ឃើញឈ្មោះបងប្រុសដែលបាត់ខ្លួនដោយចៃដន្យ

អំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ម៉ិល សាវុន ធ្វើការនៅធនាគារខេត្តបាត់ដំបង និងឃើញមានឈ្មោះបងប្រុសឈ្មោះ ម៉ិល សុវណ្ណ ដែលបាត់ខ្លួនក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នៅក្នុងឯកសារមួយក្បាលដែលតម្តល់នៅទីនោះ។ សាវុន និយាយថា «កាលខ្ញុំធ្វើការនៅធនាគារ គេយកសៀវភៅហ្នឹងមួយ មិនដឹងជាគេបានមកពីណាទេ ខ្ញុំបើកចំ ហើយខ្ញុំចេញពីធនាគារមក សៀវភៅហ្នឹងមិនដឹងទៅណា ខ្ញុំមិនបានយកតាម មកដល់[ឥឡូវ] ចង់ទៅរកវិញ រកមិនឃើញ»។ គាត់បន្តថា «ខ្ញុំគ្រាន់តែឃើញសៀវភៅនៅលើហ្នឹង គេដាក់ថាប្រវត្តិគុកទួលស្លែង»។

ម៉ិល សាវុន[1] ភេទប្រុស មានអាយុ ៥២ឆ្នាំ (គិតក្នុងឆ្នាំ២០០៦) រស់នៅភូមិបូកគោ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ និងការចូលមកដល់នៃកងទ័ពខ្មែរក្រហមនៅខេត្តបាត់ដំបង គ្រួសារសាវុន បានចាកចេញពីភូមិកំណើតទៅរស់នៅទីក្រុងបាត់ដំបងក្រោមការគ្រប់គ្រងរបស់ទាហាន លន់ នល់។ នៅឆ្នាំ១៩៧៤ អំឡុងពេលប្រយុទ្ធរវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម នៅម្តុំស្ថានីយរថភ្លើង សាវុន និយាយថា មានការទម្លាក់គ្រាប់បែក និងគ្រាប់ផ្លោងបណ្ដាលឲ្យប្រជាជនមួយចំនួនស្លាប់ ដោយសារមិនព្រមចាកចេញពីផ្ទះសំបែង និងបោះបង់ចោលទ្រព្យសម្បតិ្តដែលខ្លួនមាន។ ចំណែកប្រជាជនមួយចំនួនទៀត ត្រូវបានខ្មែរក្រហមចោទថាជា សេ-អ៊ី-អា ដែលយកការណ៍ឲ្យទាហាន លន់ នល់។ ក្រោយមក អ្នកទាំងនោះត្រូវខ្មែរក្រហមសម្លាប់ក្នុងឆ្នាំ១៩៧៥។

នៅខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀស សាវុន ឲ្យទៅរស់នៅតំបន់៤ ស្ថិតក្នុងខេត្តបាត់ដំបង ភូមិភាគពាយ័ព្យ។[2] សាវុន បានឃើញ វត្តអារាមត្រូវខ្មែរក្រហមបំផ្លិចបំផ្លាញ ចំណែកព្រះសង្ឃត្រូវខ្មែរក្រហមបង្ខំឲ្យសឹក។ សាវុន ត្រូវចាត់ទុកជាប្រជាជនថ្មី ដោយសារខ្មែរក្រហមចោទថា ជាប្រជាជនរំដោះចេញពីរបបសាធារណរដ្ឋ និងជាអ្នកដែលមិនគាំទ្របដិវត្តន៍របស់ខ្លួន។ សាវុន ត្រូវបានខ្មែរក្រហមចាត់តាំងជាកម្លាំងពិសេស ដោយមានតួនាទីទៅវាយកម្ទេចសំណង់ក្នុងវត្តអារាម។

នៅរបបខ្មែរក្រហម កម្លាំងប្រជាជនត្រូវបានចែកជាច្រើនប្រភេទ ដូចជាកម្លាំងបុកស្រូវដោយត្បាល់ក្តឿង, កម្លាំងចុងភៅដាំស្ល, កម្លាំងប្រយុទ្ធនៅការដ្ឋាន និងវាលស្រែ ឬហៅកម្លាំងសមរភូមិទី១, និងកម្លាំងដាំបន្លែ ឬហៅកម្លាំងសមរភូមិទី២ជាដើម។ ចំណែក ឪពុកម្ដាយរបស់គាត់ធ្វើការជាអ្នកផ្តល់យោបល់ដល់ខ្មែរក្រហម ដោយសារអ្នកទាំងពីរធ្លាប់ជាកសិករមានបទពិសោធន៍ខាងបច្ចេកទេសពីមុនមក។ អ្នកទាំងពីរតែងតែចុះទៅពិនិត្យនៅតាមវាលស្រែ និងបង្ហាត់ប្រជាជនអំពីរបៀបដកស្ទូង និងភ្ជួររាស់ជាដើម។ ប្រជាជនដែលមានវ័យលើសពី ៥០ឆ្នាំឡើងទៅ និងប្រជាជនដែលមានជំងឺប្រចាំកាយ ត្រូវមើលថែទាំកុមារ។ ចំណែក កុមារត្រូវរស់នៅតាមកងជាដើម។ កម្លាំងកងចល័ត គឺសម្រាប់តែប្រជាជននៅលីវ ចំណែកអ្នកដែលមានគ្រួសារ ហៅថាសេនាជន ដែលមានតួនាទីភ្ជួររាស់, ដកស្ទូង និងរស់នៅតាមមូលដ្ឋាន។

ក្រោយមក សាវុន ត្រូវខ្មែរក្រហមចាត់តាំងឲ្យធ្វើការក្នុងកងចល័ត។ សាវុន និយាយថា ការហូបចុកនារបបខ្មែរក្រហម គឺមានការខុសគ្នាទៅតាមតំបន់ ដោយសារថ្នាក់ដឹកនាំតាមតំបន់។ សាវុន បន្តថា នៅតំបន់៣ គឺគាត់ទទួលបានបបរ និងហូបចុកគ្រប់គ្រាន់។ នៅតំបន់៤ គឺអង្ករមួយកំប៉ុង ដាំបបរសម្រាប់ឲ្យប្រជាជនជាងម្ភៃនាក់ហូបក្នុងមួយពេល។

នៅឆ្នាំ១៩៧៧ សាវុន ត្រូវខ្មែរក្រហមជម្លៀសម្តងទៀត ដោយឲ្យទៅរស់នៅឃុំអូរដំបង១ តំបន់៣។ ប្រជាជនជាច្រើន ដែលភាគច្រើនជាសិស្ស ត្រូវបានបាត់បង់ជីវិតនៅតំបន់២ និងតំបន់៣។ ចំណែកអ្នកជម្លៀសមកពីទីក្រុងភ្នំពេញ ត្រូវបានជម្លៀសទៅស្រុកមោងឫស្សី តំបន់១ និងតំបន់៤ ដូចជានៅស្ថានីយរថភ្លើងជិតភ្នំធិបតី ស្រុកគាស់ក្រឡា។ សាវុន ថា «ការអនុវត្តន៍វាចេះតែសេរីតាមតំបន់មួយៗ ហើយបើ[ខ្មែរក្រហម]ស្អប់នរណាថាមិនពេញចិត្តហើយ [នោះខ្មែរក្រហមនឹង]ចោទឯងថានេះថានោះ ហើយចាប់គ្នាយកទៅសម្លាប់ចោល»។ នៅថ្ងៃមួយនា នៅពេល សាវុន កំពុងដកស្ទូង គាត់បានឃើញកងឈ្លបខ្មែរក្រហមបណ្តើរសមាជិកក្នុងក្រុមម្នាក់យកទៅ។ គាត់មិនដឹងថាសមាជិកម្នាក់នោះមានកំហុសអ្វីនោះទេ។ សាវុន រំឭកថា គាត់មានការភ័យខ្លាច ដោយសារគាត់ធ្លាប់ភ្លាត់មាត់ជេរប្រមាថឈ្លបម្នាក់នោះពីមុនមក។ សាវុន បន្តថា គាត់ធ្លាប់ស្គាល់ឈ្លបនោះតាំងពីមុនរបបខ្មែរក្រហម។ សព្វថ្ងៃ ឈ្លបម្នាក់នោះដែលគាត់មិនបញ្ចាញឈ្មោះ បានក្លាយជាញាតិសន្តាននឹងគ្នា និងជួបមុខគ្នាជារៀងរាល់ថ្ងៃ។ សាវុន លើកឡើងថា «វាធ្វើតែតាមគេបញ្ជាប៉ុណ្ណោះ»។

នៅពេលបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា សួរគាត់ទាក់ទងនឹងដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហម សាវុន និយាយថា «កុំនិយាយថាមិនដឹង គឺខ្ញុំមិនទទួលស្គាល់ទេ អ្នកឯងជាអ្នកដឹកនាំគេកុំនិយាយហើយងាប់រាប់លាននាក់ហើយ ឆ្លើយថាមិនដឹង វាមិនត្រឹមត្រូវទេ»។ សាវុន បន្តថា «វាមិនត្រឹមត្រូវទេ វាអយុត្តិធម៌ណាស់ ចេះតែចោទគ្នាតែផ្ដេសផ្ដាស់ទៅគ្នាមិនដឹងរឿងស្អីទេ ហើយកូនក្មេងគ្នាមិនដឹងអីក៏យកគ្នាទៅសម្លាប់ដែលនោះ»។ ក្រៅពីស្គាល់ឈ្លបនោះ សាវុន ថានៅសហករណ៍អូរដំបង គឺមានឈ្មោះ ញឹក លី ជាប្រធានសហករណ៍ និងឈ្មោះ ព្រុំ ស៊ូ ជាគណៈតំបន់។ លី ធ្វើការជាប្រធានសហករណ៍រហូតដល់កម្មាភិបាលភូមិភាគនិរតីចូលមកគ្រប់គ្រងសហករណ៍នៅឆ្នាំ១៩៧៨។ លី ត្រូវបានខ្មែរក្រហមបញ្ជូនទៅច្រកឫស្សីនៅស្នឹង។ បច្ចុប្បន្ន លី ធ្វើជាគណៈកម្មាធិការវត្តព្រៃរការ។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ សាវុន មានបងប្រុសម្នាក់ ឈ្មោះ ម៉ិល សុវណ្ណ បានបាត់ខ្លួន ក្នុងចំណោមបងប្អូនប្រាំពីរនាក់ ដោយទី១ ឈ្មោះ ម៉ិល នឿត (ស្រី), ទី២ ម៉ិល លឿត, ទី៣ ម៉ិល សាវិន, ទី៤ ម៉ិល សុវណ្ណ (ប្រុស), ទី៥ ម៉ិល ចាន់ថា (ស្រី), ទី៦ ម៉ិល សាវុន (ប្រុស) និងទី៧ ម៉ិល សាភ័ណ្ឌ (ស្រី)។  អំឡុងទសវត្សរ៍ឆ្នាំ១៩៨០ សាវុន ដែលធ្វើការនៅធនាគារបាត់ដំបង បានឃើញឈ្មោះបងប្រុស ម៉ិល សុវណ្ណ ដោយចៃដន្យក្នុងឯកសារដែលតម្តល់នៅទីនោះ។

តាមរយៈឯកសារលេខ I០៨៤៤៥[3] ឬប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង  ចំនួនមួយសន្លឹក តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា បានឲ្យដឹងថា ឈ្មោះដើម ម៉ិល សុវណ្ណ ហៅ នុប មានអាយុ ៣០ឆ្នាំ (គិតក្នុងឆ្នាំ១៩៧៧), មានភេទប្រុស ជាជនជាតិខ្មែរ។ សុវណ្ណ មានទីលំនៅកំណើតកើតនៅភូមិព្រែកតាតន់ ឃុំស្វាយប៉ោ ស្រុកសង្កែ តំបន់បាត់ដំបង។ នៅក្រោយថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ សុវណ្ណ ត្រូវបានខ្មែរក្រហមជម្លៀសទៅនៅប៉េកាំង។ នៅមុនថ្ងៃដដែល សុវណ្ណ មានមុខរបរជានិស្សិត និងក្រោយថ្ងៃដដែល មានមុខរបរជានិស្សិត[ផ្នែក]អគ្គីសនី។ សុវណ្ណ មានឪពុកឈ្មោះ ម៉ិល ឈឿន និងម្ដាយឈ្មោះ ទុយ នឿម។ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៧៧ សុវណ្ណ ត្រូវបានឃាត់ខ្លួននៅវាំង និងឃុំខ្លួននៅផ្ទះង បន្ទប់ធំ១ បន្ទប់តូច៥ (គុកទួលស្លែង)។

ក្រៅពីបងប្រុស សាវុន ក៏បាត់ដំណឹងបងប្អូនជីដូនមួយឈ្មោះ ហៀប និង ផុន។ នៅពេល សាវុន រំឭកពីការរស់នៅនារបបខ្មែរក្រហមប្រាប់ដល់អ្នកជំនាន់ក្រោយ ដូចជាការហូបបបរលាយជាគល់ចេក, ដេកហាលថ្ងៃហាលភ្លៀងដោយគ្មានជម្រក, រែកដី និងលើកទំនប់កំពីងពួយ គឺអ្នកជំនាន់ក្រោយមិនជឿ​ និងសើចគាត់៕

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ


[1] ឯកសារលេខ BBI០០៤៦. (២០០៦). សម្ភាសជាមួយ ម៉ិល ចាន់ថា និងម៉ិល សាវុន ដោយ សុខ វណ្ណៈ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០០៦. មជ្ឈមណ្ឌលឯកសារកម្ពុជា.

[2] «ភូមិភាគពាយ័ព្យ (ភូមិភាគ៥៦០) ដឹកនាំដោយ រស់ ញឹម។ ភូមិភាគនេះរួមមានខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបងទាំងមូល ដែលចែកចេញជា៧តំបន់គឺ៖ តំបន់១ តំបន់២ តំបន់៣ តំបន់៤ តំបន់៥ តំបន់៦ និងតំបន់៧», ផេង ពង្សរ៉ាស៊ី, et al. (២០២០). ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩). បោះពុម្ពលើកទី២. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រ ៣៤.

[3] ឯកសារលេខ I០៨៤៤៥. (១៩៧៧). ប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង ឈ្មោះ ម៉ិល សុវណ្ណ ហៅ នុប. មជ្ឈមណ្ឌលឯកសារកម្ពុជា.

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin