ញឹម សឿន៖ ពេទ្យកងទ័ព

ញឹម សឿន[1] អាយុ៥៨ឆ្នាំ មានទីលំនៅកំណើតនៅភូមិដូនចិន ឃុំបុស្សខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ បច្ចុប្បន្ន សឿន រស់នៅភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សឿន បាននិយាយអំពីបទពិសោធន៍ជីវិតឆ្លងកាត់របបខ្មែរក្រហមថា៖ «ខ្ញុំធ្លាប់បានរៀនសូត្រនៅត្រឹមថ្នាក់ទី៥ នៅក្នុងខេត្តកំពង់ចាម។ ខ្ញុំមានបងប្អូនបង្កើតចំនួនបីនាក់ ហើយប្អូនទាំងពីរនាក់បានស្លាប់ដោយសារជំងឺ។
នៅពេល លន់ នល់ ធ្វើរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្ញុំបានសម្រេចចិត្តឈប់រៀន និងត្រឡប់មកស្រុកកំណើតវិញ។ ខ្ញុំបារម្ភថាខ្ញុំអាចបែកពីឪពុកម្តាយ ក្នុងកាលៈទេសៈច្របូកច្របល់។ ការធ្វើបាតុកម្មប្រឆាំងនឹងរបប លន់ នល់ ក៏ផ្ទុះឡើងពាសពេញក្រុងកំពង់ចាមទៀត។ កងទ័ពវៀតកុងបើកការវាយប្រហារមិនឈប់ឈរសោះទៅលើកងទ័ព លន់ នល់ នៅខេត្តកំពង់ចាម។
ប្រមាណជាប្រាំខែក្រោយមក ការវាយលុករបស់កងទ័ពខ្មែរក្រហម សហការជាមួយកងទ័ពវៀតកុង បានរាលដាលដល់ក្នុងភូមិតែម្តង។ ខ្មែរក្រហមបានវាយកាន់កាប់ភូមិសាស្ត្រជាច្រើន នៅត្រង់ម្តុំស្រុកកំណើតរបស់ខ្ញុំ។ ដូច្នេះហើយ ខ្ញុំបានចាប់ផ្តើមរត់ចូលព្រៃ និងជួបជាមួយ ឈិន ដែលជាអ្នកណែនាំឲ្យខ្ញុំធ្វើការនៅក្នុងក្រុមពេទ្យ។ ម្យ៉ាងទៀត ខ្ញុំក៏ចង់បានចំណេះដឹងខាងវិស័យពេទ្យដែរ។ ឈិន ដែលជាអ្នកស្រុកកំណើតនៅកន្លែងរមាស នៅខាងក្រោយវត្តនគរ បានបម្រើការជាលេខារបស់កងពល៤០៣ នៅក្នុងតំបន់៣០៤។
ខ្ញុំបានទទួលបានការបណ្តុះបណ្តាលផ្នែកពេទ្យបឋម រយៈពេលមួយឆ្នាំ នៅឃុំស្ពឺ-ស្រែវាល ស្រុកចំការលើ ខេត្តកំពង់ចាម។ ការបណ្តុះបណ្តាលនេះមិនមានជ្រៅជ្រះអ្វីទេ ប៉ុន្តែយើងអនុវត្តជាក់ស្តែងតែម្តង។ យើងរៀនផ្នែកទ្រឹស្តីរយៈពេលមួយឬពីរម៉ោងប៉ុណ្ណោះ នៅពេលយប់ នៅតាមផ្ទះប្រជាជន។ នៅពេលថ្ងៃ យើងត្រូវព្យាបាលយុទ្ធជនរបួស និងជំងឺគ្រុនចាញ់។ ថ្នាំពេទ្យត្រូវបានណែនាំឲ្យប្រើសម្រាប់ព្យាបាលយុទ្ធជន និងកម្មាភិបាលទេ និងហាមមិនឲ្យប្រើសម្រាប់ប្រជាជន។ ប៉ុន្តែខ្ញុំមិនដាច់ចិត្តសោះ ដោយសារប្រជាជនបាន និងកំពុងធ្លាក់ខ្លួនឈឺជិតស្លាប់ទៅហើយ។ នៅក្នុងឆ្នាំ១៩៧៣ ក្រុមពេទ្យបានចាប់ផ្តើមផលិតថ្នាំគ្រាប់ និងថ្នាំដាក់ដបទឹកក្រូច ដោយខ្លួនឯង។
នៅវេលាម៉ោង ៤ល្ងាច នៃថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំបានចូលទីក្រុងភ្នំពេញជាមួយកងពលដែរ។ ខ្ញុំបានឃើញការជម្លៀសប្រជាជន។ ខ្លះស្លាប់នៅតាមផ្លូវ។ ខ្ញុំបានដឹងពីការចាប់ខ្លួនទាហាន និងអ្នកចម្រៀង ហើយបញ្ជូនអ្នកទាំងនោះទៅកាន់មន្ទីរពេទ្យ។ ក្រុមខ្ញុំបានបោះទីតាំងពេទ្យនៅតាមផ្ទះប្រជាជន ដែលជាហេតុនាំឲ្យខ្ញុំឃើញពីការចាប់ និងបណ្តើរអ្នកទាំងនោះ។ ខ្ញុំបានត្រឹមអង្គុយមើល។ ខ្ញុំនឹកក្នុងចិត្តថា៖ «ចុះចាប់ធ្វើអី។ បើទុកពួកហ្នឹងទៅច្រៀង..ទៅវាម៉េច..គេយកទៅហ្នឹងមានតែវត្តសំរោងអីចឹងទៅ»។ វត្តសំរោងស្ថិតនៅភូមិសំរោង នៃព្រែកព្នៅ ទីក្រុងភ្នំពេញ។ ហ្វូងមនុស្សដ៏កកកុញនេះបានស្ងាត់ទៅវិញ នៅក្នុងរយៈពេលមួយសប្តាហ៍ក្រោយមក។
បន្ទាប់មកទៀត ខ្ញុំត្រូវបានបញ្ជូនឲ្យទៅធ្វើស្រែនៅបឹងសំយ៉ាប វត្តឃ្មួញ អន្លង់ក្ងាន និងច្រាំងចំរេះ ចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៨។ ខ្ញុំត្រៀមខ្លួនរួចហើយថាការស្លាប់អាចកើតឡើងគ្រប់ពេល ព្រោះខ្ញុំឃើញពីការចាប់ខ្លួនជាបន្តបន្ទាប់។ អ្នកខ្លះត្រូវបានចាប់ និងសម្លាប់ដោយសារតែលួចស្ងោរពងមាន់ និងបេះបន្លែ ដែលដាំសម្រាប់អង្គភាព។ អ្នកខ្លះទៀតត្រូវបានសម្លាប់ដោយសារខុសសីលធម៌។ ខ្ញុំចេះតែមានអារម្មណ៍បែកខ្ញែកជាប់រហូត ភ័យព្រួយច្រើនខ្លាំងណាស់ និងនឹករលឹកដល់ម៉ែឪ និងបងប្អូន។
ខ្ញុំ និងក្រុមពេទ្យផ្សេងៗខិតខំធ្វើស្រែ ដោយខ្លាចការចាប់ខ្លួន និងបញ្ជូនទៅព្រៃសរ។ យើងត្រូវចូលរួមប្រជុំរហូតម៉ោង១១ ឬ១២យប់។ ខ្ញុំ និងក្រុមធ្លាប់ត្រូវបានការត្មេះតិដៀលដែរ ដោយឈ្មោះ ឈាង និង រ៉ាន់ ដែលនិយាយថា៖ «កំពូជអាភូមិភាគឧត្តរ សុទ្ធតែអាពួកក្បត់…»។
នៅក្នុងឆ្នាំ១៩៧៨ ខ្ញុំត្រូវបានបញ្ជូនទៅព្រំដែននៅក្នុងស្រុកគិរីវង្ស រួមជាមួយវរសេនាធំរបស់តាញ៉ន នៅក្នុងកងពល៦០៣ ដែលដឹកនាំដោយ វិន។ សមរភូមិនោះមានទ្រង់ទ្រាយធំ ដោយប្រើប្រាស់កាំភ្លើងគាំទ្រធន់១២០ ដេកា៧៥ និងដេកា៨២ជាដើម។ កងទ័ពខ្មែរក្រហមបានចូលបង្កប់ខ្លួនចូលក្នុងទឹកដីវៀតណាមប្រមាណជា៤០គីឡូម៉ែត្រ។ ខ្ញុំបានចូលជួយព្យាបាលប្រជាជននៅក្នុងកម្ពុជាក្រោម និងលាក់ខ្លួននៅតាមផ្ទះប្រជាជន។ ខ្ញុំចូលទៅវៀតណាមប្រមាណជា១០ថ្ងៃ ហើយចេញមកវិញ បន្ទាប់ពីស៊ើបការណ៍រួច។ ខ្ញុំគិតថា៖«មិនធម្មតាទេចូលទៅ។ កុំថាសប្បាយអរអីនោះ។ ម្នាក់ៗសុទ្ធតែខ្មោចទាំងអស់។ តែគ្នាហ្នឹងចូលទៅនោះ។ ខ្មោចហ្នឹងតាំងខ្លួនឯងថាងាប់ហើយ។ ចុះបើចូលទៅស្រុកគេហើយ»។ កងទ័ពវៀតណាម និងប្រជាជនវៀតណាមមិនបានដឹងទេ ប៉ុន្តែខ្មែរកម្ពុជាក្រោមមួយចំនួនបានដឹងពីការចូលទៅរបស់ក្រុមខ្ញុំដែរ។
នៅពេលដែលកងទ័ពវៀតណាមចូលមកដល់ក្នុងក្រុងភ្នំពេញ ខ្ញុំកំពុងសម្រាកព្យាបាលជំងឺគ្រុនចាញ់។ ដូច្នេះ ខ្ញុំក៏បានចាកចេញពីភ្នំពេញ ដោយធ្វើដំណើរឆ្លងកាត់តាមតាំងក្រសាំង ឥដ្ឋសរ កំពង់លួង កំពង់លែង និងបន្តមកតាំងគោកនៃស្រុកបារាយណ៍ ហើយក៏បានមកដល់ស្រុកកំណើតរបស់ខ្ញុំនៅស្រុកចំការលើវិញ។ ប្រជាជន និងកងទ័ពវៀតណាម ក៏បានជ្រើសតាំងខ្ញុំឲ្យធ្វើជាប្រធានភូមិ និងបានបន្តបម្រើការលេខាឃុំបុសខ្នុរ នៃស្រុកចំការលើ។
ខ្ញុំបានសម្រេចចិត្តរត់ចូលព្រៃនៅខាងកើតទន្លេរពៅ នៅក្នុងឆ្នាំ១៩៨១ ដោយសារតែមានការឈ្នានីស និងការចាប់ដាក់គុកចំនួន១០ខែ។ ខ្ញុំបានចូលបម្រើក្នុងកងពល៤១៧ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ កែ ពក។ ខ្ញុំបន្តរស់នៅក្នុងចលនាតស៊ូរបស់ខ្មែរក្រហម រហូតដល់ការធ្វើសមាហណកម្មនៅអន្លង់វែង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨»៕
អត្ថបទដោយ លី សុខឃាង
[1] ញឹម សឿន អាយុ៥៨ឆ្នាំ និងធ្លាប់ជាពេទ្យកងទ័ព ផ្តល់សម្ភាសន៍ដល់ វ៉ាន់ថាន់ ពៅដារ៉ា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១២។