បើស្លាប់ប្រសើរជាង

នៅពេលខ្មែរក្រហមជម្លៀស សារឿន ទៅភ្នំចំបាប់ដែលស្ថិតនៅភូមិរំចេក ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។ សារឿន ឃើញមិត្តដែលធ្វើការងារមិនបានល្អ ត្រូវបានអង្គការយកឡានមកដឹកទៅអស់ៗ។ សារឿន បន់ឲ្យអង្គការចាប់ខ្លួនយកទៅបាញ់ចោល ព្រោះធ្វើការងារពិបាកពេក។ ខាងក្រោមនេះជាសាច់រឿងរបស់ សារឿន៖
ឈ្មោះ ការ សារឿន[1] ភេទស្រី អាយុ៤៥ឆ្នាំ មានទៅកន្លែងកំណើតនៅក្នុងភូមិទួលស្ពឺ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ហើយបច្ចុប្បន្នរស់នៅក្នុងភូមិទួលស្ពឺ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។ ឪពុកខ្ញុំឈ្មោះ យ៉ាវ និងម្ដាយខ្ញុំឈ្មោះ សេង អ៊ឹម។ ឪពុកបានទទួលមរណៈភាពតាំងពីសម័យ ប៉ុល ពត ដោយសារគ្រាប់ផ្លោង ចូលក្នុងផ្ទះ។ សព្វថ្ងៃម្ដាយខ្ញុំនៅរស់។ ខ្ញុំមានបងប្អូនចំនួន៩នាក់។ ប្ដីខ្ញុំឈ្មោះ អ៊ុង សុផុន មានស្រុកកំណើត នៅភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ហើយខ្ញុំមានកូន៥នាក់ ក្នុងនោះមានប្រុស៣នាក់។ សព្វថ្ងៃ ខ្ញុំមានមុខរបរជាកសិករធ្វើស្រែ និងចម្ការ។
កាលពីកុមារភាពខ្ញុំរៀនបានត្រឹមថ្នាក់ទី១០ នៅសាលាវត្តភូមិស្ពឺ។ នៅឆ្នាំ១៩៧០ខ្ញុំបានឈប់រៀន ហើយត្រឡប់មកធ្វើស្រែ។ ក្រោយមកខ្ញុំបានឈ្លោះជាមួយឪពុកម្ដាយ ហើយពេលនោះមាននារីភូមិឈ្មោះ យ៉ាត បានបញ្ចុះបញ្ចូលខ្ញុំឲ្យធ្វើជានារីក្រហម ដោយសារតែពេលនោះខ្ញុំកំពុងមានកំហឹងខឹងជាមួយឪពុកម្ដាយ ហើយមិនបានគិតវែងឆ្ងាយ ខ្ញុំបានស្ម័គ្រចិត្តភ្លាមៗ។
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៧៣ សមមមិត្តស៊ុយ បាននាំខ្ញុំចូលបដិវត្តន៍។ ខ្ញុំបានស្ម័គ្រចិត្តទៅធ្វើជា នារីក្រហម។ បងយ៉ាត បាននាំខ្ញុំជាមួយមិត្តក្នុងភូមិស្ពឺ ៣នាក់ផ្សេងទៀត ដែលមានអាយុតំណាលគ្នា។ ខ្ញុំទៅ ដំបូងមិនសូវស្គាល់ចេះតែដើរ ដើម្បីឲ្យស្គាល់ទីតាំងភូមិសាស្រ្ត។ អង្គការបានបញ្ជូនខ្ញុំទៅរៀនវគ្គបំប៉ន ដើម្បី ពង្រឹងសមត្ថភាពកុំឲ្យខ្លាចស្លាប់។ នៅក្នុងព្រៃខ្ញុំរៀនក្បួនយុទ្ធសាស្រ្ត, បាញ់ស៊ីប និងរបៀបស៊ើបការណ៍។ ខ្ញុំរៀន ក្បួនយុទ្ធសាស្រ្តមិនចេះធ្វើមិនកើត។ នៅពេលចេញពីក្នុងព្រៃមក អង្គការបានបែងចែកជាក្រុម និងកង។ ខ្ញុំរៀន មិនចេះអង្គការបានដាក់បញ្ជាឲ្យរែកបាយ។ ខ្ញុំបានរែកបាយទៅដល់ភូមិទួលក្រសាំង ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល។ ខ្ញុំនៅរែកបាយបានប្រហែលជា១ឆ្នាំ។
នៅឆ្នាំ១៩៧៤ អង្គការផ្លាស់ខ្ញុំមកភូមិទួលច្រិមច្រុម ដើម្បីឲ្យរែកបាយ។ ខ្ញុំរែកបាយស្មុគតាមខ្សែត្រៀម ឮសំឡេងគ្រាប់ភូងផាំងនិង ឃើញប្រធានក្រុម, ប្រធានកងស្លាប់ច្រើន។ ខ្ញុំភ័យពេកក៏បានលួចរត់មកផ្ទះ។ ខ្ញុំមកដល់ផ្ទះបានបីថ្ងៃ ប្រធានសហករណ៍ឈ្មោះពូស៊ុ បានបញ្ជូនខ្ញុំទៅអង្គភាពវិញ ព្រោះខ្លាចអង្គការសម្លាប់ ឪពុកម្ដាយខ្ញុំ។ ពេលនោះខ្ញុំគិតថាបើស្លាប់ឲ្យស្លាប់ម្នាក់ឯងចុះឲ្យតែឪពុកម្ដាយ និងបងប្អូនបានសុខ។ ខ្ញុំបាន ត្រលប់ទៅអង្គភាពវិញ។ អង្គការចាប់ខ្ញុំដាក់គុកព្រៃសតែម្ដង។ អង្គការបញ្ជូនខ្ញុំទៅនៅភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល ។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំនៅកំពង់ព្រីង។ អង្គការឲ្យខ្ញុំដើរប្រមូលទ្រព្យសម្បត្តិរបស់ ប្រជាជនពីទីក្រុងភ្នំពេញ។ ខ្ញុំមិនហ៊ានលួចរបស់ទេខ្លាចអង្គការសម្លាប់ចោល។ ជំនាន់នោះលាក់ តែអំបោះមួយ ដុំក៏ស្លាប់ដែរ។ អង្គការឲ្យខ្ញុំរៀបចំផ្ទះសម្បែងប្រជាជននៅទីក្នុងភ្នំពេញ។ កាលនោះខ្ញុំនៅក្នុងកងពល១២ មាន ប្រធានកងពលឈ្មោះ អ៊ំ ពីន។ ខ្ញុំចូលទៅប្រមូលរបស់របរដាក់ក្នុងឃ្លាំង។ អង្គការចែកសំពត់ឲ្យម្នាក់មួយ សម្រាប់ទុកផ្លាស់ងូតទឹក។
ខ្ញុំធ្លាប់បានទៅរៀននយោបាយជាមួយហ៊ុយ។ បើប្រធានក្រុម និងប្រធានកងអង្គការអប់រំរាល់ថ្ងៃអំពី រឿងធ្វើការងារ និងការលត់ដំខ្មាំង។ អង្គការថា ”ត្រូវធ្វើការឲ្យខ្លាំង បានរកខ្មាំងឃើញ” ។ ពាក្យនេះមានន័យថា បើមិត្តខិតខំធ្វើការបានល្អមានន័យថាឈ្មោះត្រង់ជាមួយបដិវត្តន៍ បើសិនមិត្តណាធ្វើការងារមិនបានល្អ និង មិនគោរពការងារបានន័យថាជាខ្មាំង។ បើមិត្តធ្វើការងារល្មមៗខ្មាំងមិនលេចមកទេ។ បើបាត់ពីព្រៃសទៅ អង្គការយកទៅទួលស្លែង។
បន្ទាប់អង្គការជម្លៀសខ្ញុំទៅភ្នំចំបាប់ ដែលស្ថិតនៅភូមិរំចេក ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។ អង្គការ ចែកកម្លាំងយុទ្ធជន និងយុទ្ធនារីជា៣ប្រភេទ មានកម្រិតកង១ កង២ និងកង៣។ ខ្ញុំមុនដំបូងអង្គការឲ្យខ្ញុំធ្វើ ប្រវត្តិរូបពីឪពុកម្ដាយរៀងគួរសម ប៉ុន្តែខ្ញុំមានប្រវត្តិលួចរត់មកផ្ទះ ទើបអង្គការបញ្ជូនខ្ញុំទៅក្នុងកង៣។ ខ្ញុំធ្វើការ មិនមាត់អង្គការឃើញបែបនេះ អង្គការបញ្ជូនខ្ញុំមកកង១វិញ។ ខ្ញុំនៅកង១រហូតដល់បែកឆ្នាំ១៩៧៩។ មិត្តណាធ្វើការងារមិនល្អយប់ឡើងមានឡានមកដឹកយកទៅអស់ៗ។ ខ្ញុំនៅទីនោះបន់ឲ្យតែអង្គការចាប់ខ្ញុំយកទៅ បាញ់ចោលទេ ព្រោះធ្វើការពិបាកណាស់។ បើសិនជាមិត្តប្រុសមួយម៉ែត្រ មិត្តស្រីក៏មួយម៉ែត្រដែរ។ ខ្ញុំកាប់ដី និង រែកមកខ្លួនឯងដើរឡើងអស់ដៃអស់ជើង នឹកឃើញបើងាប់ល្អជាង។ អង្គការធ្វើបាបណាស់ឲ្យទៅស្ទូង បើស្ទូង មិនហើយត្រូវធ្វើបាបស្ដីបន្ទោស ដល់ពេលយប់ឡើងមានឡានមកដឹកយកទៅមិនដឹងថាជាស្លាប់ឬរស់។ ខ្ញុំធ្វើ ការបានល្អអង្គការចេញបទបញ្ជាឲ្យខ្ញុំវាយមិត្តណាធ្វើការងារមិនបានល្អ រួចនិយាយថាឲ្យមិត្តទាំងនោះយកគំរូ តាមខ្ញុំ។ មិត្តទាំងនោះស្លាប់អស់ហើយ។
ខ្ញុំបានអង្គការជម្លៀសទៅដាំដំណាំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ខ្ញុំមើលថែដំណាំ, ចេក និងល្ពៅ។ កាលនោះខ្ញុំនៅវរ៣៩ កងពល១២ នៅមន្ទីរស២១។ អង្គការឲ្យជម្រះស្មៅ ដើម្បីឲ្យដំណាំឆាប់លូតលាស់។ ខ្ញុំនៅស្ទឹងជ្រៅ ពេលយប់ឡើងអង្គការឲ្យទៅដកសំណាបតាមខែភ្លឺ ដកពីល្ងាច ដល់ថ្ងៃលិចបានឈប់សម្រាក។ ប្រជាជនធ្វើស្រូវបានផលច្រើន ប៉ុន្តែការបរិភាគមិនបានគ្រប់គ្រាន់ទេ។ អង្គការ ឲ្យហូបពោតក្រហមលាយជាមួយបាយម្នាក់មួយចាន។ ខ្ញុំកម្លាំងកំហែងគ្មានទេ ប៉ុន្តែចេះតែខំប្រឹងប្រែងធ្វើទៅ ព្រោះខ្លាចស្លាប់។ ប្រជាជន១៧មេសា ម្នាក់ឈ្មោះ ចាន់ ធ្វើការងារមិនល្អ អង្គការវាយនឹងត្បូងចបនៅស្រែ។ ចាន់ មានស្រុកកំណើតនៅកោះធំ។ ពេលវាយនោះមិនស្លាប់ទេគ្រាន់តែបែកក្បាល លុះពេលល្ងាចឡើងមាន ឡានមកដឹកយកទៅបាត់ឈឹងមិនដែលឃើញត្រឡប់មកវិញទេ។ ខ្ញុំឃើញករណីកើតឡើងជាហូរហែរលែង តក់ស្លុតទៀតហើយ។ បើសិនជាធ្វើកិច្ចការងារបានល្អដូចជាខ្ញុំ ពេលឈឺអង្គកាឲ្យសម្រាកព្រោះអង្គការបាន ឃើញអំពើល្អរបស់យើង។ ប៉ុន្តែបើសិនជាយើងធ្វើការងារមិនល្អ ពេលឈឺអង្គការយកទៅវាយចោលតែម្ដង។ បើមិនចឹងទេ អង្គការធ្វើបាបនៅតាមភ្លឺស្រែឈឺមិនឲ្យសម្រាក។
នៅ១៩៧៩ភ្លាមខ្ញុំទៅឡើងភ្នំបានឃើញអណ្ដូងមួយដាក់សុទ្ធតែឆ្អឹងខ្មោចឡើងណែននៅខាងលិចព្រៃភ្នំ។ចុងឆ្នាំ១៩៧៩ ខ្ញុំ បានដើរចុះពីលើភ្នំមកស្រុកអមលាំង ខេត្តកំពង់ស្ពឺ។ ពេលមកដល់ផ្ទះខ្ញុំមានអារម្មណ៍ត្រេកអរណាស់បានជួបជុំបង ប្អូន បានដូចកើតសាជាថ្មីម្ដងទៀត។
អត្ថបទដោយ វី ស៊ីថា
[1] លេខឯកសារ KDI0457, តម្កល់ឯកនៅមជ្ឈមណ្ឌលឯកសារកម្ពុជា, បទសម្ភាសន៍ជាមួយ ការ សារឿន, សម្ភាសន៍ដោយ មាសប៊ុនថាន និង ផាន់ សុជា, ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៣។