ប៉ិច តូ៖ អតីតកងកុមារ ក្នុងខេត្តកំពង់ស្ពឺចល័តទៅកាប់ព្រៃនៅខេត្តតាកែវ

នៅចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៨ តូ ត្រូវបានខ្មែរក្រហមចាត់ឲ្យចូលក្នុងកងកុមារភូមិព្រៃខ្លា ក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ក្រោយមក តូ ត្រូវបានខ្មែរក្រហមដកចេញពីខេត្តកំពង់ស្ពឺ ឲ្យធ្វើដំណើរទៅកាន់ភូមិព្រៃក្ដួច ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីកាប់ឆ្ការព្រៃអស់រយៈពេលប្រហែល៥ខែ។
ឈ្មោះ ប៉ិច តូ ភេទប្រុស អាយុ៦៣ឆ្នាំ។ តូ មានមុខរបរធ្វើចម្ការ, ដាំពោត, សណ្ដែក និងដំឡូង។ តូ មានស្រុកកំណើតនៅក្នុងភូមិព្រៃខ្លា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្ន តូ រស់នៅក្នុងភូមិកណ្ដាល ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឪពុករបស់ តូ ឈ្មោះ ម៉ី (ស្លាប់) និងម្ដាយឈ្មោះ គង់ (ស្លាប់)។ តូ មានបងប្អូនបង្កើតចំនួន៦នាក់ (ស្រី៣នាក់) ហើយ តូ ជាកូនទី២ក្នុងគ្រួសារ។ បងប្អូនរបស់ តូ នៅរស់រានមានជីវិតចំនួន៥នាក់ និងស្លាប់ចំនួនម្នាក់ ដោយសារការទម្លាក់គ្រាប់បែកក្នុងសម័យ លន់ នល់។ ប្រពន្ធរបស់ តូ ឈ្មោះ ជុំ ណាម អាយុ៥៤ឆ្នាំ និងមានមុខរបរធ្វើចម្ការ។ តូ មានកូនចំនួន៧នាក់ (ស្រី៥នាក់)។
នៅសម័យសង្គមរាស្រ្តនិយម ឪពុករបស់ តូ មានមុខរបរជាហ្មដំរី និងប្រកបមុខរបររកថ្នាំបុរាណ។ ជារៀងរាល់ថ្ងៃ ឪពុករបស់ តូ តែងតែជិះដំរីទៅរកថ្នាំបុរាណ(ឫសឈើ)នៅលើភ្នំក្នុងខេត្តកំពង់ស្ពឺ។ ចំណែកម្ដាយរបស់ តូ ប្រកបមុខរបរធ្វើស្រែចម្ការនៅក្នុងភូមិកំណើត។ តូ ធ្លាប់ជិះដំរីឡើងទៅរកថ្នាំបុរាណជាមួយ ឪពុក បានប្រហែល៣ទៅ៤លើក។ ក្រៅពីមុខរបររកថ្នាំ តូ និងឪពុក បានដាំស្លឹកម្លូរ រែកយកទៅលក់នៅផ្សារក្នុងខេត្តកំពង់ស្ពឺ។ កាលនៅវ័យកុមារ តូ មិនបានចូលរៀនសូត្រនោះទេ ព្រោះភូមិស្រុកកំពុងស្ថិតក្នុងភ្លើងសង្រ្គាមស៊ីវិលរវាងទាហាន លន់ នល់ ជាមួយ កងទ័ពខ្មែរក្រហម។
នៅចន្លោះឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧៥ មានយន្តហោះបានបើកមកទម្លាក់គ្រាប់បែកនៅក្នុងភូមិព្រៃខ្លា ក្រុមគ្រួសាររបស់ តូ បានរត់ភៀសខ្លួនចេញពីភូមិព្រៃខ្លា ដើម្បីទៅរស់នៅក្នុងបឹងស្រែ(មិនបញ្ជាក់ភូមិ)។ ឪពុកម្ដាយរបស់ តូ បានជីកត្រង់សេនៅតាមវាលស្រែ និងតាមមាត់អូរ សម្រាប់លាក់ខ្លួនពីការទម្លាក់គ្រាប់បែករបស់ ទាហានអាមេរិកាំង។ អំឡុងពេលជាមួយគ្នា សមាជិកគ្រួសារអ៊ុំ របស់ តូ ទាំងអស់សរុបចំនួន៤នាក់ និងប្អូនប្រុសរបស់ តូ មា្នក់ត្រូវបានស្លាប់បាត់បង់ជីវិត ដោយសារការទម្លាក់គ្រាប់បែក។
នៅចន្លោះឆ្នាំ១៩៧៥ ដល់ចុងឆ្នាំ១៩៧៨ តូ ត្រូវបានខ្មែរក្រហមចាត់ឲ្យចូលក្នុងកងកុមារភូមិព្រៃខ្លា ដែលមានឈ្មោះ តា ណែម ជាប្រធានកងកុមារ។ តា ណែម មានស្រុកកំណើតនៅក្នុងភូមិព្រៃខ្លា និងមានចរិតស្លូតបូត។ ដំបូងឡើយ តូ ត្រូវបាន តា ណែម ប្រើឲ្យកាប់ស្លឹកទន្រ្ទានខេត្រ, រើសអាចម៌គោ និងកាប់ដីដំបូក ដើម្បីលាយបញ្ចូលគ្នាធ្វើជាជីដាក់ស្រែ។ រីឯឪពុករបស់ តូ ត្រូវបានខ្មែរក្រហមប្រើឲ្យធ្វើជាហ្មដំរី (មើលថែសត្វដំរី)នៅក្នុងភូមិព្រៃខ្លា។ ចំណែកម្ដាយ ត្រូវបានខ្មែរក្រហមប្រើឲ្យលើកភ្លឺស្រែ និងធ្វើស្រែ ដក ស្ទូងនៅតាមសហករណ៍ចល័តទៅភូមិមួយចំនួននៅក្បែរៗភូមិព្រៃខ្លា។ ក្រៅពីការងារធ្វើជី តូ ត្រូវបានខ្មែរក្រហមប្រើឲ្យរែកដី លើកទំនប់យ៉ាងធ្ងន់ធ្ងរ។ តូ ត្រូវធ្វើការងារចាប់ពីម៉ោង៦ព្រឹក រហូតដល់ម៉ោង១១ព្រឹក សម្រាកហូបបបរម្ដង និងចុះធ្វើកាងារចាប់ពីម៉ោង១ទៅម៉ោង២រសៀល រហូតដល់ម៉ោង៥ល្ងាច ទើបបានសម្រាកហូបបបរម្ដងទៀត។ លុះយប់ឡើងម៉ោងប្រហែល៧យប់ តូ ត្រូវបន្តទៅរែកដីរហូតដល់ម៉ោង១០យប់ ទើបអាចចូលសម្រាកបាន។ តូ ហូបអាហារមិនបានគ្រប់គ្រាន់នោះទេ មានបបរលាយជាមួយពោត ឬដំឡូង ហូបលាយជាមួយសម្លព្រលឹតស្ទើរររៀងរាល់ថ្ងៃ។ ក្នុងមួយសប្ដាហ៍ខ្លះ តូ បានហូបបង្អែមហូបហើយរៀងរាល់យប់ ខ្មែរក្រហមតែងតែហៅក្រុមកុមារទៅប្រជុំ ដោយនិយាយថា ឲ្យប្រឹងធ្វើការងារឲ្យបានល្អ។ បន្ទាប់មក តូ និងកុមារមួយចំនួន ត្រូវបានខ្មែរក្រហមដកចេញពីភូមិព្រៃខ្លា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បញ្ចូនទៅកាន់ ស្រុកត្រាំកក់ ខេត្តតាកែវ។ តូ និងកុមារទាំងអស់ ត្រូវបានខ្មែរក្រហមប្រើឲ្យកាប់ព្រៃនៅភូមិព្រៃក្ដួច ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។ សម្រាប់របបអាហារភូមិព្រៃក្ដួច គឺមានភាពខ្វះខាតកាន់តែខ្លាំង។ អស់រយៈពេលប្រហែល៥ខែ ក្រោយមក តូ ត្រូវបានខ្មែរក្រហមដកចេញពីខេត្តតាកែវ ដោយបញ្ចូនមកកាន់ស្រុកកំណើតនៅកំពង់ស្ពឺវិញ។ បន្ទាប់មក តូ ត្រូវបានខ្មែរក្រហមបញ្ជាឲ្យដាំអំពៅ មើលថែ និងរែកទឹកស្រោចដើមអំពៅឲ្យបានល្អ។ សម្រាប់របបអាហារ ខ្មែរក្រហមបានចែកអង្ករឲ្យដាំបាយ ឬបបរហូបដោយខ្លួនឯងនៅតាមក្រុម។
ដើមឆ្នាំ១៩៧៩ ខណៈពេល តូ កំពុងរែកទឹកស្រោចដើមអំបៅ កងទ័ពវៀតណាមបានចូលមកដល់ភូមិព្រៃខ្លា តូ បានឮអ្នកភូមិនិយាយតៗមកថា វៀតណាមចូលមកធ្វើបាប ចាប់វះពោះ ដោយខ្លាចកងទ័ពវៀតណាមគិតថា តូ ជាខ្មែរក្រហម ហើយចាប់ខ្លួន ទើប តូ បានរត់ទៅរកម្ដាយនៅសហករណ៍ និងបានរត់តាមអ្នកភូមិចេញពីភូមិព្រៃខ្លា ទៅកាន់ទីរួមខេត្តកំពង់ស្ពឺ។ តូ ម្ដាយ និងប្អូនៗ បានភៀសខ្លួនរស់នៅតាមវត្តមួយចំនួន ក្នុងខេត្តកំពង់ស្ពឺ និងមិនហ៊ានត្រឡប់មកស្រុកកំណើតវិញនោះទេ។ អស់រយៈពេល១ឆ្នាំ ក្រោយមក តូ និងម្ដាយបានរត់ត្រឡប់មកភូមិកំណើតវិញ ទើបបានជួបជុំជាមួយឪពុកផ្ទះក្នុងភូមិព្រៃខ្លា។
ឆ្នាំ១៩៨៤ តូ បានចូលធ្វើកងទ័ពរបស់រដ្ឋាភិបាល និងទៅហ្វឹកហាត់អំពីយុទ្ធសាស្រ្តកងទ័ពនៅក្នុងបន្ទាយអន្លង់ជ្រៃ ស្ថិតក្នុងឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺអស់រយៈពេល១ខែ។ ក្រោយមក តូ និងកងទ័ពចំនួន១០នាក់ ដែលហាត់ក្នុងបន្ទាយអន្លង់ជ្រៃ បានចេញទៅបរបាញ់សត្វនៅក្នុងព្រៃ ទើបត្រូវបានកងទ័ពខ្មែរក្រហមចាប់ខ្លួនចេញពីស្រុកថ្ពង បញ្ចូនទៅកាន់ជំរំខៅផ្លួរ នៅព្រំដែនខ្មែរ-ថៃ។ ក្នុងពេលជាមួយគ្នា កងទ័ពខ្មែរក្រហមចាប់បានកងទ័ពសរុបប្រហែល១០០នាក់ ដែលជាកងទ័ពរបស់រាជរដ្ឋាភិបាលនៅតាមបន្ទាយផ្សេងៗ បញ្ចូនឲ្យទៅចូលរួមជាមួយកងកម្លាំងខ្មែរក្រហម។ តូ ត្រូវបានដាក់ឲ្យធ្វើកងទ័ពក្នុងវរសេនាធំលេខ១១១ ដែលមានប្រធានឈ្មោះ រាំង ក្នុងកងពលធំលេខ១១ ដឹកនាំដោយឈ្មោះ ម៉ុន។ បន្ទាប់មក តូ បានចូលប្រយុទ្ធក្នុងសមរភូមិមុខជាមួយកងទ័ពវៀតណាមនៅក្នុងស្រុកភ្នំស្រួច ស្រុកឧដ្ដុង្គ ស្រុកឱរ៉ាល់ និងស្រុកថ្ពង ខេត្តកំពង់ស្ពឺ អស់រយៈពេលជាច្រើនឆ្នាំ។ រហូតឆ្នាំ១៩៩៣ តូ បានដើរជាន់មីន និងបានរងរបួសត្រង់ជើងយ៉ាងធ្ងន់ធ្ងរ។ បន្ទាប់ពីរងរបួស តូ មិនបានចូលរួមប្រយុទ្ធក្នុងសមរភូមិទៀតនោះឡើយ។ រឿងរ៉ាវដែល តូ បានចងចាំ និងមិនអាចបំភ្លេចបានក្នុងសម័យខ្មែរក្រហម គឺ នៅអំឡុងពេលតូ នៅកុមារ ត្រូវបានខ្មែរក្រហមប្រើឲ្យធ្វើការងារយ៉ាងលំបាក និងធ្ងន់ធ្ងរខ្លាំង។ ជាពិសេស ការបរិភោគអាហារមិនបានគ្រប់គ្រាន់ ដែលតម្រូវឲ្យហូបបបរអស់រយៈពេល៣ឆ្នាំ៕