បាវ ណាង៖ ខ្ញុំស្វែងរកបងប្រុសនៅក្នុងតំបន់តស៊ូរបស់ខ្មែរក្រហម នៅអន្លង់វែង

បាវ ណាង[1] ភេទស្រី អាយុ៦៣ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃខ្លា ស្រុកកោះអណ្ដែត ខេត្តតាកែវ។ ណាង សព្វថ្ងៃរស់នៅក្នុងភូមិទួលសាលា ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ណាង បាននិយាយរៀបរាប់ប្រវត្តិតស៊ូរបស់ខ្លួននៅក្នុងរបបខ្មែរក្រហមដូចតទៅ៖ «កាលពីសម័យសង្គមរាស្រ្តនិយម ខ្ញុំនៅវ័យកុមារភាពនៅឡើយទេ។ ខ្ញុំចាំបានថាគ្រួសារខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ និងចិញ្ចឹមគោ មាន់ ទា និងឆ្កែ។ ការរស់នៅក្នុងជំនាន់នោះនៅមិនទាន់មានភាពជឿនលឿននៅឡើយទេ។ ជីវភាពរស់នៅរបស់ប្រជាជនមានសភាពក្រីក្រ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៧នាក់ ហើយខ្ញុំជាកូនទី៥នៅក្នុងគ្រួសារ។
រហូតដល់ឆ្នាំ១៩៧០ ភូមិស្ថានចាប់ផ្ដើមមានភាពចលាចល ដោយសារ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ពីតំណែង។ ចាប់តាំងពីមានរដ្ឋប្រហារកើតឡើង ប្រជាជនមិនសូវហ៊ានចេញទៅក្រៅទៀតនោះទេ ពីព្រោះនៅតាមទីសាធារណៈសុទ្ធតែប្រជាជនដែលបានប្រមូលគ្នីគ្នាធ្វើបាតុកម្មទាមទារអំណាចជូនសម្ដេចឪវិញ។ ពីមួយថ្ងៃទៅមួយថ្ងៃ ការធ្វើបាតុកម្មចេះតែកើនចំនួនប្រជាជនច្រើនឡើង។ ទិដ្ឋភាពធ្វើបាតុកម្មនៅពេលនោះ អ្នកខ្លះមានកាន់ដំបង, ពូថៅ, កៅបិត, ខ្វែវ គ្រប់ដៃ។ ទន្ទឹមនឹងនេះ នៅក្នុងស្រុកភូមិរបស់ខ្ញុំក៏មានការប្រកាសឲ្យបិទទ្វាសាលារៀន, ផ្សារ និងវត្តអារាម។ ព្រឹត្តិការណ៍បែបនេះគឺជារឿងមួយដែលខ្ញុំមិនដែលនឹកស្មានថាអាចកើតឡើងលើប្រទេសកម្ពុជា។
នៅអំឡុងឆ្នាំ១៩៧៣ ព្រឹត្តិការណ៍អាក្រក់មួយទៀតបានកើតឡើង ដោយសារតែការទម្លាក់គ្រាប់បែករបស់អាមេរិក មកលើប្រជាជនខ្មែរដែលរស់នៅក្នុងភូមិ។ ការទម្លាក់គ្រាប់បែកនេះ បានធ្វើឲ្យប្រជាជនបាត់បង់ទ្រព្យសម្បត្តិ ដូចជា ផ្ទះសម្បែង, គោ, ក្របី, ជ្រូក, មាន់ ទា រួមទាំងរបស់របរមានតម្លៃផ្សេងទៀត។
នៅចន្លោះឆ្នាំ១៩៧៣ ដល់១៩៧៤ បងប្រុសរបស់ខ្ញុំចំនួន៤នាក់បានចេញទៅចូលរួមក្នុងក្រុមបដិវត្តន៍ខ្មែរក្រហម។ ចំណែកខ្ញុំ និងប្អូនៗរួមទាំងឪពុកម្ដាយបានបន្តរស់នៅក្នុងសហករណ៍នៅក្នុងភូមិព្រៃខ្លាដដែល ដោយមិនទាន់ត្រូវបានបញ្ជូនទៅកន្លែងផ្សេងឡើយ។ កាលណោះ ដោយសារតែខ្ញុំនៅតូចនិងមិនទាន់មានកម្លាំងគ្រប់គ្រាន់ក្នុងការចេញទៅធ្វើការ។ ខ្ញុំត្រូវមានតួនាទីមើលថែប្អូនៗនៅផ្ទះ។ ចំណែកឯ ឪពុកម្ដាយខ្ញុំជារៀងរាល់ថ្ងៃ ត្រូវបានចេញទៅធ្វើការមួយចំនួនដូចជា លើកភ្លឺស្រែ, ស្ទូងស្រូវ រហូតដល់ម៉ោងបាយថ្ងៃត្រង់ទើបម្ដាយខ្ញុំយកបាយមកឲ្យខ្ញុំ និងប្អូនៗហូប។ បន្ទាប់ពីម្ដាយខ្ញុំយកបាយឲ្យហើយ ក៏ត្រឡប់ទៅធ្វើការងារបន្តរហូតដល់ល្ងាចទើបបានជួបជុំគ្នាវិញ។ ចំណែកឯ បងៗខ្ញុំទាំងបួននាក់ដែលបានចូលរួមក្នុងក្រុមបដិវត្តន៍ខ្មែរក្រហម គឺមិនដែលមានទំនាក់ទំនង ឬដឹងដំណឹងពីគ្នាឡើយ។ ចាប់តាំងពីពេលនោះមក ខ្ញុំតែងតែមានចិត្តនឹករឭកទៅដល់បងៗខ្ញុំដែលបានបែកចេញពីគ្រួសារទៅឆ្ងាយ។
លុះដល់ឆ្នាំ១៩៧៥ នៅពេលខ្មែរក្រហមទទួលបានជ័យជម្នះនៅទីក្រុងភ្នំពេញ។ ប្រជាជនមានការសប្បាយចិត្តជាខ្លាំង ព្រោះគិតថាប្រទេសជាតិទទួលបានសុខសន្តិភាពវិញ។ ប៉ុន្តែ ការគិតបែបនេះប្រែជាផ្ទុយស្រឡះទៅវិញ ព្រោះការគ្រប់គ្រងថ្មីរបស់ខ្មែរក្រហមមានរបៀបផ្ដាច់ការ។ ខ្មែរក្រហមបានបញ្ជាឲ្យប្រជាជននៅតាមមូលដ្ឋានប្រមូលទ្រព្យសម្បត្តិដែលខ្លួនមានដាក់ជារបស់រួមទាំងអស់។ ក្នុងស្រុកភូមិ ផ្ទះលែងមានមនុស្សរស់នៅ ព្រោះខ្មែរក្រហមបានបង្កើតជាសហករណ៍ និងការដ្ឋានសម្រាប់ឲ្យប្រជាជនរស់នៅ និងធ្វើការរួម។ ការរស់នៅក្នុងសហករណ៍អស់រយៈពេលជាច្រើនឆ្នាំ បានធ្វើឲ្យប្រជាជនរងទុក្ខយ៉ាងខ្លាំងទាំងការអត់អាហារហូបចុក, ការវាយធ្វើបាប, ការបំបិទសិទ្ធិសេរីភាព, ការបែកបាក់គ្រួសារ និងការខ្វះផ្នែកថែទាំសុខភាព។
រហូតដល់ឆ្នាំ១៩៧៩ ពេលដែលប្រទេសកម្ពុជាបានរំដោះចេញពីរបបផ្ដាច់ការខ្មែរក្រហម គ្រួសារខ្ញុំបានត្រឡប់ទៅរស់នៅស្រុកកំណើតវិញ។ បន្ទាប់ពីទៅដល់ផ្ទះ គ្រួសារខ្ញុំចាប់ផ្ដើមរៀបចំផ្ទះសម្បែង និងដីធ្លីសារជាថ្មី។ ប៉ុន្តែ ការរស់នៅក្នុងភូមិមិនសូវមានសេរីភាពនោះដែរ ពីព្រោះនៅក្នុងភូមិមានកងទ័ពវៀតណាមរស់នៅពាសពេញទាំងអស់។ ក្នុងនាមជាប្រជាជន យើងមិនអាចធ្វើអ្វីបាននោះទេ ព្រោះខ្លាចវៀតណាមវាយធ្វើបាប។
រហូតដល់នៅថ្ងៃមួយ ខ្ញុំបានដឹងដំណឹងពីបងប្រុសរបស់ខ្ញុំដែលគាត់មានជីវិតរស់នៅក្នុងតំបន់អន្លង់វែង។ ភ្លាមៗនោះ ដោយសារតែក្ដីនឹករឭក និងការរស់នៅក្នុងភូមិជួបការភ័យខ្លាចផង ខ្ញុំក៏ចង់ចាកចេញពីភូមិ ដើម្បីទៅរកបងប្រុសនៅអន្លង់វែង។ បន្ទាប់ពីខ្ញុំ បានគិតរួចហើយ ខ្ញុំបានប្រាប់ម្ដាយខ្ញុំអំពីការចាកចេញមួយនេះ។ ម្ដាយខ្ញុំបានយល់ព្រម។ ខ្ញុំធ្វើដំណើរមកជាមួយបងៗដែលជាអ្នកស្គាល់គ្នារស់នៅតំបន់អន្លង់វែងជាមួយខ្មែរក្រហម។ ការធ្វើដំណើរអស់រយៈពេលជាច្រើនថ្ងៃខ្ញុំក៏បានមកដល់តំបន់អន្លង់វែង និងបានជួបបងប្រុសដូចដែលខ្ញុំរំពឹងទុក។ ពេលនោះ បងប្រុសខ្ញុំក៏បានមកទទួលយកខ្ញុំទៅនៅជាមួយ។ តាមការពិតទៅមុននឹងខ្ញុំមកដល់អន្លង់វែង ខ្ញុំក៏បានដឹងថាអន្លង់វែងជាតំបន់សង្គ្រាម, តំបន់គ្រាប់ផ្លោង និងសម្បូរទៅដោយបងប្អូនអតីតខ្មែរក្រហមរស់នៅច្រើន។ ប៉ុន្តែ ខ្ញុំមិនបានភ័យខ្លាចដោយសាររឿងទាំងអស់នេះនោះទេ ពីព្រោះខ្ញុំមានបងប្រុសរស់នៅទីនេះផ្ទាល់។ ខ្ញុំមានអារម្មណ៍កក់ក្ដៅក្នុងការមករស់នៅក្នុងតំបន់អន្លង់វែង។ ជាក់ស្ដែងនៅពេលខ្ញុំបានចូលមករស់នៅទីនេះ ខ្ញុំមើលឃើញថាប្រជាជននៅតំបន់អន្លង់វែងភាគច្រើនមានអត្តចរិតស្លូតបូត និងមានទឹកចិត្តល្អក្នុងការជួយយកអាសាគ្នាទៅវិញទៅមក។ ប្រជាជនរស់នៅក្នុងស្រុកអន្លង់វែងមិនដែលរើសអើងអ្នកចំណូលថ្មីដូចជាខ្ញុំនោះទេ។ បច្ចុប្បន្ននេះ ខ្ញុំបានបន្តរស់នៅក្នុងភូមិទួលសាលា ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ដោយសុខសន្តិភាពជាមួយគ្រួសារខ្ញុំ»៕
អត្ថបទដោយ លី សុខឃាង
[1] លី សុខឃាង សម្ភាសន៍ជាមួយ បាវ ណាង នៅភូមិទួលសាលា ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១