បងប្អូនប្រាំនាក់ សល់តែម្នាក់

ថោង ប៉ូយ ភេទស្រី មានអាយុ ៥៩ឆ្នាំ (គិតក្នុងឆ្នាំ២០០៦) រស់នៅភូមិវត្តចាស់ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងមានស្រុកកំណើតនៅភូមិដូនទ្រី ឃុំដូនទ្រី ស្រុកមោងឫស្សី ខេត្តបាត់ដំបង។[1] ប៉ូយ មានឪពុកឈ្មោះ ណុប ថោង (ស្លាប់ក្នុងរបបសង្គមរាស្ត្រនិយម), ម្តាយឈ្មោះ ទួត ធួន (ស្លាប់ក្នុងឆ្នាំ១៩៨៤) និងមានបងប្អូនប្រាំនាក់ ដោយទី១ ឈ្មោះ ថោង ផន, ទី២ ថោង ថឺន, ទី៣ ថោង ធួក, ទី៤ ថោង ព្រុំ និងទី៥ ថោង ប៉ូយ។ ក្រោយពីរបបខ្មែរក្រហមដួលរលំ មានតែ ប៉ូយ ម្នាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិត។
អំឡុងឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៤ ប្រជាជនក្នុងភូមិដូនទ្រី បានជីកលេណដ្ឋាន ដើម្បីគេចខ្លួនពីគ្រាប់ផ្លោង ពីការប្រយុទ្ធរវាងកងទ័ព លន់ នល់ និងកងទ័ពខ្មែរក្រហម។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាចទូទាំងប្រទេស ប៉ូយ និងប្រជាជនរស់នៅភូមិដូនទ្រី ត្រូវបានខ្មែរក្រហមចាត់ទុកថាជា ប្រជាជន១៧មេសា ឬប្រជាជនថ្មី និងត្រូវជម្លៀសទៅសហករណ៍សាករ តំបន់៤ ភូមិភាគពាយ័ព្យ។ ប៉ូយ និយាយថា ប្រជាជនមានស្រុកកំណើតនៅដូនទ្រី ត្រូវខ្មែរក្រហមចាត់ទុកជាភូមិខ្មាំង ឬសមរភូមិផេះ។ ប្រជាជនភូមិដូនទ្រី ត្រូវរស់នៅជាមួយប្រជាជនដែលខ្មែរក្រហមជម្លៀសមកពីទីក្រុងភ្នំពេញ, ខេត្តពោធិ៍សាត់, និងខេត្តកំពង់ឆ្នាំង។ ដោយឡែក ប្រជាជនរស់នៅភូមិតាលាស់ រួមទាំងប្តីរបស់គាត់ ត្រូវជម្លៀសទៅធ្វើការ និងរស់នៅសហករណ៍មោង។
ខ្មែរក្រហមមិនឲ្យប្រជាជនគោរពសាសនា ដូចជាអុចធូប ឬថ្វាយបង្គំព្រះនោះទេ។ វត្តអារាម ត្រូវបានខ្មែរក្រហមបញ្ជាឲ្យប្រជាជនវាយកម្ទេច និងធ្វើជាកន្លែងចិញ្ចឹមជ្រូក។ ចាប់តាំងពីឆ្នាំ១៩៧៥ ព្រះសង្ឃត្រូវបានខ្មែរក្រហមបង្ខំឲ្យឡើងត្នោត និងប្រហែលកន្លះឆ្នាំក្រោយមក អង្គការថ្នាក់លើបង្ខំឲ្យព្រះសង្ឃទាំងអស់សឹក។ ចំណែកឪពុកម្ដាយ ត្រូវហៅថា សមមិត្តម៉ែ និងសមមិត្តពុក។ ប្តីរបស់ប៉ូយ ត្រូវទៅធ្វើការនៅក្នុងអង្គភាពផ្សេង និងមិនឲ្យរស់នៅជួបជុំគ្នានោះទេ។ នៅក្នុងរបបខ្មែរក្រហម ប៉ូយ មានកូនពីរនាក់ ក្នុងនោះកូនរបស់ប៉ូយម្នាក់ ដែលមានអាយុ ៧ឆ្នាំ ត្រូវបានមេកងខ្មែរក្រហមបំបែកចេញពីគាត់ ដោយឲ្យទៅជម្រះស្មៅ និងរស់នៅក្នុងអង្គភាពកុមារ។
នៅសហករណ៍សាករ នៅម៉ោង៦ព្រឹក ប៉ូយ ត្រូវក្រោកទៅធ្វើពលកម្មជាក្រុម ដូចជាដកស្ទូង, ភ្ជួររាស់, ច្រូតកាត់ និងរែកកណ្ដាប់ ទាំងរដូវប្រាំង និងវស្សា។ ក្នុងមួយក្រុម មានសមាជិកប្រហែល១០នាក់។ នៅម៉ោង ១២ថ្ងៃត្រង់ ខ្មែរក្រហមឲ្យប្រជាជនសម្រាកហូបអាហាររួមគ្នានៅរោងបាយ ឬរោងកាស៊ីន និងត្រូវបន្តធ្វើការពីម៉ោង ១ថ្ងៃរហូតដល់ម៉ោង ៦ល្ងាច។ នៅពេលល្ងាច គឺហូបតែពោតស្ងោរមួយ ឬបបរមួយកា។ បន្ទាប់មក ប៉ូយ និងម្ដាយត្រូវបន្តធ្វើការរហូតដល់ម៉ោង ៩យប់ ទើបបានសម្រាក។ ប៉ូយ និយាយថា ការរស់នៅក្នុងរបបខ្មែរក្រហម គឺហូបចុកមិនគ្រប់គ្រាន់ និងធ្វើការងារហួសកម្លាំង ដែលបណ្ដាលឲ្យប្រជាជនជាច្រើននៅក្នុងសហករណ៍សាករ បានស្លាប់នៅពេលកំពុងធ្វើការ និងភ្ជួររាស់។ ប៉ូយ លើកឡើងថា អ្វីៗស្ថិតក្រោមការសម្រេចរបស់អង្គការ ដូច្នេះប្រជាជនគ្មានសិទ្ធិតវ៉ានោះទេ ដោយខ្លាចខ្មែរក្រហមយកទៅ លត់ដំ ឬសម្លាប់។
នាថ្ងៃមួយ ប៉ូយ បានធ្វើឲ្យរបូតបាត់ផាល នៅពេលកំពុងភ្ជួររាស់។ ខ្មែរក្រហម បានចោទថា ប៉ូយ បំផ្លាញបដិវត្ត និងបានវាយដំធ្វើបាបមកលើរូបគាត់។ នៅសហករណ៍សាករ ប្រជាជនថ្មី ត្រូវបានខ្មែរក្រហមហៅទៅម្តងម្នាក់ៗ ដោយមិនឃើញត្រលប់មកវិញនោះទេ រួមទាំងបងប្រុសរបស់គាត់ គឺបងទី៤ ឈ្មោះ ថោង ព្រុំ ដែលបានបាត់ខ្លួនតាំងពីឆ្នាំ១៩៧៨។ ប៉ូយ និយាយថា គាត់នៅតែចងចាំអំពីរឿងរ៉ាវដែលគាត់បានឆ្លងកាត់ក្នុងរបបខ្មែរក្រហម ដែលបណ្ដាលឲ្យបងប្អូនរបស់គាត់ទាំងបួននាក់ស្លាប់ ដោយសារអត់ហារ, ជំងឺគ្រុនចាញ់, និងបាត់ខ្លួន។ ក្រោយរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩ គឺមានតែគាត់ម្នាក់ប៉ុណ្ណោះដែលរស់រានមានជីវិត ក្នុងចំណោមបងប្អូនប្រាំនាក់៕
អត្ថបទដោយ ស៊្រាង លីហ៊ួរ
[1] ឯកសារលេខ BBI០០១៨. (២០០៦). សម្ភាសជាមួយ ថោង ប៉ូយ ដោយ រី ឆាត នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០៦. មជ្ឈមណ្ឌលឯកសារកម្ពុជា.