ប៊ូ ស្រ៊ាង ហៅ ភាព៖ អង្គការបានលើកឡើងថា ”ការលត់ដំអាចបង្ហាញពីភាពស្មោះត្រង់ និងភាពមិនស្មោះត្រង់”

ប៊ូ ស្រ៊ាង រស់នៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។

នៅក្នុងរបបខ្មែរក្រហម ប៊ូ ស្រ៊ាង ហៅ ភាពបានលើកឡើងថា មុនពេលទៅធ្វើការងារ អង្គការតែងតែ ប្រជុំលើកទឹកចិត្តឲ្យខិតខំប្រឹងប្រែងធ្វើការងារ និងស្មោះត្រង់ជាមួយអង្គការ។ អង្គការបន្តទៀតថា បើសិនជាមិត្ត ទាំងអស់គ្នាទ្រាំលត់ដំខ្លួនមិនបានទេ មិត្តមិនស្មោះត្រង់ជាមួយអង្គការ។ ខាងក្រោមនេះជាសាច់រឿងរបស់ប៊ូ ស្រ៊ាង ហៅ ភាព៖

ខ្ញុំឈ្មោះ ប៊ូ ស្រ៊ាង[1] ហៅ ភាព ភេទស្រី អាយុ៤៥ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។ បច្ចុប្បន្នរស់នៅក្នុងភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។ ឪពុកខ្ញុំឈ្មោះ ប៉ាន់ ប៊ូ និង ម្ដាយឈ្មោះ លឹង ហ៊ាង។ ខ្ញុំមានបងប្អូនចំនួន៧នាក់ ក្នុងនោះមានស្រី៤នាក់ និង ប្រុស៣នាក់។ ខ្ញុំជាកូនច្បងនៅក្នុងគ្រួសារ។ ប្ដីខ្ញុំឈ្មោះ ផេង លី អាយុ៥២ឆ្នាំ។ ខ្ញុំមានកូនចំនួន៩នាក់  ក្នុងនោះ ស្រី៥នាក់ និងប្រុស៤នាក់។ សព្វថ្ងៃខ្ញុំប្រកបមុខរបរធ្វើស្រែ។

កាលពីកុមារខ្ញុំរៀនបានត្រឹមថ្នាក់ទី១២ នៅសាលាវត្តកោះតូច ដែលស្ថិតនៅក្នុងភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ នៅពេលមានសង្គ្រាមខ្ញុំបានឈប់រៀន ហើយបានត្រឡប់មករៀនជាមួយគ្រូក្នុង ភូមិវាលត្រែងវិញ។

នៅភូមិវាលត្រែង ត្រូវបានគ្រប់គ្រងដោយខ្មែររំដោះ ឈ្មោះសុន។ ខ្ញុំចាប់ផ្ដើមរៀន​សៀវភៅ​បដិវត្តន៍ បាន៥ខែ។ បន្ទាប់មកខ្ញុំចាប់ផ្ដើមរៀនឯកសារតំបន់២៥។ ក្នុងឯកសារនោះ ខ្ញុំឃើញសរសេរ​អំពី​ចលនា​តស៊ូរបស់ខ្មែរក្រហមមិត្តនារីត្រូវទៅលត់ដំធ្វើស្រែចម្ការ និងធ្វើសង្គ្រាម។ កាលនោះអង្គការឲ្យទៅរៀននៅផ្ទះពូ តឹម គ្រឿង។

នៅឆ្នាំ១៩៧៤ ខ្ញុំមានអាយុ១៦ឆ្នាំ។ អង្គការបានចាត់តាំងប្រជាជនក្នុងភូមិឲ្យធ្វើជាគ្រូបង្រៀនកុមារ​។ ពេលនោះខ្ញុំឃើញមានតែកុមារីគ្មានកុមារាទេ។ ឪពុកម្ដាយខ្ញុំនៅក្រុមសាមគ្គី ទើបមិនសូវយល់ច្បាស់ ទេ​។ អង្គការបានកំណត់ថានៅក្នុងមួយគ្រួសារត្រូវមានសមាជិកម្នាក់ទៅធ្វើទ័ពនារីខ្ញុំក៏សម្រេចចិត្ត ទៅខ្លួនឯង ដើម្បីឲ្យប្អូនទី២នៅផ្ទះ។ ខ្ញុំបានទៅរៀនឯកសារបដិវត្តន៍។ ពេលរៀនចប់ខ្ញុំ បងយន និងភុំបានធ្វើនារីក្រហមជាមួយគ្នា។

នៅខែមករា ឆ្នាំ១៩៧៤ អង្គការឲ្យខ្ញុំទៅហាត់រៀនយោធានៅវត្តបុទុមសាគរ ដែលស្ថិតនៅក្នុង ភូមិចុងកោះ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល។ ខ្ញុំបានរៀនពីរបៀបបាញ់កាំភ្លើង និងក្បួនយុទ្ធសាស្រ្ត យោធារយៈពេល៦ខែ។ បងសំនៀង ជាគ្រូហ្វឹកហាត់ បង្រៀនពីរបៀបហាត់យកសាច់ដុំ, ហាត់យក,កម្លាំងជើង, ហាត់លូនយកកែងជើង, ចុងជើង និងកែងដៃ។ នៅខែកក្កដា ឆ្នាំ១៩៧៤ ខ្ញុំបានទៅសមរភូមិពកអាទាវដែលស្ថិតស្រុកលើកដែក ខេត្តកណ្ដាល។ អង្គការចាត់តាំងឲ្យខ្ញុំជញ្ជូនគ្រាប់ និងសែងអ្នករងរបួស។

នៅពេលខ្មែររំដោះចូលមកបានចាប់ទាហានលន់ នល់ ហើយខ្ញុំឃើញទាហាន លន់ នល់ មួយចំនួនបានទៅលាក់ខ្លួននៅបន្ទាយតាខ្មៅ ខ្លាចអង្គការធ្វើបាប។ ពេលបែកភ្នំពេញខ្ញុំបានមកនៅផ្សារអូរឫស្សី ដើម្បីបោសសម្អាតតាមផ្ទះ។ ក្រុមចល័តខ្ញុំមួយកងដើរបោសសម្អាត និងជូតផ្ទះតាមការណែនាំរបស់អង្គការ ព្រោះខ្លាចទេសចរណ៍មកពិនិត្យ។ ពេលប្រជុំអង្គការលើកឡើងថា គ្មានកម្មសិទ្ធិក្រាស់ទេគឺមិនត្រូវយករបស់ប្រើប្រាស់, សម្លៀកបំពាក់តូចធំ។ ប្រធានក្រុមខ្ញុំឈ្មោះថា បានយកមាសដាក់ក្នុងវ៉ាឡូ នៅពេលអង្គការរកឃើញ អង្គការបានទម្លាក់សិទ្ធិសល់ត្រឹមយុទ្ធនារីវិញ។ ក្រោយមកអង្គការបានចាត់តាំងខ្ញុំចូលមូលដ្ឋានវិញហៅថា នារីមូលដ្ឋាន។ អង្គការចាត់តាំងឲ្យក្ដោបក្ដាប់ប្រជាជនមូលដ្ឋាន។ ខ្ញុំឃើញអង្គការយកមនុស្សមកភ្ជួរដី។ បន្ទាប់មក អង្គការឲ្យខ្ញុំដាំបន្លែ ពេលបានផលអង្គការបញ្ជាឲ្យកាត់យកទៅខាងសេដ្ឋកិច្ចស្ទើរអស់បន្លែ។

នៅឆ្នាំ១៩៧៧ ខ្ញុំនៅក្នុងកងពល១២ ដែលមានឈ្មោះពូហ៊ុយ ជាប្រធានកងពល។  ខ្ញុំនៅធ្វើការឋានៈជាយុទ្ធនារី។ ក្នុងមួយថ្ងៃខ្ញុំហូបបាយបានពីរពេល។ អង្គការបែងចែកយុទ្ធជន និងយុវនារី ដាច់ដោយឡែកពីគ្នា។ នៅការដ្ឋានខ្ញុំធ្វើការងារយូរៗមានជនបរទេសប្រហែលជាជនជាតិបារាំងមកមើលម្ដង។

ខ្ញុំឃើញអង្គការលត់ដំប្រជាជនមកពីភូមិភាគបូព៌ាច្រើនណាស់។ នៅពេលមានប្រជុំម្ដងៗអង្គការតែង តែលើកទឹកចិត្តឲ្យខិតខំធ្វើការងារ និងស្មោះត្រង់។ អង្គការបន្តទៀតថា បើសិនជាមិត្តទាំងអស់គ្នាទ្រាំលត់ដំខ្លួន មិនបានទេ មិត្តមិនស្មោះត្រង់ជាមួយអង្គការទេ។ អង្គការត្រូវបញ្ជូនមិត្តទៅកែកំហុសមួយរយៈ។ កាលនោះ សមាជិកនៅក្នុងក្រុមខ្ញុំតែងតែបាត់ខ្លួនរហូតមិនដឹងថាអង្គការយកទៅណា។ នៅកន្លែងធ្វើការរបស់ខ្ញុំអង្គការ បែងចែកជាបីក្រុម ទី១-ក្រុមឈានមុខ ទី២-ក្រុមកណ្ដាល ទី៣-ក្រុមខ្សោយ។ ចំពោះការងារត្រូវធ្វើដូចគ្នា ប៉ុន្តែក្រុមទី១ ត្រូវលឿនជាងក្រុម២ និងទី៣។

ខ្ញុំធ្លាប់បានទៅសាលាស៊ីសុវត្ថិ និងស្តាតចំនួន៣ដង។ ពេល នោះអង្គការឲ្យស្លៀក​សំពត់​ខ្មៅ​ពាក់​ស្បែក ជើងកង់ឡានពាក់អាវខ្មៅដៃវែង និងកាត់សក់ខ្លីត្រឹមក។ ខ្ញុំជិះឡានពីសាលាស៊ីសុវត្ថិ​ទៅ​ស្តាត​ឈរ​តម្រង់​ជួរ ដើម្បីទៅមើលសិល្បៈ។ ខ្ញុំទៅមើលសិល្បៈកុមារច្រៀងបាន២ទៅ៣បទនាំគ្នាមកវិញ។

នៅឆ្នាំ១៩៧៩ ខ្ញុំត្រឡប់មកផ្ទះវិញ។ ខ្ញុំបានរៀនការនៅឆ្នាំ១៩៨០។ គ្រួសារខ្ញុំរស់នៅភូមិប្រាសាទ ឃុំជ្រោយឫស្សី ស្រុកស្អាង ខេត្តកណ្ដាល៕

អត្ថបទដោយ វី ស៊ីថា


[1] លេខ ឯកសារKPI0460 , តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា, បទសម្ភាសន៍ ប៊ូ ស៊្រាង, សម្ភាន៍ដោយផាន់ សុជា, ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៣។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin