យូរ គឹមវ៉ាន់ ហៅ ស៊ាង៖ យុទ្ធនារី ផ្នែកកាត់ដេរខោអាវកងទ័ពខ្មែរក្រហម

នៅចន្លោះឆ្នាំ១៩៧៧-១៩៧៨ របបខ្មែរក្រហមបានប៉ះទង្គិចជាមួយប្រទេសវៀតណាម បន្ទាប់ពីនោះថ្នាក់ដឹកនាំនៃរបបខ្មែរក្រហម បានធ្វើបន្សុទ្ធកម្មទ្រង់ទ្រាយធំលើកទី២ ទៅលើថ្នាក់ដឹកនាំ ជួរកម្មាភិបាល និងប្រជាជនក្នុងភូមិភាគបូព៌ា។ អង្គការបានចោទប្រកាន់ថាថ្នាក់ដឹកនាំ និងប្រជាជនក្នុងភូមិភាគបូព៌ា គឺជាទីភ្នាក់ងារយកការណ៍ឱ្យប្រទេសវៀតណាម (ក្បាលយួនខ្លួនខ្មែរ)។ ដើម្បីស្វែងរកជនស្អាតស្អំ ហើយស្មោះត្រង់ជាមួយអង្គការបក្ស គឺខ្មែរក្រហមបានប្រើវិធីសាស្រ្តជីវទស្សន៍[1]ទៅលើកម្មាភិបាលរបស់ខ្លួនគ្រប់កម្រិត។ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ១៩៧៧ យូរ គឹមវ៉ាន ហៅ ស៊ាង[2] ក៏ធ្លាប់ត្រូវអង្គការហៅទៅប្រជុំដើម្បីបំពេញប្រវត្តិរូបសង្ខេបរបស់ខ្លួន ក្រុមគ្រួសារ ការពាក់ព័ន្ធនិន្នការនយោបាយ ការងារបម្រើកម្លាំងបដិវត្តន៍ តួនាទី តាំងពីថ្ងៃចូលបដិវត្តន៍រហូតថ្ងៃបំពេញប្រវត្តិរូប។
ខ្ញុំឈ្មោះ យូរ គឹមវ៉ាន ហៅស៊ាង អាយុ៤៨ឆ្នាំ(២០០៤) កើតនៅភូមិពាមកោះស្នា ឃុំព្រះអណ្ដូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់នៅភូមិព្រះអណ្តូង ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ឪពុកខ្ញុំឈ្មោះ នុត (ស្លាប់ឆ្នាំ១៩៨២) និង ម្តាយខ្ញុំឈ្មោះ ញ៉ឹប។ ឪពុកម្តាយខ្ញុំមានមុខរបរធ្វើស្រែនិងមានចម្ការកៅស៊ូ។ គ្រួសារខ្ញុំស្ថិតក្នុងវណ្ណៈភាពកសិករថ្នាក់លើ។ ខ្ញុំមានបងប្អូនចំនួន៨នាក់ ក្នុងនោះមានស្រី២នាក់។ ខ្ញុំជាកូនទី៧នៅក្នុងគ្រួសារ។ បងៗខ្ញុំមានឈ្មោះដូចជា៖ យូរ គឹមឈាង, យូរ តាំងអ៊ាន (ស្រី), យូរ ស៊ឹមអ៊ាង , យូរ សំអោគ, យូរ ម៉េងអាន, យូរ គឹមសាន បន្ទាប់មកគឺរូបខ្ញុំផ្ទាល់ និងមានប្អូនប្រុសពៅឈ្មោះ យូរ សៅថាង[3]។ មុនឆ្នាំ១៩៧៤ បងៗខ្ញុំសុទ្ធតែបានរៀបការប្ដីប្រពន្ធអស់ហើយ នៅសល់តែរូបខ្ញុំ និងប្អូនប្រុសពៅ ដែលស្ថិតក្នុងបន្ទុកឪពុកម្តាយ។ ក្រោយរបបខ្មែរក្រហមដួលរលំ ខ្ញុំបានរៀបការប្ដីឈ្មោះ សេង ហូ និងមានកូនប្រុសស្រីចំនួនពីរនាក់។
រំឭកកាលពីក្មេង ដោយសារតែជីវភាពគ្រួសារស្ថិតក្នុងវណ្ណៈកសិករថ្នាក់លើ ខ្ញុំអាចចូលរៀនបានត្រឹមថ្នាក់ទី៨ចាស់ នៃសាលាបឋមពាមកោះស្នា។ នៅពេលនោះ ដោយសារមានសង្រ្គាមរវាងកម្លាំងកងទ័ពរំដោះ និង ទាហាន លន់ នល់ បានខ្ញុំត្រូវឈប់រៀន។ ភូមិខ្ញុំក៏ធ្លាក់ក្រោមការគ្រប់គ្រងរបស់កម្លាំងកងទ័ពខ្មែររំដោះភ្លាមៗបន្ទាប់ពីរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ក្នុងថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ គ្រួសារខ្ញុំគ្មានជាប់និន្នាការនយោបាយអ្វីពីមុនមកនោះឡើយ។
ស្ថិតក្រោមការគ្រប់គ្រងពីកម្លាំងទ័ពរំដោះ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៧៤[4] គណៈភូមិឈ្មោះ ស្រ៊ាន បង្ខំខ្ញុំឱ្យចូលក្នុងចលនាបដិវត្តន៍ ដើម្បីបង្ហាញពីភាពស្អាតស្អំ។ ខ្ញុំនៅលីវទើបអង្គការជ្រើសរើសខ្ញុំ។ ខ្ញុំមិនចូលចិត្តការដឹកនាំនៃរបបបដិវត្តន៍ទេ។ ខ្ញុំ និងអ្នកភូមិដទៃទៀតប្រហែលជា៣០នាក់ ត្រូវគណៈភូមិចុចឈ្មោះយកទៅធ្វើ យុទ្ធជន យុទ្ធនារី ដោយបង្ខំ។ ក្នុងចំណោម៣០នាក់ គឺខ្ញុំស្គាល់តែ ស៊ុនហ៊ី[5] និង ឆៃលាង ព្រោះជាអ្នកជិតខាងខ្ញុំ។ ជំហាន ដំបូង គឺអង្គការដកខ្ញុំ ឱ្យទៅស្នាក់នៅសាលាឃុំព្រះអណ្ដូងរយៈពេលមួយខែ។ ខ្ញុំគិតថា អង្គការគ្រាន់តែចង់ បន្ស៉ាំអារម្មណ៍ខ្ញុំកុំឱ្យនឹកគិតពីផ្ទះខ្លាំងពេក បានជាឱ្យស្នាក់នៅជិតផ្ទះ ឬអាចមួយទៀតគឺមិនទាន់ដល់ពេលវេលាដែលត្រូវបញ្ជូនចេញ។ មុន ចេញពីផ្ទះ ឪពុកម្តាយខ្ញុំគាត់បានធ្វើពិធីស្រោចទឹកដល់ខ្ញុំ ដើម្បីសុំឱ្យមានសេចក្ដីសុខ។
នៅដើមឆ្នាំ១៩៧៥ អង្គការបានបញ្ជូនក្រុមខ្ញុំឱ្យមកជួយច្រូតស្រូវក្នុងសហករណ៍បែកអន្លូង រយៈពេលមួយខែ និងដាក់កំណត់រយៈមួយខែគឺត្រូវច្រូតឱ្យរួចរាល់ទាំងអស់។ នេះគឺជាការលត់ដំខ្លួនចំពោះយុទ្ធជន យុទ្ធនារី។ ខែមីនា ឆ្នាំ១៩៧៥ អង្គការបានបញ្ជូនខ្ញុំទៅសមរភូមិភ្នំប្រសិទ្ធី ស្ថិតក្នុងកងពលលេខ៤ មានប្រធានដឹកនាំឈ្មោះ វឿន ដើម្បីវាយចូលទីក្រុងភ្នំពេញ។ ខ្ញុំដឹងថានេះគឺជាពេលដែលកងទ័ពខ្មែរក្រហមខ្លាំងក្លាគ្រប់មុខព្រួញ និងពិតជាវាយដាច់យកក្រុងភ្នំពេញបានសម្រេចក្នុងថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ បន្ទាប់ពីទទួលបានជ័យជម្នះ អង្គការចាត់តាំងឱ្យ កងយុទ្ធនារីខ្ញុំចូលមកក្រុងភ្នំពេញ ដើម្បីធ្វើការបោសសម្អាតក្រុង មុននិងចូលមកស្នាក់នៅ។ ទោះបីភ្នំពេញបានរំដោះហើយ ក៏នៅមានទាហានបង្កប់ខ្លួន និងលួចគប់គ្រាប់បែកបង្កឱ្យយុទ្ធជនខ្មែរក្រហមរងរបួស និងស្លាប់ជាច្រើន[6]។ ខ្ញុំចូលទីក្រុងភ្នំពេញ បន្ទាប់ពីយុទ្ធជនទាំងនេះ។ អង្គការថ្នាក់លើបានបញ្ជាឱ្យ យុទ្ធជន រៀបចំប្រជាជនឱ្យចាកចេញពីទីក្រុងភ្នំពេញរយៈពេលបីថ្ងៃសិន ដើម្បីធ្វើការបោសសម្អាតខ្មាំង។ កាលនោះខ្ញុំមិនបានដឹងពីគោលនយោបាយខ្មែរក្រហមទេ គឺឃើញតែអង្គការប្រមូលប្រជាជនឱ្យចាកចេញៗ។ ពេលប្រជាជនចាកចេញអស់ ទើបអង្គការចាប់បែងចែកតួនាទីយុទ្ធជន យុទ្ធនារី ទៅតាមមុខព្រួញផ្សេងៗ។ ជាសំណាងខ្ញុំ ដែលអង្គការឱ្យធ្វើការក្នុងផ្នែកកាត់ដេរខោអាវកងទ័ព និងស្នាក់នៅតំបន់ទួលគោក។
ស្ថិតក្នុងកងពលកាត់ដេរ គឺមានគ្នាប្រមាណជា២០០នាក់ អ្នកដឹកនាំឈ្មោះ វឿន[7] ដដែល។ ម៉ោងការងាររបស់ខ្ញុំគឺមានបីវេន គឺពេលព្រឹកចាប់ពីម៉ោង ៧ ដល់១១, ពេលថ្ងៃម៉ោង១ រហូតដល់ម៉ោង៥ល្ងាច និងពេលយប់គឺម៉ោង៧ដល់១០ឬ១១យប់។ ចំពោះរបបអាហារគឺអង្គការផ្ដល់ឱ្យពេលព្រឹកគឺហូបបាយ និងពេលល្ងាចគឺបបរ។ រស់នៅក្រុងភ្នំពេញ ខ្ញុំក៏ធ្លាប់ចូលរួមក្នុងអង្គមីទីញខួបបក្ស ដែលប្រារព្ធឡើងនៅស្ដាតអូឡាំពិក។ ព្រោះកាលនោះមានថ្នាក់ដឹកនាំធំៗ និងកងទ័ពជាច្រើនបានចូលរួម និងរៀនសូត្ររយៈពេលបីថ្ងៃ។ ខ្ញុំចាំបានថាមុននិងអាចទៅចូលរួមក្នុងអង្គមីទីញ គឺកងពលកាត់ដេរ ត្រូវឆ្លងកាត់ការធ្វើជីវទស្សន៍ជាមុនសិន។ ក្រោយការធ្វើជីវទស្សន៍ គឺខ្ញុំត្រូវចូលទៅរៀនសូត្រ និងទទួលការអប់រំ ទិទៀនពីអង្គការថ្នាក់លើ។ ការទិទៀនខ្លាំងៗ ឬហៅរបៀបលាងឱ្យជ្រះកម្អែលពីអង្គការថ្នាក់លើយុទ្ធនារី នៅចំពោះមុខមហាជនច្រើន ក៏បង្កឱ្យមានយុទ្ធនារី មួយចំនួនឈានដល់ការចងកសម្លាប់ខ្លួនឯង។ ក្រៅពីអង្គមីទ្ទិញ ខ្ញុំក៏ធ្លាប់ទៅចូលរួមពិធីជប់លៀង ជាមួយកម្មាភិបាលធំៗចំនួនពីរទៅបីដង។
នៅឆ្នាំចន្លោះពី១៩៧៧ ដល់១៩៧៨ ខ្មែរក្រហមប៉ះទង្វិចជាមួយវៀតណាមនៅតាមព្រំដែន។ ចំណែក វឿន និងកម្មាភិបាលមួយចំនួនទៀត ក៏ត្រូវអង្គការចាប់។ ការចាប់ខ្លួននៅពេលនោះគឺប្រព្រឹត្តទៅនៅពេលយប់។ យុទ្ធនារីក្នុងកងពលកាត់ដេរ គឺត្រូវហៅទៅធ្វើប្រវត្តិរូបជាច្រើនដង មុននិងអង្គការរំសាយកងកាត់ដេរ។ បន្ទាប់មក អង្គការដកយុទ្ធនារីមួយចំនួនឱ្យទៅធ្វើការក្នុងជួរពេទ្យផ្នែកខាងពេទ្យសួង ខេត្តកំពង់ចាមខ្លះ និងមួយចំនួនទៀតរួមទាំងខ្ញុំឱ្យទៅរែងខ្សាច់ លត់ដំខ្លួន នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ ខ្ញុំធ្វើការរែងខ្សាច់រហូតចុងឆ្នាំ១៩៧៨ អង្គការក៏ដកខ្ញុំឱ្យទៅខាងខ្សែត្រៀមសែងអ្នករបួសពីសមរភូមិយកមកព្យាបាលនៅជួរក្រោយ។
ខ្ញុំធ្វើការក្នុងកងសែងអ្នករបួសមិនបានប៉ុន្មានផង ក៏នៅដើមឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយរំដោះប្រទេសកម្ពុជាពីទិសខាង កើត និងសង្គ្រោះប្រជាជនបានជាបន្តបន្ទាប់។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពបានវាយរំដោះទីក្រុងភ្នំពេញ ហើយថ្ងៃនេះបានក្លាយជាថ្ងៃប្រវត្តិសាស្ត្រនៃការរំដោះជាតិ។ រណសិរ្សនេះ បានបង្កើតរបបថ្មីឈ្មោះថា «សាធារណរដ្ឋប្រជាមានិតកម្ពុជា»[8]។ ដោយសារភាពភ័យខ្លាច និងចាញ់បោកការឃោសនាពាក្យ ថាទាហានវៀតណាម និងសម្លាប់ប្រជាជនខ្មែរ ខ្ញុំក៏សម្រេចចិត្តរត់បន្តតាមកម្លាំងខ្មែរក្រហម ចូលទៅកាន់ព្រៃភ្នំសំពៅ ខេត្តបាត់ដំបង។ ប៉ុន្ដែការវាយប្រយុទ្ធគ្នារវាងកងទ័ពខ្មែរក្រហម និងវៀតណាមខ្លាំងក្លាពេក និងភាពពិបាករស់នៅក្នុងព្រៃ និងអត់ឃ្លាន ខ្ញុំក៏រត់ត្រឡប់មកស្រុកកំណើតវិញក្នុងឆ្នាំ១៩៨០។
អត្ថបទដោយ មីន សាណាស់
[1] គឺជាការធ្វើប្រវត្តិរូប ចំពោះកម្មាភិបាលម្នាក់ៗ ដោយលម្អិតចាប់តាំងពីចូលក្នុងចលនាបដិវត្តន៍។
[2] ឯកសារ KCI1018, យូរ គឹមវ៉ាន ហៅ ស៊ាង ម្ចាស់ប្រវត្តិរូប I01534, សម្ភាសន៍ដោយ ឡុង ដានី មជ្ឈមណ្ឌលឯកសារកម្ពុជា, ទីតាំងភូមិព្រះអណ្ដូង ឃុំភូមិព្រះអណ្ដូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម, ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០០៤។
[3] ឯកសារ I01534, ជីវទស្សន៍របស់ យូរ គឹមវ៉ាន ហៅ ស៊ាង, ធ្វើនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ១៩៧៧
[4] ស្ទួនខាងលើ ទំព័រទី២
[5] ឯកសារ KCI1018, ស៊ុនហ៊ី ត្រូវជាជាដូនមួយនិង យូរ គឹមវ៉ាន ហៅ ស៊ាង, ក្រោយរបបខ្មែរក្រហមដួលរលំ មិនឃើញត្រឡប់មកស្រុកកំណើតវិញ។ ហេតុនេះ ស៊ាង សន្និដ្ឋានថាប្រហែលជាស៊ុនហ៊ីស្លាប់, ទំព័រ៣ និង ១៨
[6] ឯកសារ KCI1018, យុទ្ធជន ដែលត្រូវចូលមកបោសសម្អាតទីក្រុងភ្នំពេញជំហានដំបូង គឺត្រូវរបួសនិងស្លាប់ច្រើន។ ចំណែក យុទ្ធនារីគឺត្រូវចូលជំហានទី២, ទំព័រ៦
[7] អង្គការចោទថាក្បត់ និងត្រូវចាប់ខ្លួន
[8] ចម្លងចេញពី៖ សៀវភៅប្រវត្តិវិទ្យាថ្នាក់ទី៦ ចំណងជើង «ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព» បោះពុម្ពឆ្នាំ២០២៥។ ប្រភពយោងសម្រាប់ការសរសេរអត្ថបទ៖ ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១។