ឌុច អន ហៅ អុន ៖ វរសេនាតូច៣១៤ កងពល៣១០

ឯកសារ I០២២០៩, ប្រវត្តិរូបសង្ខេបមហាជននៅលីវ ក្នុងរបបខ្មែរក្រហម, ឌុច អន ហៅ អុន មានតួនាទីវរសេនាតូច៣១៤ កងពល៣១០, តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា

នៅក្នុងរបបខ្មែរក្រហម ខ្ញុំមិនបានយល់អ្វីជារឿងអ្វីនោះឡើយ មិនដឹងថានេះជារឿងឧបាយកលរបស់ថ្នាក់ដឹកនាំខ្មែរក្រហម ឬ យ៉ាងម៉េច? ខ្លួនខ្ញុំ ខ្ញុំគិតតែពីខ្លួនឯង ចំណែកអ្នកផ្សេងក៏ដូចខ្ញុំដែរ។ ហេតុនេះ ខ្ញុំខំប្រឹងរស់នៅ កសាងខ្លួនឱ្យបានល្អ រស់នៅឱ្យបានសុខសប្បាយតែខ្លួនឯងទៅ គឺល្អបំផុត។ ក្នុងរបបខ្មែរក្រហម ខ្ញុំត្រូវខិតខំគោរពច្បាប់អង្គការដឹកនាំ និងមិនធ្វើខុសវិន័យអង្គការ ខ្លាចក្រែងអង្គការដកចេញ (យកទៅសម្លាប់)។ ខ្ញុំគិតតែពីអារម្មណ៍ខ្លួនឯង ព្រោះអារម្មណ៍នៅពេលនោះ ព្រួយភ័យក្នុងចិត្តជាប់ជានិច្ច បារម្ភខ្លាចអង្គការចាប់យកទៅកសាងចោល[1]

ខ្ញុំឈ្មោះ ឌុច អន ហៅ អុន[2]អាយុ៤៧ឆ្នាំ(២០០៣) កើតនៅភូមិរកាអារ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម។ សព្វថ្ងៃរស់នៅភូមិរកាអារទី៩ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម។  ខ្ញុំមានឪពុកឈ្មោះ ឌុច ថង ធ្លាប់ចូលរួមក្នុងចលនាខ្មែរឥស្សរៈជំនាន់បារាំង (ស្លាប់ក្នុងឆ្នាំ២០០២) និង ម្តាយឈ្មោះ អ៊ុំ ទូច(ស្លាប់ក្នុងឆ្នាំ២០០២)។ ខ្ញុំមានបងប្អូនចំនួន៦នាក់។ បងប្អូនខ្ញុំមានឈ្មោះដូចជា៖ ចែម (ជាបងប្រុស), ផន (ជាបងស្រី), ជឿន (ជាបងប្រុស), ផាត (ជាបងស្រី) និងប្អូនប្រុសពៅឈ្មោះ ល្ហាច​។ ក្រោយរបបខ្មែរក្រហមខ្ញុំរៀបការជាមួយប្រពន្ធឈ្មោះ អិល ធឹង និងមានកូនចំនួន៨នាក់ ក្នុងនោះមានកូនស្រីចំនួន៤នាក់។

រំឭកកាលពីក្មេង គឺខ្ញុំធ្លាប់ចូលរៀនសូត្រជាមួយលោកសង្ឃនៅវត្តរកាអារ បានរយៈពេលពីរឆ្នាំ។ ដោយសារជីវភាពគ្រួសារខ្ញុំខ្វះខាតខ្លាំង ខ្ញុំក៏សម្រេចចិត្តឈប់រៀន។ បន្ទាប់ពីឈប់រៀនខ្ញុំត្រូវត្រឡប់ទៅជួយឪពុកម្តាយខ្ញុំធ្វើស្រែ និងជួយឃ្វាលគោក្របី។

នៅក្នុងឆ្នាំ១៩៧២ ភូមិខ្ញុំចាប់ផ្ដើមមានយន្តហោះហោះមកទម្លាក់គ្រាប់បែក។ កាលនោះយន្តហោះទម្លាក់គ្រាប់បែក បានបណ្ដាលឱ្យតាយាយជាប្ដីប្រពន្ធ (យាយ ហៀង និង តាផុន)មួយគូស្លាប់ និងមានអ្នកភូមិត្រូវរងរបួសជាច្រើននាក់។ ខ្ញុំមិនបានដឹងពីមូលហេតុអ្វី បានជាយន្តហោះហោះមកទម្លាក់គ្រាប់បែកក្នុងភូមិ ដែលមានសុទ្ធតែប្រជាពលរដ្ឋធម្មតារស់នៅ ប៉ុន្ដែចាស់ៗក្នុងភូមិបាននិយាយតៗគ្នាថា មកពីមានទាហានវៀតណាមចូលមករស់នៅក្នុងភូមិ។ ការទម្លាក់គ្រាប់បែក ស្ថិតក្រោមសម័យដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ មកលើភូមិឃុំស្ថិតក្រោមកងទ័ពរំដោះ បានបញ្ជេះកម្លាំងយុវជនក្នុងភូមិរួមទាំងរូបខ្ញុំឱ្យខឹងស្អប់របប លន់ នល់ កាន់តែខ្លាំង។ ក្រោយមក ខ្ញុំនិងមិត្តពីរនាក់ទៀតឈ្មោះ ពើក និង ភឿក បានស្ម័គ្រចិត្តចូលបម្រើការក្នុងកងទ័ពបដិវត្តន៍ ដែលមានទីតាំងនៅភូមិអន្លង់អក ស្រុកកងមាស ខេត្តកំពង់ចាម។ ខ្ញុំចូលរួមជាមួយកម្លាំងបដិវត្តន៍តាមរយៈប្រធានភូមិឈ្មោះ ឃុន។  ឪពុកម្តាយរបស់ខ្ញុំ គាត់មិនចង់ឱ្យខ្ញុំចូលធ្វើជាកងទ័ពបដិវត្តន៍ឡើយ ហេតុនេះគឺខ្ញុំមានតែលួចរត់ចេញពីផ្ទះដោយមិនឱ្យគាត់ទាំងពីរដឹង។ គោលបំណងដែលខ្ញុំចង់ចូលរួមជាមួយចលនាតស៊ូខ្មែរក្រហម គឺដើម្បីវាយប្រយុទ្ធជាកងទ័ព លន់ នល់ ដែលចេះតែបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋក្នុងភូមិ និងធ្វើឱ្យខូចផ្ទះសម្បែងប្រជាជនជាច្រើនខ្នង។

ស្ថិតនៅភូមិអន្លង់អក គឺមានឈ្មោះ ម៉េង ជាអ្នកគ្រប់គ្រង ហើយក្នុងដំណាក់កាលដំបូង ម៉េង បានចាត់តាំងខ្ញុំ និងសមាជិកប្រហែលជា៣០នាក់ផ្សេងទៀត ឱ្យចូលរៀនសូត្រផ្នែកនយោបាយ។ ឯកសារផ្នែកនយោបាយនៅពេលនោះគឺរៀនពីតួនាទីជាកងទ័ពរណសិរ្សរួបរួមជាតិ និងក្រៅពីនោះគឺត្រូវទៅធ្វើការដាំបន្លែផ្សេងៗសម្រាប់បរិភោគរួម។ ខ្ញុំរស់នៅ និងរៀននៅភូមិអន្លង់អកបានប្រហែលជា៣ខែ ទើបអង្គការ ចម្រាញ់យុវជនឱ្យចូលក្នុងជួរទាហាន។ ខ្ញុំមិនជាប់ក្នុងការចម្រាញ់របស់អង្គការឡើយ។ ហេតុនេះគឺខ្ញុំមានតែសុំស្ម័គ្រចិត្តឡើងទៅធ្វើជាទាហានខ្លួនឯង និងត្រូវផ្លាស់ទៅហ្វឹកហ្វឺនបន្ថែមនៅទីតាំងហ្វឹកហាត់ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។ នៅព្រែកកុយ គឺមានកងទ័ពប្រហែលជា៤០០នាក់ ដែលត្រូវចូលក្នុងកងពល៣១០ ក្នុងនោះក៏មានជនជាតិចាម[3] ចូលរួមតស៊ូជាមួយគ្នាយ៉ាងសកម្ម។ សមរភូមិដំបូងរបស់ខ្ញុំគឺត្រូវទៅវាយនៅខាងរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល។ បន្ទាប់មកទៀតត្រូវបកមកវាយនៅចំណុចព្រៃទទឹង ខេត្តកំពង់ចាម និងវាយបកចូលមកខាងព្រែកព្នៅ ឆ្ពោះទៅខាងទីក្រុងភ្នំពេញ។ ប្រធានកងពល៣១០ គឺមានឈ្មោះ អឿន។ ចំណែកឈ្មោះ វឿង គឺជាប្រធានវរសេនាតូចរបស់ខ្ញុំ។

នៅឆ្នាំ១៩៧៣ ខ្ញុំត្រូវថយមកឈរជើងនៅខាងស្រុកព្រៃឈរ ដែលមានប្រធានវរសេនាតូចឈ្មោះ ចូវ ដែលត្រូវមកជំនួសប្រធានវរសេនាតូចដំបូងមានឈ្មោះ ដែន។ ចំនួនកងទ័ពស្ថិតក្នុងកងវរសេនាតូចនៅពេលនោះមានគ្នា៥០០នាក់។ ក្រុមខ្ញុំត្រូវប្រធានកងបញ្ជូនឱ្យទៅវាយនៅសមរភូមិអន្លង់ជ្រៃ ហើយកាលនោះយើងចាប់បានទាហាន លន់ នល់ និងប្រជាជនរស់នៅក្នុងតំបន់ លន់ នល់ គ្រប់គ្រងជាច្រើន។ ពេលចាប់បាន គឺប្រធានក្រុមបានដាក់បញ្ជាឱ្យយកទៅវាយចោល ឬក៏យកទៅដាក់នៅសមរភូមិជួរក្រោយសិន។

នៅឆ្នាំ១៩៧៤  ខ្ញុំត្រូវផ្លាស់ប្ដូរមករស់នៅម្ដុំខាងជើងព្រែកក្តាម ដើម្បីត្រៀមស្កាត់ទៅវាយទាហាន លន់ នល់ មកពីខាងខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង។ ក្រុមខ្ញុំបានវាយឆ្លងទៅខាងព្រែកតាទែន ពាមសុថា និងចុះមកខាងព្រែកព្នៅ​ រួចវាយចូលមកកាន់ក្រុងភ្នំពេញ។ កាលនោះកងពលខ្ញុំ បានប្រើពេលប្រហែលជា១៥ថ្ងៃ ទើបវាយមកដល់ទីក្រុងភ្នំពេញទទួលបានជ័យជម្នះ។ ប្រធានកងពលឈ្មោះ អឿន នៅតែជាអ្នកដឹកនាំវាយប្រយុទ្ធដដែល។

នៅឆ្នាំ១៩៧៥ ក្រោយពីខ្មែរក្រហមវាយចូលដល់ទីក្រុងភ្នំពេញហើយ កងទ័ពខ្មែរក្រហមក៏ចាប់ជម្លៀសប្រជាជនចេញពីក្រុងភ្នំពេញភ្លាមៗ ដោយលើកយកហេតុផលថា ត្រូវការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញសិន ដើម្បីងាយស្រួលវាយប្រយុទ្ធជាមួយទាហាន លន់​ នល់។ កងពល៣១០ នៅពេលនោះមិនបានទទួលបញ្ជាឱ្យជម្លៀសប្រជាជនចេញនោះឡើយ គឺកម្លាំងខ្ញុំទទួលបញ្ជាឱ្យចូលមកស្នាក់នៅតំបន់ទួលគោក។ ខ្ញុំឆ្ងល់ណាស់ ហេតុអ្វីបានត្រូវជម្លៀសប្រជាជនចេញ បើកងទ័ពរំដោះបានវាយឈ្នះរបប លន់ នល់ រួចហើយ។ ខ្ញុំបានឃើញប្រជាជននាំគ្នាដើរចេញពីទីក្រុងដោយទឹកមុខស្ងប់ស្ងាត់ និងបង្ហាញភាពមិនសប្បាយចិត្តចំពោះទង្វើរបស់កងទ័ពខ្មែរក្រហម។ បន្ទាប់ពីនោះអង្គការបានចាត់តាំងខ្ញុំឱ្យចូលធ្វើការក្នុងកងកិនស្រូវ ស្ថិតនៅទីតាំងទួលគោក ក្បែរទីតាំងខ្ញុំស្នាក់នៅ។ នៅទីតាំងកិនស្រូវ ធុច ឃួន ដែលមានតួនាទីជាប្រធានពាណិជ្ជកម្មភូមិភាគ ឧស្សាហ៍មកលេងនៅកន្លែងខ្ញុំធ្វើការ។  ខ្ញុំធ្វើការក្នុងកងកិនស្រូវរហូតដល់ឆ្នាំ១៩៧៧។

នៅដើមឆ្នាំ១៩៧៧ សភាពការណ៍នៅតាមព្រំដែនកម្ពុជា-វៀតណាម កាន់តែកើនកំដៅ ចំណែកថ្នាក់ដឹកនាំក្នុងកងពល៣១០ អឿន និងថ្នាក់ដឹកនាំ មានតួនាទីចាប់ពីគណៈ កងវរជាដើម ត្រូវអង្គការចាប់ខ្លួន នៅមន្ទីររបស់គាត់ ស្ថិតនៅក្បែរមន្ទីរពេទ្យកាល់ម៉ែត យកទៅរៀនសូត្រ។ អឿន និងបក្ខពួកត្រូវអង្គការចោទប្រកាន់ថាក្បត់អង្គការបដិវត្តន៍។ បន្តមកទៀត អង្គការចាប់ធ្វើប្រវត្តិរូបសមាជិកក្នុងកងពល៣១០ ដើម្បីស្វែងរកចាប់ខ្លួនអ្នកពាក់ព័ន្ធ ហើយកងពល៣១០ ត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ភូមិភាគនិរតី ដោយមានឈ្មោះ ញ៉ មកជំនួសតួនាទីរបស់ អឿន។ ក្រោយមកអង្គការក៏ជ្រើសរើសកងពល៣១០ ឱ្យចូលហ្វឹកហ្វឺនទ័ពបន្ថែមទៀត ត្រៀមបញ្ជូនទៅសមរភូមិមុខ។ ខ្ញុំនិងសមាជិកក្នុងកងពល៣១០ ត្រូវទៅរៀននៅសាលាហ្វឹកហ្វឺននៅអាគារខ្ពស់ខាងជើងវត្តភ្នំ ជារៀងរាល់ថ្ងៃ(ពេលខ្លះសម្រាកបាននៅថ្ងៃអាទិត្យ) ដោយមានប្រធានវរមកពីភូមិភាគនិរតីជាអ្នកបង្រៀនផ្ទាល់។ ក្រៅពីផ្នែកទាហាន អង្គការក៏តែងតែលើកពីផ្នែកនយោបាយយកមកបង្រៀន ជាពិសេសរឿងពាក់ព័ន្ធនិងកម្លាំងដែលក្បត់ជាមួយបដិវត្តន៍។  នៅចុងឆ្នាំ១៩៧៧ ខ្ញុំបានសុំច្បាប់ ញ៉ ប្រធានកងពល៣១០ មកលេងឪពុកម្តាយខ្ញុំនៅស្រុកកំណើត។ ញ៉ បានសរសេរសំបុត្រអនុញ្ញាតឱ្យខ្ញុំ។ នៅពេលមកដល់ផ្ទះ ខ្ញុំអង្គុយលេងជាមួយបងប្អូនខ្ញុំបានតែពីរម៉ោងប៉ុណ្ណោះ រួចខ្ញុំត្រឡប់មកភ្នំពេញវិញ។

នៅពាក់កណ្ដាលឆ្នាំ១៩៧៨ កងពល៣១០ ត្រូវអង្គការបញ្ជូនឱ្យទៅវាយជាមួយទាហានវៀត  ណាមខាងស្រុកមេមត់។ ប៉ុន្ដែជាសំណាងរបស់ខ្ញុំ អង្គការចាត់តាំងឱ្យនៅផ្នែកសេដ្ឋកិច្ចនៅតំ​បន់ផ្សារសួងតួនាទីខ្ញុំគឺលីសែងអង្ករ និងចាំបើកអាហារយកទៅសមរភូមិ ឬជូនថ្នាក់ដឹកនាំ។ ផ្នែកសេដ្ឋកិច្ចនៅកាលនោះមានផ្ទុកជាសាច់ ម្ហូបសាច់ផាត់ និង បាយកាតាក សម្រាប់ទាហានជួរមុខ។ នៅចុងឆ្នាំ១៩៧៨ កងទ័ពវៀតណាម វាយសម្រុកចូលមកកាន់តែខ្លាំង ខ្ញុំក៏សម្រេចចិត្តលួចរត់ត្រឡប់មកស្រុកកំណើតវិញ ជាមួយមិត្តឈ្មោះ ណារិន៕

អត្ថបទដោយ មីន សាណាស់


[1] ឯកសារ KCI០១៩៤, បទសម្ភាសន៍ ឌុច អន ហៅ អុន, សម្ភាសន៍ដោយ ឡុង ដានី, នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០០៣, ឯកសារតម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា

[2] ឯកសារ I០២២០៩, ប្រវត្តិរូបសង្ខេបមហាជននៅលីវ ក្នុងរបបខ្មែរក្រហម, ឌុច អន ហៅ អុន មានតួនាទីវរសេនាតូច៣១៤ កងពល៣១០, តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា។

[3] ឯកសារ KCI០194, ជនជាតិចាម ដែលធ្លាប់ចូលរួមក្នុងចលនាបដិវត្តន៍ខ្មែរក្រហម ក្រោយមកអង្គការចាប់យកទៅរៀនសូត្រ, ទំព័រទី២៩។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin