ខោអាវមួយសម្រាប់ស្លៀកមួយឆ្នាំ
(ស្វាយរៀង) ៖ ស្រី ធឹម អាយុ៧៤ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិក្បាលក្រពើ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។
ក្នុងរបប លន់ នល់ ធឹម និងគ្រួសារ រស់នៅស្រុកកំណើតបានជួបប្រទះហេតុការណ៍ការទម្លាក់គ្រាប់បែក និងអំពើអសន្តិសុខផ្សេងៗ។ ប្រជាជនរស់នៅទាំងភ័យខ្លាចគ្មានសេចក្តីសុខ។ ពេលយប់គ្រួសារ ធឹម និងប្រជាជនដទៃទៀត មានថ្ងៃខ្លះត្រូវទៅសម្រាន្តនៅក្នុងព្រៃ តាមវាលស្រែ ឬនៅក្នុងរណ្តៅត្រង់សេ ដែលជីកនៅឆ្ងាយៗពីផ្ទះដើម្បីសុវត្ថិភាពនិងគេចពីការទម្លាក់គ្រាប់បែក។
នៅឆ្នាំ១៩៧៥ ប្រជាជនមិនទាន់ជួបការលំបាកភ្លាមៗ នោះទេ។ ធឹម បានរៀបរាប់ប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាថា ដំបូងខ្មែរក្រហមអនុញ្ញាតឲ្យប្រជាជនរស់នៅ ធ្វើការ និងហូបអាហារជាលក្ខណឯកជនបាន។ ប្រជាជនគិតថាប្រទេសជាតិគ្មានសង្រ្គាម និងលែងមានអំពើអសន្តិសុខទៀតហើយ តែវាជាការផ្ទុយពីគិតនេះទាំងស្រុង។ ក្រោយមកភូមិដែល ធឹម រស់នៅខ្មែរក្រហមបានប្រមូលទ្រព្យ សម្បតិ្តឯកជនរបស់ប្រជាជនទាំងអស់មករក្សាទុករួមក្នុងសហករណ៍ សត្វពាហនៈ ដែលប្រជាជនធ្លាប់ប្រើសម្រាប់កាងារកសិកម្មក៏លែងអាចប្រើបាន។ ប្រជាជនមិនអាចរស់នៅផ្ទះរបស់ខ្លួនបានដូចមុនទេ គឺត្រូវទៅរស់នៅតាមក្រុម តាមកង តាមប្រភេទអាយុ។ ម្តាយឪពុកត្រូវព្រាត់ពីកូន បងត្រូវព្រាត់ពីប្អូន និងការងារក៏បែងចែកផងដែរ ហើយរាល់ការងារទាំងអស់ត្រូវធ្វើជាសមូហភាពបម្រើឲ្យអង្គការ។ រាល់កម្មសិទ្ធិផ្ទះសម្បែង ដីស្រែ និងដីចម្ការទាំងអស់ជារបស់អង្គការ។
ធឹម បានឲ្យដឹងថាក្នុងភូមិមិនអាចចាយលុយ គ្មានផ្សារទិញទំនិញដូចមុន សូម្បីតែសំលៀកបំពាក់ក៏ត្រូវបានអង្គការចែកឲ្យដែរ។ ស្រី ធឹម៖ «មួយឆ្នាំអង្គការបើកខោអាវពណ៌ខ្មៅឲ្យបានតែមួយសម្រាប់ ពាក់ទាល់តែរហែកអស់ប្រើលែងកើតទើបគេបើកថ្មីឲ្យទៀត ស្រូវអង្ករដែលបង្កបង្កើនផលបានត្រូវប្រមូលទុក និងជញ្ជូនចេញទៅអស់ៗ ប្រជាជនទទួលបានរបបអាហារមិនគ្រប់គ្រាន់តាមតែគេចែកឲ្យ»។
រឿងរ៉ាវដែល ធឹម ចងចាំមិនអាចបំភ្លេចក្នុងរបបខ្មែរក្រហមគឺការស្លាប់របស់សាច់ញាតិ ទុក្ខលំបាក ការខ្វះខាតរបបអាហារ និងពេលឈឺគ្មានថ្នាំព្យាបាលគ្មានពេលសម្រាក។ ធឹម នៅចាំបានថា អ្នកជំងឺឈឺតិចតួចត្រូវទៅធ្វើការដូចធម្មតា អ្នកជំងឹធ្ងន់ៗគ្មានថ្នាំព្យាបាលត្រឹមត្រូវ និងប្រឈមមុខនាំយកទៅសម្លាប់ចោល មានតែអ្នកធ្វើការទេទើបមានឈ្មោះទទួលបានរបបអាហារ។
ក្រោយមក ធឹម និងគ្រួសារត្រូវបានជម្លៀសទៅស្រុកបាភ្នំ ខេត្តព្រៃវែង និងបម្រុងជម្លៀសបន្តទៅខេត្តពោធិ៍សាត់។ ប៉ុន្តែដោយសាររបបខ្មែរក្រហមបានដួលរលំមុនទើប គាត់មានសេរីភាព មានសិទ្ធិអាចត្រឡប់មករស់នៅស្រុកកំណើតវិញបានប្រកបរបបធ្វើស្រែចម្ការរហូតដល់សព្វថ្ងៃ។
ធឹម នៅតែនឹកឃើញរឿងរ៉ាវពីរបបខ្មែរក្រហម។ គាត់ បានផ្តំាផ្ញើដល់ក្មេងជំនាន់ក្រោយឲ្យចូលរួមទប់ស្កាត់របបនេះត្រឡប់មកវិញម្តងទៀត។
សម្ភាសន៍ដោយ ព្រាប ច័ន្ទពិសី នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤
អត្ថបទដោយៈ អេង សុខម៉េង