អ៊ី សំប៊ុន៖ ខ្ញុំបានទៅដល់អន្លង់វែង តាំងពីទស្សវត៍ឆ្នាំ១៩៦០

អ៊ី សំប៊ុន[1] ភេទ​ប្រុស​ អាយុ​៧៣ឆ្នាំ​ មាន​ទី​កន្លែង​កំណើត​រស់​នៅ​ភូមិ​​គោក​កណ្ដាល​ ស្រុក​វ៉ារិន​ ខេត្ត​សៀម​រាប​។ សព្វ​ថ្ងៃ សំប៊ុន គឺជា​ប្រធាន​ភូមិ​​ស្រឡៅ​ស្រោង​ ឃុំ​លំទង ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។

សំប៊ុន បាន​និយាយ​រៀប​រាបអំ​ពី​ប្រវត្តិ​របស់​ខ្លួន ​ដែល​បាន​ចូល​មក​រស់​នៅ​ក្នុង​ភូមិ​ស្រឡៅ​ស្រោង​ថា៖ ​«នៅ​ចន្លោះ​ឆ្នាំ​១៩៦៥ ដល់ឆ្នាំ​​១៩៦៦ ខ្ញុំ​ និង​ឪពុក ​​បាន​ធ្វើ​ដំណើរ​ដោយ​រទេះ​គោ​ ដែល​បាន​ដឹក​សត្វ​មាន់​​ ទា ជ្រូក​ និង​គោ ដើម្បីប្រកបរបរ​​ជួញដូរ​​នៅតំបន់​អន្លង់​វែង​។ នៅ​​ជំនាន់​នោះ​ ការ​ធ្វើ​ដំណើរ​ពី​ស្រុក​វ៉ារិន​ មក​កាន់តំបន់​អន្លង់​វែង ​ត្រូវ​ចំណាយពេលវេលា​បួនទៅ​ប្រាំ​យប់​​។

នាពេលរាត្រី​ម្តង​ៗ ​អ្នក​រួម​ដំណើរ​ទាំង​អស់​​ត្រូវ​ឈប់​សម្រាក​នៅ​តាម​ដង​ផ្លូវ​ ឬចំណុច​​ណា​ ដែល​ខ្លួន​គិត​ថា​មាន​សុវត្ថិភាព។​ នៅត្រង់ម្តុំ​បរិវេណ​កន្លែង​សម្រាក​ យើង​​​ត្រូវ​តែ​បង្កាត់​​ភ្នក់​​ភ្លើងជាចាំបាច់​ ដើម្បី​បំ​ភ្លឺ​ផង និង​​ការ​ពារ​សត្វ​សាហាវ​នៅ​ក្នុង​ព្រៃ​មិន​ឲ្យ​ចូល​មក​បៀត​បៀនផង​។​ កាល​ពីគ្រាមុន​ តំបន់​អន្លង់​វែង​ ​មាន​ភាព​សម្បូរបែបទៅដោយ​​សត្វ​កម្រ​ ​ដូច​ជា​ ​ដំរី,​ ខ្លា, ទន្សោង, គោ​ព្រៃ,​ ឈ្លូស​ និងប្រើស ជា​ដើម​​​​។

​កាល​ជំនាន់​នោះ​ តំបន់​​​អន្លង់​វែងមាន​សភាព​ស្ងប់​ស្ងាត់ខ្លាំង​​ណាស់​។ ​ប្រជាជនមិន​មាន​សភាព​អ៊ូអរ​​ដូច​បច្ចុប្បន្ន​នេះ​ទេ​​។ ​តំបន់​នេះ​សម្បូរ​ទៅ​ដោយ​ព្រៃក្រាស់​,​​​ គ្មានទី​​​ផ្សារ​ និងគ្មាន​សាលា​រៀនទេ។​​ ប៉ុន្តែ​តំបន់នេះមានត្រឹម​​​វត្តអារាម​​មួយ​តែ​ប៉ុណ្ណោះ​។​ ​ផ្លូវ​ និងស្ពាន​ មិន​ទាន់មាន​គ្រប់គ្រាន់​ សម្រាប់ការ​​ធ្វើ​ដំណើរ​ទេ។

ខ្ញុំ ​និងឪពុកខ្ញុំ ព្រមទាំងអ្នកដំណើររួមគ្នា បានបររទេះ​គោ​តាមផ្លូវតូច​​ ដែលមាន​ព្រៃស្តុកដុះ​អម​សងខាង​​ផ្លូវ​​។​ ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ពី​កន្លែង​មួយ​ទៅ​កន្លែង​មាន​ការ​លំបាក​ខ្លាំង​ ដោយ​សារ​​តែ​ភាព​​ដាច់​ស្រយាលពីគ្នា​យ៉ាង​ខ្លាំង។ ការ​ធ្វើ​ដំណើរ​​ឆ្លង​កាត់តំបន់នេះ​មិន​សូវមមាញឹកទេ​។​ ប៉ុន្តែ​បើ​ទោះ​បី​ជាយើង​​ស្ថិត​​ក្នុង​ស្ថាន​ភាព​បែប​នេះ​ក៏​ដោយ​ ក៏​ប្រជាជនមាន​ការអធ្យាស្រ័យគ្នា ​ចែក​រំលែក​គ្នា​ និង​ស្រឡាញ់​រាប់​អាន​គ្នាណាស់។ ជានិច្ចជាកាល យើង​​តែងតែ​​ជួយ​យក​អាសារ​គ្នា​ទៅវិញទៅមក​។​

​​​​​​សម្រាប់បទពិសោធន៍​នៃ​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​តំបន់​អន្លង់​វែងនាពេលនោះ​ ខ្ញុំ​មិន​ដែល​បាន​ជួប​ប្រទះ​ក្រុម​ចោរ​ព្រៃ​ ឬ​ឧបសគ្គ​អ្វីធំដុំ​ឡើយ។ យើង​ទទួល​បាន​ភាព​សុខ​សប្បាយ​ ជាដរាប​។​​

នៅពេលដែលយើង​មក​ដល់​តំបន់​​អន្លង់​វែង​ ខ្ញុំ​ រួម​ទាំង​អ្នក​ធ្វើ​ដំណើរមក​ជា​មួយ​គ្នា ​​ចាប់​ផ្ដើម​ស្វែង​​​រក​កន្លែង​សម្រាក ដើម្បី​ត្រៀម​កម្លាំង​ជួញដូរ​​នៅ​ថ្ងៃ​បន្ទាប់​។​ ខ្ញុំ​នៅចងចាំបាន​ថា យើង​ទាំង​អស់​គ្នា​​បាន​​ឈប់សំចត និង​​សម្រាក ​នៅត្រង់​​ម្ដុំ​​សាលា​ស្រុក​អន្លង់​វែង ​បច្ចុប្បន្ន​នេះ​។​

លុះ​ព្រឹក​ឡើង យើង​បាន​នាំ​គ្នា​ក្រោកពីព្រឹកព្រលឹម ដើម្បី​​កាប់​គោ​ និង​កាប់​ជ្រូក ដើម្បី​ត្រៀម​​​​រៀប​ចំ​ដាក់​លក់​ឲ្យ​​ទាហាន ​ដែលបាន​និង​កំពុង​​ឈរ​ជើង​ការ​ពារ​នៅ​តំបន់​អន្លង់​វែង​។​ កងទ័ពគឺ​ជា​អតិថិជន​សំខាន់បំផុតសម្រាប់របរ​​រក​ស៊ី​របស់​ខ្ញុំ​ និង​ក្រុម​យើងទាំងមូល​។​ តំបន់នេះ​មិនសូវ​មាន​ប្រជាជន​រស់នៅ​ទេ។ ដូច្នេះ​ យើង​ពុំ​សូវឃើញ​មាន​​ប្រជាជន​មករកទិញទំនិញអ្វីៗផ្សេងឡើយ​។​​

នៅ​ក្នុង​ថ្ងៃ​ខ្លះ យើង​បាន​លក់​អស់​សាច់​​គោ​ចំនួន​​មួយក្បាល​ នៅ​ត្រឹម​​តែរយៈ​ពេល​​កន្លះ​ម៉ោង ទៅ​មួយ​ម៉ោង​ប៉ុណ្ណោះ។​​ កម្លាំង​​ទាហានជាច្រើនបាន​បោះទីតាំង នៅក្នុង​តំបន់​អន្លង់វែង។ ​ខ្ញុំ និង​ឪពុក​ រួម​ទាំង​អ្នក​​​រួម​ដំណើរផ្សេងទៀត​ តែងតែ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ​បន្ទាប់ពី​បាន​​ចំណាយ​ពេលចន្លោះ​ពី​​កន្លះ​ខែ ​ទៅ​មួយ​ខែ​​។​

នៅក្នុងកាលៈទេសៈ​នោះ​ បើ​ទោះ​​ជា​អ្នកខ្លះ​បាន​​លក់ដូរ​​អស់​មុនក៏​ដោយ​​ ក៏យើង​​ត្រូវ​រង់​ចាំ​អ្នក​ដែល​មិន​ទាន់​លក់​អស់​ដែរ។ យើង​មិន​អាច​ធ្វើ​ដំណើរ​តែ​​​ឯង​បាន​នោះ​ទេ ដោយ​សារ​តែ​ផ្លូវ​​ឆ្ងាយ​, ​ស្ងាត់ និង​ព្រៃ​ឈើ​ដ៏​​ក្រាស់​ឃ្មឹក ដែលទាមទាឲ្យ​យើង​​ធ្វើ​ដំណើរ​ត្រលប់​ទៅ​ផ្ទះ​វិញ​ជា​មួយ​គ្នាវិញ​​។​ ជាទូទៅ យើង​រៀប​ចំ​​ក្រុម​​អ្នកធ្វើដំណើររួមគ្នា ដែល​មាន​​ចំនួន​៥​ទៅ​៦​គ្រួសារ។ ​ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ការ​ពារ​ខ្លួន​ពី​សត្វ​សាហាវ​ក្នុង​​ព្រៃ​។ បើ​យើង​មាន​គ្នា​ច្រើន យើង​​អាច​ជួយ​រក្សា​គ្នា​ទៅវិញទៅមក​។​

រហូត​ដល់​ឆ្នាំ​១៩៩៩​ ខ្ញុំ​​បាន​ធ្វើ​ដំណើរ​មក​កាន់​ស្រុក​អន្លង់​វែង​ម្ដង​ទៀត​ជា​មួយ​កង​ទ័ពចំនួន​៣០​នាក់ ដែលខ្ញុំ​បាន​គ្រប់គ្រង​។ កាល​ណោះ ​ខ្ញុំមាន​តួនាទីជា​​ប្រធានកង«គ»​។ ខ្ញុំ​ធ្វើ​ដំណើរ​ចេញ​​ពី​ស្រុក​វ៉ា​រិន​ មក​ស្រុក​អន្លង់​វែង។ ​នៅ​ពេល​នោះ ស្ថាន​ភាពសង្គ្រាម​មិន​ទាន់​ស្ងប់​ស្ងាត់​នៅ​ឡើយ​ទេ។​ ​ផ្លូវមក​តំបន់​អន្លង់​វែង​​​សម្បូរ​ទៅ​ដោយ​គ្រាប់​មីនខ្មែរ​ក្រហម​ ដើម្បីទប់ទល់​​​ការ​​​វាយប្រហារ​ពីកង​ទ័ព​វៀត​ណាម​ និង​កង​ទ័ព​រដ្ឋា​ភិបាល​កម្ពុជា​។​ ខ្ញុំ​ចាំ​បាន​ថា​ កង​ទ័ពដែល​ធ្វើ​ដំណើរ​មក​ជា​មួយ​​ខ្ញុំ ​ត្រូវបាន​​កង​ទ័ព​ខ្មែរ​ក្រហមបាញ់​​ស្លាប់​​អស់​ចំនួន​៣នាក់​ ចំណែក​ឯ​​ខ្ញុំ​ត្រូវ​របួស​ជើង ដែល​​បាន​បន្សល់​ទុក​​ មក​ដល់​បច្ចុប្បន្ន​នេះ​។

នៅ​ក្នុង​ឆ្នាំ​២០០០​ ខ្ញុំ​​​​បាន​ចាប់​ផ្ដើម​ដើរ​​រក​​ដី​ធ្លី​សម្រាប់​បង្កបង្កើន​ផល​​ និង​តាំង​ទី​លំនៅ។​ អំឡុង​ពេលនោះ ​ខ្ញុំ​បាន​​ឃើញ​ដី​នៅ​ម្ដុំ​​កុង​ប៊ីង​​ ព្រោះ​គិត​ថា​នៅ​ជិត​ទី​ប្រជុំ​ជន​ស្រុក​អន្លង់​វែង ហើយ​ងាយ​ស្រួល​រស់​នៅ​​។​ ​ប៉ុន្តែ​ ដី​នៅ​ទី​នោះ​មិន​មាន​អំណោយ​ផល​ ដែល​​មិន​អាច​បង្ក​បង្កើន​ផល​ដំណាំ​។​ ខ្ញុំ​ចូល​ទៅ​​មើល​នៅ​ឃុំ​​លំទង​​ ហើយ​ឃើញថា​​ដី​នៅ​ទូលាយ​ច្រើន។ ​ខ្ញុំ​​ចាប់​ផ្ដើម​កាប់​ឆ្ការ​យក​ដី​មួយ​ចំនួន​សម្រាប់​ធ្វើ​លំនៅ​ឋាន​ និង​សម្រាប់​ធ្វើ​ស្រែ​ចម្ការ​។ ភូមិសាស្ត្រ​នេះ​​សម្បូរទៅដោយ​​ដើម​យាង​ធំៗ​ច្រើនណាស់​ ជា​ពិសេស​ដើម​ស្រឡៅ​​ធំៗ​ខ្ពស់​ៗ​ឡើង​ស្រោង​ៗ​។ ​បច្ចុប្បន្ន​នេះ​ ប្រជាជន​​បាន​​​ហៅ​ភូមិ​នេះ​ថាជា​​ ភូមិ​ស្រឡៅ​ស្រោង​»៕

អត្ថបទដោយ លី សុខឃាង


[1] មេក វិន សម្ភាសន៍ជាមួយ អ៊ី​ សំប៊ុន នៅក្នុងភូមិ​ស្រឡៅស្រោង ឃុំលំទង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ នៅឆ្នាំ​២០២៥។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin