ម៉ែន ផល្លី រំឭកពីការជម្លៀសទៅកាន់ខេត្តបាត់ដំបង ក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ម៉ែន ផល្លី[1] អាយុ ៦៨ឆ្នាំ រស់នៅភូមិត្នោតលើ ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្ដីឈ្មោះ ហាក់ ជាវ។ នៅវ័យកុមារ ខ្ញុំរៀនសូត្រដល់ថ្នាក់ទី៧ (សង្គមចាស់) ហើយបានឈប់រៀន ពីព្រោះតែបាតុកម្ម ដែលបានកើតមានឡើងក្រោយពីរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ នៅខែមីនា ឆ្នាំ១៩៧០។ អ្នកភូមិជាច្រើនចូលរួមបាតុកម្ម ដោយខ្លះបានទៅទីរួមខេត្តកំពង់ចាម ហើយខ្លះទៀតបានទៅដល់ជ្រោយចង្វារ ក្រុងភ្នំពេញ។ បន្ទាប់មក ទាហាន លន់ នល់ ធ្វើការបង្រ្កាបរហូតដល់មានការផ្ទុះអាវុធប្រឆាំងនឹងអ្នកចូលរួមធ្វើបាតុកម្ម។ បាតុកម្មបន្តអស់បន្លាយរយៈពេលជាច្រើនសប្តាហ៍។ ក្រោយមក មានការផ្សព្វផ្សាយអំពីការបង្រ្កាបដោយការផ្ទុះអាវុធនៅភូមិសាស្រ្តជាច្រើន រហូតដល់បាតុកម្មបានប្រែក្លាយទៅជាស្ងប់ស្ងាត់ឡើងវិញ។ នៅចុងឆ្នាំ១៩៧០ និងដើមឆ្នាំ១៩៧១ កងទ័ពខ្មែរក្រហមត្រូវបានបញ្ចូនចូលមកដល់ភូមិ និងសុំអ្នកភូមិស្នាក់អាស្រ័យនៅក្រោមផ្ទះ។ កងទ័ពខ្មែរក្រហមបានដាក់គោលដៅចូលវាយរំដោះ និងកាន់កាប់ទីរួមខេត្តកំពង់ចាម និងបង្កើតការវាយឆ្មក់នាវាម៉ារីន លន់ នល់ ដែលធ្វើដំណើរចេញពីទីក្រុងភ្នំពេញ ឆ្លងកាត់ស្រុកស្រីសន្ធរ ឆ្ពោះទៅកាន់ទីរួមខេត្តកំពង់ចាម។ ចន្លោះពីឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧៣ សមរភូមិរវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហមផ្ទុះឡើងជាបន្តបន្ទាប់ និងកាន់តែខ្លាំងឡើងៗ។ ទាហាន លន់ នល់ តែងតែបាញ់ផ្លោង និងប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក រួចទើបបញ្ចូនទាហានថ្មើរជើងចូលមកដល់។ កងទ័ពខ្មែរក្រហមដឹងមុនអំពីការវាយប្រហារ និងដកកងទ័ពទៅតំបន់រំដោះរបស់ខ្លួនដើម្បីត្រៀមវាយបកមកវិញ។ គិតត្រឹមឆ្នាំ១៩៧៣ ទីរួមខេត្តកំពង់ចាមត្រូវបានហ៊ុំព័ទ្ធដោយកងទ័ពខ្មែរក្រហម។ ទីរួមខេត្តកំពង់ចាម ត្រូវបានកងទ័ពខ្មែក្រហមវាយចូល និងគ្រប់គ្រង គឺបន្ទាប់ពីទីក្រុងភ្នំពេញត្រូវបានកាន់កាប់នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ នៅអំឡុងពេលនោះ មានការជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ និងទីរួមខេត្តកំពង់ចាម ទៅកាន់ទីកន្លែងដែលខ្លួនធ្លាប់រស់នៅ ឬស្រុកកំណើត។
ខ្ញុំត្រូវបានខ្មែរក្រហមជម្លៀសទៅខេត្តបាត់ដំបង ប៉ុន្តែជម្លៀសតែអ្នកស្ម័គ្រចិត្តទៅ ដោយធ្វើដំណើរទៅតាមរយះជិះកាណូតដល់ព្រែកក្ដាម និងបន្តឡើងជិះតាមរថភ្លើងរយៈពេល២យប់ ៣ថ្ងៃ ទើបទៅដល់ខេត្តបាត់ដំបង។ ពេលខ្ញុំទៅដល់ខេត្តបាត់ដំបង ខ្មែរក្រហមបានឲ្យប្រជាជនរស់នៅនឹងវាលស្រែ ក្រោយមកហៅប្រជាជនទៅប្រជុំនៅសាលាឃុំ ដើម្បីចាត់ចែងគ្រួសារឲ្យទៅរស់នៅតាមភូមិផ្សេង។
ក្រោយមកខ្ញុំត្រូវបានខ្មែរក្រហមឲ្យទៅធ្វើការក្នុងកងចល័តស្ទូងស្រូវ។ បន្ទាប់មកឲ្យទៅលើកទំនប់ជីកប្រឡាយ និងលើកភ្លឺស្រែ។ ខ្ញុំត្រូវក្រោកពីម៉ោង៤ ចេញធ្វើការនៅតាមភូមិរហូតដល់ម៉ោង១១ បានសម្រាកហូបបាយ ឬហូបបបររួមគ្នា និងនៅម៉ោង១ ចុះធ្វើការងារបន្តរហូតដល់ម៉ោង៥។ នៅក្នុងមួយកងចល័ត មានប្រជាជនប្រមាណ៣០នាក់ មួយថ្ងៃចល័តមួយភូមិ ដោយទៅច្រូតស្រូវ ខ្ញុំត្រូវបានខ្មែរក្រហមឲ្យលើកទំនប់កំពីងពួយ ដែលមានកម្ពស់៧ម៉ែត្រ និងជើងក្រោមប្រវែង៧០ម៉ែត្រ ហើយមានសមាជិកកងចល័តជាច្រើនមកលើកទំនប់នេះរួចរយៈពេលប្រហែល២ឆ្នាំ។ ការលើកទំនប់មាន ៣ពេល ពេលព្រឹកត្រូវទៅធ្វើការដល់ម៉ោង១១ ទើបឈប់សម្រាកហូបបាយដល់ម៉ោង១ ត្រូវចុះទៅលើកទំនប់ដល់ម៉ោង៥ ឈប់ហូបបាយ និងពេលយប់បន្ដធ្វើការដល់ម៉ោង១២យប់។ នៅអំឡុងពេលលើកទំនប់ខ្ញុំបានឮសំឡេងកាំភ្លើងបាញ់គ្នាល្វើយៗ និងបាញ់ផ្សែងពុលដោយកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បានចូលមករំដោះប្រជាជនចេញពីការកាប់សម្លាប់របស់ខ្មែរក្រហម។ ក្រោយពេលរបបខ្មែរក្រហមបានដួលរលំ ខ្ញុំបានត្រលប់មករស់នៅភូមិជាមួយគ្រួសារវិញ។ ខ្ញុំបានប្រកបមុខរបរធ្វើស្រែចម្ការ និងដាំដំណាំ។
សាំង ចាន់ធូ
[1] ម៉ែន ផល្លី «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» សម្ភាសន៍ដោយ សាំង ចាន់ធូ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម នៅខែមេសា ឆ្នាំ២០២៤, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា