ទាហានថៃបានព័ទ្ធបន្លាលួសយកផ្ទះរបស់ខ្ញុំនៅថ្ងៃទី១៣ ខែសីហាៈ យុត្តិធម៌នៅឯណា?

ទាហានថៃបានព័ទ្ធបន្លាលួសយកផ្ទះរបស់ខ្ញុំនៅថ្ងៃទី១៣ ខែសីហាៈ យុត្តិធម៌នៅឯណា?
ខ្ញុំបានធ្វើបទសម្ភាសន៍ជាមួយ អ្នកមីង នួន អូន តាមទូរសព្ទរយៈពេលកន្លះម៉ោង នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ អំពីហេតុការណ៍ដែលទាហានថៃបានបង្ខំឲ្យគាត់ចាកចេញពីផ្ទះ ដើម្បីព័ទ្ធបន្លាលួសយកផ្ទះរបស់គាត់ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។ ខាងក្រោមនេះគឺជាការរៀបរាប់របស់គាត់៖
ខ្ញុំឈ្មោះ នួន អូន អាយុ៦២ឆ្នាំ ស្វាមីឈ្មោះ តាំង នី អាយុ៦១ឆ្នាំ។ ប្តីរបស់ខ្ញុំពិការជើង ដោយសារគ្រាប់មីននៅឆ្នាំ១៩៩៧។
ខ្ញុំមានស្រុកកំណើតនៅស្រុកចម្ការលើ ខេត្តកំពង់ចាម។ ខ្ញុំបានមកតាំងទីលំនៅ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅឆ្នាំ១៩៩០។ ខ្ញុំមានកូន៣នាក់ (ប្រុសម្នាក់ និងស្រី២នាក់)។
កូនប្រុសច្បងនិងកូនស្រីរបស់ខ្ញុំបានរៀបការរួចហើយ។ កូនប្រុសច្បងមានកូន៣នាក់។ ខ្ញុំនិងប្តីរបស់ខ្ញុំរស់នៅជាមួយកូនប្រុសច្បងនិងកូនប្រសារស្រី ព្រមទាំងចៅស្រីប្រុសរបស់ខ្ញុំទាំង៣នាក់ ដែលមានសមាជិកសរុបទាំងអស់៧នាក់នៅក្នុងគ្រួសាររបស់ខ្ញុំ។
នៅវេលាម៉ោង៣រសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅពេលខ្ញុំកំពុងគេងលើអង្រឹង ក្រុមទាហានថៃប្រដាប់ដោយអាវុធដែលមានគ្នាប្រហែល៣០នាក់ បានស្រែកប្រាប់ក្រុមគ្រួសារខ្ញុំនិងអ្នកភូមិ៣-៤គ្រួសារទៀត ឲ្យចាកចេញពីផ្ទះជាបន្ទាន់។ ដោយភាពតក់ស្លុតនិងមិនអាចតតាំងបាន ខ្ញុំនិងក្រុមគ្រួសារ បានចាកចេញពីផ្ទះ ដោយមិនបានយកអ្វីតាមខ្លួន សូម្បីតែឆ្នាំងបាយ។ នៅត្រង់នេះ ខ្ញុំនឹកឃើញដល់ការជម្លៀសសម័យខ្មែរក្រហម នៅពេលដែលយោធាខ្មែរក្រហមស្រែកប្រាប់ឲ្យយើងចេញពីផ្ទះសម្បែង ទៅរស់នៅជនបទទាំងបង្ខំ។ ប៉ុន្តែនៅពេលដែលខ្មែរក្រហមឲ្យខ្ញុំចាកចេញពីផ្ទះ កាលណោះផ្ទះរបស់ខ្ញុំតូចធ្វើអំពីឈើ វាគ្រាន់តែជាកូនខ្ទមមួយប៉ុណ្ណោះ។ ឥឡូវនេះផ្ទះរបស់ខ្ញុំធ្វើពីថ្មដែលមានទទឹង៤ម៉ែត្រ និងបណ្តោយ៧ម៉ែត្រ។ ខ្ញុំពិតជាស្តាយស្រណោះណាស់។ នៅសុខៗមានអ្នកមកបង្ខំឲ្យយើងចេញពីផ្ទះ ហើយយកបន្លាលួសមកព័ទ្ធផ្ទះរបស់យើងទៀត។ នេះជាលើកទី១ហើយដែលថៃធ្វើដាក់អ្នកភូមិព្រៃចាន់។ ខ្ញុំសូមបញ្ជាក់ថា មុនថ្ងៃទី១៣ ខែសីហា ទីតាំងឈរជើងរបស់ទាហានមានចម្ងាយប្រែល១០០ម៉ែត្រពីផ្ទះរបស់ខ្ញុំ។ បន្ទាប់ពីរាយបន្លាលួសព័ទ្ធយកផ្ទះខ្ញុំនិងផ្ទះអ្នកជិតខាងខ្ញុំ។ទាហានថៃយាមនៅទីនេះប្រហែលមួយម៉ោង ទើបចាកចេញទៅ។ ប៉ុន្តែគេនៅតែមានដ្រូនតាមឃ្លាំមើលយើងជានិច្ច។
បន្ទាប់ពីចាកចេញពីផ្ទះ ខ្ញុំទទួលបានតង់កៅស៊ូដើម្បីធ្វើជាជម្រកបណ្តោះអាសន្ននិងអំណោយផ្សេងៗសម្រាប់ប្រើប្រាស់ពីប្រជាពលរដ្ឋខ្មែរយើង។ ខ្ញុំនិងអ្នកភូមិបានលូនតាមរបងលួសចូលទៅក្នុងផ្ទះដើម្បីយកឆ្នាំងមកដាំបាយហូប។ ខ្ញុំនិងក្រុមគ្រួសារស្នាក់នៅក្នុងជម្រកនោះបណ្តោះអាសន្ន ដើម្បីរង់ចាំការរកខុសត្រូវពីរដ្ឋាភិបាលកម្ពុជា។
កាលពីថ្ងៃទី១៤ ខែសីហា នៅពេលល្ងាច ខ្ញុំបានឃើញអ្នកអង្កេតការណ៍បរទេស [ក្រុមអ្នកសង្កេតការណ៍អន្តរកាលអាស៊ាន] ចុះមកពិនិត្យទីតាំងដែលទាហានថៃបានរាយបន្លាលួស។ ខ្ញុំនិងអ្នកភូមិដែលរងគ្រោះបានរៀបរាប់ទាំងក្តុកក្តួលថា៖ «សូមជួយខ្ញុំផង ខ្ញុំអស់ផ្ទះហើយ»។ ខាងក្រុមអ្នកសង្កេតការណ៍ឲ្យខ្ញុំបោះជំរំនៅទីនេះសិនទៅ គាត់ទាំងអស់គ្នានឹងលៃលកជួយដោះស្រាយឲ្យ។ ក្រុមការងារបានពិនិត្យទីតាំងយើងរួចហើយ ក៏ដើរទៅពិនិត្យទីតាំងផ្សេងទៀតនៅតាមព្រំដែនកម្ពុជា-ថៃ។
ខ្ញុំយល់ថា ទង្វើនេះគឺបង្ហាញពីការឈ្លានពានរបស់ថៃមកលើទឹកដីខ្មែរ ដោយហ៊ានមកហ៊ំព័ទ្ធយកដីតាមអំពើចិត្ត។
ខ្ញុំសំណូមពរដល់រដ្ឋាភិបាលកម្ពុជានិងអន្តរជាតិទាំងអស់ ធ្វើយ៉ាងណាជួយឲ្យខ្ញុំនិងអ្នកជិតខាងខ្ញុំទទួលបានផ្ទះត្រឡប់មកវិញ។ ខ្ញុំសង្ឃឹមជឿជាក់និងជូនពរឲ្យទទួលបានជោគជ័យ។
(សំណេរនេះទទួលបានការអនុញ្ញាតពី អ្នកមីង នួន អូន សម្រាប់ការបោះពុម្ពផ្សាយ)
អត្ថបទដោយ សូ ហ្វារីណា នាយករងមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបភាពដោយ ហ្វ្រេសញូវ