អ៊ិន អួក៖ នារីអង្គភាពស្រែអំបិល

កសិករកំពុងកៀរប្រមូលអំបិលក្នុងស្រែអំបិល នៅខេត្តកំពត ក្នុងរបបខ្មែរក្រហម(រវាងឆ្នាំ១៩៧៥-១៩៧៨)។(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

កាលពីដើម ខ្ញុំឈ្មោះ ញឹម អ៊ុក ហៅខៀន ភេទស្រី អាយុ៤៦ឆ្នាំ  ប្ដូរទៅ អ៊ិន អួក។[1] ខ្ញុំរស់នៅភូមិអារោង ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ។ ខ្ញុំមាន ឪពុកឈ្មោះ អ៊ិន យ៉ាន ម្ដាយឈ្មោះ ឃឹម។

នៅឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៥ ខ្ញុំបានទៅរស់នៅពារាម ហើយបានទៅធ្វើការនៅកងចល័តឃុំក្នុងអង្គភាពនារី។ ​ប្រធាន​កងមានឈ្មោះ អ៊ំកែវ។​ បន្ទាប់មក ​មានការប្រកាសជ្រើសរើសកងទ័ពត្រៀមវាយជាមួយទាហាន លន់ នល់។ ខ្ញុំក៏ស្ម័គ្រចិត្តចូលបម្រើក្នុងជួរកងទ័ពនៅស្រុក៥៦ តំបន់៣៣ ស្រុកបាទី ខេត្តតាកែវ។[2] កាលនោះ ប្រធានស្រុក​៥៦ ​មានឈ្មោះ តាភឿង។ ​ខ្ញុំបានចូលធ្វើការក្នុងកងហា មួយកង​មានចំនួន១០០នាក់។ ​ប្រធានកង មានឈ្មោះ ណាន នៅឃុំដូង ស្រុកបាទី​ ខេត្តតាកែវ ហើយឈ្មោះ បងឡាំង ជាអនុប្រធាន នៅឃុំចំប៉ី។  ខ្ញុំមិនដែលបានចូលសមរភូមិទេ ​កម្មាភិបាលខ្មែរក្រហមចាត់តាំង ឲ្យធ្វើជាអ្នកយាម និងចាំសែងអ្នកត្រូវរបួស។ ខ្ញុំធ្លាប់បានចូលរួមប្រជុំចំនួន១ដង​ ប្រជុំពីការពង្រឹងគោលជំហ ឲ្យបានរឹងប៉ឹង។ ការចូលបម្រើកងទ័ពនេះពិតជាពិបាកណាស់។ ​ ខ្ញុំបានចូលបម្រើកងទ័ព រហូតដល់ថ្ងៃបែកទីក្រុងភ្នំពេញតែម្ដង។

នៅថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ដល់១៩៧៧ ខ្ញុំត្រូវបានកម្មាភិបាលខ្មែរក្រហម បញ្ជូនឲ្យទៅធ្វើស្រែអំបិលនៅខេត្តកំពត។ ខ្ញុំមានតួនាទី ជាមេកា គ្រប់គ្រងនៅអង្គភាពស្រែអំបិលមួយកន្លែង និងដើរមើលការខុសត្រូវនៅតំបន់ទឹកប្រៃ ទឹកសាបនៅស្រែអំបិលនោះ​​។ ជាងនេះទៅទៀត ខ្ញុំថែមទាំងជួយបង្រៀនពីរបៀប បុកអង្គុប ​ដល់អ្នកដែលធ្វើការក្នុងក្រុមជាមួយគ្នាផងដែរ។ ខ្ញុំគ្រាន់តែកាន់ផ្នែកបច្ចេកទេស ប៉ុន្តែមានអ្នកគ្រប់គ្រងពីលើខ្ញុំទៀត។ កាលនោះ ប្រធានអង្គភាព​ មានឈ្មោះ បងអូន។ នៅក្នុងកងហា និងកងរយនេះ ភាគច្រើនមានតែស្រីៗប៉ុណ្ណោះ។ ការងារដែលត្រូវធ្វើ រួមមាន ធ្វើជាងម៉ាស៊ីន, ​ជាងផ្ទះ និងជាងធ្វើឃ្លាំងដាក់អំបិល  សុទ្ធមនុស្សស្រីទាំងអស់។ បើប្រុសៗមានត្រឹមតែ៤ទៅ៥នាក់ទេជ្រើសរើសឲ្យមកជួយកិច្ចការណាពិសេសៗ។ ​នៅតាមកង បុរស និងនារី រស់នៅដាច់ដោយឡែកពីគ្នា។ ក្នុងមួយកង មានចន្លោះចាប់ពី៥០ទៅ៦០នាក់ ​ឬច្រើនរហូតទៅដល់២០០នាក់។ ការងារនៅស្រែអំបិល ធ្វើមិនកំណត់ពេលវេលាទេ។ អំបិលកំណត់យកចំនួន៣តោន ​យើងត្រូវនាំគ្នាខិតខំប្រឹងប្រែងធ្វើឲ្យគ្រប់តាមចំនួន។ បើនៅរដូវទឹកជោ រឹតតែពិបាកទៀត រក​ពេលសម្រាកមិនបានផង។ ខ្ញុំនៅក្នុងកងពលធំ អង្គភាពស្រែអំបិល។ ប្រធានកងពល ឈ្មោះ មាន (ស្រី)។  ​ការហូបចុកខ្វះខាតណាស់ ហូបតែបបរលាយជាមួយពោត កំណត់វាល់ចែក ដូចគ្នាទៅនឹងសហករណ៍​គឺប្រជាជនត្រូវរស់នៅជុំគ្នា ធ្វើការរួមគ្នា ហូបចុករួមគ្នា និងចែករំលែកការកំសាន្ដរួមគ្នា។[3]  នៅក្នុងកងពលធំ អង្គភាពស្រែអំបិល កម្មាភិបាលខ្មែរក្រហមបាន​រៀបចំការប្រជុំមួយថ្ងៃចំនួន២ដង ប្រជុំពេលព្រឹក និងពេលល្ងាច។ ការប្រជុំលើកឡើងពីការទិតៀនកំហុសគ្នា មិនត្រូវខ្ជិលច្រអូស ធ្វើយ៉ាងណាឲ្យការងាររីកចម្រើនទៅមុខ។ ​ ខ្ញុំជាសមាជិកត្រូវតែចូលរួមប្រជុំ មិនអាចប្រកែកតវ៉ាបានឡើយ។ ខ្ញុំមិនដែលទទួលបានការទិតៀនទេ ព្រោះប្រធានកង ​មើលឃើញពីការ​ខំប្រឹងប្រែងធ្វើការងារ។ ការប្រជុំធ្វើឡើង​យ៉ាងយូរ ​រយៈពេល១ម៉ោងកន្លះ។ អ្នកចូលរួមប្រជុំ មានប្រធានកងពលចំនួន៤នាក់ និងសមាជិកចំនួន៣នាក់។ ក្រោយមក កម្មាភិបាលខ្មែរក្រហម ​បាន​ធ្វើប្រវត្តិរូប ព្រោះខ្ញុំមានពូ និងមីងរស់នៅភ្នំពេញ ចាត់ទុកជាប្រជាជនថ្មី។ ​​ ពេលនោះ ខ្ញុំមានអារម្មណ៍ភ័យណាស់ ​ព្រោះខ្លាចកម្មាភិបាលតាមដាន​ ចាប់យកទៅវាយធ្វើបាប និងសម្លាប់ចោលជាដើម។ ​ជាក់ស្ដែង កម្មាភិបាលខ្មែរក្រហម មិនបានវាយធ្វើបាប ឬដក​ចេញ​ពីកងទេ ព្រោះតែខ្ញុំធ្វើការបានល្អ។ ថែមទាំងមានសមត្ថភាពបង្រៀន ប្រជាជន​នៅទីនោះ ឲ្យឆាប់យល់ពីការងារទៀតផង។ ​ កាល​នោះ អំបិលធ្វើបានច្រើនណាស់ រកឃ្លាំងដាក់មិនបានផង។ ខ្ញុំបានឃើញកម្មាភិបាលខ្មែរក្រហមបញ្ជូនឡានឲ្យមកដឹកអំបិល ជារៀងរាល់ថ្ងៃ។ បើតាមខ្ញុំឮតៗគ្នាថា អំបិលទាំងនោះដឹកយកទៅដាក់នៅទីក្រុងភ្នំពេញ។ អំឡុងពេលធ្វើការនៅស្រែអំបិល ខ្ញុំបានឮនៅតាមអង្គភាព ​​មេដឹកដែលធំជាងគេ​ ឈ្មោះ តាម៉ុក មានតួនាទី​គ្រប់គ្រងនៅភូមិភាគនិរតី។  ​

​នៅឆ្នាំ១៩៧៨ នៅអង្គភាពស្រែអំបិល ខ្ញុំបាន​ឮថា កម្មភិបាលខ្មែរក្រហមជ្រើសរើសប្រវត្តិរូប ​អ្នកមានបងប្អូនធ្លាប់ធ្វើទាហាន និងអ្នកដែល​ធ្វើខុសសីលធម៌  បញ្ជូនទៅដាក់នៅសហគមន៍​។  កម្មាភិបាលខ្មែរក្រហម បញ្ជូនឲ្យចេញពីកង ដោយប្រាប់ឲ្យរៀបចំអីវ៉ាន់ផ្លាស់ប្ដូរទៅកន្លែងកងថ្មី។ មួយវិញទៀត ប្រាប់ថាដកឲ្យទៅឃ្វាលគោ មិនឲ្យនៅធ្វើស្រែទៀតទេ។ បន្ទាប់ពី កម្មាភិបាលបញ្ជូនអ្នកទាំងនោះទៅ​​បាត់រហូត មិនឃើញត្រឡប់មកកងវិញឡើយ​។ ខ្ញុំបានឃើញនារីម្នាក់ នៅក្នុងអង្គភាពភ្ជួរជាមួយបុរសៗ បានធ្វើខុសសីលធម៍ ត្រូវកម្មាភិបាលខ្មែរក្រហមនាំយកទៅសម្លាប់ទាំងពីរនាក់នៅត្រើយកោះ។ រហូតដល់១៩៧៩ ពេលវៀតណាមចូលមកដល់ ខ្ញុំបានរត់ទៅដល់ភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ លុះ​ពេលសភាពការណ៍ស្ងប់ស្ងាត់ ខ្ញុំក៏ត្រឡប់មកស្រុកកំណើត និងបានជួបជុំជាមួយក្រុមគ្រួសារវិញ។

អត្ថបទដោយ ជីម សុខគា


[1]ឯកសារ TKI០១១១, តម្កល់ទុកនៅក្នុងមជ្ឈមណ្ឌលឯកសារកម្ពុជា បទសម្ភាសជាមួយ   អ៊ិន អួក ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅភូមិអារោង ឃុំស្លា ស្រុក​សំរោង ខេត្តតាកែវ​​, ចំណងជើងអត្ថបទ«នារីអង្គភាពស្រែអំបិល»។ សម្ភាសន៍ ដោយ ​អ៊ីសា ឧស្មាន នៅថ្ងៃទី១៣ ខែកញ្ញា  ឆ្នាំ២០០៣។ ចំនួន២៥ទំព័រ។

[2]ផេង ពង្សរ៉ាស៊ី និងអ្នកនិពន្ធផ្សេងទៀត, ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២ (ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា,២០២០),៣៤។

[3] ផេង ពង្សរ៉ាស៊ី និងអ្នកនិពន្ធផ្សេងទៀត, ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២ (ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា,២០២០),៣៩-៤០។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin