ប្រាក់ សឿន៖ ខ្ញុំធ្លាប់ជូនលុយចំនួន២០០បាត ដល់ជនភៀសសឹកមួយគ្រួសារ

ប្រាក់ សឿន[1] អាយុ៤៧ឆ្នាំ(នៅត្រឹមឆ្នាំ២០០៨) មានស្រុកកំណើតនៅក្នុងភូមិបាក់ខែង ឃុំបាក់ខែង ក្រុងភ្នំពេញ។ បច្ចុប្បន្ន សឿន រស់នៅភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សឿន បាននិយាយថា៖ «ឪពុកម្តាយរបស់ខ្ញុំបានរស់នៅបាក់ខែង នៅទីក្រុងភ្នំពេញ។ ខ្ញុំបានទទួលការសិក្សារៀនសូត្រដែរ នៅចន្លោះឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៣។ ខ្ញុំមានបងប្អូនបង្កើតចំនួនបីនាក់ ដោយមានប្អូនប្រុសមួយ និងប្អូនស្រីមួយ។ ខ្ញុំគឺជាកូនទីមួយនៅក្នុងគ្រួសារ។ នៅក្នុងខែមេសា ឬឧសភា ឆ្នាំ១៩៧៣ ជីដូនមួយរបស់ខ្ញុំបាននាំខ្ញុំទៅរស់នៅនៅឯឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។ ខ្ញុំបានរស់នៅនិងឃ្វាលគោ រហូតដល់ឆ្នាំ១៩៧៥។
នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាចក្នុងឆ្នាំ១៩៧៥ ខ្ញុំបានធ្វើការនៅក្នុងកងចល័តឃុំរាប ស្រុកពារាំង ឬហៅថាតំបន់២២។ ខ្ញុំជួបការលំបាកច្រើនណាស់។ ខ្ញុំត្រូវធ្វើការពីម៉ោង៦ ដល់ម៉ោង១១យប់ទៀត។ ខ្ញុំសម្រាកបានតែ៤ម៉ោងគត់ ក្នុងមួយយប់ ហើយហូបចុកមិនគ្រប់គ្រាន់។ ខ្ញុំធ្លាប់បានជីកព្រែក នៅខាងកើតស្នាយពល ដែលព្រែកនេះតភ្ជាប់មកពីទន្លេបិត។
នៅពេលដែលកងទ័ពកម្ពុជា សហការជាមួយកងទ័ពវៀតណាមបានវាយចូលមកក្នុងប្រទេសកម្ពុជា នៅឆ្នាំ១៩៧៩ ខ្ញុំ និងមិត្តភ័ក្របានរត់ភៀសខ្លួនរហូតដល់តំបន់ព្រំដែន។
នៅក្នុងឆ្នាំ១៩៨០ ខ្ញុំនិងមិត្តភ័ក្រពីរនាក់ ឈ្មោះស៊ុន និងអាន មានបំណងទៅប្រកបរបររកស៊ីនៅឯស្វាយស៊ីសុផុន។ ខ្ញុំបានស្គាល់មនុស្សម្នាក់ឈ្មោះ រត្ន ដែលមានអត្តចារឹកស្លូតបូត។ គាត់បានប្រាប់ឲ្យខ្ញុំរស់នៅជាមួយគាត់។ ខ្ញុំបានប្រាប់រត្នថា ខ្ញុំអត់មានស្គាល់អ្នកណាទាំងអស់។ ដូច្នេះហើយ គាត់បានជូនខ្ញុំទៅផ្ទះបងធម៌របស់គាត់។ ខ្ញុំ និងមិត្តភ័ក្រ(ម្នាក់បានស្លាប់ហើយ) បានចូលកងទ័ពខ្មែរក្រហម ចាប់តាំងពីពេលនោះមក។ យើងបម្រើក្នុងកងពល៥១៩ របស់ ឌុល សារឿន នៅល្បើកស្វាយ ដែលស្ថិតនៅជិតភ្នំឆ័ត្រ។ កងពលនេះបានគ្របដណ្តប់លើភូមិសាស្ត្រជាច្រើន រួមមាន៖ ណងចាន់(ជំរំថ្មី) បឹងត្រកួន ស្ទឹងសង្ហារ សាលាក្រៅ និងល្បើកស្វាយ ជាដើម។ មូលដ្ឋានរបស់កងពល៥១៩ ស្ថិតនៅផ្នែកខាងត្បូងនៃភ្នំឆ័ត្រ។
នៅក្នុងមូលដ្ឋាននោះ ខ្ញុំបានជួបប្រទះជាមួយក្រុមអ្នករត់ពន្ធ និងអ្នកដែលភៀសខ្លួនទៅកាន់ជំរំ នៅអំឡុងខែប្រាំង នៃឆ្នាំ១៩៨១។ ខ្ញុំបានត្រឹមបង្ហាញផ្លូវដល់ជនភៀសសឹកទៅកាន់ជំរំ ដែលអង្គការកាកបាទក្រហមបើកអង្ករ និងសម្ភារផ្សេងៗ។ ជនភៀសសឹកខ្លះមានកូនចៅរណេងរណោង ចំណែកឯអ្នកខ្លះទៀតធ្វើដំណើរត្រាច់ចរ ដើម្បីស្វែងរកបងប្អូន។ ខ្ញុំធ្លាប់ជូនលុយចំនួន២០០បាត ដល់ជនភៀសសឹកមួយគ្រួសារដែរនៅបឹងស្នោរ ដែលខ្ញុំមិនបានសួរឈ្មោះគាត់ទេ។ ខ្ញុំនៅចងចាំថា៖
«គាត់អង្គុយមុខខ្ញុំហ្នឹង។ គាត់ថាអាកូនទារនំ ដូចជាគេលក់ការ៉េមផងកាលណឹង។ ថាម៉ែទិញនំៗ។ ម៉ែថាអត់មានលុយទេកូនអើយ។ សូម្បីតែលុយទិញទឹកក៏អត់មានដែរ។ ខ្ញុំឭចឹងក៏ឲ្យលុយ២០០ទៅ។»
ខ្ញុំបានទទួលការអរគុណពីគាត់។ ខ្ញុំចង់បញ្ជាក់ថា បឹងស្នោរគឺជាកន្លែងស្នាក់ ដែលមានលក់បាយទឹក។ នៅក្នុងគ្រានោះ លុយមានតម្លៃថ្លៃណាស់។ ខ្ញុំបានជួយលុយតែម្តងនោះទេ ក្រៅពីនោះខ្ញុំបង្ហាញផ្លូវជនភៀសសឹកផ្សេងៗទៅកាន់ជំរំ។ អង្គភាពរបស់ខ្ញុំផ្តល់ការយាមកាមនៅពេលយប់ ដើម្បីទប់ស្កាត់អំពើចោរប្លន់ ពួកខិលខូច និងពួកលេងល្បែង។
ខ្ញុំធ្លាប់បានមេខ្យល់ទាក់ទង ដើម្បីជួយសម្រួលនាំប្រជាជនចំនួន៥គ្រួសារទៅក្រៅប្រទេសដែរ។ មេខ្យល់នោះបានសន្យាផ្តល់សាគុណជាលុយកាក់ចំនួន៥០០ ទៅ៧០០បាត សម្រាប់ការជូនដំណើរនិងការពារម្តងៗ។ ខ្ញុំមិនបានជូនឲ្យផុតចូលដីថៃទេ ពោលគឺខ្ញុំជូនទៅត្រឹមទំនប់ទឹក ហើយក៏ត្រឡប់មកវិញ។ តម្រូវការការពារនេះបណ្តាលមកពីភាពអសន្តិសុខខ្លាំងណាស់នៅចន្លោះជំរំខ្មែរក្រហម និងជំរំខាវអ៊ីដាង។
ដំបូងឡើយ ខ្ញុំបានជួបជនជាតិវៀតណាមច្រើនណាស់ និងមានចិនខ្លះៗដែរ(និយាយខ្មែរអត់សូវច្បាស់ទេ) ដោយជួបម្តងមាន៧ឬ៨គ្រួសារ។ នៅក្នុងឆ្នាំ១៩៨១ និង ១៩៨២ ខ្ញុំបានជូនជនជាតិវៀតណាមម្តង២០នាក់, ម្តង១០នាក់ និងម្តង៥នាក់ ដែលអ្នកទាំងនេះមានគោលបំណងធ្វើដំណើរទៅក្រៅប្រទេស។ ខ្ញុំនិងក្រុមខ្ញុំមានគ្នាចំនួន៥នាក់ ដែលត្រូវអមដំណើរអ្នកទាំងនោះយ៉ាងប្រុងប្រយ័ត្នពីជំរំទៅកាន់ដីថៃ។ ជាធម្មតា មនុស្សចេញចូលជំរំត្រូវប្រាប់ដំណឹងដល់មេជំរំ។ ក្រុមខ្ញុំអាចជួបគ្រោះថ្នាក់ណាស់ដែរ បើសិនជួបប្រទះជាមួយក្រុមពិសេសរបស់កងពល។ នៅពេលឆ្លងទំនប់ទឹករួចហើយ ឧបសគ្គក៏ខ្លាំងដែរ។ ពេលខ្លះ ទាហានថៃបាញ់សម្លាប់ជនទាំងឡាយដែលឆ្លងដែននោះទៀតផង។ អ្នកឆ្លងដែននឹងមានសុវត្ថិភាពឡើងវិញ នៅពេលដែលខ្លួនបានចូលក្នុងជំរំខាវអ៊ីដាង។ បន្ទាប់មក បងប្អូននៅអាមេរិកធ្វើការធានា និងធ្វើលិខិតឆ្លងដែន ដើម្បីបន្តទៅកាន់សហរដ្ឋអាមេរិក។
ខ្ញុំក៏នៅចាំរឿងមួយដែរ នៅក្នុងឆ្នាំ១៩៨១។ ខ្ញុំធ្លាប់ជួយប្តីប្រពន្ធចាស់ៗ ដែលខ្ញុំជួបនៅច្រកចេញចូលពីបឹងស្នោរ ទៅត្នោតសឹង្គ។ ខ្ញុំបានហៅគាត់ទាំងពីរឲ្យហូបបាយ និងទិញនំត្នោតឲ្យគាត់ទៀត។ ខ្ញុំបានជូនគាត់ទាំងពីរទៅកាន់ជំរំខាវអ៊ីដាង ដោយមិនយកលុយអ្វីទេ។ គាត់បានឲ្យពរសុខសប្បាយ។ ខ្ញុំក៏មានចិត្តរំភើបឡើងព្រឺក្បាលដែរ កាលនោះ។ បន្ទាប់ពីការធ្វើសមាហរណកម្មនៅក្នុងឆ្នាំ១៩៩៩មកម្ល៉េះ ខ្ញុំបានបម្រើការជាជំទប់ទី១ នៃឃុំថ្លាត នៃស្រុកអន្លង់វែង»៕
[1] ប្រាក់ សឿន អាយុ៤៧ឆ្នាំនិងជាក្រុមប្រឹក្សាឃុំថ្លាត បានផ្តល់សម្ភាសន៍ដល់ ឡុង ដានី កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៨