លេន ថុន៖ បម្រើក្នុងកងសិល្បៈ និងកងទ័ពខ្មែរក្រហម

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

លេន ថុន[1]  ​ភេទ​​ស្រី ​​អាយុ​​៦៨​​ឆ្នាំ​ ​មាន​​ទី​​កន្លែង​​កំណើត​នៅ​ភូមិ​ចំបក់​ ឃុំ​ចំបក់​ ស្រុក​ព្រែក​ប្រសប់​ ខេត្ត​កំពង់​ធំ។ ​បច្ចុប្បន្ន​ ថុន​ រស់​នៅ​ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្ត​ឧត្តរមានជ័យ។​

ថុន​ បាន​និ​យាយ​ថា​៖ ​«ខ្ញុំមាន​បងប្អូន​ចំនួន​៩នាក់។ ​​នៅ​អាយុ​១៣ ខ្មែរក្រហមបាន​បង្ខំ​​​​ខ្ញុំឲ្យ​ចូល​បម្រើ​ក្នុង​​កង​​សិល្បៈ​​។ ចំណែក​ឯបងប្អូន​របស់ខ្ញុំផ្សេង​ទៀត​ត្រូ​វ​បាន​​ខ្មែរ​​​ក្រហម​​បំបែក​​ចេញ​​ពី​​ក្រុម​​គ្រួសារ។​ គ្មានម្ដាយ​ឯ​ណាចង់​ឲ្យ​កូន​ឃ្លាត​ឆ្ងាយ​នោះទេ ប៉ុន្ដែ​ស្ថាន​ភាព​ពេល​នោះ​មិន​មាន​ជម្រើស។​​ ខ្មែរក្រហម​មើល​ឃើញ​ថា ក្រុម​គ្រួសារ​របស់​ខ្ញុំ​សុទ្ធតែ​គ្នា​មិនទាន់​លះបង់​សម្រាប់​បដិវត្ដន៍​ដោយសារ​បងប្អូន​របស់ខ្ញុំ​នៅ​ជួបជុំ​គ្នា​ឯផ្ទះ។ ​​នៅ​ក្នុង​​កង​សិល្បៈ​យើង​ត្រូវ​​​ហ្វឹក​​ហាត់​​ផង និង​​ជីក​​ប្រឡាយ​​ផង។

​ការដ្ឋាន​លើក​ទំនប់​របស់​យើង​នៅ​ម្ដុំបាតខ្ទះ​អូរទឹក​ថ្លា។ ខ្មែរក្រហម​មាន​គោលដៅ​លើកទំនប់​នេះ​ឡើង​​ដើម្បី​​ឲ្យ​​ទឹក​​ហូរ​​ចាក់​​ចូល​​ទៅស្ទឹង​ជីនិត​​។​ នៅ​ទី​នោះ​មាន​មនុស្ស​​រាប់​ពាន់​នាក់​ប្រៀបបាន​ទៅនឹង​ហ្វូង​សត្វ​ស្រមោច​។​ ​ យើង​បាន​ធ្វើ​ការនៅទីនោះ​អស់រយៈ​ពេល​២ខែ​។ ​យើង​​មិនទាន់​ដឹង​ថាទឹក​នៅទីនោះ​នឹង​ហូរ​ចូលស្ទឹង​ជីនិត ដូច​ដែល​ផែន​ការ​ដែលបាន​កំណត់ឬនៅទេ។ ខ្មែរក្រហម​ក៏បាន​បញ្ជូន​ខ្ញុំ​ទៅ​បម្រើ​កង​ទ័ព​​វិញ។ សមរភូមិ​ដែលខ្ញុំ​ត្រូវ​ទៅ​ប្រយុទ្ធ​នៅ​ឯ​ភ្នំ​ប្រុស​ភ្នំ​ស្រី​ ខេត្តកំពង់ចាម។​ កង​របស់ខ្ញុំគឺជាកង​ប្រយុទ្ធ​។ យើង​បាន​ដើរ​តាម​មុខ​សញ្ញា​ដែលដឹកនាំ​ដោយ​ចាស់ៗ​ដែល​មានបទ​ពិសោធន៍​ក្នុង​សង្គ្រាម​។​ យើង​​​​មិន​​មាន​បទ​ពិសោធន៍​ក្នុងសមរភូមិនោះទេ​។ យើង​ម្នាក់ៗ​មានភាព​ភ័យ​ខ្លាច ហើយ​មិនហ៊ាន​បាញ់​តបតទៅ​វិញ​ទេ។ នៅពេល​ឮគ្រាប់​កាំភ្លើង យើង​សំងំ​តែក្នុង​លេណដ្ឋាន​។ នៅ​ពេលនោះ ខ្មែរក្រហម​បាន​ចាត់​តាំង​ឲ្យ​ខ្ញុំដឹក​ជញ្ជូន​បាយ​ឲ្យ​កងទ័ព​តាម​លេណ​ដ្ឋាន​នៅសមរភូមិ​មុខ​។

លុះ​ដល់​ឆ្នាំ​១៩៧៥​ ភ្លាមៗ​បន្ទាប់​ពីជ័យជម្នះ​​ ​​ ខ្មែរក្រហម​​បាន​បញ្ជូនកង​វរសេនាធំ​របស់ខ្ញុំ​ដែល​មាន​​កម្លាំង​១១២នាក់​​​​ ​​ទៅកាន់​​ទួល​គោក ក្នុងទីក្រុង​ភ្នំពេញ​ ដើម្បី​​បោស​សម្អាត​ និងរៀបចំ​ផ្ទះ​។ យើងបាន​ធ្វើការ​នៅ​ទីក្រុងភ្នំពេញ​អស់​រយៈពេល​​បី​យប់​បី​ថ្ងៃ ដឹកនាំ​ដោយ យាយថាន​។ បន្ទាប់មក​ខ្មែរក្រហម​​បាន​បញ្ជូន​កងរបស់​យើង​ទៅឈរ​ជើង​នៅ​ស្រុក​ជើង​ព្រៃ ខេត្ដ​កំពង់​ចាម ​​វិញ។ យើង​បាន​បែង​ចែក​មុខ​សញ្ញា​គ្នា​នៅ​ម្ដុំ​ទន្លេព្រែក​ក្ដាម​ ដោយ​តួនាទី​របស់យើង​​នៅពេលនោះ គឺ​ជាកងទ័ព​ស្រួចដដែល ហើយ​កម្លាំង​របស់​យើង​បាន​ឈរជើង​នៅទីនោះ​​អស់រយៈពេល​​៤​ថ្ងៃបន្ថែម​ទៀត​។ ក្រោយ​​មក​ ​អង្គភាព​របស់​យើង​បាន​ចែក​មុខ​សញ្ញា​បន្ដទៀត ដោយ​កម្លាំង​មួយ​ចំនួន រួមទាំងខ្ញុំ​ផង​ត្រូវ​ចូល​ទៅក្នុង​កងពល​៨០១ ដឹកនាំ​ដោយ មៀច សាន (តា០៦) ទៅកាន់ស្រុក​កោះ​ញែក ​ខេត្ដ​មណ្ឌលគិរី និងមួយ​ចំនួនទៀត​ចូលក្នុងកងពល៨០២​​ដឹក​នាំ​ដោយ​ សូ សារឿន ​(តា០៥) ​ទៅកាន់​ខេត្ដរតនៈគិរី។ នៅទីនោះ យើង​មិនអាច​ធ្វើដំណើរ​ទៅកាន់​ទី​​កន្លែងកំណើត​ ឬតំបន់​ផ្សេងៗ​បានទេ​ ដោយសារ​អង្គ​ភាព​គិត​គូអំពី​សុវត្ថិភាព និងការ​ស្លាប់​រស់របស់យើង​​។ យើង​កត់​​សម្គាល់​ឃើញថា​ ប្រសិនបើ​កងទ័ព​មម្ឈិម​មកកាន់​ភូមិ​ភាគ​របស់យើង គឺប្រាក​ដជា​មាន​ការ​សម្លាប់​ ឬ​បន្សុទ្ធ​កម្ម។

នៅក្នុង​​​​​ខេត្ដ​​មណ្ឌលគិរី យើង​មានតួនាទីបង្កបង្កើន​ផលស្រូវដើម្បី​ផ្គត់ផ្គង់​​កងទ័ព​ការពារ​ព្រំដែន​​។​ អង្គភាព​ខ្មែរក្រហម​បាន​ដក​អាវុធ​របស់យើង​ទុក​ចូលទៅ​ក្នុងឃ្លាំង។ ​ទោះបី​ជា​ការងារ​បង្កបង្កើន​ផល​ស្រូវ​មាន​ការ​នឿយហត់​​​យ៉ាង​ណា​ក៏ដោយ ក៏​យើង​គ្រប់គ្នា​​​មិនធ្លាប់​​ជួប​ប្រទះ​នឹង​ការ​អត់​ឃ្លានដែរ។ ​អង្គភាព​ខ្មែរ​ក្រហម​តែងតែ​ផ្គត់ផ្គង់​អាហារដល់​យើង ដោយ​យើង​​ទទួល​បាន​បា​យ​​បី​ពេលក្នុង​មួយ​ថ្ងៃ។​ ក្រៅពី​នោះ​យើងមាន​​​​​បង្អែមហូប​ជាប្រចាំ​​​ទៀតផង។​​ ក្រៅពី​ម្ហូប​អាហារ ខ្មែរក្រហម​ក៏ផ្គត់​ផ្គង់​សម្លៀក​បំពាក់​ដល់​យើង (ខោអាវ​ខ្មៅ) ចំនួន​២​កំផ្លេរ​ក្នុង​មួយ​ឆ្នាំ​។

ចំពោះការងារ​ប្រចាំថ្ងៃ​វិញ ខ្មែរក្រហម​តែងតែ​បើកការ​ប្រជុំ​​រាល់​ពេល​យប់អំពី​លទ្ធផល​ការ​ងារ​​ និង​​ការ​គោរព​អង្គ​ការ​វិន័យ​​ទាំង​១២​ប្រការ​។​​ អង្គការវិន័យទាំងនោះ​​ គឺ​​អប់រំ​​ឲ្យ​យើង​ចេះ​សាមគ្គី និង​ចេះ​យោគ​យល់​គ្នា​ មិន​ប្រកាន់​វណ្ណៈ​ ការ​ទំនាក់​ទំនង​ដោយ​មិនមាន​ទំនាស់ និងគុំ​​គួន​​គ្នា ព្រមទាំង​​​ណែ​នាំ​ឲ្យ​យើ​ងម្នាក់​​មាន​ឥរិយា​បថ​ល្អ និងដើរ​ក្នុងផ្លូវ​ល្អ​។​

យើងបន្ដ​រស់នៅ​ទីនោះ​រហូតដល់​​ឆ្នាំ​១៩៧៩​ ​ពោលគឺនៅពេល​កង​ទ័ព​​រណសិរ្សសាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និងកងទ័ព​ស្ម័គ្រចិត្ដ​វៀតណាម​ចូលមកក្នុង​ប្រទេសកម្ពុជា[2]។ ចាប់ពីនោះមក ​យើង​ចាប់​ផ្ដើម​រត់​ភៀស​ខ្លួន​ទៅ​កាន់​​​ភូមិ​ភាគ​ឧត្តរ។​ យើង​ចាប់ផ្ដើម​​រស់​នៅ​ដោយ​​ខ្លួន​ទី​ពឹង​ខ្លួន​ ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​មាន​ជីវិត​រស់ កុំឲ្យ​​ស្លា​ប់​​នៅ​​ក្នុង​​ព្រៃ។ អំឡុងពេល​រត់គេច​ខ្លួន​​យើង​ពុំ​មាន​ស្បៀង​អាហារ​ហូប​គ្រប់​គ្រាន់​ទេ ​ហើយ​ដើម្បី​​ទ្រទ្រង់​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃយើង​ត្រូវនាំ​គ្នា​ដើរ​​ជីក​មើម​ក្ដួច​ និង​ដំឡូង​ព្រៃ​​មកហូប​​ជំនួស​បាយ។​ យើង​បាន​ចំណាយ​ពេលពេញ​​មួយ​ឆ្នាំ​ ដើម្បី​ទៅ​​ដល់​ភ្នំ​១០០១ នៃជួរ​ភ្នំដងរែក​។ យើង​បាន​បន្ដ​សកម្មភាព​ចល័ត​ពី​​ទីតាំងមួយ​ទៅទីតាំងមួយទៀត​ទៅតាមសភាព​ការណ៍​ជាក់ស្ដែងទៅកាន់​ទីកន្លែង​សុវត្ថិភាព​រួចផុតពីកា​រ​វាយ​​ប្រហារ​របស់កងទ័ព​វៀតណាម។​ ​

​រហូតដល់ឆ្នាំ​១៩៩២​ យើង​បាន​ធ្វើដំណើរ​ដល់​ភ្នំ​១០០៣​ ក្រោម​ការ​​គ្រប់​គ្រង​របស់ ឈិត ជឿន ហៅ​ ​តាម៉ុក។​ ​នៅទីនេះ ខ្ញុំ​មាន​តួនាទី​មើល​​ថែ​កូនក្មេងៗ​នៅ​ជំរំ។ លុះដល់​ឆ្នាំ​១៩៩៣ យើង​បាន​ចុះ​មករស់នៅ​ក្នុង​ភូមិអូរ​ជីក នៃស្រុក​ត្រពាំង​ប្រាសាទ​វិញ ក្រោមការ​គ្រប់គ្រង​របស់ មៀច សាន ហៅតា០៦។ ​ ដំបូងឡើយ ​ប្រជាជន​បាន​ស្លាប់​ដោយ​សារ​ជំងឺគ្រុន​ចាញ់ និងការចាញ់​ទឹក​ចាញ់​ដី ​អស់ជាច្រើន​នាក់​។ យើង​មិន​មាន​​ថ្នាំ​​ព្យាបាល​ជំងឺ​​​​ទេ។​ ហេតុផល​ដែលយើងរឹតតែ​លំបាក​ជាងនេះ​ទៅទៀត គឺ​កង្វះ​ស្បៀង​អាហារ នៅពេល​តា០៦ លែងគ្រប់គ្រង​តំបន់របស់យើង ដែល​ជាបុគ្គល​ម្នាក់ទទួលបាន​ការ​គោរព​ស្រឡាញ់​ពី​​បណ្ដា​ប្រជាជន​ និងអ្នក​តស៊ូក្នុងបដិវត្ដន៍»។

អត្ថបទដោយ សួត វិចិត្រ


[1] លី សុខឃាង និងហ៊ាន​ ពិសី សម្ភាសន៍​ជាមួយ​ លេន ថុន​ ក្នុង​វេទិកា​ប្រវត្ដិសាស្រ្ដ​គ្រួសារ​ក្នុង​ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ    ខេត្ដឧត្ដរមានជ័យ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ​២០២១។

[2] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin