ទេព ប៉ូច៖ អនុប្រធានអប់រំស្រុកស្អាង (ខេត្តកណ្ដាល)

នៅឆ្នាំ១៩៧៦ ប៉ូច ត្រូវបានខាងខេត្ត និងខាងតំបន់ ចាត់តាំងឲ្យទៅអប់រំប្រជាជន និងដឹកនាំប្រជាជនធ្វើស្រែចម្ការនៅស្រុកស្អាង រហូតបានឡើងតួនាទីជាអនុប្រធានស្រុកស្អាង។ ប៉ូច បាននិយាយរៀបរាប់រឿងរ៉ាវដូចខាងក្រោម៖
ខ្ញុំបាទឈ្មោះ ទេព ប៉ូច[1] ភេទប្រុស អាយុ៧៨ឆ្នាំ កើតនៅឆ្នាំ១៩៤៧។ សព្វថ្ងៃជាសមាជិកក្រុមប្រឹក្សាឃុំ។ ខ្ញុំ មានស្រុកកំណើតនៅក្នុងភូមិតាំងរលាំង ឃុំវាលពង់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នរស់នៅក្នុងភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ ខ្ញុំមានប្រពន្ធចំនួន៣នាក់៖ ប្រពន្ធទី១ សែម(ស្លាប់) ប្រពន្ធទី២ឈ្មោះ សល់ រៀបការឆ្នាំ១៩៧៦ មានស្រុកកំណើតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល (ស្លាប់ឆ្នាំ១៩៧៩ ដោយសារជំងឺ) និង ប្រពន្ធទី៣ឈ្មោះ ហោម សាង សព្វថ្ងៃអាយុ៦០ឆ្នាំ។ ខ្ញុំ មានកូនចំនួន៥នាក់ (ប្រពន្ធទី១ មានកូនចំនួន១នាក់ ប្រពន្ធទី២ មានកូនចំនួន១នាក់(ស្លាប់ដោយសារជំងឺគ្រុនចាញ់) និងប្រពន្ធទី៣ មានកូនចំនួន៣នាក់។ ខ្ញុំ មានឪពុកឈ្មោះ ប៉ោម(ស្លាប់) និងម្ដាយឈ្មោះ យ៉ែម(ស្លាប់) ។ ខ្ញុំ មានបងប្អូនបង្កើតចំនួន៤នាក់ (ប្រុស៣នាក់ ស្រី១នាក់)។ ខ្ញុំ ជាកូនទី៣ នៅក្នុងគ្រួសារ។
កាលពីវ័យកុមារខ្ញុំរស់នៅក្នុងបន្ទុកឪពុកម្ដាយ ហើយខ្ញុំមិនបានរៀនសូត្រអ្វីទេ ពីព្រោះតែគ្រួសារខ្ញុំមានជីវភាពខ្វះខាត និងក្រីក្រជាខ្លាំង។ លុះដល់ពេញវ័យ ខ្ញុំបានសុំម្ដាយឪពុកទៅរស់ក្នុងវត្ត-តាំងខ្មៅ បានរយៈពេលកន្លះឆ្នាំ ទើបសម្រេចចិត្តសុំឪពុកម្ដាយចូលបួសនៅក្នុងវត្ត-តាំងខ្មៅ បានចំនួនពីរវស្សា។ នៅឆ្នាំ១៩៦៨ ខ្ញុំសឹកពីបួសម្ដាយឪពុកខ្ញុំបានរៀបចំឲ្យខ្ញុំមានគ្រួសារ។ ក្រោយពេលរៀបការបានរយៈពេល៤ឆ្នាំ ប្រពន្ធខ្ញុំបានស្លាប់ដោយសារជំងឺអាសន្នរោគ ដោយបន្សល់ទុកកូនអាយុ៤ខែឲ្យខ្ញុំចិញ្ចឹម។ បន្ទាប់ពីប្រពន្ធបានស្លាប់រយៈពេល៤ខែ កូនរបស់ខ្ញុំបានឈឺស្លាប់ទៀត។
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ លោកសេនាប្រមុខ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់ សម្ដេច ព្រះនរោត្តម សីហនុ ចេញពីមុខតំណែង។ នៅក្នុងអំឡុងពេលនោះ សម្ដេច ព្រះនរោត្តម សីហនុ បានអំពាវនាវទៅដល់ប្រជាជនទាំងអស់ ដែលគោរពស្រឡាញ់ព្រះអង្គឲ្យនាំគ្នារត់ចូលព្រៃម៉ាក់គី ដើម្បីទៅចូលរួមជាមួយកងទ័ពរណៈសិរ្យរួបរួមជាតិ រំដោះប្រទេសជាតិត្រឡប់មកវិញ។ នៅឆ្នាំ១៩៧១ ដល់ ឆ្នាំ១៩៧២ ខ្ញុំបានសម្រេចចិត្តចាកចេញពីឪពុកម្ដាយមកចូលរួមជាមួយកងទ័ពរណៈសិរ្យរួបរួមជាតិ។ បន្ទាប់មកខ្ញុំត្រូវបានខ្មែរក្រហមបញ្ជូនទៅអង្គភាពឃុំកន្ទក ស្រុកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលស្ថិតនៅខាងត្បូងផ្លូវជាតិលេខ៤ ដើម្បីឲ្យទៅទទួលខុសត្រូវខាងអប់រំប្រជាជននៅក្នុងមូលដ្ឋានឃុំកន្ទក។ នៅឆ្នាំ១៩៧៥ ប្រជាជនជាច្រើនបានធ្វើដំណើរមកពីទីក្រុងភ្នំពេញចូលមកក្នុងមូលដ្ឋានអប់រំរបស់ខ្ញុំ។ ពេលនោះមូលដ្ឋានអប់រំដែលខ្ញុំគ្រប់គ្រងចាប់ផ្ដើមមានមនុស្សច្រើន ដែលបណ្ដាលឲ្យខ្វះខាតស្បៀងអាហារ និងទឹកជាខ្លាំង។ ពេលនោះខ្ញុំបានរាយការណ៍ទៅខាងស្រុក និងទាក់ទងទៅខាងទន្លេឲ្យជួយរកស្បៀងអាហារយកមកផ្គត់ផ្គងប្រជាជនបន្ថែម។ បន្ទាប់ពីមានអាហារហូបចុកគ្រប់គ្រាន់ ខ្ញុំបានដឹកនាំប្រជាជនដែលជម្លៀសមកពីទីក្រុងភ្នំពេញឲ្យចេះធ្វើស្រែចម្ការ។
នៅដើមឆ្នាំ១៩៧៦ ខ្ញុំត្រូវបានខាងខេត្ត និង ខាងតំបន់ ចាត់តាំងឲ្យទៅទទួលខុសត្រូវមើលប្រជាជន និងជាសមាជិកនៅក្នុងស្រុកស្អាង ខេត្តកណ្ដាល។ ក្រោយពេលដឹកនាំប្រជាជនឲ្យធ្វើការងារស្រែចម្ការនៅស្រុកស្អាងបានរយៈពេល១ឆ្នាំ ខ្ញុំត្រូវបានខាងខេត្ត និងខាងតំបន់ ដំឡើងតួនាទីជាអនុប្រធានស្រុកស្អាង។ នៅក្នុងខែកក្កដា ឆ្នាំ១៩៧៦ ខ្ញុំត្រូវបានខាងតំបន់ ចាត់តាំងបន្តឲ្យទៅភូមិភាគកណ្ដាល ដែលស្ថិតនៅស្រុកតាំងគោក ខេត្តកំពង់ធំ។ ពេលទៅដល់ភូមិភាគកណ្ដាល ខ្ញុំត្រូវបានប្រធានខាងភូមិភាគ(មិនបានបញ្ជាក់ឈ្មោះ) ចាត់តាំងឲ្យធ្វើប្រធាននៅក្នុងស្រុកតាំងគោក ដើម្បីដឹកនាំប្រជាជនធ្វើស្រែប្រាំង និងស្រែវស្សា។ ដោយសារតែខ្ញុំជាប្រធានថ្មី ទើបតែផ្លាស់មកគ្រប់គ្រងដំបូង និងមិនសូវស្គាល់ភូមិសាស្រ្តច្បាស់លាស់ ការងារទាំងអស់គឺត្រូវអនុលេខា និងសមាជិកស្រុកជាអ្នកគ្រប់គ្រង។ ចំណែក ខ្ញុំគឺគ្រាន់តែណែនាំទៅកាន់អនុលេខា និងសមាជិកទាំងអស់ថា «ខាងលើបានបញ្ជាឲ្យតាមដានតែមនុស្សណាដែលមានសកម្មភាពប្រឆាំងជាមួយបក្ស»។
បន្ទាប់ពីដឹកនាំប្រជាជនធ្វើស្រែប្រាំង និងស្រែវស្សា បានរយៈពេល៧ទៅ៨ខែ ខ្ញុំត្រូវបានប្រធានភូមិភាគកណ្ដាលផ្លាស់ចេញពីស្រុកតាំងគោក ដើម្បីឲ្យទៅគ្រប់គ្រងនៅ តំបន់៤២ ដែលស្ថិតនៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលគ្រប់គ្រងដោយឈ្មោះ អឿន (គណៈតំបន់) ដែលត្រូវជាប្អូនថ្លៃរបស់តា ពក។ ពេលផ្លាស់មកគ្រប់គ្រងនៅតំបន់៤២ដំបូង ខ្ញុំបានពិភាក្សាជាមួយអនុលេខារបស់ខ្ញុំឈ្មោះ ឆន ដែលមកពីស្រុកតាំងគោក ដើម្បីពង្រឹងការងារនៅក្នុងសហករណ៍។ បន្ទាប់ពីពិភាក្សាចប់ ឆន (អនុលេខា) បានរៀបចំកិច្ចប្រជុំជាមួយប្រជាជនទាំងអស់នៅក្នុងតំបន់៤២ ហើយ ឆន បានឡើងធ្វើមេទិញប្រកាសប្រាប់ប្រជាជនទាំងអស់ឲ្យបានដឹងថា « ប្រសិនបើមានប្រជាជនណាដែលបំផ្លិតបំផ្លាញរបស់របរនៅក្នុងសហករណ៍ដូចជា ធ្វើឲ្យបាក់នង្គ័ល ធ្វើឲ្យបាក់រនាស់ និងធ្វើឲ្យខូចខាតរទេះគោ លួចដំឡូងឬលួចរបស់អីផ្សេងៗ ត្រូវបានអង្គការចាត់ទុកជាខ្មាំង »។ ក្រោយពីមានការណែនាំប្រជាជនទាំងអស់បានខំប្រឹងបង្កបង្កើនផល រហូតមានអាហារហូបចុកគ្រប់គ្រាន់ និងស្បៀងអាហារមួយចំនួនផ្ដល់ជូនទៅខាងសាលាស្រុកបារាយណ៍។
នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមសហការណ៍ជាមួយកងទ័ពរណៈសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជាបានវាយចូលមកដល់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ពេលនោះ អឿន ដែលជាគណៈតំបន់៤២ បានប្រមូលកម្លាំងកងទ័ព ដើម្បីចាំទប់ទល់ជាមួយកងទ័ពវៀតណាម និងកងទ័ពរណៈសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា។ ដោយមើលទៅសភាពការណ៍មិនអាចទប់ទល់ជាមួយកងទ័ពទាំងពីរបានខ្ញុំ និងក្រុមគ្រួសារបានសម្រេចចិត្តរត់ចេញពីស្រុកបារាយណ៍ទៅសំងំលាក់ខ្លួននៅក្នុងព្រៃបុសពក ដែលស្ថិតខាងលើស្រុកបារាយណ៍។ ពេលរត់មកសំងំលាក់ខ្លួនក្នុងព្រៃបុកពកមិនបានប៉ុន្មានថ្ងៃ ប្រពន្ធទី២ខ្ញុំឈ្មោះ សល់ បានធ្លាក់ខ្លួនឈឺ ដោយសារតែគ្មានថ្នាំព្យាបាលប្រពន្ធខ្ញុំបានទទួលមរណៈភាពនៅក្នុងព្រៃបុកពក ដោយទុកកូនម្នាក់ឲ្យខ្ញុំមើលថែ។ បន្ទាប់ពីប្រពន្ធខ្ញុំបានស្លាប់បានរយៈពេល១ខែ កូនរបស់ខ្ញុំបានកើតជំងឺគ្រុនចាញ់ រហូតដល់បាត់បង់ជីវិតម្នាក់ទៀត។ ក្រោយពេលប្រពន្ធ និងកូនបានស្លាប់ ខ្ញុំបានលួចចូលទៅឃោសនាក្នុងភូមិប្រាប់ឲ្យប្រជាជន រត់ចេញពីភូមិចូលមករស់នៅក្នុងព្រៃ។ បន្ទាប់ពីការឃោសនា ខ្ញុំទទួលកម្លាំងបានជាច្រើនមកពីតាមស្រុក និងតាមភូមិដែលរត់ចេញចូលមករស់នៅក្នុងព្រៃបុកពក ដើម្បីត្រៀមខ្លួនចេញតស៊ូម្ដងទៀត។ មុននឹងចេញទៅតស៊ូជាមួយកងទ័ពវៀតណាម ខ្ញុំបាននិយាយប្រាប់ទៅកាន់បងប្អូនដែលរត់មកចូលរួមជាមួយខ្ញុំថា « បើបងប្អូនទ្រាំបានត្រូវតែទ្រាំ បើបងប្អូនទ្រាំមិនបានអាចរត់ទៅផ្ទះទៅសម្បែងរកឪពុកម្ដាយវិញបាន អ្នកនៅស្រុកណាអាចរត់ទៅស្រុក និងវិញបាន ខ្ញុំអត់មានបង្ខំទេ »។
នៅឆ្នាំ១៩៨០ ខ្ញុំត្រូវបាន អឿន ចាត់តាំងឲ្យគ្រប់គ្រងកងទ័ពមួយចំនួនដែលមានមុខសញ្ញានៅខេត្តកំពង់ចាម និងខេត្តកំពង់ធំ។ បន្ទាប់មក តា កែវ ពក និង តា ពេជ្រ (អនុ កែវ ពក) បានចុះទៅទទួលក្ដោបក្ដាប់នៅក្នុងសមរភូមិខ្ញុំ។ បន្ទាប់មកទៀត ខ្ញុំ និងកងទ័ពទាំងអស់ ត្រូវបាន តា កែវ ពក ដឹកនាំឲ្យទៅរស់នៅក្នុងជំរំ អូរត្រាវ ហៅគងអំពិល ដែលស្ថិតនៅជាប់ព្រំដែនប្រទេសថៃ។ ពេលមករស់នៅជំរំ អូរត្រាវ ខ្ញុំមានតួនាទីជាសមាជិករបស់ តា កែវ ពក ដោយទទួលមើលការខុសត្រូវគ្រួសារកងទ័ពចំនួន៤១៧ គ្រួសារ។
នៅឆ្នាំ១៩៨៧ តា កែវ ពក បានបញ្ជាឲ្យប្រមូលកម្លាំងទៅវាយជាមួយកងទ័ពវៀតណាម ដែលឈរជើងនៅស្រុកជីក្រែង ខេត្តសៀមរាប។ ពេលធ្វើដំណើរតាមផ្លូវទៅស្រុកជីក្រែង ខេត្តសៀមរាប ខ្ញុំបានដើរជាន់មីនបណ្ដាលឲ្យដាច់ជើងម្ខាង ហើយខ្ញុំត្រូវបានបញ្ជូនឲ្យត្រឡប់មកព្យាបាលនៅជំរំ អូរត្រាវ វិញ។ បន្ទាប់ពីស្ងប់ស្ងាត់សង្រ្គាម ខ្ញុំបានចេញពីជំរំ អូរត្រាវ មករស់នៅក្នុងភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ ពេលចូលមករស់នៅភូមិស្វាយចេកបានរយៈពេល១ឆ្នាំ ខ្ញុំបានរៀបការជាមួយនារីម្នាក់ទៀតឈ្មោះ ហោម សាង។ បន្ទាប់រៀបការរួចខ្ញុំ និងប្រពន្ធបានចាប់ដៃគ្នាប្រកបមុខរបរធ្វើស្រែចម្ការ ដើម្បីចិញ្ចឹមជីវិត។ សព្វថ្ងៃខ្ញុំគឺជាសមាជិកក្រុមប្រឹក្សាឃុំថ្លាត។
អត្ថបទដោយ ចាន់ ណារិទ្ធ
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, សម្ភាសន៍ដោយ ឡុង ដានី ជាមួយ ទេព ប៉ូច នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៨