ចាន់ ភឹម៖ ខ្ញុំបែកពីឪពុកម្តាយខ្ញុំជារៀងរហូត ចាប់តាំងពីចូលបម្រើបដិវត្តន៍ខ្មែរក្រហម

ចាន់ ភឹម[1] អាយុ៥៥ឆ្នាំ និងជាជាងសិប្បកម្ម មានស្រុកកំណើតនៅភូមិក្រាំងភ្ងារ ឃុំវាលពង្ស ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ សព្វថ្ងៃនេះ ភឹម រស់នៅភូមិស្រះឈូក ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ភឹម បាននិយាយថា៖ «មុនឆ្នាំ១៩៧០ ខ្ញុំបានរស់នៅជាមួយឪពុកម្តាយយ៉ាងសុខសាន្ត នៅក្នុងក្រុមគ្រួសារកសិករមួយ។ ឪពុកម្តាយខ្ញុំប្រកបរបរធ្វើស្រែចម្ការ។ ឪពុកខ្ញុំក៏ប្រកបរបរឡើងត្នោតដែរ។ ខ្ញុំបានបួសជាព្រះសង្ឃ រយៈពេលពីរវស្សាដែរ។
នៅក្នុងឆ្នាំ១៩៧៣ ខ្ញុំត្រូវបានបង្ខំឲ្យចូលបម្រើបដិវត្តន៍ខ្មែរក្រហម ដោយសារប្រទេសកំពុងធ្លាក់ចូលក្នុងសង្គ្រាម។ ខ្ញុំពិតជាចង់នៅបម្រើឪពុកម្តាយ ដែលមានវ័យចំណាស់។ ម្យ៉ាងទៀត ខ្ញុំគឺជាកូនតែម្នាក់គត់ ដោយសារបងប្អូនបង្កើតបានស្លាប់អស់ហើយ។ ប៉ុន្តែ ខ្ញុំមិនអាចបន្តរស់នៅក្នុងភូមិដោយសុខសាន្តបានឡើយ។
សកម្មភាពបដិវត្តន៍របស់ខ្ញុំបានអនុវត្តនៅក្នុងស្រុកឧត្តុង្គ នៃខេត្តកំពង់ស្ពឺ ផ្ទាល់តែម្តង។ ខ្ញុំបានរងរបួសបាក់ដៃ ដោយសារគ្រាប់ផ្លោងរបស់ទាហាន លន់ នល់ នៅក្នុងឆ្នាំ១៩៧៤។
នៅពេលដែលខ្មែរក្រហមបានវាយកាន់កាប់ទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំបានទទួលការអនុញ្ញាតឲ្យចូលធ្វើការនៅក្នុងអង្គភាពពិការរបស់សហករណ៍ នៅត្រង់ម្តុំពេទ្យលោកសង្ឃ នៃក្រុងភ្នំពេញ។ អង្គភាពពិការត្រូវដាំបាយ និងដាំបន្លែ ដើម្បីផ្គត់ផ្គង់ខ្លួនឯង។ ខ្ញុំមិនដែលបានត្រឡប់ទៅផ្ទះវិញម្តងណាឡើយ នៅមុនពេល និងក្នុងអំឡុងពេលនៃរបបខ្មែរក្រហម។ ជាពិសេស ខ្ញុំមិនដឹងថាតើម៉ែឪរបស់ខ្ញុំបាក់បែកទៅណា ឬបាត់បង់ជីវិត តាំងពីពេលណា។ ខ្ញុំបែកពីគាត់ទាំងពីរជាងរៀងរហូត។
នៅក្នុងឆ្នាំ១៩៧៩ ខ្ញុំមិនអាចគេចរត់ និងវិលត្រឡប់ទៅផ្ទះវិញឡើយ។ សមាជិកទាំងអស់នៃអង្គភាពពិការត្រូវបានដឹកតាមរថភ្លើងឆ្ពោះទៅកាន់ខេត្តបាត់ដំបង។ ខ្ញុំបន្តធ្វើដំណើរត្រាច់ចរ រហូតដល់ខេត្តសៀមរាប។ នៅទីបំផុត ខ្ញុំបានរត់ភៀសខ្លួនមកកាន់ខ្នងភ្នំដងរែក។
នៅដើមទស្សវត្សរ៍ឆ្នាំ១៩៨០ ខ្ញុំបាន ចាប់ផ្តើមអាជីពអារឈើ និងសិប្បកម្មឈើ។ ខ្ញុំឆ្លៀតអារឈើ និងផលិតគ្រែ និងគ្រឿងឈើផ្សេងៗ ដើម្បីលក់ឲ្យប្រជាជនថៃ។
នៅចុងឆ្នាំ១៩៨៤ ខ្ញុំបានដើរជាន់មីន ដែលបណ្តាលឲ្យខ្ញុំដាច់ជើងម្ខាង។ ប៉ុន្តែ ខ្ញុំនៅបន្តអាជីពសិប្បកម្មឈើ ដូចជាផលិតតុ សាឡុង និងគ្រែ សម្រាប់ចិញ្ចឹមក្រពះ។
«ដូចខ្ញុំមានអាជីព ដូចខ្ញុំជម្រាបអញ្ចឹង វាគិតតែរឿងបង្កើតអាជីពមួយសម្រាប់ខ្លួនឯង។ ដល់ពេលពិការទៅនេះ មានដឹងថានឹកឃើញរកអី។ ម៉្លោះហើយ បើធ្វើស្អីក៏ធ្វើមិនកើត។ គិតតែខំ…ព្យាយាម ដើម្បីចិញ្ចឹម[ជីវិត]។ កុំបានខ្លួនឯងមានគំនិតចាប់វិជ្ជាសិប្បកម្មទេ។ បើថាអត់ ជីវិតខ្ញុំមិនដឹងធ្វើអីបាន។ វេទនា មហាវេទនា។ បងប្អូនពិការដែលនៅនេះ ខ្ញុំមើលឃើញគ្នា ដែលគ្នាអត់មានអាជីព ធ្វើការយ៉ាប់ៗ។ ហើយខ្ញុំជាមួយប្តីប្រពន្ធ ព្រឹកឡើងឈូសៗ ថ្ងៃឡើងឈូស។ ដៃឡើងក្រិនអស់ហើយឈូសឈើហ្នឹង។»
បើនិយាយពីការជួយយកអាសារវិញ ខ្ញុំក៏នៅចាំរឿងមួយដែរថា នៅក្នុងអំឡុងខែមេសា ឆ្នាំ១៩៩៦ ខ្ញុំធ្លាប់បានជួយយកអាសារជនភៀសសឹកចំនួនជិត១០០នាក់ ដែលរត់ចេញពីការប្រយុទ្ធគ្នានៅឯស្រុកវ៉ារិន ខេត្តសៀមរាប។
អង្គភាពបានចាត់បញ្ជូនខ្ញុំឲ្យផ្តល់អង្ករ និងក្រណាត់ ដល់អ្នកទាំងនោះ។ ខ្ញុំឃើញប្រជាជនទទួលរងនូវភាពអត់ឃ្លាន ដោយសារគ្មានឆ្នាំងដាំបាយ។ ជនភៀសសឹកទាំងនោះអរណាស់ ដោយសារខ្ញុំបានចែកឆ្នាំងមួយសម្រាប់ដាំបាយ ឆ្នាំងមួយសម្រាប់ស្លរ និងអង្ករចំនួន៦០កំប៉ុងសម្រាប់មនុស្សម្នាក់ ក្នុងមួយខែ។ ខ្ញុំបានទទួលការរាប់អាន ហើយអ្នកខ្លះក៏បានទៅដល់ផ្ទះខ្ញុំទៀតផង។ ពេលខ្លះ ខ្ញុំបានជួបអ្នកទាំងនោះនៅស្រែណូយ ប៉ុន្តែភ្លេចឈ្មោះគាត់ហើយ»៕
អត្ថបទដោយ លី សុខឃាង
[1] ចាន់ ភឹម អាយុ៥៥ឆ្នាំ និងជាជាងសិប្បកម្ម បានផ្តល់សម្ភាសន៍ដល់ ឡុង ដានី កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៨។