អនុយោធាវរសេនាតូច២៣៤ រៀបគម្រោងផ្តួលរំលំបដិវត្តន៍នៅតំបន់អ្នកលឿង

ជិន ថុល ជាអនុយោធាវរសេនាតូច២៣៤ វរសេនាធំ២៣ កងពល២៩០ ភូមិភាគបូព៌ា បានឆ្លើយសារភាពថាខ្លួន និងបក្ខពួកចំនួន២៧នាក់ បានរៀបចំគម្រោងក្បត់ដើម្បីដណ្តើមអំណាចពីបដិវត្តន៍នៅតំបន់អ្នកលឿង ខេត្តព្រៃវែង តាំងពីឆ្នាំ ១៩៧១។ ខាងក្រោមនេះជាចម្លើយសារភាពរបស់ ជិន ថុល ៖
ជិន ថុល[1] ភេទប្រុស អាយុ២៨ឆ្នាំ (ឆ្នាំ១៩៧៧) មានឪពុកឈ្មោះ ជិន លឹម, ម្តាយឈ្មោះ យ៉ែម ម៉ុន និងមានស្រុកកំណើតនៅភូមិព្រៃស្លា សង្កាត់ព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។ ថុល គឺជាកូនច្បងក្នុងគ្រួសារដែលមានប្អូនចំនួនប្រាំបួននាក់ ដោយប្អូនស្រីទី២ ឈ្មោះ ជិន ធឿន អាយុ២៣ឆ្នាំ, ប្អូនស្រីទី៣ ឈ្មោះ ជិន ហឿន អាយុ២០ឆ្នាំ, ប្អូនប្រុសទី៤ ឈ្មោះ ជិន ចូ អាយុ១៧ឆ្នាំ, ប្អូនប្រុសទី៥ ឈ្មោះ ជិន ហ៊ីម អាយុ១៣ឆ្នាំ, ប្អូនស្រីទី៦ ឈ្មោះ ជិន ហយ អាយុ១១ឆ្នាំ, ប្អូនស្រីទី៧ ឈ្មោះ ជិន ហ៊ាង អាយុ៩ឆ្នាំ, ប្អូនប្រុសទី៨ ឈ្មោះ ជិន ហ៊ា អាយុ៧ឆ្នាំ និងប្អូនប្រុសទី៩ ឈ្មោះ ជិន ហៃ អាយុ៣ឆ្នាំ។
ចាប់ពីឆ្នាំ១៩៥៩ រហូតដល់ឆ្នាំ១៩៦៩ ថុល រៀននៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ ស្ថិតនៅភូមិព្រៃដើមថ្នឹង ឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ នៅឆ្នាំ១៩៦៩ ថុល ចូលជាសមាជិកចលនារណសិរ្សសិស្ស និងបានដើរល្បាតការពារកុំឲ្យយោធាខ្មែរក្រហមចូលក្នុងសាលា។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បន្ទាប់មកមានរដ្ឋប្រហាររបស់ឧត្តមសេនីយ៍ លន់ នល់ ទម្លាក់សម្តេចព្រះនរោត្តម សីហនុ ពីតំណែង អនុវិទ្យាល័យត្រូវបិទទ្វា ថុល បានត្រលប់មកផ្ទះ និងជួយធ្វើស្រែចម្ការឪពុកម្តាយវិញ។ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៧០ ថុល បានចូលចលនាបដិវត្តន៍ខ្មែរក្រហមនៅស្រុកកំណើតតាមរយៈប្រធានភូមិព្រៃដើមថ្នឹង។ នៅឆ្នាំ១៩៧១ ខ្មែរក្រហមបានចាត់តាំង ថុល ឲ្យទៅធ្វើយោធាតំបន់២០ ក្នុងវរសេនាតូច១០២ ដែលមានឈ្មោះ ញែម សំងាត់ ជាប្រធាន។ ថុល ត្រូវបាន សំងាត់ ឃោសនាឲ្យចូលកម្លាំងបង្កប់បំផ្លាញបដិវត្តន៍។ ឈ្មោះសំងាត់ បានអប់រំ ថុល ថាបម្រើបដិវត្តន៍មិនទទួលបានប្រាក់ខែ, គ្មានសេរីភាព និងគ្មានការរីកចម្រើន ហើយអ្នកចេះដឹងដូច ថុល មិនគួរណាចូលព្រៃតស៊ូនោះទេ។ សំងាត់ បានឃោសនា ថុល ឲ្យចូលជាកម្លាំងបង្កប់ដើម្បីផ្តួលរំលំបដិវត្តន៍ និងអប់រំយោធាដទៃទៀត។ ដោយសារតែ សំងាត់ ជាថ្នាក់លើ ថុល មិនហ៊ានប្រកែក និងយល់ស្របធ្វើជាកម្លាំងបង្កប់ដើម្បីបំផ្លាញបដិវត្តន៍។ នៅខែវិច្ឆិកា ឆ្នាំ១៩៧១ ថុល អប់រំយោធានៅវរសេនាតូចលេខ១០២ បានពីរនាក់។ ថុល បានអប់រំអ្នកទាំងពីរដូចសំងាត់បានអប់រំ និងបានឲ្យអ្នកទាំងពីរធ្វើខុសសីលធម៌បំផ្លាញកិត្តិយសបដិវត្តន៍ដើម្បីឲ្យប្រជាជនអស់ជំនឿ។
នៅឆ្នាំ១៩៧២ សំងាត់ ត្រូវបានផ្លាស់ប្តូរទៅកាន់វរសេនាធំលេខ១២០ នៃកងពល២៩០ ហើយ សំងាត់ នៅតែទាក់ទងជាមួយ ថុល ដើម្បីឃោសនារកសមាជិកបន្ថែម។ នៅឆ្នាំ១៩៧៣ ថុល រងរបួសដោយសារធ្វើសង្គ្រាមជាមួយទាហាន លន់ នល់ និងបានទៅព្យាបាលនៅមន្ទីរពេទ្យតំបន់។ នៅមន្ទីរពេទ្យតំបន់ ថុល បានស្គាល់កម្លាំងក្បត់បដិវត្តន៍បីនាក់ឈ្មោះ សុទ្ធ សំអឿន, ស៊ិន សាមុត និងលី សំរិត ហៅ លី ផែន ជាសមាជិកភូមិភាគបូព៌ា (២០៣) ដែលជាប្រធានកម្លាំងក្បត់នៅភូមិភាគ។ នៅពេលនោះ លី សំរិត បានអប់រំ ថុល ឲ្យខិតខំលាក់សមាសភាព និងបន្តកសាងកម្លាំង។ នៅចុងឆ្នាំ១៩៧៤ ថុល កសាងកម្លាំងបានបីនាក់ឈ្មោះ ពេជ សារឿន, កុល ប៊ុនយឿន និង វល្លិ អាន ជាប្រធានយោធាកងតូច។ ថុល បានអប់រំអ្នកទាំងបីឲ្យដើរលេងផឹកស៊ីសប្បាយ និងដើរចោលអង្គភាព។ នៅឆ្នាំដដែលនោះ សំងាត់ បានចាត់តាំង ថុល ជាអនុយោធាវរសេនាតូច២៣៤ ក្នុងវរសេនាធំ២៣ នៃកងពល២៩០ និងឈ្មោះ ឡាយ ម៉ុន ជាអនុយោធាវរសេនាធំ៣៤០។ បន្ទាប់មក សំងាត់ បានរៀបចំគម្រោងជាមួយអ្នកទាំងពីរ និងយោធាផ្សេងទៀតដើម្បីចាប់ឈ្មោះតាល់ ជាប្រធានកងពល២៩០ និងរៀបចំផែនការដើម្បីវាយដណ្តើមការគ្រប់គ្រងពីអង្គការនៅតំបន់អ្នកលឿង។ នៅឆ្នាំ១៩៧៦ សំងាត់ បានបំពាក់អាវុធប្រភេទបេ៦៩, រ៉េប៉េដេ, អាកា, អ៊ឹម៧៩ និងអាអ៊ែ ឲ្យយោធាក្នុងវរសេនាធំ១២០ និង២៣ ហើយបានប្រជុំរៀបចំផែនការវាយយកតំបន់អ្នកលឿង ដោយបាញ់កាំភ្លើងឡើងលើចំនួនពីរបង់ជាសញ្ញាដើម្បីឲ្យយោធាទាំងអស់ត្រៀមលក្ខណៈ។ នៅខែមីនា ឆ្នាំ១៩៧៦ សំងាត់ បានប្រជុំជាមួយ ថុល ជាអនុយោធាវរសេនាតូច២៣៤, ជុំ ជាប្រធាននយោបាយវរសេនាតូច៣២, សាម៉ាន ជាប្រធាននយោបាយវរសេនាតូច៣៣, និងស៊ាន ជាប្រធាននយោបាយវរសេនាតូចលេខ៣៤ ហើយ សំងាត់ បានប្រាប់អ្នកទាំងអស់ពី ផែនការវាយបដិវត្តន៍ដើម្បីដណ្តើមការគ្រប់គ្រងនៅតំបន់អ្នកលឿងដោយគ្រប់វរសេនាតូចទាំងអស់ត្រូវត្រៀមយោធាតាមបន្ទាយរៀងៗខ្លួន។ ក្រោយប្រជុំចប់គ្រប់វរសេនាតូចទាំងអស់បានប្រជុំជាមួយយោធារបស់ខ្លួនដើម្បីទទួលផែនការ។ នៅខែកក្កដា ឆ្នាំ១៩៧៦ ថុល បានទៅលេងផ្ទះ និងបានសម្រាកនៅមន្ទីរសង្កាត់ព្រៃព្នៅមួយថ្ងៃ។ នៅទីនោះ ថុល បានអូសទាញ ឈ្មោះ នុង ជាលេខាសង្កាត់ព្រៃព្នៅឲ្យចូលជាកម្លាំងក្បត់បដិវត្តន៍ ប៉ុន្តែ នុង នៅមិនទាន់សម្រេចចិត្តដោយសារតែគាត់បានជួបជាមួយ ថុល មានរយៈពេលខ្លីពេក។
ក្រោយត្រលប់ពីស្រុកកំណើតវិញ សំងាត់ ត្រូវបានអង្គការចាប់ខ្លួន ហើយកម្លាំងក្បត់បដិវត្តន៍ត្រូវកាត់ផ្តាច់។ រហូតដល់ថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៧ អង្គការបានចាប់ខ្លួន ថុល ហើយសួរចម្លើយចប់នៅថ្ងៃទី១៨ ខែមករា ឆ្នាំ១៩៧៧។ ក្នុងចម្លើយសារភាពរបស់ ថុល បានឆ្លើយដាក់មនុស្សចំនួន២៧នាក់ ដែលរួមមានសមាជិកគណៈភូមិភាគបូព៌ា, ប្រធានចម្ការកៅស៊ូ និងលេខាសង្កាត់ព្រៃព្នៅ ជាដើម៕
កំណត់ចំណាំ៖ ចម្លើយប្រវត្តិក្បត់ដែលបានឆ្លើយសារភាពរបស់អ្នកទោសទាំងអស់សុទ្ធតែឆ្លងកាត់ការបង្ខិតបង្ខំ និងការធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរពីសំណាក់កងសួរចម្លើយរបស់ខ្មែរក្រហម។
អត្ថបទដោយ អេង សុខម៉េង
[1] ឯកសារ J00៤៥០ តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា, ចម្លើយសារភាពរបស់ ជិន ថុល នាទីជាអនុយោធាវរសេនាតូច២៣៤, ភូមិភាគបូព៌ា, ចំនួន២០។