ហោម សាង៖ ពេទ្យកងទ័ព

ហោម សាង[1] ភេទស្រី អាយុ៦០ឆ្នាំ មានទីកន្លែងកំណើតនៅឃុំកណ្ដាល ស្រុកឈូក ខេត្តកំពត។ សាង សព្វថ្ងៃរស់នៅភូមិស្វាយចេក ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សាង បាននិយាយរៀបរាប់រឿងរ៉ាវដែលខ្លួនបានឆ្លងកាត់ក្នុងរបបខ្មែរក្រហមដូចតទៅ៖ «កាលពីកុមារភាព ខ្ញុំសិក្សារៀនសូត្របានត្រឹមថ្នាក់ទី៧ ពីសង្គម។ ឪពុកម្ដាយខ្ញុំគឺជាកសិករ។ ជីវភាពគ្រួសារខ្ញុំនៅពេលនោះ មានកម្រិតមធ្យម ដែលមានអាហារហូបចុកគ្រប់គ្រាន់។ ខ្ញុំមានបងប្អូនបង្កើតចំនួន៤នាក់ ហើយខ្ញុំគឺជាកូនទី៣នៅក្នុងគ្រួសារ។
លុះដល់ឆ្នាំ១៩៧០ ខ្ញុំបានឮដំណឺងថា លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេច នរោត្តម សីហនុ ពីតំណែង។ អំឡុងពេលនោះហើយ ដែលប្រទេសជាតិចាប់ផ្ដើមមានភាពវឹកវរបង្កទៅជាសង្គ្រាមដ៏កាចសាហាវមួយនៅក្នុងប្រទេសកម្ពុជា។ ក្រោយមក ការធ្វើបាតុកម្មនៅតាមផ្សារ និងតាមទីសាធារណៈគ្រប់ទីកន្លែង ចាប់ផ្តើមកើតមានឡើង ដោយមានសំឡេងប្រជាជនស្រែករកយុត្តិធម៌ និងអំណាចជូនសម្ដេច នរោត្តម សីហនុ។ ការធ្វើបែបនេះ បង្កឲ្យកើតមានភាពចម្រូងចម្រាសរវាងកងទ័ព លន់ នល់ ជាមួយប្រជាជនខ្មែរ ដែលឈានដល់មានការផ្ទុះអាវុធ។
នៅពេលនោះ ខ្ញុំក៏បានឈប់រៀនដោយសារតែសាលារៀន ដែលខ្ញុំធ្លាប់បានរៀនគឺត្រូវបានបិទចោល។ បន្ទាប់ពីខ្ញុំឈប់រៀន ខ្ញុំបន្តរស់នៅជាមួយឪពុកម្ដាយនៅផ្ទះរហូតដល់ឆ្នាំ១៩៧២។ នៅក្នុងឆ្នាំនោះ ភូមិខ្ញុំមានការជ្រើសរើសជាងកាត់ដេរសម្លៀកបំពាក់។ ខ្ញុំបានស្ម័គ្រចិត្តចូលជាមួយប្រជាជននៅក្នុងភូមិមួយចំនួនទៀត។
កាលណោះ ខ្ញុំធ្វើការកាត់ដេរសម្លៀកបំពាក់សម្រាប់ផ្គត់ផ្គង់ដល់សហករណ៍។ ការងារជាអ្នកកាត់ដេរនៅជំនាន់នោះ ចាប់ផ្ដើមធ្វើការចាប់ពីម៉ោង៧ដល់ម៉ោង១១ថ្ងៃត្រង់ និងចាប់ពីម៉ោង១រសៀល ដល់ម៉ោង៥ល្ងាច។ ខ្ញុំទទួលបានបាយហូបគ្រប់គ្រាន់។
រហូតដល់ឆ្នាំ១៩៧៣ ការជ្រើសរើសកម្លាំងពីកន្លែងកាត់ដេរក៏បានកើតឡើងដែរ ដោយអ្នកជ្រើសរើសថ្មីនឹងត្រូវចូលរៀនផ្នែកពេទ្យនៅទីក្រុងភ្នំពេញ។ ជំនាន់នោះ ការជ្រើសរើសពេទ្យ គឺដំបូងមានការសាកសួរអំពីចំណេះដឹងយើងពីភាសាបារាំង ដើម្បីដឹងថាយើងអាចអានអក្សរនៅលើថ្នាំពេទ្យបានដែរឬទេ។ ខ្ញុំ បានប្រាប់ទៅតាមអ្វី ដែលខ្ញុំបានចេះ និងចងចាំកាលពីខ្ញុំបានសិក្សានៅក្នុងសាលា។ ខ្ញុំក៏បានជាប់ឈ្មោះក្នុងការជ្រើសរើសមួយនេះដែរ។ បន្ទាប់ពីបានជាប់ឈ្មោះចូលរៀនពេទ្យ ខ្ញុំត្រូវបានបញ្ជូនឲ្យរៀនជំនាញពេទ្យនៅភ្នំពេញ។ កាលណោះ ខ្ញុំរៀនផ្នែកវះកាត់អ្នកជំងឺ។ វេជ្ជបណ្ឌិត ដែលខ្ញុំរៀនជាមួយផ្ទាល់គឺ វេជ្ជបណ្ឌិត ជួន ជឿន។
ខ្ញុំបានចូលធ្វើពេទ្យ និងព្យាបាលអ្នកជំងឺជាមួយកងទ័ពរហូតមក។ ខ្ញុំមិនដែលមានឧបសគ្គអ្វីទេ។ ខ្ញុំបានដើរតាមព្យាបាលកងទ័ពមករហូតដល់ឆ្នាំ១៩៧៥។ ខ្ញុំបានធ្វើដំណើរចូលទីក្រុងភ្នំពេញតែម្ដង។ កាលណោះ ការរស់នៅតាមសហករណ៍ចាប់ផ្ដើមកើតឡើងហើយ។ សម្រាប់សម្លៀកបំពាក់ក្នុងមួយឆ្នាំខ្មែរក្រហមបើកឲ្យចំនួន២កំផ្លេរ។ ខ្ញុំទទួលបានការហូបចុកគ្រប់គ្រាន់ ដោយសារតែក្រុមខ្ញុំជាក្រុមគ្រូពេទ្យជំនាញ។ ខ្ញុំបន្តធ្វើជាពេទ្យនៅប្រចាំការនៅភ្នំពេញរហូតដល់ឆ្នាំ១៩៧៩ ដែលនៅពេលនោះកងទ័ពវៀតណាមបានចូលមកដល់។
ប្រជាជនបានបំបែកគ្នា និងវិលត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ។ ចំណែកឯក្រុមគ្រូពេទ្យខ្ញុំវិញដែលជាគ្រូពេទ្យជំនាញវះកាត់ កម្មាភិបាលខាងបូព៌ាបានមកដល់ ហើយបានស្នើឲ្យនៅជួយព្យាបាល និងវះកាត់កងទ័ព ដែលរងរបួសបន្តបន្ទាប់។ កងទ័ពរបួសមានចំនួនរាប់រយរាប់ពាន់នាក់ ហើយមិនចេះចប់មិនចេះអស់ទេ។
បន្ទាប់ពីព្យាបាលអ្នករបួសនៅខាងបូព៌ាបានធូរស្បើយហើយ ខ្ញុំត្រូវបានបញ្ជូនឲ្យទៅព្យាបាលអ្នករបួសនៅខាងភូមិភាគឧត្តរវិញ។ ខ្ញុំរួមទាំងក្រុមគ្រួពេទ្យដទៃទៀតបានបន្តសកម្មភាពព្យាបាលអ្នករបួសនៅភូមិភាគឧត្តររហូតដល់មានការផ្សះផ្សាគ្នា»៕
អត្ថបទដោយ លី សុខឃាង
[1] មេក វិន សម្ភាសន៍ជាមួយ ហោម សាង នៅភូមិស្វាយចេក ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅឆ្នាំ២០២៥។