ឆោម សាវុន អតីតកងចល័តវ័យកណ្ដាល

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ខ្ញុំឈ្មោះ ឆោម សាវុន[1] មានអាយុ៧២ឆ្នាំ។ បច្ចុប្បន្នខ្ញុំរស់នៅ ភូមិត្នោតលើ ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ខ្ញុំបានរៀបការជាមួយនឹងស្វាមីដែលមានឈ្មោះ ឈឹម ជន ខ្ញុំមានកូនចំនួន៦នាក់។ ឪពុករបស់ខ្ញុំ មានឈ្មោះ ព្រាប ឆោម និងម្ដាយឈ្មោះឌុច ថូន។ ខ្ញុំមានបងប្អូន៧នាក់ ក្នុងនោះប្រុស២នាក់ និងស្រី៥នាក់។ ខ្ញុំបានចូលរៀនសូត្រនៅសាលាឫស្សីស្រុក តាំងពីសម័យសង្គមមកម្លេះ ហើយខ្ញុំរៀនបានត្រឹមថ្នាក់ទី៩ ។ បន្ទាប់មកគ្រួសាររបស់ខ្ញុំបានឲ្យខ្ញុំឈប់រៀន និងឲ្យទៅធ្វើចម្ការ ដើម្បីជួយគ្រួសារដាំថ្នាំ, ដាំពោត និងសណ្ដែក។

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ មានរដ្ឋប្រហារដែលដឹកនាំដោយ លន់ នល់ ផ្តួលរំលំ សម្តេចព្រះនរោត្តម សីហនុ បានធ្វើឲ្យប្រជាជនជាច្រើនមានការមិនពេញចិត្ត។ នៅឆ្នាំ១៩៧២ ពេលដែលខ្មែរក្រហមចាប់ផ្តើមចូលត្រួតត្រាតំបន់មួយចំនួននៅក្នុងប្រទេសកម្ពុជា[2] ក្នុងនោះក៏មានតំបន់ខ្លះក្នុងខេត្តកំពង់ចាមផងដែរ។ នៅទីនោះទើបមានការប្រយុទ្ធគ្នារវាងកងទ័ពខ្មែរក្រហមនឹងកងទ័ពសាធារណរដ្ឋខ្មែរ នៅស្ពានតាកុច និងនៅក្បែរផ្ទះរបស់ខ្ញុំ ហើយខ្ញុំបានក៏សម្រេចចិត្តរត់ទៅនៅស្វាយសាច់ភ្នំ។ ពេលនោះក៏មានការទម្លាក់គ្រាប់នៅព្រែកដំបូក ហើយខ្ញុំបន្តរស់នៅទីនោះ មួយរយៈក៏បានត្រលប់មកផ្ទះវិញ។​ ក្រោយមកទៀត អង្គការបានចាត់តាំងខ្ញុំឲ្យធ្វើជាកងឈ្លប ដោយឲ្យខ្ញុំហាត់បាញ់កាំភ្លើង, លូន, និងក្រាប។ នៅឆ្នាំ ១៩៧៣​ ខ្មែរក្រហមបានចាប់ផ្ដើមបង្កើតជា «កងប្រវាស់ដៃ» ។ ក្នុងគ្រាមានសង្គ្រាមរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហមវាយប្រយុទ្ធគ្នា ប្រជាជនរស់នៅតំបន់រំដោះខ្មែរក្រហមត្រូវបានរៀបចំឲ្យទៅជា «កងប្រវាស់​ដៃ» ដែលមានសមាជិកពី១០ ទៅ៣០ គ្រួសារក្នុងមួយក្រុម។[3]

នៅឆ្នាំ១៩៧៥ ពេលដែលខ្មែរក្រហមចូលមក ខ្ញុំបានឃើញគេជម្លៀសប្រជាជនពី បឹងទីង និងប្រាំយាម ហើយប្រជាជនដើរកាត់តាមផ្លូវភូមិខ្ញុំ ប៉ុន្តែមិនដឹងថា ទៅរស់នៅកន្លែងណានោះទេ។ ចំណែករបបអាហារជាក្រុមវិញ មួយក្រុមទទួលបានតែបបរ និងមិនគ្រប់គ្រាន់។ នៅសម័យខ្មែរក្រហម ភូមិរបស់ខ្ញុំគ្មានការជម្លៀសប្រជាជន, ការធ្វើទារុណកម្ម, ការធ្វើបាប និងការសម្លាប់នោះទេ គ្រាន់តែខ្មែរក្រហមបានឲ្យរស់នៅរួមគ្នា ហើយស្ទូងស្រូវ, ដាំពោត, ដាំសណ្ដែករួមគ្នា ប៉ុន្តែស្រូវដែលប្រជាជនធ្វើបានខ្មែរក្រហមមិនឲ្យហូបឆ្អែត។ ក្នុងសម័យខ្មែរក្រហម ខ្ញុំមានកូន២នាក់ អង្គការឲ្យខ្ញុំនៅកងវ័យកណ្ដាល ពេលដែលងើបទៅធ្វើការមិនទាន់គេខ្មែរក្រហមទិតៀន។ នៅសម័យខ្មែរក្រហមចំពោះអ្នកណាដែលប្រព្រឹត្តិខុសសីលធម៌ លួចស្រឡាញ់គ្នា, លួចជួបគ្នា ខ្មែរក្រហមដឹងនឹងនាំទៅសម្លាប់​។ ចំពោះការរៀបការនៅសម័យខ្មែរក្រហម បើស្រឡាញ់គ្នា ត្រូវប្រាប់ទៅអង្គការ នោះអង្គការ និងរៀបចំពិធីឲ្យ។ នៅក្នុងស្រុកភូមិនេះ ខ្មែរក្រហមប្រាប់ថាពីរទៅបីថ្ងៃទៀត និងជម្លៀសប្រជាជនចេញ ប៉ុន្តែប្រទេសត្រូវបានរំដោះមុនថ្ងៃជម្លៀស។

នៅពេលដែលកងទ័ពខ្មែរក្រហមទទួលបរាជ័យ ដោយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានវាយរំដោះប្រទេសកម្ពុជា និងសង្គ្រោះប្រជាជនបានជាបន្តបន្ទាប់។[4] ខ្ញុំ ក៏ដូចជាអ្នករស់រានមានជីវិតផ្សេងទៀត បានរួចផុតពីការស្លាប់ និងអាចបន្តរស់នៅ ហើយត្រលប់មកផ្ទះប្រកបរបរកសិកម្ម និងរស់នៅដោយមិនមានភាពភ័យខ្លាចបន្តទៀត។

អត្ថបទដោយ លី ដេវីត


[1] ឆោម សាវុន «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម»​ សម្ភាសន៍ដោយ លី ដេវីត មជ្ឈមណ្ឌលឯកសារខេត្តស្ទឹងត្រែង នៅខែមករា ឆ្នាំ២០២៤, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

[2] ផេង ពង្សរ៉ាស៊ី, ដេវីដ ឆេនដល័រ, គ្រីស្តូហ្វ័រ ឌៀរីង & សុភ័ក្រ្ត ភាណា, «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ» (បោះពុម្ពលើកទី២ នៅកម្ពុជា ឆ្នាំ២០២០) ទំព័រ ២៨

[3] ផេង ពង្សរ៉ាស៊ី, ដេវីដ ឆេនដល័រ, គ្រីស្ដូហ្វ័រ ឌៀរីង, សុភ័ក្រ ភាណា, «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ» (បោះពុម្ពលើកទី២ នៅប្រទេសកម្ពុជា ឆ្នាំ២០២០), ទំព័រ៣៩-៤០

[4] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព (ភ្នំពេញ៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា, ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin