ថ្លាង ហេវ៖ កងចល័តពិសេសលេខ១

ខ្ញុំឈ្មោះ ថ្លាង ហេវ[1] ភេទស្រី អាយុ៨០ឆ្នាំ រស់នៅភូមិបឹងម្កាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ តាឡូយ និងម្ដាយឈ្មោះ យាយអូន (ស្លាប់ទាំងពីរ)។ ខ្ញុំមានបងប្អូនបង្កើតចំនួន៧នាក់ ប្រុសចំនួន២នាក់ និងស្រីចំនួន៥នាក់។ បច្ចុប្បន្ន នៅមានជីវិតចំនួន៤នាក់រួមទាំងខ្ញុំ។ ខ្ញុំមានប្ដី ឈ្មោះ សុត សឹង មានកូនចំនួន៨នាក់ ប្រុសចំនួន៣នាក់ និងស្រីចំនួន៥នាក់ (ស្លាប់កូនប្រុស១នាក់)។
នៅឆ្នាំ១៩៧០ ដល់១៩៧៥ ក្នុងរបប លន់ លន់ នៅក្នុងភូមិនេះពុំមានការទម្លាក់គ្រាប់បែកនោះ ទេ។ ប៉ុន្តែខ្ញុំបែរឮថាសូរថាមានការទម្លាក់គ្រាប់នៅភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ពេលនោះ គ្រួសារខ្ញុំបាននាំគ្នាជីកត្រង់សេ ដើម្បីត្រៀមការពារខ្លួន ពីការទម្លាក់គ្រាប់បែកនេះដែរ។
នៅឆ្នាំ១៩៧៦ ដល់១៩៧៨ កម្មាភិបាលខ្មែរក្រហម បានដាក់ខ្ញុំជាប្រជាជនត្រៀម។ នៅរដូវវស្សា កម្មាភិបាលខ្មែរក្រហម បានបញ្ជូនខ្ញុំទៅដាក់ក្នុងកងចល័តលេខ១ ប្រើឲ្យទៅធ្វើស្រែ និងដកស្ទូងជាដើម។ កំណត់មួយក្រុមមានចំនួន១៥នាក់។ ក្នុងចំនោម១៥នាក់នេះ ក៏មានមនុស្សប្រុសចំនួន៣នាក់សម្រាប់ភ្ជួរស្រែផងដែរ។ កម្មាភិបាលខ្មែរក្រហមកំណត់ឲ្យស្ទូងដី១ហិកតា និងដកសំណាបឲ្យបាន ២ផ្លូនសម្រាប់មនុស្ស១នាក់ ត្រឹមរយៈពេលមួយព្រឹក។ មួយក្រុមខ្ញុំនេះ ស្ទូងលឿនស្រុះដៃគ្នាល្អណាស់ ហើយបានឈប់សម្រាកត្រឹមម៉ោង៤ល្ងាច ។ ពេលនោះកម្លាំងខ្ញុំចុះខ្សោយណាស់ ស្ទូងរហូតដល់បាក់ក្រចកដៃសឹងតែគ្រប់ម្រាមទាំងអស់។ បន្ទាប់មក ចូលដល់រដូវប្រាំង កម្មាភិបាលខ្មែរក្រហម ក៏បញ្ជូនខ្ញុំឲ្យទៅច្រូតស្រូវ និងលើកប្រព័ន្ធភ្លឺស្រែ ដោយកំណត់១ថ្ងៃឲ្យបានចំនួន៥ម៉ែត្រ។ នៅក្នុងកងចល័តនេះ ខ្ញុំធ្វើការចាប់ពីវត្តកោះក្អែក នៅកង១០៦។ អំឡុងពេលធ្វើការ ប្រធានកង បានប្រកាសដាក់មេក្រូ នៅតាមក្រោយជានិច្ច។ នៅតាមកង មានគ្រូពេទ្យ និងមានថ្នាំដាក់តាមរហូត។ ថ្នាំពេទ្យ ឃើញមានជាបន្ទះៗ ដូចថ្នាំប៉ារ៉ាយើងបច្ចុប្បន្នដែរ។ អ្នកចែកថ្នាំ កាលនោះ ឈ្មោះ តាង៉ុន ប្រធានភូមិ និងតាយ៉េង អនុប្រធានភូមិ។
បន្តមកទៀត កម្មាភិបាលខ្មែរក្រហម ក៏បញ្ជូនខ្ញុំឲ្យទៅនៅភូមិ ត្រពាំងខ្លូត ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ កម្មាភិបាលខ្មែរក្រហម មិនដែលវាយធ្វើបាបខ្ញុំទេ ដោយសារតែ ខ្ញុំធ្វើការងារបានល្អ និងធ្វើគ្រប់តាមផែនការណ៍កំណត់។ ការធ្វើការមិនសូវមានពេលវេលាឈប់សម្រាកទេ ដល់ម៉ោងវាយជួង ទើបបានឈប់សម្រាកហូបបាយ។ ខ្ញុំ និងប្ដីរបស់ខ្ញុំ មិនបានរស់នៅជួបជុំគ្នានោះទេ ព្រោះគាត់ត្រូវបានកម្មាភិបាលខ្មែរក្រហម បញ្ជូនឲ្យទៅធ្វើការនៅតាមកង ឡើងត្នោត នៅភូមិអង្គរនាប ឃុំត្រាំកក់ដែរ គ្រាន់តែខុសភូមិគ្នា។ រយៈពេលកន្លះខែ ឬ១ខែទើបគាត់អាចសុំប្រធានកងមកលេងផ្ទះម្ដង។ ប្ដីរបស់ខ្ញុំ មកលេងផ្ទះបានត្រឹមរយៈពេល១ម៉ោង ក៏ត្រឡប់ទៅកន្លែងវិញហើយ។ កម្មាភិបាលខ្មែរក្រហម បានបង្កើតសហករណ៍មួយកន្លែង នៅភូមិត្រពាំងខ្លូតនេះ គឺប្រជាជនទាំងអស់ រស់នៅជុំគ្នា ហូបចុករួមគ្នា និងចែករំលែកការសម្សាន្ដរួមគ្នា។[2] របបអាហារដែលទទួលបាន គឺបាយចំនួន១វែក សម្រាប់មនុស្ស១នាក់ ហូបជាមួយសម្លត្រកួន និងព្រលិតជាដើម។ នៅរោងសហករណ៍ មានតុបាយ១ និងឆ្នាំងសម្ល១ដាក់ចំពាក់កណ្ដាលតុបាយនោះ។ បន្តមកទៀត រៀបចំឲ្យហូបរួមគ្នា១ក្រុមមានចំនួន៤នាក់។ សំណាងល្អ ប្រធានកងស្លូត គាត់បានរៀបចំអាហារ ដែលមានជាតិសាច់ និងបង្អែម រយៈ១សប្ដាហ៍១ដង។ កាលនោះ កូនរបស់ខ្ញុំចំនួន២នាក់ ត្រូវបានកម្មាភិបាលខ្មែរក្រហម បញ្ជូនទៅដាក់តាមកងកុមារ ប្រើឲ្យដើររើសអាចម៏គោ និងកាប់ដើមទន្ទ្រានខេត្តនៅតាមភូមិជាដើម។
នៅក្នុងរបបខ្មែរក្រហម គ្មានសាលារៀន វត្តអារាម ប្រពៃណីទំនៀមទម្លាប់អ្វីទាំងអស់។ កម្មាភិបាលខ្មែរក្រហមផ្ដោតសំខាន់លើការធ្វើស្រែតែមួយមុខប៉ុណ្ណោះ។ កាលនោះ ការធ្វើស្រែទទួលបានផលច្រើនណាស់។ កម្មាភិបាលខ្មែរក្រហមកំណត់ ឲ្យប្រជាជនធ្វើស្រែឲ្យបានចំនួន៣តោនក្នុង១ហិកតា។ ប្រជាជនទាំងអស់ ត្រូវបានកម្មាភិបាលខ្មែរក្រហម ដកហូតទ្រព្យសម្បត្តិឯកជន និងរស់នៅគ្មានសិទ្ធិសេរីភាពឡើយ។ សូម្បីតែព្រះសង្ឃក៏ផ្សឹក ឬសឹកដោយខ្លួនឯងទៅធ្វើការ និងធ្វើស្រែដូចប្រជាជនទូទៅដែរ។ បើការរៀបការក្នុងរបបខ្មែរក្រហម ធ្វើឡើងតាមរយៈ ការប្ដេជ្ញា មានចាប់ពី៨គូ ទៅដល់១០គូ។ តាមខ្ញុំដឹងការប្ដេជ្ញា ធ្វើឡើងក្នុងភូមិបឹងម្កាក់ នៅផ្ទះយាយ វន។ ក្នុងរបបខ្មែរក្រហមខ្ញុំបានបាត់បង់ប្អូនប្រុសម្នាក់ ឈ្មោះ មី។ ប្អូនរបស់ខ្ញុំ ត្រូវបានកម្មាភិបាលខ្មែរក្រហមបញ្ជូនឲ្យទៅធ្វើការក្នុងកងយុវជន នៅកំពង់ឈូក ហើយបានបាត់ខ្លួនរហូតមិនឃើញត្រឡប់មកផ្ទះវិញឡើយ។ ខ្ញុំធ្លាប់ឃើញកម្មាភិបាលខ្មែរក្រហម បញ្ជូនបុរសចំនួន២នាក់មកសម្លាប់នៅភូមិបឹងម្កាក់នេះ គាត់ឈ្មោះ តាអ៊ួក និងតាញឿន។ អ្នកទាំងពីរនេះ រស់នៅភូមិត្រពាំងខ្លូត។ ខ្ញុំមិនដឹងថាគាត់ទាំងពីរធ្វើអី្វខុសនោះទេ។
នៅឆ្នាំ១៩៧៩ អំឡុងពេលបែករបបខ្មែរក្រហម ខ្ញុំ និងក្រុមគ្រួសារ បានរត់ទៅដល់ខ្លាជល់ ហើយត្រឡប់ទៅរស់នៅភូមិថ្មកែវ។ បន្ទាប់មក ក៏បន្តទៅរស់នៅភូមិស្រែជា បានមួយរយៈខ្លី ក៏ជួបជាមួយវៀតណាម។ ថែមទាំងចង្អុល ឲ្យខ្ញុំ និងគ្រួសារត្រឡប់មកតាកែវវិញ។ ក្រោយពេល បែករបបខ្មែរក្រហមភ្លាមៗ ខ្ញុំ មិនទាន់ហ៊ានត្រឡប់មកស្រុកវិញទេ រហូតដល់រយៈពេលកន្លះខែ ឃើញសភាពការណ៍ស្ងប់ស្ងាត់ ទើបខ្ញុំត្រឡប់ចូលមករស់នៅក្នុងភូមិនេះ ហើយបានជួបជុំជាមួយក្រុមគ្រួសារវិញ។
បច្ចុប្បន្ននេះ ខ្ញុំមានជំងឺឈឺភ្នែក, ជំងឺខ្សោយបេះដូង និងឈឺក្បាលជង្គង់។ ជំងឺទាំងអស់នេះ កើតមានឡើងរយៈ១០ឆ្នាំមកហើយ។ កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំធ្លាប់បានទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ សូវៀត។ មកដល់ឥឡូវនេះ ខ្ញុំមិនដែលទៅពេទ្យឆ្ងាយៗនោះទេ គឺទៅតែពេទ្យភ្នែក និងហៅគ្រូពេទ្យមកព្យាបាលជំងឺដល់ផ្ទះតែម្ដង៕
អត្ថបទដោយ៖ ជឹម សុខគា
[1] បទសម្ភាសជាមួយ ថ្លាង ហេវ[1] ភេទស្រី អាយុ៨០ឆ្នាំ រស់នៅភូមិបឹងម្កាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ, ចំណងជើងអត្ថបទ«ថ្លាង ហេវ៖ កងចល័តពិសេសលេខ១»។ សម្ភាសន៍ដោយ ជីម សុខគា នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥។
[2] ផេង ពង្សរ៉ាស៊ី និងអ្នកនិពន្ធផ្សេងទៀត, ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២ (ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា,២០២០),៣៩-៤០។