុកបានប្រកាសឲ្យប្រជាជនដែលរស់នៅតាមព្រំដែនថៃ ចុះមករស់នៅតំបន់អន្លង់វែងវិញ។ ខ្ញុំរួមទាំងប្រជាជនទាំងអស់ មានការសប្បាយចិត្តជាខ្លាំង ដែលបានត្រលប់មករស់នៅលើទឹកដីរបស់ខ្មែរវិញ។ ចាប់តាំងពីពេលនោះមក ខ្ញុំបានតាំងទីលំនៅក្នុងភូមិយាងជើង រហូតមកដល់បច្ចុប្បន្ន៕”
អត្ថបទដោយ លី សុខឃាង
[1] មេក វិន សម្ភាសន៍ជាមួយ មល់ វី នៅក្នុងភូមិយាងជើង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅឆ្នាំ២០២៥។