ប្អូនខ្ញុំត្រូវខ្មែរក្រហមចាប់ផ្សឹក

(សៀមរាប)៖ ដឹប រ៉ូន ភេទស្រី មានអាយុ ៥៧ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិត្រាច ឃុំបល្ល័ង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ រ៉ូន មានឪពុកឈ្មោះ វឹង ដឹប និងម្ដាយឈ្មោះ ហ៊ីង អែម។ រ៉ូន មានប្តីឈ្មោះ បូល នាន់ និងមានកូនប្រាំបីនាក់ ក្នុងនោះស្រីបីនាក់។
នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ គ្រួសាររ៉ូន បានរត់ទៅរស់នៅព្រៃស្ទឹង ដើម្បីគេចពីការទម្លាក់គ្រាប់បែក។ នៅព្រៃស្ទឹង គ្រួសាររ៉ូន ធ្វើស្រែចម្ការ និងលាក់ខ្លួនតាមលេណដ្ឋាន (ត្រង់សេ) នៅពេលមានយន្តហោះឆ្លងកាត់។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានចាត់ទុកគ្រួសាររ៉ូន ជាប្រជាជនចាស់ ដោយហូបរួម, ធ្វើការរួម នៅក្នុងសហករណ៍។ ប្រជាជនត្រូវធ្វើពលកម្មហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់ ដោយមានតែបបររាវលាយជាមួយដើមចេក និងត្រកួនប៉ុណ្ណោះ។
នៅរបបខ្មែរក្រហម រ៉ូន រៀននៅតាមសាលាធាងដូង និងកាប់ទន្ទ្រានខេត្ត។ បន្ទាប់មក រ៉ូន ចូលធ្វើការក្នុងកងចល័ត ដោយត្រូវទៅលើកភ្លឺស្រែ, ច្រូតស្បូវ, ដកសំណាប និងស្ទូងស្រូវ នៅតាមសហករណ៍ និងភូមិមួយចំនួន ដូចជានៅភូមិតាភូក, ត្រពាំងស្វាយ, ត្រពាំងក្រសាំង, បែកកំាំភ្លើង និងលង់ព្រលឹង។
ចំពោះប្រជាជន១៧មេសា រ៉ូន និយាយថា គាត់បានឃើញខ្មែរក្រហមដឹកប្រជាជន១៧មេសា ដោយចងស្លាបសេក ឆ្ពោះទៅទិសខាងត្បូង។ រ៉ូន បន្តថា ខ្មែរក្រហមបានយកអ្នកដែលខុសសីលធម៌ ទៅឃុំឃាំងនៅមន្ទីរសន្តិសុខ វត្តតាសិន។ ប្អូនប្រុសរបស់រ៉ូន ត្រូវខ្មែរក្រហមចាប់ផ្សឹក និងបញ្ជូនទៅធ្វើយោធាខ្មែរក្រហម។ ប្អូនរបស់គាត់ពីរនាក់ទៀត ត្រូវបានបាត់បង់ជីវិតដោយសារជំងឺ។ នៅរបបខ្មែរក្រហម មានតែថ្នាំរាងដូចអាចម៍ទន្សាយប៉ុណ្ណោះ សម្រាប់ព្យាបាលជំងឺទូទៅ។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ រ៉ូន ត្រលប់មករស់នៅស្រុកកំណើត ដោយរៀបការ និងប្រកបរបរធ្វើស្រែចម្ការចិញ្ចឹមជីវិត។ រ៉ូន និយាយថា អ្នកជំនាន់ក្រោយមួយចំនួន មិនជឿលើរឿងរ៉ាវដែលគាត់បានឆ្លងកាត់នោះទេ។ ជាចុងក្រោយ រ៉ូន សង្ឃឹមថានឹងមានការអប់រំបន្ថែមពីរបបខ្មែរក្រហមតាមសាលារៀន ដើម្បីឲ្យអ្នកជំនាន់ក្រោយបានដឹង និងការពារកុំឲ្យមានរបបនេះសាជាថ្មី៕
សម្ភាសដោយ ដន ហុគី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥