សុន សំ៖ អតីតយោធាខ្មែរក្រហម

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

សុន សំ[1] ភេទ​​​ប្រុស​ អាយុ​​៦៧​​ឆ្នាំ​ មាន​​ស្រុក​​កំណើត​​នៅ​​ភូមិ​​ប្រាសាទ​ ស្រុក​​ក្រឡាញ់​​ ខេត្ត​​​សៀម    ​រាប។​ ​​សព្វ​​​​ថ្ងៃ​​​រស់​​​នៅ​​​ក្នុង​​​ភូមិ​​​អូរជីក​ ឃុំ​ផ្អាវ ​ស្រុក​​ត្រពាំង​ប្រាសាទ ​​ខេត្ត​​ឧត្តរមានជ័យ។ ​

សុន សំ​ បាន​​​​និយាយ​​​​​​​​ថា៖ ​​«កាល​​​​​ពី​​​​កុមារ​ភាព​​​ខ្ញុំ​​​មិ​ន​​បាន​​​​​រៀន​​​​សូត្រ​​​​ទេ​​​​ដោយ​​​​សា​រក្រុម​​​​គ្រួសាររបស់​ខ្ញុំ​​​​មាន​​​ជីវភាព​​​ខ្វះ​​​ខាត។​​ ​​ឪពុក​​​ម្ដាយ​​របស់​​ខ្ញុំ​​ប្រកប​​មុខ​​របរ​​ធ្វើ​​ស្រែ​​ចម្ការ។​ ​

​នៅ​​ឆ្នាំ​​១៩៧២​ ​ខ្ញុំ​​បាន​​ចូល​​ធ្វើ​ជា​​ឈ្លប​​ភូមិ​​នៅ​​ក្នុង​​ភូមិ​​កំណើត​​ខ្ញុំ។ ​ខ្មែរក្រហម​​បាន​​ហ្វឹក​​ហាត់​មួយ​រយៈ​​ ​ក្រោយមកបញ្ជូន​ខ្ញុំ​ទៅ​កាន់ភូមិសាស្ដ្រនៅ​ល្អក់​ស្វាយ​ធំ នៅ​ឃុំ​មមាញ ខេត្ដសៀមរាប​។ ​​ខ្ញុំបាន​ធ្វើជា​ឈ្លបភូមិ ​​រហូត​​ដល់​​ក្លាយ​​ទៅ​ជា​ឈ្លប​ឃុំ​ និង​​ឈ្លប​ស្រុក។ មួយកង​ឈ្លប​របស់​ខ្ញុំ​មានគ្នា​​ចំនួ​ន ​១០​នាក់។ ​ ​ការងារជា​ឈ្លប​​មិនត្រឹមយកការណ៍​នៅ​ក្នុ​ង​មូលដ្ឋាន​​ប៉ុណ្ណោះ​ទេ ប៉ុន្ដែថែមទាំង​ទៅ​សែង​អ្នក​របួសនៅ​​សមរភូមិ​​ទៀត​។​ ​ ទោះជាយ៉ាង​ណា​ខ្ញុំ​បាន​ស្ម័គ្រចិត្ត​ធ្វើកិច្ច​ការនេះដោយខ្លួនឯង។ ​រហូត​ដល់​ឆ្នាំ​១៩៧៣ ​ខ្ញុំ​បាន​​ចូល​ធ្វើ​ជា​កង​ទ័ពខ្មែរក្រហម​​វិញ​ ដោយនៅពេលនោះ​អង្គភាព​​បាន​បញ្ចូន​​ទៅប្រយុទ្ធ​​នៅ​ភូមិ​ភាគ​ឧត្តរ។ តាឡុត​ ​ជា​​ប្រធាន​​វរសេនា​តូច​លេខ​៦៧ គ្រប់គ្រង​ខ្ញុំផ្ទាល់​។​ ​គោល​ដៅរបស់យើង​គឺ​វាយ​​ចូល​ទី​ក្រុង​ភ្នំពេញ​។​​​

លុះ​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ផែនការ​របស់យើង​ទទួលបាន​ជោគជ័យ ពោល​គឺ​កងទ័ព​ខ្មែរក្រហម​​បាន​ចូលកាន់កាប់ទី​ក្រុង​ភ្នំពេញ។​ ​រយៈពេល​២ថ្ងៃក្រោយមក​​ អង្គភាព​របស់​ខ្ញុំបាន​​​ឈរ​ជើង​នៅ​ ​ទួល​គោក​ ដោយ​​យក​ផ្ទះ​ប្រជាជន​ដែលត្រូវបាន​ជម្លៀស​ទៅហើយ​នោះស្នាក់នៅ​។​ ទិដ្ឋភាព​នៅពេលនោះ​មានភាព​ស្ងាត់ជ្រងំ​​ ហើយ​កង​ទ័ព​ខ្មែរក្រហម​ទាំង​អស់​ចាប់​ផ្ដើម​រៀប​ចំ​អង្គភាពសាជា​​ថ្មីឡើងវិញ​។​ ដោយ​ឡែក​ បន្ទាប់ពី​រៀបចំរួ​ច អង្គភាព​របស់​ខ្ញុំ​ត្រូវ​បានថ្នាក់លើ​ខ្មែរក្រហម​​បញ្ចូន​ទៅ​ការពារ​​ព្រំដែន​​ខេត្ត​មណ្ឌល​គិរី​ទប់ទល់នឹងកងទ័ព​វៀតណាម​។​ អង្គភាព​ជួរមុខ​របស់ខ្ញុំបាន​​​ឈរ​ជើង​នៅម្ខាង​អូរម្នាក់​ពីកងទ័ព​វៀតណាម​​​​​ត្រង់ចំណុច​អូរ​ដាក់​ដាំ។ ​ ស្របពេល​យើងនៅ​ទល់មុខ​ព្រំដែន​វៀតណាម​ ការងារប្រចាំ​ថ្ងៃរបស់ខ្ញុំ គឺដើរ​ល្បាត​តាម​ព្រំដែន បិត​ចម្រូង និងដាំ​ចំរូង​។​ ទោះជាយ៉ាងនេះ​ក្ដី សភាព​ការណ៍នៅពេលនោះ​មិនទាន់មានភាពតានតឹង ឬឈានដល់ការប៉ះទង្គិច​ប្រដាប់អាវុធ​នៅតាមព្រំដែន​ឡើយ​។​

រហូត​​ដល់​ឆ្នាំ​១៩៧៧​ ការប៉ះ​ទង្គិចប្រដាប់អាវុធ​ជាមួយ​កង​ទ័ព​វៀតណាម​បានចាប់ផ្ដើម ដោយ​កងទ័ព​វៀតណាម​វាយ​​ចូល​ទឹក​ដីកម្ពុជាមុន។​ កង​ទ័ព​ខ្មែរក្រហម​​បាន​​វាយ​បក​ទៅ​វិញហើយ​បាន​កម្ទេច​​បន្ទាយ​​​របស់​កង​ទ័ព​វៀតណាម។ ក្រោយមក សភាពការណ៍​បានស្ងប់ទៅវិញ ថ្នាក់លើខ្មែរក្រហម​បាន​ផ្លាស់​ខ្ញុំ​ទៅកាន់សមរភូមិកោះ​ម៉ាយើលវិញ។ នៅទីនោះ​ ខ្មែរក្រហមឲ្យហេតុផល​ថា​​ ដើម្បី​ងាយ​ស្រួល​ផ្គត់ផ្គង់​ស្បៀង​​អាហារ​​គ្រប់​គ្រាន់​។​

នៅ​​ឆ្នាំ​១៩៧៩​ កង​ទ័ព​វៀតណាម​ចាប់ផ្ដើម​​វាយបក​​មក​ដល់​កោះ​ម៉ា​យើ​ល​បណ្ដាលឲ្យ​​កងទ័ព​ខ្មែរក្រហម​​ និង​ប្រជាជន​ស៊ី​វិល​ទីនោះ​រងរបួស និងបែក​ខ្ញែកគ្នា​អស់​។ កងទ័ព​ខ្មែរក្រហម​បាន​បាត់​ទំនាក់​ទំនង​​គ្នា ហើយខ្លះទៀត​សម្ងំលាក់ខ្លួន​ក្នុងព្រៃ​។​ កងទ័ពខ្លះទៀត​រស់នៅក្បែរ​ៗភូមិប្រជាជន​ដើម្បី​ស្វែង​រក​ជំនួយ​ស្បៀងអាហារ​។ ខ្ញុំ​បាន​ចូលទៅកាន់​ភូមិរបស់​ប្រជាជន និងធ្វើនយោបាយ​ជាមួយ​ប្រជាជន​ដើម្បី​សុំស្បៀងអាហារចិញ្ចឹមជីវិត​ទ្រទ្រង់​ចលនា​តស៊ូ​ទៅមុខទៀត។ លុះ​​ដល់​ឆ្នាំ​១៩៨៣​ ខ្ញុំ​​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​​​ភ្នំដងរែក​ដែល​ស្គាល់ថា​ «​ភ្នំ​១០០១​»។ ​កាល​ណោះខ្មែរក្រហ​មបាន​រៀបចំ​កម្លាំងឡើង​វិញ​ ហើយ​បញ្ចូល​​ខ្ញុំ​នៅកាន់​​កងពល​វរៈសេនា​ធំលេខ​​៩៧​​គ្រប់​គ្រង​ដោយ​ តាអៀ។​ នៅពេលនោះ ខ្ញុំបានស្នើអង្គភាព​រៀបការ​ជាមួយ​នារីម្នាក់​បាន​​រត់ភៀសខ្លួន​ជាមួ​យ​​ខ្មែរក្រហម​ឡើងលើភ្នំដងរែក​។ បន្ទាប់ពីរៀបការ​ហើយ​​ ខ្ញុំ​បាន​​ប្រពន្ធ​របស់ខ្ញុំ​ទៅ​រស់​នៅ​ក្នុង​ជំរំ​អូរត្រាវ​ជាច្រើនឆ្នាំ​។

​ដល់​​ឆ្នាំ​១៩៩១​ ខ្ញុំ​ និង​ប្រពន្ធ​ដែល​​រស់​នៅ​ក្នុង​ជំរំ​អូរត្រាវ​បាន​ចុះ​មក​រស់នៅ​ក្នុងតំបន់​១០០៣ ឬ​ហៅថា តំបន់អន្លង់វែង។ អន្លង់វែង​ជាទីជម្រក​ចុងក្រោយ​នៃ​ចលនា​ខ្មែរក្រហម​។ នៅទីនេះ​ជាតំបន់មួយ​ដែល​មិនទាន់មានការ​កែប្រែគម្របព្រៃ​ធម្មជាតិដ៏ក្រាស់ឲ្យទៅជាភូមិដ្ឋាន​របស់​ប្រជាជនឡើយ។ ពេលនោះ យើង​បាន​កាប់ឆ្ការព្រៃ​បង្កើតផ្ទះ​រៀងៗខ្លួន​ បន្ដិចម្ដងៗបានក្លាយទៅជាភូមិ​មួយ​ ដែលមានជីវិត​ប្រជាជន​រស់​នៅ​​នាពេលបច្ចុប្បន្ន​។

​ភូមិ​អូរជីក​ ស្ថិតនៅ​ក្នុង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ដឧត្ដរមានជ័យ​។​ អំឡុងពេលនោះ ​ខ្ញុំបាន​រស់​នៅ​ក្នុង​កង​ពល​៩២០​ គ្រប់​គ្រង​ដោយ មៀច សាន ហៅតា០៦។ ​ក្រោយ​មក​ មៀច សាន​ (តា០៦) និង      សូ​ សារឿន (តា០៥)​ ត្រូវ​បាន​ ឈិត ជឿន ហៅតាម៉ុក ចោទ​ថា​ជា​ជ​ន​ក្បត់ហើយបញ្ជាឲ្យ​យក​ទៅ​សម្លាប់​ក្នុងឆ្នាំ​១៩៩៧។ នៅពេលនោះ ​ប្រជាជន​បាន​កោះ​ប្រជុំ​មូល​មតិដើម្បី​​ផ្ដាច់​ខ្លួនទៅជំរំបៃតាប់ក្នុង​ឃុំ​ស្រែណូយ ខេត្ដសៀមរាប ​ចុះ​ចូល​ជា​មួយ​រដ្ឋាភិបាល​កម្ពុជា។​ ក្រោយពីកងទ័ព​ខ្មែរក្រហម​តំបន់អន្លង់វែង​ធ្វើ​​សមាហរណកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំ​​​បាន​​​ត្រឡប់​​មក​​ចាប់ដីធ្លី និងកសាង​ជីវិត​ឡើងវិញ​​ភូមិ​​អូរ​ជីក​​​​ដល់ពេល​​​បច្ចុប្បន្ន»។​

អត្ថបទដោយ សួត វិចិត្រ


[1] ក្រុមការងារ​មជ្ឈមណ្ឌលសន្ដិភាព​អន្លង់វែងសម្ភាសន៍​ជាមួយ សុន សំ នៅ​ឃុំផ្អាវ ស្រុកត្រពាំង​ប្រាសាទ នៅក្នុងខែ​ឧសភា ឆ្នាំ២០២២។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin