បទពិសោធន៍ក្នុងកងចល័តនារី ក្នុងរបបខ្មែរក្រហម

ក្នុងរបបខ្មែរក្រហម ប្រជាជនត្រូវបានបែងចែកឲ្យធ្វើការក្នុងកងផ្សេងៗពីគ្នា ដោយយោងទៅតាមអាយុ ភេទ និងសមត្ថភាពការងារ។ កុមារ ត្រូវរស់នៅ និងធ្វើការរួមគ្នាក្នុងកងកុមារ ដែលត្រូវរស់នៅដាច់ដោយឡែកពីឪពុកម្ដាយ។ មនុស្សវ័យជំទង់ និងពេញវ័យ ត្រូវបានខ្មែរក្រហមដាក់ឲ្យរស់នៅក្នុងកងចល័តយុវជន-យុវនារី ដែលត្រូវធ្វើការងារធ្ងន់ដូចជាដកស្ទូងស្រូវ, លើកទំនប់, និងជីកប្រឡាយ។ មនុស្សវ័យកណ្ដាល ត្រូវបានចាត់តាំងឲ្យធ្វើការងារក្នុងកងវ័យកណ្ដាល។ មនុស្សចាស់ដែលមិនអាចធ្វើការធ្ងន់បាន ត្រូវចាត់តាំងឲ្យធ្វើបង្គី និងឧបករណ៍កសិកម្មផ្សេងៗទៀតសម្រាប់សហករណ៍។ ខាងក្រោមនេះ គឺជាការចែករំលែកពីបទពិសោធន៍របស់ សួន អ៊ន់ និង ចេង សុថុល ដែលបានធ្វើការងារនៅក្នុងកងចល័តនារីក្នុងរបបខ្មែរក្រហម៖
សួន អ៊ន់[1] ភេទស្រី អាយុ៦៣ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បាននិយាយរៀបរាប់ថា៖ «ខ្ញុំឈ្មោះ សួន អ៊ន់ រស់នៅក្នុងភូមិកប្បាស ឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ខ្ញុំប្រកបរបរធ្វើស្រែចម្ការ។ ខ្ញុំរៀបការប្ដីជាមួយឈ្មោះ ស្រុន ផល្លី និងមានកូនចំនួន៥នាក់។ ឪពុកខ្ញុំឈ្មោះ សួន និងម្ដាយឈ្មោះ សន។ ខ្ញុំគឺជាកូនច្បងក្នុងគ្រួសារ ដែលមានបងប្អូនប្រុសស្រីសរុបចំនួន៦នាក់។ កាលពីក្មេង ខ្ញុំមិនបានរៀនសូត្រអ្វីទេ ពីព្រោះតែជីវភាពគ្រួសារក្រីក្រ។ ខ្ញុំបានជួយធ្វើការងារឪពុកម្ដាយនៅផ្ទះរហូតដល់ឆ្នាំ១៩៧០។ ចាប់ពីឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧៣ ក្នុងភូមិ មានការទម្លាក់គ្រាប់បែកពីសំណាក់ទាហាន លន់ នល់ យ៉ាងខ្លាំងដើម្បីសម្លាប់កងទ័ពរំដោះខ្មែរក្រហមដែលបានមកឈរជើង។ ទោះជាយ៉ាងណាក៏ដោយ កងទ័ពរំដោះខ្មែរក្រហមបានវាយលុក និងកាន់កាប់បានទីតាំងជាច្រើននៅក្បែរទីរួមខេត្តកំពង់ចាម។ នៅឆ្នាំ១៩៧៥ ទាហាន លន់ នល់ នៅខេត្តកំពង់ចាម បានទទួលបរាជ័យពីការវាយប្រហាររបស់កងទ័ពរំដោះខ្មែរក្រហម និងបានគ្រប់គ្រងទីរួមខេត្តកំពង់ចាម ព្រមទាំងរំដោះបានទីក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧៦ ខ្ញុំត្រូវបានចាត់តាំងឲ្យធ្វើការក្នុងកងចល័តនារី ដើម្បីជីកដី, កាប់ដី និងលើកដីជាដើម។ ខ្ញុំត្រូវធ្វើការតាំងពីម៉ោង៦ព្រឹក រហូតដល់ម៉ោង១១ថ្ងៃត្រង់ ទើបបានឈប់សម្រាកហូបបបរ។ ខ្ញុំបន្តធ្វើការងារចាប់តាំងពីម៉ោង១ រហូតដល់ម៉ោង៥ល្ងាច និងនៅខែភ្លឺ ខ្ញុំត្រូវបន្តធ្វើការនៅពេលយប់ថែមទៀត។ ខ្ញុំ និងគ្រួសារត្រូវបានជម្លៀសទៅតាំងក្រសាំង រហូតដល់ដាច់ឆ្នាំ១៩៧៩។»
ចេង សុថុល[2] អាយុ៦៣ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បានរំឭកអំពីបទពិសោធន៍ដែលមិនអាចបំភ្លេចបានក្នុងកងចល័តនារី ក្នុងរបបខ្មែរក្រហម ថា៖ «ខ្ញុំឈ្មោះ ចេង សុថុល រស់នៅភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំ រៀបការប្ដីឈ្មោះ ជឹម ម៉េង និងមានកូនចំនួន៤នាក់។ ឪពុកខ្ញុំឈ្មោះ សេង ឡាង និងម្ដាយឈ្មោះ ស៊ុន អាយ។ ខ្ញុំ មានបងប្អូនប្រុសស្រី ចំនួន៣នាក់។ នៅវ័យកុមារ ខ្ញុំ មិនបានរៀនសូត្រអ្វីទេ ពីព្រោះប្រទេសជាតិធ្លាក់ចូលក្នុងភ្លើងសង្រ្គាម។
ឪពុកខ្ញុំបាននាំកូនៗរត់គេចរហូត។ នៅឆ្នាំ១៩៧០ មានបាតុកម្មកើតឡើងក្រោយរដ្ឋប្រហារទម្លាក់សម្ដេចឪ។ នៅឆ្នាំ១៩៧១ មានកងទ័ពរំដោះចូលមករស់នៅតាមភូមិ និងស្នាក់នៅក្រោមផ្ទះ អ្នកភូមិជាបណ្ដើរៗ។ នៅឆ្នាំ១៩៧២ មានការទម្លាក់គ្រាប់បែកពីទាហាន លន់ នល់។ ខ្ញុំ និងគ្រួសារបានរត់ភៀសខ្លួនទៅខាងជីហែរ ដែលជាតំបន់រំដោះខ្មែរក្រហមអស់រយៈពេល៣ ទៅ ៤ខែ។ បន្ទាប់មកគ្រួសារ របស់ខ្ញុំផ្លាស់ទៅរស់នៅភូមិមហាលាភ។ នៅឆ្នាំ១៩៧៣ ឪពុកខ្ញុំនាំកូនៗរត់ទៅនៅខាងបឹងព្រួល រយៈពេល៤ខែ និងបន្ទាប់មក រត់មករស់នៅកោះកំពង់ត្រុំ ដោយបានជិះទូកឆ្លងទន្លេទាំងយប់។
នៅឆ្នាំ១៩៧៤ ឪពុកខ្ញុំ បាននាំកូនមករស់នៅស្រុកកំណើតវិញ ប៉ុន្តែមិនត្រូវបានអនុញ្ញាតឲ្យមកនៅផ្ទះវិញទេ។ នៅឆ្នាំ១៩៧៥ គ្រួសាររបស់ខ្ញុំត្រូវបានជម្លៀសចេញពីភូមិទៅតំបន់ពាមជីកង ដោយជិះទូកដេកនៅព្រៃចេករយៈពេល២០ថ្ងៃ ទើបមាន ឡានបន្តដឹកទៅតាំងគោក។ នៅពេលទៅដល់ ឪពុកម្ដាយខ្ញុំត្រូវបានចាត់តាំងឲ្យទៅច្រូតស្រូវនៅការដ្ឋានស្នែងទង ស្ថិតក្នុងសង្កាត់ស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ។ ចំណែកឯខ្ញុំវិញ គឺត្រូវទៅបេះត្រកួនយកមកហូប។ នៅថ្ងៃមួយអ្នកដែលហូបត្រកួនខ្ញុំបេះពុលរាក។ នៅពេលនោះ គណៈស្រុកបានចុះមកពិនិត្យមើល និងចាត់តាំងកងព្យាបាលចាក់ថ្នាំឲ្យអ្នកដែលពុលត្រកួន។
នៅឆ្នាំ១៩៧៧ ខ្ញុំត្រូវបានចាត់តាំងឲ្យទៅធ្វើការងារនៅកងចល័ត ដើម្បីរែកដីនៅការដ្ឋានកំពង់ត្របែក។ នៅពេលនោះមានគ្នាចំនួន១០០នាក់។ ខ្ញុំត្រូវក្រោកចាប់ពីម៉ោង៥ទៀបភ្លឺ និងដើរទៅប្រជុំជួរ។ បន្ទាប់មក ខ្ញុំត្រូវដើរទៅធ្វើការតាមផែនការរបស់អង្គការ។ នៅពេលនោះ ខ្ញុំនៅកងចល័តនារីឈានមុខ។ ខ្ញុំ និងសមមិត្តនារីផេ្សងទៀត ត្រូវស្លៀកពាក់ខោអាវពណ៌ខ្មៅ និងក្រមាពណ៌ខៀវ និងពាក់ស្បែកជើងកង់ឡាន។ បន្ទាប់ពីធ្វើការនៅការដ្ឋាននៅពេលថ្ងៃរួចមក ខ្ញុំ បន្តធ្វើការងារនៅពេលយប់ចាប់ពីម៉ោង៨ ទៅ៩យប់ ដើម្បីទៅវាយកណ្ដុរ។ ខ្ញុំធ្វើការនៅកងចល័តនារីឈានមុខនៅការដ្ឋានកំពង់ត្របែក រហូតដល់របបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩ ទើបខ្ញុំត្រឡប់មកភូមិកំណើតវិញ។»
អត្ថបទដោយ លី ដេវីត
[1] បទសម្ភាសន៍ជាមួយ សួន អ៊ន់ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម នៅឆ្នាំ២០២៣, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
[2] បទសម្ភាសន៍ជាមួយ ចេង សុថុល នៅស្រុកកោះសូទិន ខេត្តកំពង់ចាមនៅឆ្នាំ២០២៣, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា