ខ្មែរក្រហមយកឪពុកខ្ញុំទៅសម្លាប់

ខ្ញុំឈ្មោះ ផេង សុខ មានអាយុ៧៤ ឆ្នាំ។[1] ខ្ញុំមានស្រុកកំណើតនៅខេត្តតាកែវ ហើយបច្ចុប្បន្នខ្ញុំរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឪពុករបស់ខ្ញុំមានឈ្មោះថា ផេង អូន មុខរបរជាទាហានពីសង្គមចាស់ (ស្លាប់) ចំណែកម្តាយរបស់ខ្ញុំឈ្មោះ មាស រឿង (ស្លាប់)។ ខ្ញុំមានបងប្អូនចំនួន៤ នាក់ (ស្រី៣/ប្រុស១)។ ខ្ញុំជាកូនទី៣ នៅក្នុងគ្រួសារ។ ប្តីរបស់ខ្ញុំមានឈ្មោះ ឈុន រេត ខ្ញុំរៀបការក្នុងឆ្នាំ ១៩៧៩ និងមានកូនស្រីចំនួន៤ នាក់។
ខ្ញុំបានមករស់នៅតំបន់អូរស្វាយនេះតាំងពីឆ្នាំ ១៩៦៤ ដោយសារឪពុករបស់ខ្ញុំគឺជាទាហាន។ ពេលនោះតំបន់អូរស្វាយនេះសុទ្ធសឹងតែជាព្រៃ ហើយ សម្តេចព្រះនរោត្តម សីហនុ បានបង្កើតតំបន់អូរស្វាយនេះឡើង ដើម្បីការពារទឹកដីនៅតាមព្រំដែនដែលនៅជាប់ជាមួយនឹងប្រទេសឡាវ។ ទើបសម្តេចព្រះនរោត្តម សីហនុ បាននាំយកទាហានដែលចូលនិវត្តន៍មកដាក់តាមព្រំដែនកុំឲ្យឡាវឈ្លានពានយកទឹកដីរបស់យើង។ ខ្ញុំរស់នៅក្នុងបន្ទាយទាហានជាមួយឪពុករបស់ខ្ញុំ ទើបមិនសូវពិបាក។ ប្រជាជនភាគច្រើនមានជំងឺគ្រុនចាញ់ អ្នកខ្លះក៏ស្លាប់ អ្នកខ្លះទៀតទ្រាំមិនបានក៏រត់ទៅស្រុកកំណើតវិញ។ ខ្ញុំបានឃើញសម្តេចព្រះនរោត្តម សីហនុ បានកសាងតំបន់នេះជាច្រើនរួមមានផ្សារ, សាលាស្រុក, បន្ទាយទាហាន និងស្តូប ដើម្បីធ្វើជាសួនច្បារសម្រាប់លម្អ និងជាតំណាងដែលសម្ដេចបានបង្កើតភូមិនេះឡើង។ សម្តេចព្រះនរោត្តម សីហនុ បានយាងមកតំបន់អូរស្វាយតាមយន្តហោះពេលមកដល់សម្ដេចបានចាប់ដៃប្រជាជន ហើយទ្រង់បានបោះក្រណាត់សង្គមរាស្ត្រនិយមទៅកាន់ប្រជាជន។ ក្នុងនោះខ្ញុំក៏ទទួលបានក្រណាត់សង្គមរាស្រ្តនិយមមួយដុំដែរ។ សម្តេចបានជិះឡានទៅតាមមាត់ទន្លេមើលប្រជាជននៅក្នុងភូមិ។ ប្រជាជនរស់នៅក្នុងតំបន់អូរស្វាយនេះសុខសប្បាយរីករាយខ្លាំង ផ្លូវអាចជិះឡានទៅដល់ភ្នំពេញបាន។
ក្រោយមក លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់ទម្លាក់សម្តេចព្រះនរោត្ដម សីហនុ ពីព្រះតំណែង។ នៅនោះ នៅតំបន់អូរស្វាយមានសភាពយ៉ាប់ ព្រោះមានការទម្លាក់គ្រាប់បែក។ ទម្លាក់គ្រាប់បែកម្តងៗប្រជាជនមានភាពភ័យខ្លាច រត់ទៅពួនក្នុងរណ្តៅតែជាសំណាងការទម្លាក់គ្រាប់បែកនោះពុំមានត្រូវមនុស្សណាម្នាក់ឡើយ។
មកដល់ជំនាន់ប៉ុល ពត អង្គការបានចោទឪពុករបស់ខ្ញុំជាប់ខ្សែ សេ អ៊ី អា ចោទថាជា គិញសម្ងាត់របស់សម្តេច ទើបទាហានខ្មែរក្រហមចាប់ឪពុករបស់ខ្ញុំទៅសម្លាប់ចោល។ បន្ទាប់មកម្តាយរបស់ខ្ញុំ ពិបាកចិត្តរហូតធ្លាក់ខ្លួនឈឺ និងស្លាប់។ ខ្មែរក្រហមចូលមកក៏បានប្រើឲ្យប្រជាជនទៅរុករានព្រៃធ្វើចម្ការ។ ប្អូនរបស់ខ្ញុំ អង្គការឲ្យរស់នៅក្នុងកងចល័តបានប្រើឲ្យទៅធ្វើស្រែ, ស្ទូងស្រូវ និងធ្វើការងារផ្សេងៗទៀតជាច្រើន។ អង្គការបានចោទថាខ្ញុំជាកូនចៅនាយទុនសក្តិភូមិ។ អង្គការបានប្រើខ្ញុំឲ្យធ្វើទាំងឈឺទាំងជា មិនហ៊ានសូម្បីតែឈប់សម្រាក។ អង្គការបានប្រើឲ្យខ្ញុំទៅគាស់ឈើធំៗ មួយថ្ងៃមួយដើម និងកើបលាមកយកទៅធ្វើជីលេខ១។ មកពីធ្វើការហត់អង្គការចែករបបជាផ្លែចេកទុំ និងត្រីអណ្តែងឲ្យហូប។ ការរស់នៅគឺ រួមគ្នា, កងចល័តស្រីៗ មួយក្រុម កងចល័តបុរសមួយក្រុម។ ។
ប្រជាជនស្លៀកពាក់ខោអាវពណ៍ខ្មៅទាំងអស់។ ខ្ញុំបានឃើញអង្គការយកមនុស្សទៅសម្លាប់នៅឯជ្រុំស្រឡៅ ជាជនជាតិឡាវចូលមកព្រំដែនដើម្បីមករកគោក្របីត្រូវបានខ្មែរក្រហមចាប់បានក៏យកមកចាក់សម្លាប់ឲ្យប្រជាជនខ្មែរបានឃើញគ្រប់ៗគ្នា។ នៅពេលមានពិធីបុណ្យចូលឆ្នាំអង្គការបានឲ្យលេងទាញព្រ័ត្រ លាក់កន្សែង តែមិនសូវសប្បាយព្រោះប្រជាជននាំគ្នាខ្លាចគ្រប់គ្នា។
នៅឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានវាយផ្ដួលរលំរបបខ្មែរក្រហម និងរំដោះប្រទេសកម្ពុជា និងសង្គ្រោះប្រជាជន។[2] នៅពេលនោះទាហានខ្មែរក្រហមបានជម្លៀសប្រជាជនឲ្យរត់ទៅដល់ព្រះរំកិល បន្តមកក៏នាំរត់ទៅដល់ភូមិដងផ្លឹត ទៅដល់ទីនោះសុទ្ធតែជាឡានវៀតណាមប្រជាជននាំគ្នាភ័យ រត់រហូត រត់ចុះរត់ឡើងក៏បានជួបនឹងទាហានវៀតណាម ហើយទាហានវៀតណាមឲ្យត្រលប់មកស្រុកកំណើតវិញ។ ខ្ញុំចងចាំមិនអាចបំភ្លេចបាន នៅពេលដែលអង្គការចាប់ឪពុករបស់ខ្ញុំដាក់ខ្នោះយកទៅសម្លាប់, ហូបបាយរបបមួយចានចង្កឹះ, ហូបបាយលាយជាមួយត្រួយដំឡូងជ្វា, លាយចេក ឬក៏ពោតក្រហម។ សព្វថ្ងៃខ្ញុំមានជំងឺប្រចាំកាយមានជំងឺក្រពះពោះវៀន, ខ្វះជាតិស្ករ, ខ្វះឈាម, ឈឺសន្លាក់ដៃជើង និងឈឺចង្កេះ។
អត្ថបទដោយ ស្រេង លីដា
[1] បទសម្ភាសន៍ «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ជាមួយ ទូក ផៃ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅស្រុកបុរីអូរស្វាយ-សែនជ័យ ខេត្តស្ទឹងត្រែង ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤, សម្ភាសដោយ ស្រេង លីដា, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា ។
[2] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិឡាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ៖ អនុគណៈកម្មការមុខវិជ្ជឯកទេសប្រវត្តិវិទ្យា, ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១