ឯក ផាត៖ សម្តេចឪជួយគ្រួសារខ្ញុំ ក្នុងគ្រាដែលផ្ទះខ្ញុំបាក់ធ្លាក់ចូលទឹកទន្លេ

ឯក ផាត[1] ភេទប្រុស អាយុ៨៧ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិព្រែកឯង ឃុំព្រែកឯង ស្រុកព្រែកឯង ខេត្ដកណ្ដាល។ បច្ចុប្បន្ននេះរស់នៅក្នុងភូមិទួលប្រាសាទ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។
«ខ្ញុំគឺជាកូនទី២ក្នុងចំណោមបងប្អូនចំនួន៣នាក់ (ប្រុស២នាក់ និងស្រី១នាក់)។ ឪពុកម្ដាយរបស់ខ្ញុំគឺជាកសិករ និងមានជីវភាពសមរម្យ។ ក្រោយមក ក្រុមគ្រួសាររបស់ខ្ញុំ និងប្រជាជនរស់នៅតាមច្រាំងទន្លេបានជួបទុក្ខលំបាកដោយសារផ្ទះបានបាក់ចូលទៅក្នុងទន្លេ។ ថ្ងៃនោះគឺចំពេលនៃពិធីបុណ្យអកអំបុកសំពះព្រះខែ ដែលសម្ដេចនរោត្ដម សីហនុ បានរៀបចំពិធីធំមួយនៅមុខព្រះបរមរាជវាំង ឯរាជធានីភ្នំពេញ។ អ្នកភូមិរបស់យើងបានចូលរួមស្ងាត់ភូមិទាំងចាស់ទាំងក្មេងទៅកុះករ។ អ្នកខ្លះដើរថ្មើរជើង ខណៈដែលអ្នកខ្លះទៀតជិះរទេះគោ ឬរទេះសេះ។ យើងបានប្រើប្រាស់ចង្កៀងប្រេងកាត ដើម្បីបំភ្លឺផ្លូវ។ នៅពេលម៉ោង៤កន្លះ ប្រជាជនក៏បានជួបនូវហេតុការណ៍ភ្ញាក់ផ្អើល ហើយនាំគ្នាយំស្រែកសោកស្ដាយ ដោយសារផ្ទះរបស់ខ្លួនបាក់ច្រាំងទន្លេចូលទៅក្នុងទឹក។ សម្ដេចព្រះនរោត្ដម សីហនុ ក៏ទទួលបានដំណឹងនេះ។ ព្រះអង្គបានយាងទៅពិនិត្យមើលផ្ទាល់នូវប្រជារាស្រ្ដព្រះអង្គដែលទទួលរងគ្រោះ។ ព្រះអង្គបានផ្ដល់ដីសម្បទានថ្មី និងឧបត្ថម្ភថវិកាចំនួន២លានរៀលក្នុងមួយឆ្នាំ សម្រាប់ក្រុមគ្រួសារនីមួយៗ។
រយៈពេលបួនថ្ងៃក្រោយមក ខ្ញុំបានទៅរស់នៅជាមួយឪពុកមារបស់ខ្ញុំនៅឯខេត្ដស្វាយរៀង។ ខ្ញុំបានបួសជាសង្ឃនៅសាលាបាលី អស់រយៈពេល១៤ឆ្នាំ នៅវត្ដតាជ័យ។ បន្ទាប់មក ខ្ញុំបានបន្ដការសិក្សានៅពុទ្ធិកមហាវិទ្យាល័យនៅឯទីក្រុងភ្នំពេញជាមួយនឹងព្រះសង្ឃចំនួន២អង្គទៅពីខេត្ដស្វាយរៀង ដោយខ្ញុំផ្ទាល់គង់នៅវត្ដលង្កាព្រះកុសុមារាម។ នៅទីនោះ ខ្ញុំធ្លាប់ទេសនាដាក់ប៉ុស្ដិ៍វិទ្យុបានចំនួន២ដង។ ក្រោយមក សម្ដេចព្រះសង្ឃរាជ ជួន ណាត បានមន្ដព្រះសង្ឃចំនួន៣អង្គដែលរៀនពូកែៗរួមទាំងខ្ញុំផងទៅគង់នៅវត្ដឧណ្ណាលោមវិញ។
នៅសល់តែរយៈពេល៤ខែទៀតប៉ុណ្ណោះ យើងនឹងបញ្ចប់ការសិក្សានៅពុទ្ធិកមហាវិទ្យាល័យ ប៉ុន្ដែព្រឹត្ដិការណ៍រដ្ឋប្រហារបានចូលមកដល់។ សាមណនិស្សិតប្រមាណ៨ពាន់អង្គក៏បាននាំគ្នាសឹកទៅតាមការឃោសនារបស់ខ្មែរក្រហមថា លន់ នល់ នឹងចាប់និស្សិតទាំងអស់ធ្វើជាទាហាន។ អំឡុងពេលនោះ យើងក៏បាននាំគ្នាសឹកទាំងកណ្ដាលអាធ្រាត្រ ដោយធ្វើពិធីមួយតាមបែបព្រះពុទ្ធសាសនា។
នៅឆ្នាំ១៩៧២ ខ្ញុំបានធ្វើដំណើរជាមួយគ្នាចំនួន១២នាក់ទៅកាន់ខេត្ដក្រចេះ ដើម្បីរកសាច់ញាតិរស់នៅទីនោះ។ ក្រោយមកទៀត ខ្ញុំបានចូលបម្រើជាកងទ័ពខ្មែរក្រហម ពីព្រោះយើងជួបបញ្ហាអត់ឃ្លាន។ អង្គភាពរបស់ខ្ញុំនៅពេលនោះ គឺអនុសេនាធំលេខ១៣ ដែលដឹកនាំដោយ តាខាន, តាសេង និងតានី(មានកម្លាំង១១៥នាក់)។ បន្ទាប់ពីចូលកងទ័ព យើងត្រូវបានហ្វឹកហាត់ពីរបៀបបាញ់កាំភ្លើង, ស៊ើបការណ៍ និងរត់លូន។ នៅពេលនោះ យើងមិនខ្លាចស្លាប់ទេ។
រយៈពេល៣ខែក្រោយមក ខ្ញុំបានចូលជាកងទ័ពពេញសិទ្ធិ ហើយខ្មែរក្រហមបានប្រគល់កាំភ្លើងដល់ខ្ញុំ។ រយៈពេល១ឆ្នាំក្រោយមក ខ្មែរក្រហមបានចាត់តាំងឲ្យខ្ញុំធ្វើជាប្រធានក្រុមកាន់ខាងបញ្ជាការ។ នៅក្នុងសមរភូមិ ខ្ញុំធ្លាប់លីសាកសពយុទ្ធមិត្ដរួមក្រុមឈ្មោះ អាន ដែលបានស្លាប់នៅពេលប្រយុទ្ធគ្នាក្នុងសមរភូមិ។ ខ្ញុំបានឃើញយុទ្ធមិត្ដរងរបួសហើយរត់សំដៅមករកខ្ញុំ។ បន្ទាប់មកខ្ញុំបានលី ដើម្បីគេចពីការប្រយុទ្ធ។ រយៈពេល៣ម៉ោង គាត់បានដាច់ខ្យល់ស្លាប់ទៅ។ ខ្ញុំបានវង្វេងផ្លូវដែលធ្លាប់ដើររាល់ថ្ងៃ។ សាកសពដែលខ្ញុំលីនៅលើស្មារមិនហ៊ានទម្លាក់ចុះលើដីទេ ព្រោះមានការលំបាកពេលយើងលើកដាក់លើស្មារម្នាក់ឯងវិញ។ ជំនាន់នោះ យើងមានការលះបង់ និងប្ដេជ្ញាចិត្ដខ្ពស់ណាស់។ នៅពេលដែលយុទ្ធមិត្ដណាម្នាក់ពលីក្នុងសមរភូមិ យើងត្រូវវាយយកសាកសពមកវិញឲ្យបាន។ ខ្ញុំបានវង្វេងក្នុងព្រៃ រយៈពេល៣យប់៣ថ្ងៃ និងមិនមានបាយហូបថែមទៀតផង។
រហូតដល់ថ្ងៃទីបី ខ្ញុំបានឮសំឡេងរទេះគោ ដែលធ្វើដំណើរកាត់ព្រៃ។ ខ្ញុំបានលបមើលពីគល់ព្រិចប្រមាណជាពីរគុម្ពនៅក្បែរនោះ។ ខ្ញុំឃើញមនុស្សចាស់ម្នាក់បររទេះគោ។ ខ្ញុំសម្រេចចិត្ដរត់ទៅរកគាត់ ដើម្បីដឹកសាកសពយុទ្ធមិត្ដទៅផ្ទះរបស់គាត់។ នៅពេលយកទៅដល់ផ្ទះ សាច់ញាតិបានយំសោកស្ដាយគ្រប់ៗគ្នា។ ចំណែកឯខ្ញុំបានឈរក្បែរនោះជាមួយនឹងសម្លៀកបំពាក់ប្រឡាក់ដោយឈាម និងធុំក្លិនស្អុយ។ បន្ទាប់មក ខ្ញុំបានដូរសម្លៀកបំពាក់ ហើយធ្វើដំណើរទៅអង្គភាព ដើម្បីជូនដំណឹងពីការស្លាប់របស់អាន។ សមាជិកនៅក្នុងអង្គភាពបាននាំគ្នាយំ ហើយបានធ្វើពិធីគោរពវិញ្ញាណក្ខន្ធ រយៈពេល១៥នាទី។
បន្ទាប់មកទៀត កងទ័ពក្នុងអង្គភាពបានសែងសាកសពនោះទៅបូជា។ កាលពីជំនាន់នោះ យើងស្រឡាញ់គ្នាដូចបងប្អូនបង្កើត។ នៅពេលដែលយើងលាគ្នាទៅសមរភូមិម្ដងៗ ម្នាក់ៗយំសោកមុននឹងលាគ្នាចេញទៅ។ មនុស្សប្រុសៗ និងស្រីៗ គោរព និងឲ្យតម្លៃគ្នាទៅវិញទៅមក។ ទោះបីជាយើងដេកជើងទល់គ្នា យើងមិនដែលមានបញ្ហាសីលធម៌ដែរ។ ក្រោយមក ខ្ញុំបានរងរបួសបាក់ជើង នៅពេលគ្រាប់ផ្លោងផ្ទុះចំផ្ទះអ្នកភូមិ ហើយកំណាត់ឈើបានខ្ទាតមកប៉ះនឹងជើងខ្ញុំ។ ភ្លាមៗនោះ ខ្ញុំបានសន្លប់បាត់ស្មារតី ហើយត្រូវបានអង្គភាពបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ដក្រចេះ។ រយៈពេល៥ថ្ងៃទើបខ្ញុំដឹងខ្លួនឡើងវិញ។
ក្រោយមក ខ្ញុំទទួលបានដំណឹងថា ខ្មែរក្រហមទទួលជ័យជម្នះនៅទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ នៅពេលនោះ ខ្ញុំកំពុងស្ថិតនៅក្នុងខេត្ដក្រចេះនៅឡើយ។ សភាពការណ៍នៅពេលនោះ យើងផ្លាស់ប្ដូរមកធ្វើស្រែវិញ។
នៅសម័យខ្មែរក្រហម ខ្ញុំបានធ្វើជាប្រធានអង្គភាពផង និងជាពេទ្យផង។ ខ្ញុំបានជួយជីវិតមនុស្សរយៈពេលជិត៣០ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ១៩៧៣ រហូតឆ្នាំ១៩៩៩។ ខ្ញុំមិនចូលចិត្ដរបបមូលធននិយមទេ ដោយសារតែឈ្លោះគ្នាពីបញ្ហាអំណាច និងលុយកាក់។ ខ្ញុំលែងចង់មានចង់បាន ដោយសារតែខ្ញុំមានវ័យចំណាស់ហើយ។ នៅពេលសមាហរណកម្មបញ្ចប់សង្គ្រាមនៅតំបន់អន្លង់វែង ខ្ញុំវិលត្រឡប់ទៅរកអាជីពស្រែចម្ការ និងដាំដុះបង្កបង្កើនផល។ ខ្ញុំតែងតែជួយផ្ដល់ស្បៀងអាហារដល់អ្នកណាខ្វះខាត ហើយចាប់ផ្ដើមធ្វើបុណ្យទាន ចាប់ពីពេលនោះមក»។
អត្ថបទដោយ មេក វិន
[1] សួត វិចិត្រ សម្ភាសន៍ជាមួយ ឯក ផាត នៅភូមិទួលប្រាសាទ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅឆ្នាំ២០២៥។