ជនជាតិភាគដើមភាគតិចព្នង មានការយល់ដឹងរឿងសង្គម ជាពិសេសរឿងជម្លោះព្រំដែន

ច្រិច មាន[1] អាយុ៧៥ឆ្នាំ(រូបខាងស្តាំដៃ) ជនជាតិដើមភាគតិចព្នង ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិពូតាំង សង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី (នៅតំបន់ភូមិភាគឦសាន)។ ខ្ញុំបានដឹងព័ត៌មានខ្លះៗពីសង្គមបច្ចុប្បន្នរវាងប្រទេសកម្ពុជា ជាមួយប្រទេសថៃរឿងជម្លោះព្រំដែន ជាពិសេសរឿងប្រាសាទតាមាន់តូច,តាមាន់ធំ,តាក្របី និងតំបន់ព្រះវិហារ។ ខ្ញុំធ្លាប់ឆ្លងកាត់សង្រ្គាមជាច្រើន និងធ្លាប់បានដឹងតាមដូនតានិយាយប្រាប់ថា យើងមានទំនាស់ជាមួយថៃរឿងព្រំដែន ជាពិសេសប្រាសាទព្រះវិហារ ដែលអន្តរជាតិទទួលស្គាល់ថា ជាកេរដំណែលរបស់ប្រទេសកម្ពុជា សូមប្រទេសថៃកុំមកឈ្លានពាននាំឲ្យកើតមានសង្រ្គាម។ ចំពោះខ្ញុំជាជនជាតិដើមភាគតិចឆ្អែតហើយរឿងសង្រ្គាម មិនចង់មានជម្លោះរឿងព្រំដែនកម្ពុជា-ថៃ។ ខ្ញុំគិតថា កុំមកឈ្លានពានប្រទេសកម្ពុជា ខ្ញុំជាជនជាតិភាគតិចនៅរស់បានសុខសាននៅក្នុងប្រទេសកម្ពុជាមិនដែលគិតចង់ឈ្លានពានប្រទេសជិតខាងណាមួយឡើយ ពីព្រោះខ្ញុំចង់បានសុខសន្តិភាព មិនចង់មានសង្រ្គាមនាំខូចខាតប្រយោជន៍ទាំងអស់គ្នា មិនតែប៉ុណ្ណោះធ្វើឲ្យមនុស្សស្លាប់ជាបន្តបន្ទាប់ មិនថាជាជនជាតិណា? មិនថាទាហានឬប្រជាជនស្លាប់ទេ ខ្ញុំចង់បានតែសុខសន្តិភាពដូចសព្វថ្ងៃ។
ខ្ញុំជាជនជាតិដើមភាគតិចព្នងរស់នៅក្នុងប្រទេសកម្ពុជា ជាយូរយារណាស់មកហើយ រស់នៅតាមតំបន់ជ្រលងព្រៃភ្នំ បងប្អូនយើងខ្ញុំ មិនដែលមានទំនាស់គ្នារហូតដល់កាប់សម្លាប់គ្នានោះទេ រស់នៅតាមទំនៀមទម្លាប់ប្រពៃណីរៀងៗខ្លួន។ មានប្រពៃណីសែនព្រេនដើម្បីសងគុណដូនតាម្ចាស់ស្រុកដូចជាកាប់ក្របី ផឹកស្រាពាង ជួនណាសែនមាន់តាមលទ្ធភាពរៀងៗខ្លួន នៅពេលប្រកបរបរស្រែចម្ការបានទទួលទិន្នផលល្អ។ ក្រុមជនជាតិភាគតិចយើងខ្ញុំ រស់ក្នុងព្រៃភ្នំមែនតែមានសេចក្តីសុខនៅក្នុងគ្រួសារ មានសិទ្ធិសេរីភាព នៅពេលខ្លះដើរចាប់សត្វមកចែកគ្នាហូប។
នៅឆ្នាំ១៩៥៤ ប្រទេសជាតិបានទទួលឯករាជ្យពីប្រទេសបារាំង ក៏ជនជាតិដើមភាគតិចជាច្រើនអំបូររស់នៅបានសុខសប្បាយធម្មតា។ នៅអំឡុងឆ្នាំ១៩៦៨ ជនជាតិដើមភាគតិចរស់នៅក្នុងខេត្តមណ្ឌល គិរី បានទទួលរងគ្រោះដោយសារទម្លាក់គ្រាប់បែកអាមេរិកជះឥទ្ធិពលពីសង្រ្គាមវៀតណាម។ រហូតដល់ឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ដោយសេនាប្រមុខ លន់ នល់ សង្រ្គាមកាន់តែរីករាលដាលនៅក្នុងប្រទេសកម្ពុជាធ្វើឲ្យជនជាតិដើមភាគតិចរស់នៅទាំងភ័យខ្លាចរឿងសង្រ្គាម។ ទោះបីសង្រ្គាមទម្លាក់គ្រាប់បែករបស់ទាហានលន់ នល់ នៅអំឡុងពេលនោះមិនបានបន្តគ្រោះថ្នាក់ធ្ងន់ធ្ងរទេ តែធ្វើឲ្យខូចខាតព្រៃព្រឹក្សាដំណាំស្រែចម្ការ រួមទាំងងាប់គោក្របី ជាពិសេសសត្វដំរីជាទីស្រឡាញ់សម្រាប់ជនជាតិដើមភាគតិចយើងខ្ញុំ។
នៅឆ្នាំ១៩៧៥ ជនជាតិដើមភាគតិច រស់នៅភូមិពូតាំង និងភូមិមួយចំនួនទៀតត្រូវខ្មែរក្រហម ជម្លៀសទៅកាន់ស្រុកកោះញ៉ែក ដែលមានចម្ងាយជិតមួយរយគីឡូម៉ែត្រ ពីទីរួមខេត្តមណ្ឌលគិរី។ ប្រជាជនធ្វើដំណើរដោយលំបាក ខ្វះស្បៀងអាហារនៅក្នុងពេលធ្វើដំណើរ និងមានបងប្អូនមួយចំនួនធ្លាក់ខ្លួនឈឺគ្មានថ្នាំព្យាបាល។ ខ្ញុំ រួមទាំងបងប្អូនជនជាតិភាគតិចជាច្រើននាក់ផ្សេងទៀត មិនដែលបានជួបប្រទះដូចនៅក្នុងរបបខ្មែរក្រហមនេះទេ ថ្មីត្បិតក្រុមយើងខ្ញុំធ្លាប់រស់នៅក្នុងព្រៃភ្នំ ក៏មិនដែលជួបការលំបាក់បែបនេះដែរ។ ខ្ញុំត្រូវបានខ្មែរក្រហម ប្រើឲ្យធ្វើការងារហួសកម្លាំង គ្មានពេលសម្រាក ជួនណាប្រើឲ្យធ្វើការងារដកស្ទូងលើកទំនប់ប្រឡាយ។ នៅពេលយប់ បងប្អូនបង្កើតខ្ញុំចំនួន៧នាក់ និងប្តីម្នាក់បានស្លាប់ដោយសារជំងឺហើម និងគ្មានអាហារហូបគ្រប់គ្រាន់។ បន្ទាប់ពីប្តីស្លាប់ អង្គការបានចាត់តាំងខ្ញុំឲ្យមកធ្វើការក្នុងសហករណ៍ មានតួនាទីជាចុងភៅ(អ្នកដាំបាយនិងធ្វើម្ហូប) នៅអំឡុងពេលនោះ ខ្ញុំបានហូបឆ្អែតខ្លះ និងមិនឆ្អែកខ្លះ រហូតបានកូនរស់ចំនួន៦នាក់ បានវិលត្រឡប់មកស្រុកកំណើតវិញ។
នៅឆ្នាំ១៩៧៩ របបខ្មែរក្រហម បានដួលរលំកម្មាភិបាលខ្មែរក្រហមជាច្រើន បានរត់ភៀសខ្លួនទៅព្រំដែនខ្មែរ-ថៃ នៅពេលនោះខ្ញុំ និងកូនៗបានវិលមករស់នៅភូមិស្រុកកំណើតវិញ រស់នៅភូមិពូតាំង ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគីរី។ ខ្ញុំ បានមកដល់ដំបូងនៅឆ្នាំ១៩៧៩ នៅភូមិពូតាំងមានប្រជាជនជនជាតិដើមភាគតិចរស់នៅតែ៥គ្រួសារ ប៉ុណ្ណោះ។ ខ្ញុំរស់នៅទាំងភ័យខ្លាច ព្រោះមានកម្លាំងយោធាខ្មែរក្រហមបន្តរស់នៅក្នុងព្រៃ រហូតឆ្នាំ១៩៨០ ទើបប្រជាជនចូលថែមទៀត។ ថ្វីត្បិតតែរបបខ្មែរក្រហម ដួលរលំទៅពិតមែន តែកម្លាំងយោធាខ្មែរក្រហមជាច្រើនកងពលនៅពាសពេញព្រៃតាមព្រំដែន នៅតែបន្តធ្វើសង្រ្គាមជាបន្តបន្ទាប់ជាមួយកងទ័ពវៀតណាម និងកងទ័ពរដ្ឋាភិបាលភ្នំពេញ។ ខ្ញុំ និងប្រជាជនផ្សេងទៀតបន្តរស់នៅទាំងភ័យខ្លាចរហូតដល់ឆ្នាំ១៩៩៩ ទើបប្រទេសជាតិមានសន្តិភាព ដោយសារកម្លាំងខ្មែរក្រហម ទទួលយកបទឈប់បាញ់ ព្រមធ្វើសមាហរណ៍កម្មជាមួយរដ្ឋាភិបាល។ ក្រុមជនជាតិដើមភាគតិចយើងខ្ញុំ មានចិត្តសប្បាយរីករាយណាស់ នាពេលបច្ចុប្បន្ន និងថ្ងៃអនាគត ហើយយើងខ្ញុំមិនចង់ឃើញសង្រ្គាមទេ។ សព្វថ្ងៃខ្ញុំ នៅមានជំងឺដូចជាឈឺចង្កេះ,ឈឺក្បាលជាប្រចាំ ណាមួយខ្លួនកាន់តែចាស់ជរា។
អត្ថបទដោយ សុខ វណ្ណៈ
[1] នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥, សុខ វណ្ណៈ បានជួបសម្ភាសន៍ជាមួយឈ្មោះ ច្រិច មាន ភេទស្រី អាយុ៧៥ឆ្នាំ មានស្រុកកំណើតនៅភូមិពូតាំង សង្កាត់រម្យនា ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ។ អត្ថបទនេះ គាត់បាននិយាយថា មិនឃើញសង្រ្គាមទេ គាត់ធ្លាប់ឆ្លងកាត់ជាច្រើនជំនាន់មកហើយ ឃើញថា មានតែមនុស្សស្លាប់ ព្រាត់ប្រាស់ឪពុកម្តាយប្រពន្ធកូន។ ជាគំនិតខ្ញុំ យល់ថា សូម្បីតែជនជាតិដើមភាគតិច ក៏យល់ពីសង្គម និងកិច្ចការព្រំដែន ដូចនេះប្រទេសថៃយឺតពេលក្នុងការឈ្លានពានប្រទេសកម្ពុជា។ មជ្ឈមណ្ឌលឯកសារកម្ពុជា