សាញ់ សុគន្ធ៖ ខ្លួនប្រាណខ្ញុំឆ្អាបសុទ្ធតែឈាម

សាញ់ សុគន្ធ[1] ភេទស្រី អាយុ៦៦ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងភូមិទួលគ្រួស ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សុគន្ធ បាននិយាយរៀបរាបពីជីវិតតស៊ូរបស់ខ្លួនដូចតទៅ «នៅឆ្នាំ១៩៧០ ខ្ញុំមានអាយុ១៤ឆ្នាំ នៅពេលនោះខ្ញុំចាំបានថា មានព្រឹត្តិការណ៍មួយបានកើតឡើងគឺ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ សម្ដេចព្រះនរោត្តម សីហនុ ពីតំណែង។ ក្នុងព្រឹត្តិការណ៍នេះ ខ្ញុំបានឃើញមាន សិស្ស និស្សិត បញ្ញាវ័ន្ត ជាច្រើននាក់នាំគ្នាធ្វើបាតុកម្ម ខណៈពេលដែលខ្ញុំ និងបងថ្លៃ កំពុងជិះកង់ទៅកាន់ផ្សារផ្អាវ ដែលមានចម្ងាយជាច្រើនគីឡូម៉ែត្រពីផ្ទះ។ នៅពេលនោះខ្ញុំបានឮសំឡេងស្រែកឡើងខ្លាំងៗថា « ជយោសម្ដេចឪអាណាមិនទៅដុតផ្ទះចោល» ។ ចាប់តាំងពីពេលនោះមកប្រទេសកម្ពុជាក៏ចាប់ផ្ដើមកើតមានសង្គ្រាមឥតឈប់ឈរ។
នៅឆ្នាំ ១៩៧៤ ដោយសារមើលឃើញពីស្ថានភាពលំបាកពេកនៅស្រុកកំណើត ខ្ញុំក៏បានសម្រេចចិត្តចូលរួមក្នុងចលនាបដិវត្តន៍ខ្មែរក្រហម។ ដំបូងឡើយខ្ញុំបានចូលរួមក្នុងកងសិល្បៈរបស់ខ្មែរក្រហម តាមរយៈការបញ្ចុះបញ្ចូលមនោគមន៍របស់ប្រធានកងនាពេលនោះ។ ខ្ញុំនៅកងសិល្បៈមិនបានយូរប៉ុន្មានក៏ផ្លាស់ទៅនៅមន្ទីរសង្កាត់ផ្នែកលក់ពាណិជ្ជកម្ម។ ខ្ញុំលក់បានមួយរយៈពេល មានការបិទផ្នែកពាណិជ្ជកម្មឈប់ឲ្យលក់បន្តទៀត។ នៅចុងឆ្នាំ១៩៧៤ ខ្ញុំត្រូវបានបញ្ជូនទៅរៀនផ្នែកពេទ្យរយៈពេល៦ខែ។ បន្ទាប់ពីខ្ញុំរៀនចប់រយៈពេល៦ខែ ថ្នាក់លើបានបន្តឲ្យខ្ញុំទៅរៀនជំនាញស្លរថ្នាំឱសថបុរាណឲ្យចេញជាគ្រាប់ថ្នាំសម្រាប់ព្យាបាលអ្នកជំងឺគ្រុនចាញ់។ ខ្ញុំបានបន្តរស់នៅសិក្សាជំនាញពេទ្យរហូតដល់ចេះសព្វគ្រប់អស់ ហើយខ្ញុំបានព្យាបាលអ្នកជំងឺមួយចំនួនផងដែរ។ ចំពោះការរស់នៅក្នុងកងពេទ្យ ខ្ញុំមិនសូវជួបការលំបាកប៉ុន្មានទេ ព្រោះការហូបចុកទទួលបានគ្រប់គ្រាន់។
លុះដល់ឆ្នាំ១៩៧៥ ខ្ញុំត្រូវបានប្រធានកងបញ្ជូនឲ្យទៅខាងយោធាស្រុក។ អំឡុងពេលនោះ ខ្ញុំចាប់ផ្ដើមមានការលំបាក ព្រោះមិនបានត្រឡប់ទៅផ្ទះជួបជុំគ្រួសារដូចពីមុន ដោយត្រូវចាកចេញឆ្ងាយពីផ្ទះ រួមទាំងគ្រួសារ។ ខណៈពេលនោះ ខ្ញុំក៏បានគិតថាប្រសិនបើខ្ញុំលួចទៅផ្ទះវិញប្រាកដជាត្រូវវាយសម្លាប់ចោលជាមិនខាន ។ អំឡុងពេលនោះ ខ្ញុំពិតជាមិនហ៊ានធ្វើអ្វីទាំងអស់ក្រៅពីខិតខំធ្វើការដែលថ្នាក់លើបានផ្ដល់ឲ្យ។ ចាប់តាំងពីពេលនោះមកខ្ញុំក៏ត្រូវបែកចេញពីក្រុមគ្រួសាររហូតមក។ មិនយូរប៉ុន្មានប្រធានយោធាស្រុក ចាប់ផ្ដើមឲ្យខ្ញុំហាត់រៀនផ្នែកយោធាដូចទៅនឹងបុរសដែរ។ ខ្ញុំ បានហ្វឹកហាត់យុទ្ធសាស្រ្តយោធាអស់រយៈពេល៣ខែ នៅស្រុកជើងព្រៃ។ ការហ្វឹកហាត់រយៈពេល៣ខែនេះ គឺតម្រូវឲ្យក្រុមកងទ័ពចេះស្ទាត់គ្រប់ជំនាញទាំងអស់មិនថាក្នុងកាលៈទេសៈបែបណាក៏ដោយ។ យុទ្ធសាស្រ្តហ្វឹកហាត់របស់ខ្មែរក្រហមពេលនោះ គឺដើម្បីពង្រឹងស្មារតីយោធាឲ្យកាន់តែខ្លាំងឡើង និងជឿជាក់ថាអាចទៅប្រយុទ្ធជាមួយសត្រូវបាន។ នៅពេលហ្វឹកហាត់ ខ្ញុំមានឈ្មោះជាអ្នករៀនពូកែ ចេះស្ទាត់ជំនាញទាំងអស់ ប្រធានកងយោធា ក៏បានឲ្យខ្ញុំធ្វើជាគ្រូបង្រៀនផ្នែកយោធា ដល់ក្រុមទ័ពចូលហ្វឹកហាត់ថ្មីៗ។ តាមពិតទៅនៅក្នុងចិត្តខ្ញុំនៅពេលនោះបានគិតថា « ឱអាត្មាអញអើយបើមិនខំប្រឹងទេមានតែស្លាប់ » បែបនេះហើយ ខ្ញុំត្រូវចេះបត់បែនឲ្យទាន់សភាពការណ៍ទើបអាចរក្សាជីវិតបាន។
នៅចុងឆ្នាំ១៩៧៥ ថ្នាក់លើបានបញ្ជូនខ្ញុំឲ្យទៅខេត្តកំពង់ស្ពឺ នៅតំបន់ភ្នំបាសិត។ ការធ្វើដំណើរទៅកាន់ភ្នំបាសិត ត្រូវធ្វើដំណើរដោយថ្មើរជើងកាត់តំបន់ព្រៃស្ដុក ឆ្លងទឹកទន្លេ ជាដើម។ ការធ្វើដំណើរត្រូវចេញដើរនៅពេលយប់ជៀសវាងការលួចវាយប្រហារពីសត្រូវ។ កាលណោះខ្ញុំចាំបានថា អ្នករួមដំណើរទាំងអស់ត្រូវដើររហូតទាល់តែឃើញផ្កាយព្រឹករះ ទើបអាចឈប់សម្រាក រកកន្លែងដាំបាយហូបបាន។ បន្ទាប់ពីឈប់សម្រាក និយាយគ្នាលេង និងហូបបាយទឹករួច យើងក៏នាំគ្នាដេកយកកម្លាំង ព្រោះពេលយប់ត្រូវបន្តដំណើរទៅមុខទៀត។ ការដែលថ្នាក់លើបញ្ជូនខ្ញុំទៅកាន់ខេត្តកំពង់ស្ពឺ គឺដើម្បីជួយសែងអ្នករបួសនៅក្នុងសមរភូមិ។ ជំនាន់នោះ ការវាយប្រយុទ្ធគ្នាពីមួយថ្ងៃទៅមួយថ្ងៃកាន់តែខ្លាំងឡើង ធ្វើឲ្យកងទ័ពខ្មែរក្រហមស្លាប់ និងរបួសអស់ជាច្រើននាក់នៅក្នុងសមរភូមិ។ ពេលនោះ ខ្ញុំត្រូវសែងសាកសព និងអ្នករបួសរាល់ថ្ងៃ រហូតធ្វើឲ្យខ្លួនប្រាណខ្ញុំឆ្អាបសុទ្ធតែឈាម។ ការងារមួយនេះ ខ្ញុំមិនបានពេញចិត្តក្នុងការធ្វើឡើយ ប៉ុន្តែវាជាបទបញ្ជាខ្ញុំមិនអាចប្រឆាំងបាន។ ខ្ញុំ សុខចិត្តរស់នៅតស៊ូជាមួយខ្មែរក្រហម រហូតដល់ឆ្នាំ១៩៧៥ ខ្មែរក្រហមទទួលបានជ័យជម្នះនៅទីក្រុងភ្នំពេញ។ ភ្លាមៗនោះ ខ្ញុំពិតជាសប្បាយចិត្តជាមួយការទទួលជ័យជម្នះរបស់ខ្មែរក្រហមជាខ្លាំង ដោយសង្ឃឹមថានឹងបានត្រឡប់ទៅស្រុកកំណើតវិញ។ បន្ទាប់មក ខ្ញុំរួមទាំងកងកម្លាំងទាំងអស់ត្រូវបានហៅឲ្យចូលទៅទីក្រុងភ្នំពេញ។ ទិដ្ឋភាព ទីក្រុងភ្នំពេញនាពេលនោះខ្ញុំមើលឃើញថាគ្មានមនុស្សរស់នៅទៀតទេ ព្រោះពេលនោះខ្ញុំបានឃើញប្រជាជនរាប់លាននាក់បានធ្វើដំណើរចាកចេញពីភ្នំពេញ ដោយអ្នកខ្លះពរកូនតូច ទូលអង្ករ ឆ្នាំងចាន ឯអ្នកខ្លះទៀតស្ពាយសាកាដូរផង រែករបស់របរសម្ភារប្រើប្រាស់ផង មើលទៅគួរឲ្យសង្វេកជាខ្លាំង។
ឆ្លងផុតពីព្រឹត្តិការណ៍នោះមក ខ្ញុំរស់នៅភ្នំពេញធ្វើការរៀបចំផ្ទះសម្បែង និងសម្លៀកបំពាក់នៅតាមផ្ទះរបស់ប្រជាជនក្នុងទីក្រុងភ្នំពេញ។ ជំនាន់នោះ ក្រុមខ្ញុំជាប់ឈ្មោះជាក្រុមគំរូខាងរៀបចំសណ្ដាប់ធ្នាប់។
លុះដល់ឆ្នាំ១៩៧៨ ខ្ញុំត្រូវបានបញ្ជូនឲ្យទៅកោះរំយើលវិញម្ដង។ ពេលខ្ញុំប្ដូរទៅកោះរំយើល ការរស់នៅមានភាពងាយស្រួលជាងមុន ដោយសារបាននៅជាមួយមេចិត្តល្អទូលាយ ចេះមើលការខុសត្រូវ និងណែនាំប្រជាជននៅក្នុងកងបានល្អ។ ចំណែកឯ ការហូបចុកទទួលបានគ្រប់គ្រាន់ក្នុងមួយថ្ងៃហូបបាយ៣ពេល មានម្អូបគ្រប់គ្រាន់មិនមានការខ្វះខាតដូចពីមុនទេ។ ប៉ុន្តែក្នុងការរស់នៅប្រកបដោយភាពប្រសើរឡើងនេះក៏មានជាបញ្ហាប្រឈមខ្លាំងណាស់ដែរ ពីព្រោះតំបន់ដែលយើងកំពុងរស់នៅ គឺនៅជាប់ព្រំប្រទល់ជាមួយវៀតណាម ដែលតែងតែមានជម្លោះគ្នារឿងបង្គោលព្រំដែន។ ការរស់នៅសុខស្រួល របស់ខ្ញុំមិនបានយូរប៉ុន្មាន ក៏កើតមានសង្គ្រាមម្ដងទៀត ដោយសារពេលនោះឃើញមានកងទ័ពវៀតណាមចូលមកប្រទេសកម្ពុជាជាច្រើននាក់ ដែលបានធ្វើឲ្យកងទ័ពខ្មែរក្រហមបាក់ទ័ពរត់ចូលព្រៃអស់។
អំឡុងឆ្នាំ១៩៧៩ កងកម្លាំងទ័ពខ្មែរក្រហមជួបការលំបាកជាខ្លាំង ព្រោះកម្លាំងទ័ពបាត់បង់អស់ ស្បៀងអាហារក៏គ្មាន ដែលធ្វើឲ្យទ័ពនៅសេសសល់បាក់ទឹកចិត្តក្នុងការវាយតបតជាមួយកងទ័ពវៀតណាម។ កងទ័ព រួមទាំងប្រជាជនមួយចំនួនធំ ដែលរស់នៅក្នុងព្រៃបាននាំគ្នារកផ្លែឈើព្រៃ និងជីកមើមក្ដួច ដំឡូង ធ្វើជាអាហារ។ ពីមួយថ្ងៃទៅមួយថ្ងៃ ការរស់នៅក្នុងព្រៃមានអ្នកស្លាប់ដោយគ្មានអាហារជាបន្តបន្ទាប់។ ឯអ្នកខ្លះទៀត មានជំងឺខ្វះជីវជាតិធ្វើឲ្យខ្លួនប្រាណស្គមស្គាំង គ្មានកម្លាំងកំហែង។ ក្រោយមក ខ្ញុំ រួមទាំងកម្លាំងដែលនៅសេសសល់បានស្រុះស្រួលមតិគ្នាក្នុងការចាកចេញពីព្រៃ ដោយធ្វើដំណើរឆ្ពោះទៅទន្លេរពៅ (តំបន់ភ្នំ១០០១) ស្ថិតនៅក្នុងខេត្តព្រះវិហារ។ ពេលធ្វើដំណើរទៅដល់ទន្លេរពៅ កងកម្លាំងទាំងអស់ពិតជាសប្បាយចិត្តជាខ្លាំងប្រៀបបីដូចជាទទួលបានជីវិតថ្មីមួយទៀតអ៊ីចឹង។ ទៅដល់ទីនោះ ការរស់នៅហាក់ដូចជាមានភាពប្រសើរឡើងជាងមុន ការហូបចុក សម្លៀកបំពាក់ ក៏ទទួលបានគ្រប់គ្រាន់លែងមានភាពខ្វះខាត។ ខ្ញុំរស់នៅទន្លេរពៅ មិនបានយូរប៉ុន្មានផង ក៏មានការរៀបចំឲ្យខ្ញុំមានគ្រួសារ។ បន្ទាប់ពីមានគ្រួសារ ខ្ញុំក៏បានរៀបចំធ្វើផ្ទះតូចមួយសម្រាប់ស្នាក់នៅជាមួយប្ដី។ ខ្ញុំ នៅទីនោះរហូតដល់ខែមេសា ឆ្នាំ១៩៨០ សភាពការណ៍មិនអំណោយផលដែលបង្កឡើងដោយការវាយប្រហារពីកងកម្លាំងវៀតណាម នៅតំបន់ទន្លេរពៅ ធ្វើឲ្យកងទ័ពខ្មែរក្រហមផ្លាស់ប្ដូរទីជម្រក។
ការធ្វើដំណើរពីតាមជួរភ្នំដងរែក ខ្ញុំរួមទាំងកម្លាំងប្រជាជន ទ័ពខ្មែរក្រហមទាំងអស់បានបោះទីតាំងរស់នៅបណ្ដោះអាសន្នពីទីន្លែងមួយទៅកន្លែងមួយទៀតឥតឈប់ឈរ។ រហូតដល់ឆ្នាំ១៩៨៥ ទើបកម្លាំងទ័ពទាំងអស់បានធ្វើដំណើរទៅដល់ភ្នំ១០០៣ ដែលមានតាម៉ុក ជាអ្នកគ្រប់គ្រង។ ខ្ញុំ និងគ្រួសាររស់នៅភ្នំ១០០៣ បានមួយរយៈតាម៉ុក ក៏បានបញ្ជូនប្រជាជនទាំងអស់ឲ្យចូលទៅរស់នៅក្នុងជំរំភូណយ ប្រទេសថៃ។ ប្រជាជនរស់នៅក្នុងជំរំ រហូតដល់ឆ្នាំ១៩៩៨ មានការធ្វើសមាហរណកម្មបញ្ចប់សង្គ្រាមនៅតំបន់អន្លង់វែង ទើបខ្ញុំ និងគ្រួសារចុះមករស់នៅក្នុងភូមិទួលគ្រួសរហូតដល់បច្ចុប្បន្ន »៕
អត្ថបទដោយ មេក វិន
[1] ក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងសម្ភាសន៍ជាមួយ សាញ់ សុគន្ធ នៅក្នុងភូមិទួលគ្រួស ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្នុងថ្ងៃទី២១ ខែមករា ឆ្នាំ២០២១