ខ្មែរក្រហមសម្លាប់មនុស្សទម្លាក់ចូលក្នុងអណ្ដូង

ខ្ញុំឈ្មោះ សំ រិទ្ធ ឈុន[1] អាយុ៦៨ ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ កើតនៅភូមិសំរោង ឃុំសំរោង ស្រុកព្រៃឈរ ខេត្តតាកែវ។ ខ្ញុំជាកូនទីមួយក្នុងចំណោមបងប្អូនចំនួន ៦នាក់។ ឪពុកខ្ញុំឈ្មោះ សំ រិទ្ធ ង៉ែត និងម្ដាយឈ្មោះ សុខ ជា (ស្លាប់ទាំងពីរ)។ ខ្ញុំបានរៀនសូត្រត្រឹមថ្នាក់ទី ២។ ខ្ញុំរៀបការជាមួយភរិយាឈ្មោះ សុខ វិន ហើយមានកូនចំនួន ៦នាក់ ក្នុងនោះស្រី ២នាក់។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។
ខ្ញុំបានមករស់នៅតំបន់អូរស្វាយ តាំងពីខ្ញុំនៅតូចៗ ដោយឪពុកម្ដាយបាននាំយកមកតាំងទីលំនៅនៅទីនេះ។ នៅពេលនោះ តំបន់នេះគឺពោរពេញទៅដោយព្រៃព្រឹក្សា និងមិនទាន់មានអ្នករស់នៅច្រើន។ សម្ដេចព្រះ នរោត្តម សីហនុ បានចែកដីជូនប្រជាពលរដ្ឋក្នុងគម្រោងបុរីអូរស្វាយ។ គ្រួសារខ្ញុំបានដីក្បាល ៤០ ម៉ែត្រ បណ្ដោយទៅក្រោយរហូតតាមសភាពដី។ ខ្ញុំក៏បានឃើញសម្ដេចមកកាន់ពិធីសម្ពោធបុរីអូរស្វាយ និងបានចាប់ដៃសម្ដេចថែមទៀតផង។ ពេលវេលាមួយនោះធ្វើឲ្យខ្ញុំមិនអាចបំភ្លេចបានឡើយ។ បន្ទាប់មក ចូលទៅក្នុងសម័យ លន់ នល់ ប្រទេសកម្ពុជាបានជួបប្រទះនឹងសភាពសង្គ្រាមដ៏សាហាវ។ ខ្ញុំ និងគ្រួសារបានរស់នៅក្នុងស្ថានភាពភ័យខ្លាចជានិច្ច។ រៀងរាល់ថ្ងៃ ឮតែសំឡេងយន្តហោះហោះមកទម្លាក់គ្រាប់បែក។ គ្រួសារខ្ញុំបានជិះរណ្ដៅ ដើម្បីគេចខ្លួនពីគ្រោះថ្នាក់នោះ។ ផ្ទះសំបែង និងទ្រព្យសម្បត្តិត្រូវបានបំផ្លាញ។ យើងត្រូវស្ថិតនៅក្នុងភាពគ្រោះថ្នាក់គ្រប់ពេលវេលា។
នៅពេលនោះជាសម័យដ៏ងងឹតមួយដែលប្រជាពលរដ្ឋខ្មែរត្រូវប្រឈម។ ខ្ញុំត្រូវបានបំបែកចេញពីគ្រួសារ ដើម្បីទៅធ្វើការងារដោយប្រើកម្លាំង។ ខ្ញុំ បានធ្វើការដូចជា រែកដី,ធ្វើទំនប់ និងលើកភ្លឺស្រែ ទាំងថ្ងៃទាំងយប់។ មិនសូវមានពេលសម្រាកនោះទេ។ ខ្ញុំបានឃើញការសម្លាប់មនុស្សនៅតាមទំនប់ដកពរ អង្គការបានវាយមនុស្សស្លាប់ហើយទម្លាក់ចូលក្នុងអណ្ដូង។ របបអាហារនៅពេលនោះ គឺបានចំនួនតិចតួចណាស់ គឺរបប ១០០ភាគរយ ត្រូវបានកាត់បន្ថយមកត្រឹម៧០ភាគរយ ឬ៥០ភាគរយ។ សម្លគឺយកផ្លែពោន ឬផ្លែពោត មកស្លរួមគ្នា។ ខ្លះយកគល់ចេកមកលាយជាមួយបាយពិបាកបរិភោគណាស់ ប៉ុន្តែយើងចេះតែស៊ូទ្រាំដើម្បីមានជីវិត។
ក្រោយមក កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាសហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមបានវាយ រំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្គ្រោះប្រជាជនបានជាបន្តបន្ទាប់។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពបានវាយរំដោះទីក្រុងភ្នំពេញ ហើយថ្ងៃនេះបានក្លាយជាថ្ងៃប្រវត្តិសាស្ត្រនៃការរំដោះ ជាតិ។ រណសិរ្សនេះបានបង្កើតរបបថ្មីឈ្មោះថា “សាធារណរដ្ឋប្រជាមានិតកម្ពុជា”។[2] ខ្ញុំត្រូវបានខ្មែរក្រហមជម្លៀសឲ្យទៅធ្វើការនៅទិសខាងលិចគោលដៅ គឺទៅខេត្តព្រះវិហារ ទៅរស់នៅតាមព្រំដែនថៃ។ ពេលធ្វើដំណើរខ្ញុំដើរ ទាំងយប់ទាំងថ្ងៃ ហើយមានមនុស្សស្លាប់តាមផ្លូវជាហូរហែរ, ដើរៗខ្ញុំក៏បានជួបជាមួយកងទ័ពវៀតណាម។ ពេលនោះទាហានវៀតណាមបានផ្តល់ជំនួយ និងឱ្យខ្ញុំវិលត្រឡប់មក ស្រុកកំណើតវិញ។
ចាប់តាំងពីថ្ងៃនោះមក ខ្ញុំរស់នៅភូមិអូររុន រហូតដល់សព្វថ្ងៃ។ បច្ចុប្បន្ន ខ្ញុំមានបញ្ហាសុខភាព ដូចជា ឈឺសន្លាក់ដៃជើងហើម និងភ្នែកមើលមិនសូវច្បាស់។ ទោះបីជាអតីតកាលខ្ញុំបានឆ្លងកាត់រឿងជាច្រើនដូចជា សង្គ្រាម, ភាពអត់ឃ្លាន និងការបែកបាក់គ្រួសារ ប៉ុន្តែខ្ញុំក៏មានមោទនភាពក្នុងជីវិតដែលបានរស់នៅ និងបានឃើញប្រទេសជាតិមានភាពរីចម្រើន និងមានការអភិវឌ្ឍលឿន ក្នុងសន្តិភាពបែបនេះ៕
អត្ថបទដោយ ស្រេង លីដា
[1] បទសម្ភាសន៍ «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ជាមួយ សំរិទ្ធ ឈុន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅស្រុកបុរីអូរស្វាយ-សែនជ័យ ខេត្តស្ទឹងត្រែង ឆ្នាំ២០២៤,សម្ភាសដោយ ស្រេង លីដា បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។
[2] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិឡាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ៖ អនុគណៈកម្មការមុខវិជ្ជឯកទេសប្រវត្តិវិទ្យា, ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១។