របបខ្មែរក្រហមគ្មានពាក្យថាសប្បាយ

ទូក ផៃ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅស្រុកបុរីអូរស្វាយ-សែនជ័យ ខេត្តស្ទឹងត្រែង

ខ្ញុំឈ្មោះ ទូក ផៃ មានអាយុ ៦៦ឆ្នាំ។[1] ខ្ញុំមានម្តាយឈ្មោះ សាយ វ៉ន និងឪពុកឈ្មោះ ទូក ឆែង បានស្លាប់អស់ទៅហើយ។ ខ្ញុំមានបងប្អូនចំនួន ៦នាក់ ក្នុងនោះ​ បងទី១ ឈ្មោះ ទូក សឿន, បងទី២ឈ្មោះ ទូក សំ, ទី៣ គឺរូបខ្ញុំ, ប្អូនទី៤ ឈ្មោះ ទូក លី, ប្អនទី៥ ឈ្មោះ ទូក សត់ និងប្អូនពៅដែលបានស្លាប់តាំងពីឆ្នាំ ១៩៧០ នោះ មានឈ្មោះ ទូក មឿន។ ខ្ញុំមានប្រពន្ធឈ្មោះ ជៀវ ផា និងមានកូន៨នាក់ (ប្រុស២/ស្រី៦)។ ខ្ញុំមានស្រុកកំណើតនៅភូមិព្រៃទទឹង ស្រុកជ្រៃវៀន ខេត្តកំពង់ចាម ហើយបច្ចុប្បន្ន ខ្ញុំរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ កាលពីកុមារភាព ខ្ញុំមិនបានរៀនសូត្រឡើយ ព្រោះខ្ញុំបានធំដឹងក្ដីនៅក្នុសម័យខ្មែរក្រហម។ ខ្មែរក្រហមបានបង្រៀនខ្ញុំតែនៅពេលយប់ ហើយក្នុងមួយយប់ គឺបង្រៀនតែមួយម៉ោងទៅពីម៉ោងប៉ុណ្ណោះ។ ហើយក្នុងពេលរៀននោះ គឺមានតែភ្លើងចង្កៀង។ នេះជាមូលហេតុដែលបណ្ដាលឲ្យរូបខ្ញុំមិនចេះអាននិងសរសេរមកដល់ពេលនេះ។

មុននឹងគ្រួសារខ្ញុំ បានមករស់នៅបុរីអូរស្វាយនេះ គ្រួសារខ្ញុំបានទៅរស់នៅក្នុងខេត្តស្ទឹងត្រែង។ បន្ទាប់មក យើងបានផ្លាស់ទីកន្លែងរស់នៅ មកកាន់ភូមិអូរស្វាយ។ នៅពេលមកដល់អូរស្វាយ គ្រួសារខ្ញុំបានទទួលផ្ទះមួយខ្នង, ដីភូមិ និងដីស្រែចម្ការ។ ខ្ញុំក៏បានចូលរួម​ទទួលសម្ដេចព្រះ នរោត្តម សីហនុ នៅពេលដែលព្រះអង្គយាងមកកាន់ភូមិអូរស្វាយនេះដែរ។ ពេលនោះសម្ដេច យាងតាមយន្តហោះ។ ខ្ញុំចាំបានថា ពេលនោះមានមនុស្សមកទទួលសម្ដេចច្រើនណាស់ ដោយម្នាក់ៗទទួលបានក្រណាត់ដែលមានប៉ាក់ថា «សង្គមរាស្រ្តនិយម»។ រូបខ្ញុំផ្ទាល់ក៏បានទទួលក្រណាត់នោះមួយដុំ ដូចទៅនឹងប្រជាជនដទៃទៀតដែរ។ ក្រោយពីទទួលបាន ខ្ញុំយកក្រណាត់នោះទៅកាត់ជាអាវសម្រាប់ពាក់។ នៅពេលខ្ញុំបានមកដល់អូរស្វាយដំបូង ខ្ញុំឃើញមានការអភិវឌ្ឍនជាច្រើនដូចជា សាលាស្រុក, ដងកើយ, មន្ទីរពេទ្យ និងសាលារៀន។ ចំពោះការរស់នៅតំបន់នេះ យើងមានអ្វីគ្រប់យ៉ាង ក៏ប៉ុន្តែខុសតែម្យ៉ាង គឺប្រជាជនត្រូវប្រឈមនិងជំងឺគ្រុនចាញ់ ពោលគឺមានប្រជាជនស្លាប់ជារៀងរាល់ថ្ងៃ។ តាមខ្ញុំដឹង សម្ដេចព្រះ នរោត្តម សីហនុ ចាត់ឲ្យប្រជាជនមករស់នៅតំបន់នេះ ព្រោះតែព្រះអង្គចង់ឲ្យប្រជាជន និងមន្រ្តីរាជការ រស់នៅជាបង្គោលការពារព្រំដែនកម្ពុជា-ឡាវ។

ចូលដល់សម័យ លន់ នល់ ធ្វើរដ្ឋប្រហារ តំបន់អូរស្វាយនេះពោរពេញទៅដោយការទម្លាក់ទម្លាក់គ្រាប់បែក ជាហេតុធ្វើឲ្យតំបន់នេះរងខូចខាតស្ទើរតែទាំងស្រុង។ នៅពេលនោះដែរ គ្រួសារខ្ញុំ ក៏ដូចជាប្រជាជនផ្សេងទៀត បាននាំគ្នារត់ភៀសខ្លួនទៅកាន់ភូមិអូររុន ដែលជាតំបន់ព្រៃ ដើម្បីជីករណ្ដៅត្រង់សេរការពារខ្លួន។ នៅពេលយប់ យន្តហោះអាមេរិកបានទម្លាក់គ្រាប់បែក ដើម្បីបង្អើរមនុស្សដែលលាក់ខ្លួននៅតាមក្នុងព្រៃ។ ជាក់ស្ដែង មិនមានប្រជាជនណាម្នាក់ ស្លាប់នៅពេលទម្លាក់គ្រាប់នោះទេ ពោលគឺការទម្លាក់គ្រាប់គឺគ្រាន់តែចង់ស្វែងរកទាហានវៀតកុងប៉ុណ្ណោះ។

ចូលដល់ឆ្នាំ១៩៧៥ ដែលជាសម័យខ្មែរក្រហម អង្គការបានចែករបស់ បរិភោគដូចជា អង្ករ អំបិល និងរបស់របរប្រើប្រាស់ផ្សេងៗដល់ប្រជាជន។ មិនយូរប៉ុន្មាន អង្គការក៏បានចាប់ផ្ដើម ឲ្យប្រជាជនទាំងអស់បរិភោគរួម។ ពេលនោះ ប្រជាជនខ្មែរ មានការលំបាកខ្លាំងបំផុត មិនថាក្មេងឬចាស់ឡើយ។ ចំពោះការបរិភោគវិញ មួយថ្ងៃប្រជាជនទទួលបានអាហារតែពីរដងប៉ុណ្ណោះ គឺពេលថ្ងៃត្រង់ និងពេលល្ងាច។ សម្លមានតែទឹក ដូចជាសម្លត្រកួនទឹកប្រហុក គ្មានរសជាតិនោះឡើយ។ បើទឹកប្រហុក មានក្លិនប្រហុកតិចៗ ឯសម្លរត្រកួន គឺប្រៃខ្លាំង។ ពេលនោះដែរ អង្គការបានជម្លៀសខ្ញុំទៅធ្វើការនៅសាមឃួយ ដោយមានប្រធាចល័តឈ្មោះ ធូយ ដែលជាជនជាតិខ្មែរកាត់ឡាវ។ នៅពេលចង់ប្រើយើង ភាគច្រើនគឺគាត់និយាយជាភាសាឡាវ។ អង្គការបានប្រើខ្ញុំធ្វើការដូចជា លើទំនប់, លើកភ្លឺស្រែ និងស្ទូងស្រូវ។ នៅពេលដែលធ្វើទំនប់នប់នោះ ខ្ញុំត្រូវរែកដីពីខាងក្រោមទំនប់ឡើងទៅលើខ្នងទំនប់។ ទំនប់ដែលខ្ញុំបានចូលរួមធ្វើមានឈ្មោះថាទំនប់សាមឃួយ និងទំនប់ស្រែស្វាយ។ ក្នុងអំឡុងពេលធ្វើទំនប់នោះ ខ្ញុំក៏បានឃើញអង្គការយកប្រជាជនដែលស្លូតត្រង់យកទៅសម្លាប់ដែរ។ អង្គការយកប្រជាជនទាំងនោះទៅសម្លាប់ ដោយសារតែប្រជាជនអង្គុយសម្រាកដោយគ្មានការអនុញ្ញាត។ អង្គការសម្លាប់ប្រជាជនទាំងនោះ ដោយពោលពាក្យថា “ទុកក៏មិនចំណេញ ដកចេញក៏មិនខាត យកទៅធ្វើជាជីល្អជាង”។ នៅពេលខ្ញុំ​ឈឺ អង្គការមកពិនិត្យដោយសួរថា៖ “សមមិត្តកើតអ្វី?” ខ្ញុំឆ្លើយថា៖ “ខ្ញុំឈឺគ្រុន។” បន្ទាប់មក ខ្ញុំ​ក៏ទទួលបានថ្នាំអាចម៍ទន្សាយយកមកលេប។

នៅពេលប្រជាជនធ្វើការងារ​ស្ទូងស្រូវ អង្គការបានចែកស្រែឲ្យប្រជាជនធ្វើដោយក្នុងម្នាក់គឺមួយស្រែ។ ប្រជាជន​ត្រូវធ្វើយ៉ាងណាឲ្យរួចរាល់ក្នុងមួយថ្ងៃ។ ប៉ុន្តែដោយសារតែស្រែមានទំហំធំ ទោះជាប្រជាជន​ខិតខំយ៉ាងណា ក៏ធ្វើមិនរួចរាល់ដែរ។ ដូច្នេះ នៅពេលល្ងាចឡើង គឺអង្គការធ្វើការទិតៀនប្រជាជន ដើម្បីឲ្យខិតខំបន្ថែមទៀត។ នៅពេលដែលខ្ញុំហេវហត់អស់កម្លាំងខ្លាំង ខ្ញុំតែងតែទៅជីកមើមក្ដួចយកមកទុកបរិភោគ។ ពេលខ្លះ ខ្ញុំ​ឃ្លានខ្លាំងពេកក៏បរិភោគ មើមក្ដួចនោះ ទោះបីជា​មិនទាន់សាប បណ្តាលឲ្យខ្ញុំពុលក៏មាន។ នៅពេលពុលខ្ញុំ​មិនបានទៅធ្វើការ ក៏ត្រូវអង្គការទិតៀនថាខ្ញុំហ្នឹងខ្សែយួន។ នៅថ្ងៃមួយនោះ ខ្ញុំឃ្លានខ្លាំងពេក ខ្ញុំ​ក៏បានសម្រេចចិត្តយកកូនចេកមួយមើម មកទំពារបរិភោគ។ ពេលនោះដែរអង្គការប្រទះឃើញនិងចោទថាខ្ញុំក្បត់សមូហភាព។

ទន្ទឹមនឹងនេះដែរ ខ្ញុំក៏ធ្លាប់ឃើញទាហានខ្មែរក្រហមចាប់ប្រជាជនយកទៅសម្លាប់តាមទូកអាសែងសង់ថែមទៀតផង។ នៅពេលនោះ ខ្ញុំបានឃើញព្រឹត្តិការណ៍នេះផ្ទាល់នឹងភ្នែក។ អង្គការចាប់ចងដៃចងជើងប្រជាជន ហើយទាត់ចូលទូកតែម្ដង ដោយគ្មានក្ដីអាណិតអាសូរឡើយ។ ដោយសារឃើញយើងកំពុងឈរមើល ប្រធានចល័តឈ្មោះ ធូយ បានហៅពួកយើងឲ្យដើរចេញពីទីនោះ។ ចំពោះរៀបការវិញ ខ្ញុំបានឃើញអង្គការឲ្យប្រជាជនរៀបការម្ដង១០គូ ឬច្រើនជាងនេះ។ អ្នកដែល​ចូលរួមក្នុងកម្មពិធី មានដូចជា ប្រធានចល័ត ប្រធានសហករណ៍ និងប្រជាជនទូទៅ។ ក្នុងពិធីនោះ មានការរៀបចំបាយត្រៀប និងទឹកតែ នៅចំកណ្ដាលតុវែង ហើយសមមិត្តស្ត្រីនៅម្ខាង និងសមមិត្តបុរសនៅម្ខាង។ សមមិត្តស្ត្រីនិងបុរសនៅសងខាងតុ បានឡើងប្ដេជ្ញាម្តងម្នាក់ថា យកគ្នាជាប្ដីប្រពន្ធ។ នៅក្នុងសម័យខ្មែរក្រហម អ្វីដែលខ្ញុំចងចាំមកដល់បច្ចុប្បន្ន និងចេះតែនឹកឃើញគឺ នៅពេលដែលខ្មែរក្រហមមិនឲ្យបរិភោគគ្រប់គ្រាន់ និងសម្លាប់ប្រជាជនស្លូតត្រង់។

នៅឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានវាយផ្ដួលរំលំរបបខ្មែរក្រហម និងរំដោះប្រទេសកម្ពុជា ព្រមទាំងសង្គ្រោះប្រជាជន។[2] ពេលនោះ ទាហានខ្មែរក្រហមបានជម្លៀសខ្ញុំចេញពីភូមិសាមឃួយ ទៅដល់ស្រុកឆែប ខេត្តព្រះវិហារ។ បន្ទាប់មក ខ្ញុំក៏បានជួបជាមួយទាហានវៀតណាម។ មុននឹងបានជួបទាហានវៀតណាម ខ្ញុំភ័យខ្លាំងណាស់ ព្រោះខ្លាចវៀតណាមយកទៅសម្លាប់ចោល។ ក៏ប៉ុន្តែ នៅពេលបានជួបវៀតណាម ក្រុមនេះមិនបានធ្វើអ្វីមកកាន់រូបខ្ញុំឡើយ ហើយថែមទាំងបញ្ជូនខ្ញុំឲ្យវិលត្រលប់មកខេត្តស្ទឹងត្រែងវិញទៀតផង។

មកដល់បច្ចុប្បន្ននេះ ខ្ញុំមានជំងឺសួត ដែលបណ្ដាលឲ្យខ្ញុំពិបាកដកដង្ហើម និងក្អក។ ខ្ញុំតែងតែទៅពិនិត្យសុខភាព និងទទួលថ្នាំនៅមណ្ឌលសុខភាព ព្រះនរោត្តម សីហនុរាជា និងសម្ដេចព្រះវររាជមាតា នរោត្តម មុនីនាថ សីហនុ អូរស្វាយ ដែលស្ថិតនៅឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ពេលនេះ ខ្ញុំ​ពិតជាសប្បាយចិត្តណាស់ នៅពេលឃើញចៅៗមកសម្ភាសរូបខ្ញុំ​បែបនេះ។ ហើយខ្ញុំពិតជារីករាយ អនុញ្ញាតឲ្យចៅៗយករឿងរាវទាំងនេះទៅផ្សព្វផ្សាយបន្តណាស់ ព្រោះអាចធ្វើឲ្យចៅៗផ្សេងបានយល់ដឹងថា នៅសម័យខ្មែរក្រហមនោះ រូបខ្ញុំ​ធ្លាប់ឆ្លងកាត់នូវការលំបាកជាច្រើនមុននឹងអាចរស់នៅបានសុខសាន្តដល់សព្វថ្ងៃនេះ។

អត្ថបទដោយ ស្រេង លីដា


[1] បទសម្ភាសន៍ «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ជាមួយ ទូក ផៃ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅស្រុកបុរីអូរស្វាយ-សែនជ័យ ខេត្តស្ទឹងត្រែង ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤, សម្ភាសដោយ ស្រេង លីដា, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា ។

[2] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិឡាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ៖ អនុគណៈកម្មការមុខវិជ្ជឯកទេសប្រវត្តិវិទ្យា, ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin