អនុប្រធានមន្ទីរសន្តិសុខ ស្រុកប្រសូត្រត្រូវបានចាប់ខ្លួនមកគុកទួលស្លែង

នៅថ្ងៃទី២ ខែឧសភា ឆ្នាំ១៩៧៨ រាជ ឆោម ភេទប្រុស អាយុ៣០ឆ្នាំ[1] ជាអនុប្រធានមន្ទីរសន្តិសុខប្រសូត្រត្រូវបានអង្គការចាប់ខ្លួន និងបញ្ជូនមកគុកទួលស្លែង។ មជ្ឈមណ្ឌលឯកសារកម្ពុជាបាន សម្ភាសជាមួយឈ្មោះ ស៊ិន សំបូរ ត្រូវជាប្អូនប្រុសបង្កើតរបស់ រាជ ឆោម ដើម្បីដឹងព័ត៌មានលម្អិតអំពី ឆោម ដែលបានចូលរួមក្នុងចលនាបដិវត្តន៍ខ្មែរក្រហម ខាងក្រោមនេះគឺជាប្រវត្តិរូបរបស់ឆោម៖
ឆោម មានឪពុកឈ្មោះ រាជ ឈឹម និងម្ដាយឈ្មោះ មុំ គង់។ ឆោម ជាកូនទី២ ក្នុងគ្រួសារដែល មានបងប្អូនចំនួន១២នាក់ (ស្លាប់ដោយសារគ្រាប់មីន និងបាត់ខ្លួនក្នុងរបបខ្មែរក្រហមចំនួន៥នាក់)។ ឆោម មានស្រុកកំណើតនៅភូមិអកនាគ ឃុំសង្ឃ័រ ស្រុករំដួល ខេត្ដស្វាយរៀង[2]។ នៅឆ្នាំ១៩៦៩ ឆោម បញ្ចប់ថ្នាក់វិទ្យាល័យនៅទីរួមខេត្តស្វាយរៀង ហើយបានប្រឡងជាប់គរុកោសល្យ និងចេញបង្រៀននៅសាលាក្នុងវត្តក្រពើធំ។ នៅខែមីនា ឆ្នាំ១៩៧០ ឧត្តមសេនីយ៍ លន់ នល់ ធ្វើរដ្ឋប្រហារផ្តួលរំលំ សម្តេចព្រះនរោត្តម សីហនុ ពីព្រះតំណែង បានបណ្តាលឲ្យប្រទេសជាតិមានសង្គ្រាម និងការទម្លាក់គ្រាប់បែក។ នៅពេលនោះសាលាដែល ឆោម បង្រៀនត្រូវបិទទ្វា ហើយគាត់បានត្រលប់ទៅផ្ទះវិញ។ តាមការរៀបរាប់របស់ប្អូនប្រុសឆោម នៅឆ្នាំ១៩៧២ មានព្រឹត្តិការបាតុកម្មដុតធុងសាំងនៅផ្សារជីភូ ខេត្តស្វាយរៀង ដើម្បីប្រឆាំងនឹងការគ្រប់គ្រងរបស់របប លន់ នល់ ហើយ នៅពេលនោះទាហានបានធ្វើការបង្ក្រាបនិងចោទប្រកាន់ ឆោម ថាជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នោះ។ ឆោម ត្រូវបានឃុំខ្លួនរយៈពេលប្រហែល២សប្តាហ៍ ឪពុកបានទៅធានាទើបគាត់ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ។
នៅឆ្នាំ១៩៧២ ឆោម បានរត់ចូលព្រៃតាមការឃោសនារបស់អាជ្ញាធរភូមិដើម្បីចូលរួមជាមួយចលនាខ្មែរក្រហម។ នៅឆ្នាំដដែលនោះ អង្គការបានចាត់តាំង ឆោម ឲ្យធ្វើជាយោធាតំបន់២៣ ភូមិភាគបូព៌ា។ ចន្លោះពីឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៤ ឆោម មកសួរសុខទុក្ខឪពុកម្តាយបងប្អូនបានម្តងម្កាល ហើយគាត់បានប្រាប់គ្រួសារថាកំពុងតែធ្វើជាយោធា។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កម្ពុជាបានបញ្ចប់រាល់ការជ្រៀតជ្រែកពីសំណាក់បរទេស ការទម្លាក់គ្រាប់បែក និងការប្រឈមអាវុធដាក់គ្នានៃសង្គ្រាមស៊ីវិលរវាងខ្មែរ និងខ្មែរ ដែលបានអូសបន្លាយពេលប្រាំឆ្នាំ[3]។ ពេលនោះ ប្អូនប្រុសរបស់ឆោមបានដឹងដំណឹងពីអ្នកស្គាល់គ្នាប្រាប់ថា ឆោម ត្រូវបានអង្គការចាត់តាំងឲ្យធ្វើជា អនុប្រធានមន្ទីរសន្ដិសុខប្រសូត្រ ហើយបន្ទាប់មកអង្គការបានរៀបការឲ្យគាត់ជាមួយនារីឈ្មោះ ងួន សុខុម ហៅ ស៊ី ណាន។ កាលនោះឪពុក, ម្ដាយ និងបងប្អូន មិនបានទៅចូលរួមពិធីរៀបការនោះទេ ព្រោះអង្គការមិនអនុញ្ញាត។ នៅចន្លោះពីឆ្នាំ១៩៧៦ ដល់ឆ្នាំ ១៩៧៨ មានព្រឹត្ដិការណ៍ចាប់ខ្លួនកម្មាភិបាលភូមិភាគបូព៌ាជាបន្ដបន្ទាប់ សូម្បីតែ សោ ភឹម ជាលេខាភូមិភាគក៏ត្រូវបានអង្គការចោទប្រកាន់ថាក្បត់ចូលដៃជាមួយវៀតណាម ហើយ សោ ភឹម បានធ្វើអត្តឃាតសម្លាប់ខ្លួន[4]។ នៅឆ្នាំ១៩៧៧ ប្អូនប្រុសរបស់ឆោម រៀបរាប់ថានៅសហករណ៍ក្នុងខេត្តស្វាយរៀង មានសភាពការណ៍ច្របូកច្របល់ខ្លាំងដោយមានកងទ័ពវៀតណាមបានវាយចូលប្រទេសកម្ពុជាប៉ុន្តែត្រូវបានយោធាខ្មែរក្រហមវាយបង្ក្រាប។ ចំណែកកម្មាភិបាលពីភូមិភាគនិរតី បានចូលមកគ្រប់គ្រងតាមសហករណ៍ ឃុំ និងតំបន់ផ្សេងទៀតក្នុងខេត្តស្វាយរៀង។ ប្អូនប្រុសរបស់ឆោម និងគ្រួសារក៏បាត់ដំណឹងឆោម ចាប់ពីពេលនោះមក។
រឿងរ៉ាវរបស់ ស៊ិន សំបូរ ប្អូនប្រុសរបស់ឆោម៖ សំបូរ មានប្រពន្ធឈ្មោះ កែវ សន និងមានកូនចំនួន ៥នាក់។ អំឡុងឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៦ គាត់ត្រូវបានខ្មែរក្រហមតម្រូវឲ្យរស់នៅ ធ្វើស្រែចម្ការ, លើកទំនប់ និងជីកប្រឡាយ ក្នុងសហករណ៍ នៅស្រុកកំណើត។ នៅឆ្នាំ១៩៧៧ សំបូរ និងយុវជនក្នុងភូមិប្រាំមួយនាក់ ត្រូវបានខ្មែរក្រហមជ្រើសរើស ឲ្យរៀនពេទ្យរយៈពេលបីខែនៅតំបន់២៣។ ក្រោយមក សំបូរ បានព្យាបាលអ្នកជំងឺក្នុងភូមិមួយរយៈ បន្ទាប់មកអង្គភាពពេទ្យត្រូវបានរំសាយ ដោយចោទប្រកាន់ថាជាប់និន្នាការក្បត់។ សំបូរ ត្រូវបានអង្គការផ្លាស់ពីការងារពេទ្យឲ្យទៅធ្វើជាកងចល័តឃុំ។ កាលនោះកម្មាភិបាលភូមិភាគបូព៌ាមួយចំនួនត្រូវបាននាំទៅសម្លាប់ ចំណែកប្រជាជនត្រូវបានអង្គការជម្លៀសចេញទៅភូមិភាគពា័ព្យ និងតំបន់ផ្សេងៗទៀត។ ចំណែក សំបូរ ត្រូវបាន ជម្លៀសទៅ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ស្ថិតក្នុងភូមិភាគនិរតី។ នៅក្រាំងយ៉ូវ សំបូរ បានធ្វើការងារច្រើនជាងនៅខេត្តស្វាយរៀង ដូចជាធ្វើចម្ការ, ជីកប្រឡាយ និងលើកទំនប់ធំៗ ព្រមទាំងទទួលបានរបបអាហារមិនគ្រប់គ្រាន់។ គាត់បន្តរស់នៅទីនោះរហូតដល់របបខ្មែរក្រហមដួលរលំ និងត្រលប់មករស់នៅភូមិកំណើតវិញបានប្រកបរបរធ្វើស្រែរហូតដល់សព្វថ្ងៃ៕
អត្ថបទដោយ អេង សុខម៉េង
[1] K02345, ប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំងរបស់ឈ្មោះ រាជ ឆោម រស់នៅសហករណ៍រមាំងថ្កោល, ឯកសារតម្កល់ទុកនៅមជ្ឈមណ្ឌលឯកសារកម្ពុជា, ចំនួន១ទំព័រ។ ឆោម មានកម្ពស់១ម៉ែត្រ និង៧២សង់ទីម៉ែត្រ, មានប្រវែងដងខ្លួន៨៥ សង់ទីម៉ែត្រ។ គាត់ត្រូវបានឃាត់ខ្លួនអំឡុងពេលកងទ័ពមជ្ឈិមបោសសម្អាតកម្មាភិបាលភូមិភាគបូព៌ា។
[2] SVI0058, ផាន់ សុជា សម្ភាសន៍ជាមួយ ស៊ិន សំបូរ អាយុ៤៧ឆ្នាំ ត្រូវជា ប្អូនប្រុស រស់នៅភូមិភូមិពភ្លា ឃុំសង្ឃ័រ ស្រុកស្វាយទាប ខេត្តស្វាយរៀង, ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០៥, មជ្ឈមណ្ឌលឯកសារកម្ពុជា, ចំនួន ២៧ទំព័រ។
[3] ផេង ពង្សរ៉ាស៊ី និងអ្នកនិពន្ធផ្សេងទៀត ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) (ភ្នំពេញ)៖ មជ្ឈមណ្ឌលឯកសារកម្ពុជា), ទំព័រ១៤។
[4] ស្ទួន ទំព័រ៣៣ ៖ ភូមិភាគបូព៌ា (ភូមិភាគ២០៣) ដឹកនាំដោយ សោ ភឹម ដែលបានធ្វើអត្តឃាត នៅខែឧសភា ឆ្នាំ១៩៧៨។