ញឹម ស្រ៊ាន៖ ម្តាយស្រក់ទឹកភ្នែកពេលកូនចេញទៅសមរភូមិ

ញឹម ស្រ៊ាន រស់នៅភូមិពងទឹក ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ព្រឹន្ទបាលទោ ឃី ហុន អាយុ៤៥ឆ្នាំ កងវរសេនាតូចថ្មើរជើងលេខ២១២ កងពលតូចថ្មើរជើងលេខ២១  ត្រូវជាកូនប្រសារ ញឹម ស្រ៊ាន លើកដៃលាម្តាយថា « ម៉ែអើយ! កូនលាម៉ែសិនហើយ!»។ ញឹម ស្រ៊ាន ស្រក់ទឹកភ្នែកហូរកាត់ផែនថ្ពាល់ដោយមិនដឹងខ្លួន បានត្រឹមលើកដៃលាកូនប្រសារពីចម្ងាយ ហើយជូនពរកូនឲ្យទទួលបានជ័យជន្នះនៅក្នុងសមរភូមិ និងត្រឡប់មកផ្ទះជួបប្រពន្ធកូនវិញ។

ញឹម ស្រ៊ាន ធ្លាប់រស់ឆ្លងកាត់សម័យសង្គ្រាមសម័យខ្មែរក្រហម និងជម្លោះប្រដាប់អាវុធកម្ពុជា និងថៃ ខាងក្រោមនេះជាប្រវត្តិសាច់រឿង៖

ឈ្មោះ ញឹម ស្រ៊ាន[1] ភេទស្រី អាយុ ៦៨ឆ្នាំ មានស្រុកកំណើតនៅភូមិពងទឹក ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិពងទឹក ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឪពុកឈ្មោះ ញឹម ម្តាយឈ្មោះ ម៉ឹក ពាល (ញឹម និង ម៉ឹក ពាល ស្លាប់ក្នុងសម័យខ្មែរក្រហម) ប្តីឈ្មោះ ប្រុញ ឆន មានកូនចំនួន៥នាក់ (ស្រី៤) ប៉ុន្តែកូនប្រុសម្នាក់ស្លាប់កាលពីខែសីហា ឆ្នាំ២០២៥។

កាលពីកុមារភាព ញឹម ស្រ៊ាន មិនបានសិក្សារៀនសូត្រទេ ដោយសារសាលានៅឆ្ងាយពីផ្ទះ ហើយអត់មានគ្រូបង្រៀន។ សម័យនោះអ្នកដែលអាចចេះអានអក្សរ និងសរសេរអក្សរបាន គឺក្រុមគ្រួសារដែលមានជីវភាពធូរធា រស់នៅទីប្រជុំជនជិតសាលា និងមានគ្រូបង្រៀនត្រឹមត្រូវ។ ញឹម ស្រ៊ាន មានជីវភាពខ្វះខាត ណាមួយរស់នៅឆ្ងាយពីសាលា។ អ្នកភូមិពងទឹក​ បើចង់ទៅផ្សារទិញរបស់ប្រើប្រាស់ លុះត្រាតែធ្វើដំណើរមួយយប់មួយថ្ងៃ ជួនណាអាចដេកតាមផ្លូវទម្រាំដល់ផ្សារមេមត់ ស្រុកមេមត់។ គ្រួសារ ញឹម ស្រ៊ាន ជាត្រកូលកសិករ ធ្វើស្រែ និងចម្ការ ជាមុខរបរប្រចាំថ្ងៃ សម្រាប់ដោះស្រាយជីវភាព។ កាលពី ញឹម ស្រ៊ាន នៅជាកុមារប្រជាជក្នុងភូមិមិនសូវមានជីវភាពធូរធា គ្រួសារនីមួយៗមានកម្រិតជីវភាពប្រហាក់ប្រហែលគ្នា។ ប្រជាជនក្នុងភូមិ ចេះជួយយកអាសាគ្នាទៅវិញទៅមក នៅពេលមានគ្រោះអាសន្នអន់ក្រ។ គ្រួសារ ញឹម ស៊្រាន ចេញទៅបរបាញ់សត្វព្រៃ មានឈ្មួស ប្រើស ជ្រូកព្រៃ ជាដើម គឺចែកសាច់ញាតិ អ្នកជិតខាង ដោយមិនយកប្រាក់កាស ហើយពេលអ្នកជិតខាងមានរបស់ប្លែក ត្រូវចែកជូនដល់គ្រួសារ ញឹម ស្រ៊ាន។ បានន័យថា កាលពីដើមប្រជាជនមិនទាន់មានរបស់ប្រើប្រាស់ទំនើប ពិតជាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នាប្រៀបដូចជាបងប្អូន។

ចន្លោះឆ្នាំ១៩៧០-១៩៧៥ អាម៉េរិកចូលមកធ្វើបន្ទាយនៅភូមិពងទឹក ឃុំទន្លូង ស្រុកមេមត់ (បច្ចុប្បន្នបន្ទាយទាហានភូមិពងទឹក)។ នៅពេលនោះ ញឹម ស្រ៊ាន មានអាយុ៨ឆ្នាំ បានឃើញទាហានអាម៉េរិកដើរល្បាតចេញចូលពីផ្លូវជាតិលេខ៧ សំដៅមកភូមិពងទឹក។ ទាហានអាម៉េរិក មានរាងខ្ពស់ មាឌធំ ស្បែកខ្មៅ ចំណែកទ័ពវៀតកុងនៅតាមព្រៃ ឆ្ងាយពីបន្ទាយទាហានអាម៉េរិកប្រមាណ៥-៦ គីឡូម៉ែត្រ។

នៅចន្លោះឆ្នាំ១៩៧១-១៩៧២ សៀងលី ជាខ្មែរកម្ពុជាក្រោម ចូលមកយកការណ៍ឲ្យទ័ពវៀត​កុង ហើយចូលមករស់នៅភូមិពងទឹក ឃុំទន្លូង ជាមួយប្រជាជនធម្មតា។ សៀងលី តែងតែស្លៀកក្រមា និងពាក់អាវយឺតដៃខ្លី ដើរជាមួយប្រជាជនក្នុងភូមិ។ ថ្ងៃមួយ សៀងលី បានផ្តល់ដំណឹងដល់ប្រជាជនរស់នៅភូមិពងទឹក ឃុំទន្លូង ស្រុកមេមត់ ប្រាប់ពីគោលបំណងអាម៉េរិកត្រៀមវាយប្រហារវៀតកុង។ សៀងលី និយាយាថា បងប្អូនខ្មែរនៅភូមិពងទឹក សូមជម្លៀសចេញពីភូមិទាំងគ្នា ដើម្បីសុវត្ថិភាពបងប្អូន ព្រោះទាហានអាមេរិក ប្រើយន្តហោះមកទម្លាក់គ្រាប់នៅក្បែរភូមិ។  ប្រជាជននៅក្នុងភូមិរួមទាំងគ្រួសារ ញឹម ស្រ៊ាន មិនជឿសម្តីខ្មែរកម្ពុជាក្រោមឈ្មោះ សៀងលី ហើយមិនព្រមចាកចេញពីភូមិកំណើត​របស់ខ្លួន ដោយសំអាងថា គ្មានអាម៉េរិកណាមកទម្លាក់គ្រាប់ក្បែរបន្ទាយអាម៉េរិកឡើង។ បន្ទាប់ពីសៀងលី ប្រាប់ព័ត៌មានរួចក៏ចាកចេញពីភូមិ ដល់ថ្ងៃបន្ទាប់នៅម៉ោង៧ព្រឹក យន្តហោះមកទម្លាក់គ្រាប់ក្នុងភូមិតែម្តង។ យន្តហោះបានទម្លាក់គ្រាប់បេ-៥២ ចំនួនពីរលើក នៅភូមិពងទឹក ក្នុងថ្ងៃតែមួយ គឺព្រឹកម៉ោង៧ និងម៉ោង៣រសៀល។ ញឹម ស្រ៊ាន និងគ្រួសារ បានភៀសខ្លួនទៅភូមិក្តុលលើ ឃុំទន្លូន អំឡុងពេលយន្តហោះកំពុងទម្លាក់គ្រាប់លើកភូមិ។ មនុស្សប្រមាណ៦នាក់ បានស្លាប់អំឡុងពេលយន្តហោះទម្លាក់គ្រាប់បេ-៥២ មានឈ្មោះ តាឡាច(ធ្លាយពោះ), តាវ៉ឹក, ឆក, ផាន, បងខ្វិន, បងយែត រួមទាំងធ្វើឲ្យផ្ទះប្រជាជនឆេះ ព្រមទាំងទ្រព្យសម្បត្តិត្រូវខូចខាតស្ទើរទាំងស្រុង។

ញឹម ស្រ៊ាន ស្នាក់នៅភូមិក្តុលលើ រហូតស្ងាត់សំឡេងយន្តហោះ ទាហានអាម៉េរិក និងទ័ពវៀត​កុង ដកចេញពីភូមិពងទឹកអស់ ទើបប្រជាជននាំគ្នាត្រឡប់មករស់នៅភូមិកំណើតវិញ។ អ្នកភូមិមិនហ៊ានចូលក្នុងផ្ទះទេ ដោយសារខ្លាចគ្រាប់សេសសល់ពីការទម្លាក់គ្រាប់របស់អាម៉េរិក គឺប្រជាជននាំគ្នា​ដេកតាមផ្លូវ។ មនុស្សប្រុសប្រមាណ៥នាក់ ដើរចូលក្នុងភូមិ ដើម្បីផ្តល់ដំណឹងមកកាន់អ្នកភូមិឲ្យមករស់នៅតាមផ្ទះ ដោយប្រាប់ថា ពួកយើងបានសម្អាតគ្រាប់បែក, គ្រាប់មីន ដែលសេសសល់តាមផ្លូវ និងផ្ទះរួចរាល់ យើងទាំងអស់គ្នាអាចចូលភូមិបានហើយ។  អ្នកភូមិចូលមកដំបូងអត់មានអ្វីទាំងអស់ ព្រោះផ្ទះត្រូវភ្លើងឆេះ សត្វចិញ្ចឹមរត់ចេញពីភូមិចូលក្នុងព្រៃ។ អ្នកភូមិនាំគ្នាកាប់ឈើ កាប់ស្លឹកទ្រាំង ដើម្បីធ្វើផ្ទះគ្រាន់ជ្រកកោន ទម្រាំប្រទេសមានសុខសាន្តត្រាណ។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបង្កើតសហករណ៍ក្នុងភូមិពងទឹក ឲ្យអ្នកភូមិទាំងអស់ហូបរួម ធ្វើការងាររួម ដេករួម រស់នៅជាសមូហភាព គ្មានវណ្ណៈអ្នកមាន និងអ្នកក្រ។ ប្រធានសហករណ៍ឈ្មោះ លាភ ជាអ្នកមកពីស្រុកផ្សេង ជាអ្នកមើលការខុសត្រូវសហករណ៍ភូមិពងទឹក។

នៅឆ្នាំ១៩៧៦ តារឿង ជាប្រធានគ្រប់គ្រងការងារនៅឃុំទន្លូងបានមកជ្រើសរើសយុវជន ប្រុស ស្រី ឲ្យចូលធ្វើជាកងចល័តតាមភូមិ ឃុំ និងបង្កបង្កើនផល។​ ញឹក ស្រ៊ាន ត្រូវបានប្រធានកងចល័តឈ្មោះ តារឿង ចាត់តាំងឲ្យកាប់ដី លើកទំនប់ បិទភ្លឺស្រែ ស្ទូងស្រូវជាដើម។ ដំបូង ស៊្រាន ចាត់តាំងឲ្យទៅកាប់ដី នៅភូមិចង្គំកណ្តាល ឃុំទន្លូង ស្រុកមេមត់ បានរយៈពេល៣ខែ។ បន្ទាប់មកផ្លាស់ចេញពីកងចល័តភូមិចង្គំកណ្តាល ទៅកាន់ឃុំជាំតាម៉ៅ ស្រុកមេមត់ ដើម្បីលើកទំនប់ នៅភូមិជំនុំពល ឃុំជាំតាម៉ៅ។ ទំនប់ជំនុំពល មានប្រជាជនមកពីឃុំទន្លូង ឃុំជាំតាម៉ៅ ឃុំជាំក្រវៀន លើកទំនប់ឲ្យខ្ពស់ ដើម្បីស្តុកទឹកបានច្រើន ងាយស្រួលក្នុងការធ្វើស្រែប្រាំង។

នៅឆ្នាំ១៩៧៧ ស្រ៊ាន ត្រូវថ្នាក់លើចាត់តាំងឲ្យទៅលើកទំនប់បឹងក្រចាប់ ស្ថិតនៅ​ក្នុង​ភូមិ​បឹង​ត្រស់​ ​ឃុំ​ជី​រោទ៍​ទី​២​ ​ស្រុក​ត្បូងឃ្មុំ​ ​ខេត្ត​កំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ) លើកទំនប់ ចាប់ពីស្រុកត្បូងឃ្មុំ រហូតដល់ស្រុកក្រូចឆ្មា។ ទំនប់នោះមានកម្ពស់៧ម៉ែត្រ និងទទឹង១៥ម៉ែត្រ ធ្វើការងារគ្មានថ្ងៃឈប់សម្រាក។

ញឹម ស្រ៊ាន បានលើកឡើងពីការងារនៅបឹងក្រចាប់ ថាពិបាកណាស់សូម្បីការហូបចុកមិនបានគ្រប់គ្រាន់ គ្មានកន្លែងស្នាក់នៅ យប់ឡើងពេលភ្លៀងត្រូវអង្គុយទាល់មេឃរាំងភ្លៀង អត់មានកន្លែងសម្រាកព្យាបាលពេលមានជំងឺ ធ្វើការតាមការកំណត់របស់អង្គការ។ ​ខែចេត្រ ជារដូវក្តៅខ្លាំង បឹងក្រចាប់ រីងស្ងួតរកតែទឹកផឹកស្ទើរពុំបាន ប្រជាជនផឹកទឹកកង្វក់តាមប្រឡាយ ថ្លុក ឬត្រពាំង ដែលមានទឹកដក់ នឹងយកមកប្រើប្រាស់ បណ្តាលឲ្យប្រជាជនធ្វើការងារលើកទំនប់នៅបឹងក្រចាប់ មានជំងឺ ពិសេសនោមឈាម រាករូស ហើមពោះជាដើម។ ញឹម ស៊្រាន មានជំងឺនោមឈាម បណ្តាលមកពីផឹកទឹកកង្វក់ និងធ្វើការត្រូវកម្តៅថ្ងៃខ្លាំងពេក។ មនុស្សចំនួនពីរនាក់ មកពីភូមិពងទឹក ឈ្មោះ តាចឹក និងហិច ធ្លាក់ខ្លួនឈឺ ពេលកំពុងធ្វើការលើកទំនប់បឹងក្រចាប់។ ឡានពេទ្យមួយគ្រឿង រួមទាំងគ្រូពេទ្យចំនួនពីរនាក់ លើកអ្នកជំងឺឈ្មោះតាចឹក និង ហិច ដាក់លើឡាន ហើយធ្វើដំណើរទៅស្រុកអូររាំងឪ ក្រោយមកអ្នកទាំងពីរបាត់ដំណឹងរហូត។

រយៈពេលបីខែ ញឹម ស្រ៊ាន លើកទំនប់នៅបឹងក្រចាប់ ជួបការលំបាកជាច្រើន ខុសពីនារីកងចល័តនៅកន្លែងផ្សេងៗដែលខ្លួនធ្លាប់ធ្វើកន្លងមក។ ក្រោយពីខ្មែរក្រហមដួលរលំ ទើបប្រជាជនត្រឡប់មកភូមិកំណើត។ ស៊្រាន ជិះឡានវៀតណាមពីស្រុកត្បូងឃ្មុំ ឈប់ត្រឹមស្រុកពញាក្រែក រួចបន្តដំណើរថ្មើរជើងទាល់ដល់ភូមិពងទឹក។ បន្ទាប់ពីប្រទេសមានសុវត្ថិភាព ញឹម ស្រ៊ាន ចាប់ផ្តើមមានគ្រួសារ មានកូនចៅ និងក្របករបរជាកសិករធ្វើស្រែចម្ការ ដាំដំណាំលើផ្ទៃដីដែលបន្សល់ទុកតាំងពីជីដូនជីតាមក។

ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ កូនប្រសារ ញឹម ស្រ៊ាន ឈ្មោះព្រឹន្ទបាលទោ ឃី ហុន អាយុ៤៥ឆ្នាំ កងវរសេនាតូចថ្មើរជើងលេខ២១២ កងពលតូចថ្មើរជើងលេខ២១ យោធភូមិភាគទី២ ធ្វើដំណើរចាកចេញពីបន្ទាយទៅកាន់តំបន់ប្រសាទតាក្របី ខេត្តឧត្តរមានជ័យ។  ពាក្យសម្តីកូនប្រសារលាទៅសមរភូមិថា ម៉ែអើយ! កូនលាម៉ែសិនហើយ! ញឹម ស្រ៊ាន ទឹកភ្នែកស្រក់ហូរកាត់ផែនថ្ពាល់ដោយមិនដឹងខ្លួន បានត្រឹមលើកដៃលាពីចម្ងាយ ហើយជូនពរកូនទទួលជ័យជន្នះនៅក្នុងសមរភូមិ នឹងត្រឡប់មកផ្ទះជួបប្រពន្ធកូនវិញ។

ថ្ងៃទី២៤ដល់ទី២៨ ខែកក្កដា ឆ្នាំ២០២៥  ឃី ហុន មិនអាចទាក់ទងបានធ្វើឲ្យអ្នកផ្ទះមិនសប្បាយចិត្ត ជ្រួលច្របល់ ពេលដឹងដំណឹងថាមានផ្ទុះអាវុធរវាងកម្ពុជា និងថៃ។ ស្រ៊ាន គិតអ្វីមិនចេញ ព្រោះបារម្ភចំពោះកូនកំពុងឈរជើងតំបន់ប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ សូម្បីលើកឆ្នាំងដាំបាយជ្រុះឆ្នាំងធ្លាក់លើកដី ដៃកាន់អ្វីមិនជាប់ ក្នុងចិត្តគិតដល់កូន និងក្មួយបាញ់គ្នាជាមួយភាគីថៃ។ បន្ទាប់ពីបទឈប់បាញ់ រំលងមួយថ្ងៃទើប ឃី ហុន ទាក់ទងមកប្រពន្ធ ប្រាប់ពីព័ត៌មានមកក្រុមគ្រួសារថា កូនមានសុវត្ថិភាព កន្លែងស្នាក់នៅ កំពុងឈរជើងអត់មានមិត្តរួមអាវុធពលីទេ។ ញឹម ស្រ៊ាន បន្តទៀតថា បើទោះបីសង្រ្គាម៥យប់ ៥ថ្ងៃត្រូវបានបញ្ចប់ពិតមែន ប៉ុន្តែកូនប្រសារ និងក្មួយ ញឹម ស៊្រាន  ដូចជា៖ ១)-ព្រឹន្ទបាលឯក ឃី ហុន(ត្រូវជាកូនប្រសារ) ២)-ប៊ុន វ៉ុន និង៣) ផាត់ កំសត់ និងទាហានខ្មែរនៅឈរជើងត្រៀមការពារជានិច្ច។

សង្គ្រាមប្រដាប់អាវុធកម្ពុជា-ថៃ កាលពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ ញឹម ស្រ៊ាន មានការភិតភ័យ ដោយសារសាច់ញាតិចំនួន៣នាក់ជាយោធិន កំពុងឈរជើងនៅតំបន់ប្រាសាទតាក្របី ដើម្បីការពារប្រទេសជាតិ មិនឲ្យថៃឈ្លានពាន លើកដែនអធិបតេយ្យភាពខ្មែរ។ រហូតដល់ថ្ងៃនេះកូនប្រសារ និងក្មួយ ញឹម ស្រ៊ាន មិនទាន់អាចត្រឡប់មកលេងផ្ទះបានទេ៕

អត្ថបទដោយ ឈុំ រ៉ា


[1] មជ្ឈមណ្ឌលេកសារកម្ពុជា, បទសម្ភាស ឈុំ រ៉ា ជាមួយ ញឹម ស្រ៊ាន រស់នៅភូមិពងទឹក ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥។ ញឹម ស៊្រាន ភេទស្រី អាយុ ៦៨ឆ្នាំ ត្រូវជាម្តាយក្មេកព្រឹន្ទបាលទោ ឃី ហុន អាយុ៤៥ឆ្នាំ កងវរសេនាតូចថ្មើរជើងលេខ២១២ កងពលតូចថ្មើរជើងលេខ២១ ។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin