ហូបបាយជ្រូកដើម្បីចម្អែតក្រពះ

(កំពត)៖ ដោយសារតែនៅក្នុង​របប​ខ្មែរក្រហម សុខលី នៅក្មេង ដូច្នេះរឿងរ៉ាវមួយចំនួន ដែលគាត់ធ្លាប់ឆ្លងកាត់ គាត់អាចចងចាំបាន ហើយរឿងរ៉ាវមួយចំនួនទៀត គឺគាត់ដឹងតាមរយៈការនិយាយប្រាប់ពីសាច់ញាតិរបស់គាត់។ សួន សុខលី អាយុ៥៥ឆ្នាំ មានទីកន្លែងកំណើតនៅឃុំបានៀវ ស្រុកឈូក ខេត្តកំពត ហើយបច្ចុប្បន្នរស់នៅភូមិទួលខ្ពស់ ឃុំទទុង ស្រុកដងទង់ ខេត្តកំពត។ បច្ចុប្បន្ន សុខលី ជាស្រ្តីមេម៉ាយ និងមានកូនប្រុសម្នាក់នៅក្នុងបន្ទុក។

នៅក្នុងរបបខ្មែរក្រហម សុខលី ជាកុមារម្នាក់មានអាយុមិនទាន់ដល់១០ឆ្នាំនៅឡើយទេ។ គាត់ត្រូវខ្មែរក្រហមបញ្ជូនទៅរស់នៅ និងធ្វើការងារនៅក្នុងកងកុមារ។ ការងារដែលគាត់ធ្វើជាប្រចាំនៅទីនោះគឺ ដើរប្រមូលអាចម៍គោ និងកាប់ស្លឹកទន្រ្ទានខេត្ត។ នៅអំឡុងពេលនោះ សុខលី ត្រូវធ្វើការងារហាលថ្ងៃក្ដៅ ហាលភ្លៀង មិនសូវមានពេលសម្រាក និងគ្មានអាហារហូបគ្រប់គ្រាន់។ កត្តាទាំងអស់នោះ បណ្ដាលឲ្យគាត់អស់កម្លាំងរហូតដល់សន្លប់មិនអាចធ្វើការងារបន្តទៀត។

នៅក្នុងរបបខ្មែរក្រហម ប្រជាជនទាំងអស់មិនថាជាកុមារ មនុស្សពេញវ័យ ឬជាមនុស្សចាស់នោះទេ គឺទទួលបានរបបអាហារស្មើៗគ្នា។ នៅក្នុងមួយថ្ងៃ ប្រជាជនទទួលបានអាហារពីរពេល គឺពេលរសៀល និងពេលល្ងាច។ នៅអំឡុងពេលនោះ គឺមានតែបបរសរាវ លាយជាមួយនឹងសម្លម្ជូរត្រកួន និងព្រលឹតប៉ុណ្ណោះ។ ដោយសារបញ្ហាកង្វះអាហារ សុខលី បានលួចហូបបាយជ្រូកបន្ថែមដើម្បីចម្អែតក្រពះ។

កុមារនៅក្នុងរបបខ្មែរក្រហម គ្មានចំណេះវិជ្ជា ដោយត្រូវបានលត់ដំឲ្យគោរពស្រឡាញ់អង្គការជាងឪពុកម្ដាយ។ កុមារមួយចំនួន ហ៊ានសម្លាប់មនុស្សដោយមិនញញើតដៃ សូម្បីតែជាឪពុកម្ដាយរបស់ខ្លួន ហើយក្រៅពីនោះអង្គការបានបង្គាប់ឲ្យកុមារចាំចាប់កំហុសគ្នាទៅវិញទៅមក។ គាត់បានបន្ថែមថា កុមារណាដែលខ្ជិលច្រអូស ធ្វើការងារមិនគ្រប់តាមចំនួនដែលអង្គការបានកំណត់ នឹងត្រូវវាយធ្វើបាប និងចាប់ដាក់លើសំបុកស្រមោចឲ្យស្រមោចខាំ។

ម្ដាយរបស់សុខលី បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម ព្រោះតែជំងឺ ហើយគ្មានថ្នាំពេទ្យសម្រាប់ព្យាបាលជំងឺ។ ចំណែកឪពុករបស់គាត់ ដើរជាន់គ្រាប់មីនពិការជើង និងមានជំងឺផ្សេងៗ រួមផ្សំទៅជាធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់។

សព្វថ្ងៃនេះ សុខលី មានជំងឺ ទឹកនោមផ្អែម ខ្សោយមិនមានកម្លាំងកំហែង ហើយគាត់តែងតែប្រើប្រាស់ថ្នាំពេទ្យជាប្រចាំថ្ងៃ៕

សម្ភាសដោយ៖ ជឹម ជូរី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin