ញ៉ែម សល់៖ កងទ័ពស្រុក៥៦ កងពលវរសេនាធំ១៤

កងទ័ពបដិវត្តន៍ខ្មែរក្រហមវាយប្រយុទ្ធនៅលើសមរភូមិ រូបថតពីទស្សនាវដ្តីស្វែងរកការពិតលេខ ៣០៤ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ខ្ញុំឈ្មោះ ញ៉ែម ​សល់[1] ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិយុថ្កា ឃុំដូង ស្រុកបាទី ខេត្តតាកែវ។ ​ឪពុកខ្ញុំឈ្មោះ ញ៉ែម ក្រេង ម្ដាយឈ្មោះ ឈុន នឹម។ ខ្ញុំមានប្រពន្ធឈ្មោះ ឱ ឡុប និងមានកូនចំនួន៦នាក់ស្រីចំនួន៤នាក់ និងប្រុសចំនួន២នាក់។ ខ្ញុំចូលរៀនបានត្រឹមថ្នាក់ទី១១ ក្នុងសម័យសង្គមរាស្ត្រនិយម។ ខ្ញុំ​រៀននៅសាលាវត្តចក ស្ថិតនៅភូមិ យុថ្កា ឃុំដូង ស្រុកបាទី ខេត្តតាកែវ។

ចាប់ពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៤ បន្ទាប់ពីធ្វើរដ្ឋប្រហារទម្លាក់សម្ដេច ព្រះនរោត្តមសីហនុ ខ្ញុំបានឈប់រៀន។ កាលនោះខ្ញុំមានអាយុ១៦ឆ្នាំ ក៏ស្ម័គ្រចិត្តចូលបម្រើកងទ័ពដើម្បីការពារទឹកដី។ ​​ ខ្ញុំបានចូលបម្រើក្នុងកងទ័ពស្រុក៥៦ កងពលវរសេនាធំ១៤ ភូមិភាគនិរតី​ តំបន់១៥ ខេត្តតាកែវ[2] ដែលមានឈ្មោះ សារ៉ាន់ ជាប្រធានកងពលវរសេនាធំ ហើយឈ្មោះ ពុធ ជាប្រធានកងពលវរសេនាតូច។​ ​​ខ្ញុំបានទៅវាយជាមួយទ័ព លន់ នល់ ហើយរហូតដល់ថ្ងៃ​១៧ ខែមេសា ឆ្នាំ​១៩៧៥ ខ្ញុំក៏ធ្លាក់ខ្លួនមានជំងឺគ្រុន និងបានផ្អាកធ្វើសកម្មភាពគ្រប់បែបយ៉ាងទាំងអស់។ ខ្ញុំបានទៅសម្រាកព្យាបាល​នៅមន្ទីរពេទ្យ​កំពង់ត្រាំ នៅភូមិព្រែកស្រទាប់ ខេត្តកំពង់ស្ពឺ។ ​

នៅឆ្នាំ១៩៧៦ ​កម្មាភិបាលខ្មែរក្រហម បានបញ្ជូនខ្ញុំទៅនៅភូមិភាគឦសានជាមួយឈ្មោះ ពត។ កាលនោះ កម្មាភិបាលខ្មែរក្រហម បានបញ្ជូន​កងទ័ពចំនួន២កងពល​ពីទីក្រុងភ្នំពេញ​ ឲ្យទៅវឹកហ្វើន នៅខេត្តកំពង់ចាម រយៈពេល១ខែ និងខេត្តក្រចេះ១ឆ្នាំ។ ខ្ញុំ និងកងទ័ពបានធ្វើដំណើរតាមកាប៉ាល់ចំនួន២ ​ចាប់ពីខេត្តកំពង់ចាម រហូតទៅដល់ខេត្តក្រចេះ។ ​លុះពេលទៅដល់ ខ្ញុំបានទៅរៀនហាត់ទ័ពនៅផ្សារទីរួមខេត្តក្រចេះ។ រយៈពេលមួយឆ្នាំក្រោយមក ខ្ញុំ និងកងទ័ពទាំងអស់ ត្រូវបានកម្មាភិបាលខ្មែរក្រហមបញ្ជូនទៅនៅខេត្តមណ្ឌលមណ្ឌលគិរី។ ខ្ញុំ និងកងទ័ពទាំងអស់បានទៅនៅភូមិពេជ្ជចិន្ដា ឲ្យទៅកាពារនៅតាមព្រំដែន ជាប់ប្រទេសឡាវ និងប្រទេសវៀតណាម។ ខ្ញុំរស់នៅបានប្រហែលរយៈពេលមួយខែ ខ្ញុំ និងកងទ័ពជាច្រើននាក់ទៀតក៏​នាំគ្នាលួចរត់ចូលព្រៃទាំងយប់។ ខ្ញុំភ័យ​ ​ព្រោះខ្លាចកម្មាភិបាលខ្មែរក្រហមចោទថាក្បត់ ចាប់យកទៅសម្លាប់​។ ខ្ញុំ និងកងទ័ពចំនួន៣នាក់ ត្រូវកម្មាភិបាលខ្មែរក្រហមចាប់បានបញ្ជូនទៅកងវរសេនាវិញ។ ​

នៅឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨ ​ ខ្ញុំ និង​អ្នកទោសចំនួន៣នាក់ បានលួចរត់នៅខេត្តក្រចេះ។ ​ ខ្ញុំ​ បានសហការណ៍ជាមួយគ្នាលួចទូក ដើម្បីឆ្លងទន្លេមេគង្គ។ ខ្ញុំបានធ្វើដំណើរពីខេត្តក្រចេះដល់ ខេត្តកំពង់ចាម រយៈពេល២ថ្ងៃ តាមរយៈទូក និងកាប៉ាល់។ អំឡុងពេលរត់​ ខ្ញុំ និងកងទ័ពចំនួន៣នាក់ បានដាច់ទឹក ធ្វើឲ្យដួលសន្លប់ទាំងអស់គ្នា។ លុះពេលយប់បន្តិចទើបដឹងខ្លួនវិញ។ ចំពោះការហូបចុកខ្វះខាតណាស់ ​ខ្ញុំចេះតែលួចបេះផ្លែដូង និងផ្លែឈើក្នុងព្រៃហូបដើម្បីបន្តជីវិតទៀត។ បន្ទាប់មកទៀត ខ្ញុំ និងកងទ័ពទាំង៣នាក់ បានបន្តដំណើរមកដល់ព្រែកក្ដាម ក៏ស្គាល់ជាមួយអ្នកធ្លាប់ធ្វើកងទ័ពជាមួយគ្នានៅខេត្តកំពត ឈ្មោះ វ៉ាន់ ហើយឃាត់ឲ្យនៅសម្រាកនៅទីនោះមួយយប់ ដោយទទួលយ៉ាងរ៉ាក់ទាក់​។ ​ឈ្មោះ វ៉ាន់​ ​មានតួនាទី មេឃុំនៅព្រែកក្ដាម នៅត្រើយខាងកើត នៃទីក្រុងភ្នំពេញ។ ​ ​ខ្ញុំនៅតែ​មានគំនិតចង់លួចរត់ ប៉ុន្តែអាណិតឈ្មោះ សឿន ដែលរត់មកជាមួយគ្នាកំពុងឈឺ ទើបមិនអាចរត់ចោល​បាន។ ការពិតបានកើតឡើង​ គ្រាន់តែម៉ោង១០យប់ កងទ័ពបានមកព័ន្ធនៅលើផ្ទះរបស់ វ៉ាន់ ទាំងយប់តែម្ដង។ ស្អែកឡើងកម្មាភិបាលខ្មែរក្រហម ក៏បញ្ជូនខ្ញុំ និងអ្នកទាំង៣នាក់ មកដាក់គុកនៅព្រែកក្ដាម ក្នុងបន្ទប់ជិតឈឹង។ បន្ទប់នោះ ​មានអ្នកទោសសរុបចំនួន៧នាក់។ ខ្ញុំត្រូវជាប់ឃុំខ្លួនរយៈពេលមួយយប់ ​ក៏បញ្ជូនមកដាក់នៅវត្តចំពុះក្អែក ​ព្រោះខ្ញុំជាអ្នកទោសធ្ងន់។ រយៈពេលមួយសប្ដាហ៍ក្រោយមក​ កម្មាភិបាលខ្មែរក្រហមបានបញ្ជូនខ្ញុំ និងកងទ័ពចំនួន៣នាក់មកដាក់នៅកោះថ្មី (​ភូមិភាគ៤០៥) ភូមិភាគនិរតី នៅភូមិព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល​។[3] មួយសប្ដាហ៍ក្រោយមក​ ខ្ញុំនិងអ្នកទោសទាំង៧នាក់ ត្រូវកម្មាភិបាលខ្មែរក្រហមបញ្ជូនទៅដាក់នៅកោះគរ។ អ្នកដែល​បញ្ជូនទៅដាក់នៅកោះគរ សុទ្ធតែអ្នកទោសធ្ងន់​។ នៅពេលទៅដល់​ កម្មាភិបាលខ្មែរក្រហម បានសួរចម្លើយ១នាក់ម្ដងៗទាល់តែគ្រប់ទាំង៧នាក់។ មុនពេលសួរចម្លើយ អ្នកទោសត្រូវចងមុខបិទជិត​ ចងដៃនឹងស្លាបសេក ព័ន្ធមកខាងក្រោយខ្នង។ នៅកន្លែងសួរចម្លើយមានកៅអីមួយ និង​តុមួយ​។ នៅពេលសួរចម្លើយ​អ្នកទោសត្រូវដោះមុខចេញ​ ប៉ុន្តែដាក់ខ្នោះជើង។ ​ អ្នកសួរចម្លើយមានតែ១នាក់ទេ ប៉ុន្តែមានគ្រប់ប្រដាប់​ មានតាំងពីប្រដាប់ឆក់ខ្សែភ្លើង, ប្រដាប់វាយ និងប្រដាប់ច្រកទឹក សម្រាប់ធ្វើទារុណកម្មរាល់ពេលសួរចម្លើយ។ គ្រប់ពេលដែលកម្មាភិបាលខ្មែរក្រហមសួរចម្លើយ ​​ខ្ញុំតែងតែ​រួចខ្លួនរហូត ​ខ្ញុំបានឆ្លើយថា ខ្ញុំមិនដែលធ្វើខ្មែរស ខ្មែរអីទេ ខ្ញុំមកពីធ្វើទ័ព។ នៅក្នុងមន្ទីរឃុំឃាំងរយៈពេល១សប្ដាហ៍ កម្មាភិបាលខ្មែរក្រហម ក៏ហៅខ្ញុំទាំង៧នាក់ ឲ្យចេញមកក្រៅ បិទមុខយ៉ាងជិត​ ហើយដាក់ខ្នោះដៃ (ខ្នោះអូតូម៉ាទិក) ​ជាប់តៗគ្នា​។ ​ ពេលនោះ ​ខ្ញុំមានអារម្មណ៍តក់ស្លុតយ៉ាងខ្លាំង។ លុះពេលបណ្ដើរទៅដល់កំពង់ ក៏ច្រានពួកខ្ញុំទាំង៧នាក់ទម្លាក់ចូលទូក​ទាំងខ្នោះដៃនៅជាប់គ្នាទាំងអស់។ ​ យើងខ្ញុំទាំង៧នាក់ ត្រូវបានបញ្ជូនមកដាក់ឡានឃ្លុបបិទជិតយកមកក្រុងភ្នំពេញ ​។ ​បើតាមរយៈឈ្មោះ ផល​ បានបញ្ជាក់ថា ទីកន្លែងដែលខ្ញុំ៧នាក់ជាប់ឃុំឃាំងនេះគឺមន្ទីរស២១ (គុកទួលស្លែង)។ នៅពេលទៅដល់ ខ្ញុំបានឃើញ​អ្នកទោស​ រៀបដាក់ជាជួរៗ មួយគ្រែ១នាក់ៗ ហើយ​មិនអាចនិយាយគ្នាបានឡើយ។ អ្នកទោស មានដាក់ច្រវ៉ាក់​ជើង មុងមួយ និងភួយមួយ ដេកដណ្ដប់លើគ្រែនោះ។

​លើសពីនេះទៅទៀត ​កម្មាភិបាលខ្មែរក្រហម បានបណ្ដើរអ្នកទោសទាំងនោះទៅសួរចម្លើយ ​ប៉ុន្តែត្រូវចងមុខ។ នៅពេលដល់កន្លែងទើបស្រាយក្រណាត់ចេញ។ នៅ​បន្ទប់សួរចម្លើយ ឃើញមានឧបករណ៍ធ្វើទារុណកម្មគ្រប់ប្រភេទ មានប្រដាប់ឆក់ និងប្រដាប់ដកក្រចកដៃជាដើម។ សំណាង កម្មាភិបាលខ្មែរក្រហមមិនបានធ្វើទារុណកម្មខ្ញុំឡើយ។ ​ ខ្ញុំឆ្លើយដូចគ្នាកាលពីជាប់ឃុំនៅកោះគរដែរ។ យើងខ្ញុំទាំង៧នាក់ ត្រូវដាក់ក្នុងបន្ទប់ឃុំឃាំងដាច់ដោយឡែកពីគ្នា។ ​បន្ទប់មួយ មានអ្នកទោសចំនួន១០នាក់ ប៉ុន្តែមិនអាចនិយាយគ្នាបានទេ។ អ្នកទោសទាំងអស់មានជាប់ខ្នោះ និងដាក់ច្រវ៉ាក់ជើង ប្រហែល១ម៉ែត្រ ពីគ្រែដេក។ បើបន្ទប់ខ្ញុំ មានអ្នកទោស១២នាក់ទាំងខ្ញុំ។ រាល់ពេលសួរចម្លើយ​ កម្មាភិបាលខ្មែរក្រហមតែងតែ កត់ត្រាទុកជាប្រចាំ។ នៅពេលបណ្ដើរទៅសួរចម្លើយ កម្មាភិបាលចងស្លាបសេក​ ហើយថតរូប​អង្គុយនៅលើតុ​គ្រប់ពេលសួរចម្លើយ។ ​អ្នកទោសទាំងអស់មានដាក់លេខសម្គាល់តាមបន្ទប់ដេក។ ពេលនោះ ខ្ញុំនៅបន្ទប់លេខ១២។  ​រាល់ពេលសួរចម្លើយ ខ្ញុំតែងតែយកផ្លាកលេខដាក់តាមខ្លួនជានិច្ច។ ​បន្ទាប់ពីសួររួចរាល់ ក៏​ត្រឡប់ទៅបន្ទប់ដដែលវិញ។ ជារៀងរាល់ថ្ងៃ ខ្ញុំបានឮសំឡេងស្រែក ចេញពីបន្ទប់ជាប់ៗគ្នា ទ្រហឹងអើងកង រំពងពេញទាំងផ្ទះថ្ម។ ​ ខ្ញុំ និងអ្នកទោសទាំង៦នាក់ ជាប់គុកនៅទីនោះរយៈពេលមួយខែ ក៏ត្រូវកម្មាភិបាលខ្មែរក្រហមបញ្ជូនទៅដាក់នៅព្រែកត្នោត។ លុះពេលទៅដល់កម្មាភិបាលខ្មែរក្រហម មិនបាន​សួរចម្លើយទៀតទេគ្រាន់តែដាក់ខ្នោះប៉ុណ្ណោះ។ ខ្ញុំ និងអ្នកទោស៦នាក់ បាន​បញ្ជូនទៅដាក់នៅក្នុងអាគារពេទ្យឆ្កួត។​ ​បន្ទាប់មក កម្មាភិបាលខ្មែរក្រហមប្រើឲ្យជីកល្បើក ចេញជាក្រលុក គឺមិនឲ្យនៅទំនេរ​ឡើយ។ ​ខ្ញុំ និងអ្នកទាំង៦នាក់ ជាប់ឃុំនៅទីនោះ​យៈពេលមួយខែ ​ ក៏បញ្ជូនទៅដាក់មន្ទីរគុកនៅតាខ្មៅ។ នៅពេលទៅដល់ ខ្ញុំបាន​ស្គាល់ជាមួយអ្នកភូមិ​១នាក់​ ឈ្មោះ បងមាំង។ កាលពីមុន គាត់ឈ្មោះ លន់ កាលពី​នៅធ្វើកងទ័ព។ ឈ្មោះ មាំង នេះ គាត់ជាប្រធានដោះលែង នៅមន្ទីរគុកតាខ្មៅ។ ពេលនោះ ទោះជាស្គាល់ក៏​មិនអាចនិយាយរាប់រកគ្នាបានឡើយ។ ខ្ញុំត្រូវស្ថិតក្រោមការតាមដាន និងយាមពីឈ្មោះ មាំង រហូត។ ​ការហូបចុកខ្វះខាតណាស់ ចេះតែខំដើររកអង្ករ ​និងលួចចិញ្ចឹមជ្រូក, មាន់, ទា ជាដើម។ យូរៗទៅ​កម្មាភិបាលខ្មែរក្រហម​តាមទាន់ ក៏បញ្ជូនមកដាក់នៅគុកព្រៃសវិញ។ អ្នកទោសទាំងអស់មានចំនួន៥០ទៅ៦០នាក់ រួម​ទាំងពួកខ្ញុំ៧នាក់ផងដែរ។ នៅគុកព្រៃសនេះ មានផ្ទះមួយ សរសរប៉េតុង ជញ្ជាំងក្ដារ បិទទ្វាជិតឈឹង និងចាក់សោរខាងក្រៅជាប់ជានិច្ច។ ​អ្នកទោសទាំងអស់ មិនបានដាក់ខ្នោះដៃទេ ប៉ុន្តែត្រូវស្ថិតក្រោម​ការតាមដាន និងយាមជាប់រហូត។ លុះព្រឹកឡើង ​អ្នកទោសត្រូវចេញទៅធ្វើស្រែ​។ អ្នកទោស​ទាំងអស់ មានការហត់ហេវ និងអស់កម្លាំងយ៉ាងខ្លាំង ព្រោះទើបតែចេញពីការឃុំឃាំង។​ ខ្ញុំ និងអ្នកទោសទាំង៣នាក់​មានបំណង​ ​លួចរត់ចេញពីគុកនោះ។ ប៉ុន្តែមិនមាននរណាហ៊ានរត់ទេ ព្រោះខ្លាចត្រូវចាប់ខ្លួនទៀត។ ខ្ញុំក៏សម្រេចរត់ចេញពីគុក​តែម្នាក់ឯង។ ខ្ញុំបានលាក់ខ្លួន​ក្នុងព្រៃនៅចំការដូងរយៈពេលមួយថ្ងៃ។

នៅឆ្នាំ១៩៧៩ ខ្ញុំ​បានធ្វើដំណើរមួយយប់ទល់ភ្លឺ រហូត​មកដល់ស្វាយព្រៃ នៅស្រុកសំរោង ខេត្តតាកែវ ដោយឆ្លងកាត់តាមផ្លូវរទេះភ្លើង។ ខ្ញុំបានឈប់សម្រាកនៅរោងចក្រកែវរយៈពេលមួយយប់។ បន្ទាប់មកទៀត ឈ្មោះ ផល បានហៅខ្ញុំឲ្យទៅផ្ទះរបស់គាត់នៅ៥១។ ​ រហូតដល់ពេលយប់ ខ្ញុំ​បន្តធ្វើដំណើរទៅផ្ទះ​​ ​​ក៏បានជួប​ជាមួយម្ដាយ និងប្រពន្ធខ្ញុំ​វិញ។ នៅពេលព្រលឹមម្ដាយខ្ញុំ បានរាយការណ៍ទៅដល់ប្រធានភូមិ ខ្ញុំក៏លែងមានអារម្មណ៍ថា ភ័យខ្លាចទៀត ហើយចាត់ឲ្យខ្ញុំធ្វើការនៅក្នុងភូមិធម្មតា។ ខ្ញុំបានទៅធ្វើការក្នុងកងចល័ត។ ​ខ្ញុំនៅតែភ័យខ្លាច ខ្ញុំក៏សម្រេចចិត្តទៅធ្វើជាកងទ័ពជាលើកទី២។ កម្មាភិបាលខ្មែរក្រហម បានបញ្ជូនខ្ញុំទៅធ្វើទ័ពនៅខេត្តកំពត។ ​ខ្ញុំបានទៅវាយជាមួយវៀតណាមនៅភ្នំដិន។ បន្ទាប់មក ខ្ញុំចេញទៅវាយជាមួយវៀតណាម នៅតាមព្រំដែន វាយចូលទៅដល់វៀតណាម នៅខេត្តច្រមុះជ្រូក និងក្រមួនសជាដើម។

អត្ថបទដោយ ជីម សុខគា


[1] ឯកសារ TKI០២៨០, តម្កល់ទុកនៅក្នុងមជ្ឈមណ្ឌលឯកសារកម្ពុជា បទសម្ភាសជាមួយ   ​​ញ៉ែម សល់  ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅភូមិយុថ្កា ឃុំដូង ស្រុកត្រាំកក់ ខេត្តតាកែវ​​, ចំណងជើងអត្ថបទ«ញ៉ែម សល់៖ កងទ័ពស្រុក៥៦ កងពលវរសេនាធំ១៤ ​​» ។ សម្ភាសន៍ ដោយ ​អ៊ីសា ឧស្មាន នៅថ្ងៃទី២៥ ខែកុម្ភៈ  ឆ្នាំ២០០៣។ ចំនួន៤១ទំព័រ។

[2] ផេង ពង្សរ៉ាស៊ី និងអ្នកនិពន្ធផ្សេងទៀត, ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២ (ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា,២០២០),៣៤។

[3]​ឯកសារដូចគ្នា។

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin