ទុយ រ៉ា បារម្ភពីប្តីនៅក្នុងសមរភូមិជួរមុខតំបន់មុំបី និងការយល់ឃើញចំពោះជម្លោះប្រដាប់អាវុធកម្ពុជា និងថៃ

ទុយ រ៉ា អាយុ៤០ឆ្នាំ ជាប្រពន្ធទាហាន ជួរមុខ ប្រយុទ្ធនៅតំបន់មុំបី ខេត្តព្រះវិហារ។ សម្ភាសដោយ៖ ថុន ស្រីពេជ្រ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥

ខ្ញុំឈ្មោះ ទុយ រ៉ា[1] ភេទស្រី អាយុ៤០ឆ្នាំ មានស្រុកកំណើតនៅភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ ប្តីរបស់ខ្ញុំឈ្មោះ ឃាន សុភ័ក្រ្ត អាយុ៤១ឆ្នាំ ជាទាហាន ពលបាលឯក នៅកងវរសេនាតូចលេខ៣៩៣ ឈរជើង និងប្រយុទ្ធនៅតំបន់មុំបី ខេត្តព្រះវិហារ។ នៅឆ្នាំ២០០៨ អំឡុងពេលប្រទេសកម្ពុជា មានសង្គ្រាមជាមួយប្រទេសថៃ ក្នុងជម្លោះដណ្តើមប្រាសាទព្រះវិហារ រដ្ឋាភិបាលបានបញ្ជូនប្តីខ្ញុំឱ្យទៅឈរជើងនៅខេត្តព្រះវិហារ។ ចំណែកឯខ្ញុំវិញ ក៏បានទៅរស់នៅជាមួយប្តីខ្ញុំដែរ។ កាលនោះខាងរដ្ឋាភិបាល បានចែកដី ចំនួន២ហិកតា ស្ថិតនៅភូមិសែនរុងរឿង២ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ឱ្យគ្រួសារទាហាន ដើម្បីងាយស្រួលដល់ក្រុមគ្រួសារទាហាន រស់នៅ និង អាចដាំបន្លែបង្ការបាន។

ក្នុងអំឡុងពេលផ្ទុះសង្គ្រាម នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នេះ ដំបូងឡើយ ខ្ញុំបានយកម៉ូតូទៅជួសជុលនៅផ្សារអូរជុញ។ ពេលខ្ញុំជិះម៉ូតូត្រឡប់មកផ្ទះវិញ ស្រាប់តែមានទាហានកម្ពុជាយើង បានឃាត់ខ្ញុំមិនឱ្យមក ព្រោះសង្គ្រាមទល់ដែន កម្ពុជា និងថៃ បានផ្ទុះហើយ។ ស្របពេលជាមួយគ្នានេះដែរ ខ្ញុំបានឮសំឡេងគ្រាប់ផ្លោងពីប្រទេសថៃមក។ ខ្ញុំ បារម្ភពីកូនជាខ្លាំង ព្រោះកូនៗ និងសាច់ញាតិខ្ញុំនៅ ក្នុងភូមិ។ ខ្ញុំក៏បានសុំការអនុញ្ញាតពីទាហានចូលទៅយកកូនៗ និងសាច់ញាតិខ្ញុំ។ លុះពេលខ្ញុំទៅដល់ផ្ទះ ខ្ញុំបានស្រែកហៅបងស្រីខ្ញុំ ដែលស្ថិតនៅផ្ទះជាប់គ្នា ហើយខ្ញុំបានប្រាប់គាត់ថា ខាងថៃផ្លោងគ្រាប់មកខាងយើងហើយ។ ខណៈពេលនោះដែរ ប្តីខ្ញុំ បានខលទូរស័ព្ទមកកាន់ខ្ញុំ ឱ្យចាកចេញជាបន្ទាន់​។ ពេលនោះប្រហែលជាម៉ោង៧ ទៅ៨ព្រឹក ថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០២៥ ដដែល ខ្ញុំបានប្រញាប់ប្រញាល់ និងសុំដោយសារ (ជិះជាមួយ) អ្នកជិតខាងនៅទល់មុខផ្ទះគ្នា  ព្រោះអ្នកជិតខាងមានគោយន្ត ហើយពួកគេក៏នឹងចាកចេញនៅពេលនោះដែរ។ កាលនោះខ្ញុំ ចាកចេញទៅ មានគ្នាចំនួន៥នាក់ ហើយខ្ញុំពុំបានយកអ្វីទៅជាមួយទេ។

បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងសម្ភាសន៍អ្នកភៀសសឹក

អំឡុងពេលចេញដំណើរទិដ្ឋភាពនៅតាមផ្លូវ ពោរពេញទៅដោយមនុស្សម្នា សម្រុកចាកចេញ ដោយអ្នកខ្លះជិះម៉ូតូ, អ្នកខ្លះជិះឡាន, អ្នកខ្លះជិះគោយន្ត និងអ្នកខ្លះទៀត ជិះម៉ាស៊ីនច្រូតស្រូវ ដើម្បីប្រើជាមធ្យោយបាយក្នុងការធ្វើដំណើរ។  នៅថ្ងៃនោះ សូម្បីតែអ្នកលក់ប្រេងសាំង នៅតាមផ្លូវ ក៏បិទចោលទាំងអស់ មិនមាននរណានៅលក់ដូរទៀតទេ។ តាំងពីព្រឹកមក ខ្ញុំពុំបានហូបអ្វីសោះ ព្រោះភ័យខ្លាំងពេកហូបបាយមិនកើត។ មួយវិញទៀត ជិះគោយន្តផ្លូវរលាក់ ហើយដីហុយខ្លាំងទៀត។ រហូតមកដល់ពេលល្ងាច យើងបានធ្វើដំណើរទៅដល់វត្តកំពង់ស្រឡៅ ព្រំប្រទល់ កម្ពុជា-ឡាវ(ខេត្តព្រះវិហារ) ទើបបានហូបបាយ។ យើងបានសម្រាកនៅវត្តកំពង់ស្រឡៅ មួយយប់។ លុះព្រឹកឡើង ក៏មានគេហៅឱ្យទៅយកអំណោយ។ គ្រួសារខ្ញុំ ទទួលបានអង្ករចំនួន៥គីឡូ, មី ៥កញ្ចប់, ត្រីខ២កំប៉ុង និង ទឹកសុទ្ធ១យួរ។ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ដោយសារយើងពុំមានមធ្យោបាយធ្វើដំណើរបន្តទៀត យើងក៏បានសុំដោយសារ ម្ចាស់គោយន្ត ដដែល ធ្វើដំណើរឆ្ពោះទៅវត្តពោធិ៍ប្រាំពាន់ដើម ខេត្តព្រះវិហារ ។ ទៅដល់ទីនោះ ខ្ញុំបានជួបផលលំបាកច្រើន ព្រោះមនុស្សច្រើនពេក ណែនណាប់តាន់តាប់ គ្មានទឹកងូត ហើយពេលមានភ្លៀងធ្លាក់ យប់ព្រលប់ គឺទឹកភ្លៀងលិច សាច និង ទឹកហូរចូលទៅក្នុងតង់ដែលជាកន្លែងស្នាក់នៅ ធ្វើឱ្យយើងមិនអាចសម្រាន្តបានទេ។ វត្តពោធិ៍ប្រាំពាន់ដើម គឺជាជំរំភៀសសឹកដែលធំជាងគេ នៅក្នុងខេត្តព្រះវិហារ។ លោកជំទាវ ប៊ុនរ៉ានី បានចែកអំណោយដល់ជនភៀសសឹក ដូចជា ទឹកត្រី ទឹកស៊ីអ៊ីវ មុង ភួយ ក្រមា មី១កេះ និង អង្ករចំនួន៣០គីឡូ។

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥ មីង ខ្ញុំបានមកយកខ្ញុំ​ និងសាច់ញាតិ ទៅខេត្តកំពង់ធំ។ ខ្ញុំត្រេកអរយ៉ាងខ្លាំង។ បងស្រីខ្ញុំរំភើបពេកគាត់ក៏ភ្លេចយកអង្ករ និងមីដែលលោកជំទាវបានចែកឱ្យ ទៅជាមួយ ហើយគាត់ក៏ប្រាប់ឱ្យអ្នកភៀសសឹកនៅទីនោះហូបទៅ។ ខ្ញុំ និង បងស្រី ព្រមទាំងកូនក្មួយ បានមកស្នាក់នៅផ្ទះមីង នៅខេត្តកំពង់ធំ ចំនួន២យប់ ក៏សម្រេចចិត្ត ធ្វើដំណើរមកខេត្តព្រៃវែង មករស់នៅជាមួយបងប្អូនជាបណ្តោះអាសន្ន នៅភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ រហូតដល់សភាពការណ៍ស្ងប់ស្ងាត់ ទើបខ្ញុំនិង កូនៗ ត្រឡប់ទៅខេត្តព្រះវិហារវិញ។

នៅក្នុងរយៈពេលដែលខ្ញុំជម្លៀសមកនេះ ខ្ញុំមានការព្រួយបារម្ភពីប្តីខ្ញុំជាខ្លាំង ដោយសារប្តីខ្ញុំទៅប្រយុទ្ធនៅជួរមុខ។ អំឡុងពេលប្រយុទ្ធ ប្តីខ្ញុំកាន់គ្រាប់អាបេ និង បាញ់គ្រាប់ចំពាម។ ខ្ញុំហូបបាយមិនកើត ហើយមេឃក៏ភ្លៀងខ្លាំងទៀត មិនដឹងថា ប្តីខ្ញុំលំបាកយ៉ាងណានៅក្នុងសមរភូមិ។ មួយវិញទៀត ខ្ញុំពិបាកទាក់ទងជាមួយគាត់ណាស់ ដោយសារតែនៅទីនោះ គេផ្តាច់សេវាមិនអាចទាក់ទងបាន។ ប្តីខ្ញុំនៅលើកំពូលភ្នំ ដូច្នេះ ស្បៀងអាហារ មិនសូវបានយកទៅដល់គាត់ទេ។ ក្នុងរយៈពេលប្រយុទ្ធគ្នានេះ គាត់ហូបតែមី ឬ  ត្រីខកំប៉ុង ហើយត្រីខ ១កំប៉ុង ហូបគ្នាចំនួន២នាក់។ ក្រោយសង្គ្រាម បានបញ្ចប់ និង មានបទឈប់បាញ់ និង ពេលដែលខ្ញុំមកដល់ ក្រុងព្រៃវែងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥  ប្តីខ្ញុំបានទាក់ទងមកខ្ញុំ។ គាត់បានប្រាប់ខ្ញុំថា នៅក្នុងសមរភូមិ គ្រាប់ផ្លោង បានផ្ទុះនៅជុំវិញខ្លួនរបស់គាត់ នៅពីមុខផង និង ពីក្រោយផង ធ្វើឱ្យគាត់ញ័រជើងទាំងអស់។ ប៉ុន្តែទោះជាយ៉ាងណា គាត់នៅតែតស៊ូ និង ក្លាហានប្រយុទ្ធបន្ត។ រហូតមកដល់ ឥឡូវនេះសភាពការណ៍ហាក់ដូចជាស្ងប់ស្ងាត់ដែរហើយ ដោយសារបទឈប់បាញ់បានចូលជាធរមាន នៅថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០២៥។ ដូច្នេះភាគីទាំងសងខាង ត្រូវគោរពទៅលើបទឈប់បាញ់។ ទោះបីជាយ៉ាងនេះក្តី ប្តីខ្ញុំបានប្រាប់ខ្ញុំថា គាត់នៅតែឈរជើងនៅលើតំបន់មុំបី និង រក្សាការប្រុងប្រយ័ត្នជានិច្ចដដែល ហើយពេលយប់ឡើង គាត់នៅតែដើរល្បាត និងដាក់វេនគ្នាយាមជារៀងរាល់ថ្ងៃ។ ក្រៅពីការដើរល្បាត និង យាម គឺគាត់ជីកលេណដ្ឋាន សម្រាប់ខ្លួនឯង។

ចំពោះ បញ្ហាទាហាន ថៃ បានបាញ់សម្លាប់ទាហានកម្ពុជាម្នាក់ ឈ្មោះ សួន រោន ខ្ញុំបានដឹងរឿងនេះពីប្តីខ្ញុំ។ សួន រោន ឈរជើងនៅតំបន់មុំបីដូចប្តីខ្ញុំដែរ។ ប៉ុន្តែចំពោះមូលហេតុ នៃការសម្លាប់ គឺខ្ញុំពុំសូវដឹងច្បាស់ទេ។ ខ្ញុំ គ្រាន់តែដឹងថា គាត់ត្រូវខាងទាហានថៃ បាញ់សម្លាប់ នៅវេលាម៉ោង ប្រហែល៥ ជិត ៦ព្រឹក នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។

នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ខ្ញុំបានចូលទៅទិញអីវ៉ាន់នៅច្រកមុំបី ប៉ុន្តែថៃ បានបិទច្រកមិនឱ្យចេញចូល ហើយក៏មិនមាននរណានៅលក់ទៀតដែរ។ ការបិទច្រកព្រំដែននេះ ធ្វើឱ្យប្រជាជនមួយចំនួនខ្លះ នៅក្បែរនោះ ពុំមានអ្វីហូប។ ដូច្នេះ ពេលប្តីខ្ញុំមកលេងផ្ទះ គឺមានតែយកបន្លែដាំខ្លួនឯង យកទៅហូប។ ចំពោះការបិទច្រកព្រំដែន គឺថៃជាអ្នកបិទមុន ប៉ុន្តែខ្ញុំមិនដឹងថា តើមេដឹកនាំ ឬ មេភូមិភាគរូបណា ជាអ្នកឱ្យបិទទេ។

នៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២៥ ខ្ញុំបានមើលព័ត៌មានតាមរយៈទូរសព្ទ ថាទាហានថៃ ចូលមកចាប់ទាហានខ្មែរ ហើយនៅពេលដែលទាហានថៃ ចាប់បានទាហានខ្មែរយើងហើយ គេថែមទាំងធ្វើទារុណកម្មមកលើទាហានខ្មែរយើងទៀត។ រហូតមកដល់ពេលនេះ កម្ពុជា ទើបតែទទួលបានទាហានខ្មែរ ពីថៃវិញ ត្រឹមតែចំនួន២នាក់ប៉ុណ្ណោះ ដោយម្នាក់រងរបួស និង ម្នាក់ទៀត បាត់បង់ស្មារតី។

ខ្ញុំគិតថា មូលហេតុដែលនាំឱ្យមានជម្លោះ រវាង កម្ពុជា និង ថៃ កើតឡើង គឺដោយសារតែថៃ ចង់បានទឹកដីរបស់ខ្មែរ។ តាមរយៈខ្ញុំមើលព័ត៌មាន មេភូមិភាគ២ឈ្មោះ ប៊ុនស៊ិន ផាតខ្លាង ជាអ្នកចង់បានទឹកដីខ្មែរជាងគេ ហើយធ្លាប់បាននិយាយថា នឹងវាយកម្ពុជាក្នុងរយៈពេល១សប្តាហ៍ ហើយកាលពីថ្ងៃមុននោះ ខ្ញុំបានឮ មេភូមិភាគ២ថៃ និយាយម្តងទៀតថា នៅសល់តែ៥១ ថ្ងៃទៀត នឹងវាយយកប្រាសាទតាមាន់ និង ប្រាសាទតាក្របីឱ្យបាន។ ខ្ញុំឮដូច្នេះ ខ្ញុំមានអារម្មណ៍ខឹង និង បារម្ភខ្លាំងណាស់ ព្រោះពួកនោះ អាចនឹងលូនចូលមកទឹកដីយើងទៀត។  ខ្ញុំឃើញថៃ បានបញ្ជូនទាហានមកច្រើនណាស់ មិនដឹងមកពីខាងណាខ្លះទេ។ ដូច្នេះ ហើយ បានជា ទាហានថៃ ចេះតែជាន់មីនរហូត ដោយសារតែទាហានថៃ ចេះតែចូលមកក្នុងទឹកដីកម្ពុជាយើងបែបនេះ។ ប៉ុន្តែរាល់ថ្ងៃនេះ ទាហានខ្មែរយើងក៏កំពុងតែត្រៀមខ្លួនជានិច្ចដែរ ដើម្បីកុំឱ្យទាហានខាងថៃ ចូលមកឈ្លានពាន យកទឹកដីយើងបាន៕

អត្ថបទដោយ ថុន ស្រីពេជ្រ


[1] បទសម្ភាសជាមួយឈ្មោះ ទុយ រ៉ា អាយុ៤០ឆ្នាំ ជាប្រពន្ធទាហាន ជួរមុខ ប្រយុទ្ធនៅតំបន់មុំបី ខេត្តព្រះវិហារ។ សម្ភាសដោយ៖ ថុន ស្រីពេជ្រ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin