អុប ថា៖ អង្គការអប់រំឲ្យខិតខំធ្វើការងារ និងប្ដេជ្ញាមិនឲ្យជួបគ្រួសារ

នៅក្នុងសម័យខ្មែរក្រហម កុមារទាំងអស់មិនស្ថិតនៅក្រោមការមើលថែរបស់ឪពុកម្ដាយនោះទេ។ កុមារតូចៗដែលមិនអាចធ្វើការងារបានត្រូវមានមនុស្សចាស់មើលថែរក្សាក្រៅពីឪពុកម្ដាយ ហើយកុមារដែលមានអាយុច្រើនល្មមត្រូវចូលទៅធ្វើការងារនៅក្នុងកងកុមារ។ កុមារទាំងឡាយត្រូវបានបង្ហាត់បង្រៀនថា “អង្គការជាមាតាបិតារបស់កុមារា កុមារី និងយុវជន យុវនារី។ បើម៉ែឪវាយកូន មានន័យថាមើលងាយអង្គការ ដូច្នេះអង្គការមិនប្រណីឡើយ”។[1]
អុប ថា[2] គឺជាកុមារីម្នាក់ដែលចូលទៅរស់នៅ និងធ្វើការងារនៅក្នុងកងកុមារតាំងពីអាយុប្រមាណ១០ឆ្នាំ។ នៅក្នុងកងកុមារ អង្គការបានអប់រំ ថា ឲ្យខិតខំធ្វើការងារ និងមិនឲ្យស្គាល់ឪពុកម្ដាយ ឬបងប្អូនរបស់គាត់នៅពេលដែលជួបគ្នាដោយចៃដន្យ។ ខាងក្រោមនេះគឺជារឿងរ៉ាវរបស់ ថា ដែលបានចាកចេញពីគ្រួសារចូលទៅធ្វើការងារនៅក្នុងកងកុមារ និងចេញទៅធ្វើជាពេទ្យ ៦ មករា នៅទីក្រុងភ្នំពេញ៖
អុប ចាន់ថា ឈ្មោះបដិវត្តន៍ អុប ថា អាយុ៣៧ឆ្នាំ (២០០១) រស់នៅភូមិព្រៃតាដុប ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ថា មានឪពុកឈ្មោះ អ៊ុក ធួន ហើយម្ដាយឈ្មោះ ខឹម និងមានបងប្អូនចំនួន១០នាក់ ក្នុងនោះគាត់គឺជាកូនទី៤ នៅក្នុងគ្រួសារ។ នៅពេលធ្វើប្រវត្តិរូប ថា បានរៀបរាប់ឈ្មោះបង៣នាក់ គឺ ខៀន, ខាវ និងឃីម ហើយប្អូន៤នាក់ទៀតឈ្មោះ រិន, រិត, រួម និងខន។ នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់ថា បានចូលបដិវត្តន៍ចំនួន៥នាក់ ក្នុងនោះមាន ខៀន និង រិត នៅកំពង់សោម, ខាវ នៅខេត្តតាកែវ និង ថា ធ្វើជាពេទ្យ៦មករា នៅទីក្រុងភ្នំពេញ និងឈ្មោះ ឃីម ធ្វើការនៅស្រែអំបិល។[3] ចំណែកប្អូនបស់ថា ផ្សេងទៀតដែលកើតទាន់សម័យខ្មែរក្រហម គឺត្រូវចូលទៅក្នុងកងកុមារ និងមណ្ឌលកុមារ ជាមួយមនុស្សចាស់ និងទុកឲ្យម្ដាយឪពុកចេញទៅធ្វើការងារ។
នៅឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហម បានទទួលជ័យជម្នះទាំងស្រុងទៅលើទាហាន លន់ នល់។ បន្ទាប់ពីទទួលបានជ័យជម្នះ អង្គការបានជម្លៀសគ្រួសាររបស់ថា ពីភូមិព្រៃតាដុប ទៅភូមិតាលាក់។ នៅភូមិតាលាក់ គ្រួសាររបស់ថា មិនបានរស់នៅជុំគ្រួសារនោះទេ ដោយប្អូនរបស់គាត់នៅតូចត្រូវចូលទៅរស់នៅក្នុងមណ្ឌលកុមារជាមួយមនុស្សចាស់ ហើយប្អូនដែលធំល្មម ធ្វើការងារធ្ងន់មិនទាន់បានគឺត្រូវប្រមូលអាចម៍គោ ហើយម្ដាយឪពុកត្រូវចូលទៅធ្វើការងារក្នុងកងផ្សេង។ ថា បាននិយាយថា ប្រធានសហករណ៍ឈ្មោះ អួង បាននាំគាត់ចូលក្នុងកងកុមារី នៅក្នុងវត្តនិក្រោធ។ នៅក្នុងវត្តនិក្រោធ អង្គការបែកចែកកុមារជាក្រុមតូចៗបន្ថែមទៀត ដោយក្នុងមួយក្រុមមានសមាជិកប្រមាណ១០នាក់ រួចជ្រើសរើសអ្នកដែលមានមាឌធំជាងគេធ្វើជាប្រធាន។[4]
នៅក្នុងកងកុមារ ថា បានចេញទៅធ្វើការងារដំបូងនៅភូមិសន្ទំ រួចបន្តទៅព្រៃលើ, ឃុំត្រពាំងធំ, ឃុំគុស និងចុងក្រោយទៅធ្វើការជីកអាងត្រពាំងលាន ខាងលិចវត្តនិក្រោធ។ ជារៀងរាល់ថ្ងៃ ថា ត្រូវចេញទៅធ្វើការងារតាំងពីម៉ោង៦ព្រឹក រហូតដល់ម៉ោងសម្រាកហូបអាហារថ្ងៃត្រង់ម៉ោង១២ រួចចាប់ផ្ដើមធ្វើការងារវិញនៅម៉ោង១រសៀល រហូតដល់ម៉ោង៥ល្ងាច។ នៅពេលដែលមានការងារច្រើន និងប្រញាប់ខ្លាំង ថា ត្រូវបន្តធ្វើការងារបន្ថែមទៀត បន្ទាប់ពីហូបអាហារពេលល្ងាចរួច។
ក្រៅពីការធ្វើការងារ ថា បានចូលរៀនក្រោមដើមឈើ ឬក្រោមផ្ទះរយៈពេលមួយម៉ោងនៅពេលថ្ងៃត្រង់ ជាមួយអ្នកគ្រូឈ្មោះ ញឿន។ នៅពេលរៀន អ្នកគ្រូ បានបង្រៀនសិស្សឲ្យសូត្រឃ្លាមួយ ឬច្រៀងចម្រៀងអង្គការ។ មួយវិញទៀត នៅពេលដែលមានប្រជុំម្ដងៗបន្ទាប់ពីសម្រាកពីការងារពេលល្ងាច អង្គការតែងតែអប់រំកុមារ កុំឲ្យទៅជួបឪពុកម្ដាយ និងបងប្អូន ហើយប្រសិនបើដើរជួបគ្នាតាមផ្លូវគឺត្រូវធ្វើមិនឃើញ។ ថា បានរៀបរាប់បន្ថែមថា ក្រៅពីការប្ដេជ្ញាមិនឲ្យជួបគ្រួសារ កុមារត្រូវតែដាច់ខាតក្នុងការធ្វើការងារឲ្យទាន់ពេលវេលា។ ប្រសិនបើក្រុមមួយណាធ្វើការងារយឺត នោះក្រុមដែលធ្វើការងារលឿន ធ្វើការទិតៀន ឬកសាងក្រុមដែលយឺត ដើម្បីឲ្យធ្វើការងារលឿនជាងមុន។
ក្រោយមក នៅពេលដែលអង្គការជ្រើសរើសកុមារីម្នាក់ទៅធ្វើពេទ្យនៅទីក្រុងភ្នំពេញ អ្នកគ្រូញឿន បានបញ្ជូនឈ្មោះ ថា ទៅ។ នៅថ្ងៃធ្វើដំណើរ ញឿន បាននាំ ថា ទៅជួបជុំកុមារផ្សេងទៀតនៅអង្គរការ ហើយអង្គការ បានដឹងកុមារទាំងអស់នោះទៅសម្រាកនៅខេត្តតាកែវ មួយសប្ដាហ៍បន្តទៀត។ នៅខេត្តតាកែវ ថា មិនបានសម្រាកនោះទេ ព្រោះអង្គការបានចាត់តាំងគាត់ និងកុមារផ្សេងទៀតធ្វើការងារស្ទូងស្រូវ រហូតដល់ថ្ងៃឡើងឡានទៅភ្នំពេញ។
នៅទីក្រុងភ្នំពេញ ថា មិនបានចូលទៅព្យាបាលអ្នកជំងឺភ្លាមៗនោះទេ គឺអង្គការបញ្ជូនគាត់ទៅរៀនអក្សរ, រៀនចាក់ថ្នាំ និងរៀនវះកាត់សាកសពមនុស្សជាមុនសិន។ បន្ទាប់ពីបញ្ចប់វគ្គសិក្សារយៈពេលប្រមាណ២ខែ អង្គការបានបញ្ជូន ថា ទៅមន្ទីរពេទ្យ៦មករា ដើម្បីព្យាបាលយោធារបួសនៅសមរភូមិតែម្ដង។ នៅក្នុងមន្ទីរពេទ្យ មុនដំបូង ថា មិនទាន់ចេះចាក់ថ្នាំនោះទេ ប៉ុន្តែមានគ្រូពេទ្យដឹកនាំផ្ទាល់ៗ និងលាងរបួសឲ្យមើល ឬវះកាត់យកអំបែកគ្រាប់ចេញផ្ទាល់ៗតែម្ដង។ នៅក្នុងមន្ទីរពេទ្យ ថ្នាំដែលត្រូវយកមកចាក់ឲ្យយោធា ឬលាងរបួស ពេទ្យព្យាបាលទូទៅមិនអាចចូលទៅយកពីឃ្លាំងថ្នាំតែម្ដងនោះទេ គឺចាំទាល់តែប្រធានឈ្មោះ វ៉ាន់ រៀបចំថ្នាំ និងសម្ភារពេទ្យដាក់លើរទេះរុញរួច ទើបអាចយកមកព្យាបាលបាន។

នៅឆ្នាំ១៩៧៩ ថា បានរត់ទៅជិះរថភ្លើងទៅខាងសំឡូត ខេត្តបាត់ដំបង នៅពេលដែលទាហានវៀតណាមវាយចូលមក។ ដល់ឆ្នាំ១៩៨០ ថា បានសម្រេចចិត្តត្រលប់មកស្រុកកំណើតវិញ។ នៅពេលដែល ថា គិតអំពីរបបខ្មែរក្រហម ថា តែងតែមានអារម្មណ៍អស់កម្លាំង ព្រោះគាត់នឹកឃើញពីការងារដែលធ្វើមិនចេះឈប់ឈរ។ មួយវិញទៀត ថា បានប្រាប់ទៅកូនៗរបស់គាត់ អំពីបទពិសោធន៍ ឬការលំបាកនៅក្នុងរបប ប៉ុល ពត ហើយសង្ឃឹមថាក្មេងៗនឹងបានរៀនសូត្រ និងយល់ដឹងថាពេលវេលានោះលំបាកប៉ុណ្ណា៕
អត្ថបទដោយ ភា រស្មី
[1] ផេង ពង្សរ៉ាស៊ី និងអ្នកដទៃទៀត, ប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)(មជ្ឈមណ្ឌលឯកសារកម្ពុជា៖ ឆ្នាំ២០២០) ទំព័រទី៤៧។
[2] ឯកសារលេខ TKI0026, ឈ្មោះ អុប ថា ភេទស្រី សម្ភាសនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០០១ ដោយ គឹម កែវកន្និដ្ឋា, មជ្ឈមណ្ឌលឯកសារកម្ពុជា។
[3] មជ្ឈមណ្ឌលឯកសារកម្ពុជា, ឯកសារលេខ I5252, ពិនិត្យប្រវត្តិរូបបដិវត្ត អុប ថា ភេទស្រី អាយុ១៤ឆ្នាំ, ធ្វើការនៅពេទ្យ៦មករា សង្គមកិច្ច។
[4] មជ្ឈមណ្ឌលឯកសារកម្ពុជា ឯកសារលេខ I01942, ពិនិត្យប្រវត្តិរូបបដិវត្តរបស់ សមមិត្ត អុប ថា, ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៧៨។ នៅក្នុងប្រវត្តិរូបបានសរសេរថា៖ ថា ចូលបដិវត្តិនៅឆ្នាំ១៩៧៦ នៅឃុំសំរោង ស្រុកត្រាំកក់ ហើយអ្នកនាំចូលឈ្មោះ អួង មាននាទីជាគណៈកម្មាធិការភូមិព្រៃតាដុក។ តាំងពីចូលបដិវត្ត ថា មាននាទីជាប្រធានក្រុម។