អ៊ំ សារ៉ែន រំឭកអំពីបទពិសោធន៍ក្នុងធ្វើការងារនៅក្នុងកងចល័តយុវនារីខ្មែរក្រហម

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ខ្ញុំ ឈ្មោះ អ៊ំ សារ៉ែន[1] អាយុ៦៣ឆ្នាំ រស់នៅក្នុងភូមិត្នោតលើ ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ខ្ញុំ រៀបការជាមួយប្ដីឈ្មោះ ប៊ី សុខុម និងមានកូនប្រុសស្រី សរុបចំនួន៥នាក់។ ខ្ញុំ គឺជាកូនទី៦ ក្នុងចំណោមបងប្អូនទាំង៧នាក់។

នៅពីក្មេង ខ្ញុំ ចូលរៀនសូត្រ​ រហូតដល់ត្រឹមថ្នាក់ទី១ (សង្គមចាស់)។ បន្ទាប់ពីឈប់រៀនមក ខ្ញុំ មកជួយការងារស្រែចម្ការជាមួយឪពុកម្ដាយនៅផ្ទះ។ នៅខែមីនា ឆ្នាំ១៩៧០ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តមសីហនុ។ ​ក្រោយពីរដ្ឋប្រហារ ដោយសេចក្ដីស្រលាញ់ និងជាអ្នកគ្រាំទ្ររបស់ព្រះអង្គផង អ្នកភូមិជាច្រើនបានចូលរួមដង្ហែបាតុកម្មប្រឆាំងការធ្វើរដ្ឋប្រហាររបស់សេនាប្រមុខ លន់ នល់​។ បាតុកម្មបានចាប់ផ្ដើមដង្ហែតាមផ្លូវរហូតដល់ស្ពានជ្រោយចង្វារ។ នៅពេលទៅដល់ចំណុចត្រង់ស្ពានជ្រោយចង្វារ បាតុករមិនអាចបន្តទៅមុខទៀតបាន ពីព្រោះស្ពានត្រូវបានកាត់ផ្ដាច់កុំឲ្យមានការឆ្លងកាត់ទាំងស្រុងនៅឆ្នាំ១៩៧០ ដែលជាហេតុធ្វើឲ្យបង្អាក់ដំណើរក្បួនបាតុកម្មក្នុងពេលនោះ។

ខ្ញុំ ឃើញមានអ្នកភូមិបានវិលត្រឡប់ទៅផ្ទះវិញ។ នៅចុងឆ្នាំ១៩៧០ ខ្ញុំ ឃើញមានកងទ័ពខ្មែរក្រហមចូលមកដល់ភូមិ។ ពេលនោះ គឺជាការចាប់ផ្ដើមសង្រ្គាមរវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម​។ បើទោះបីជាមានការប្រយុទ្ធគ្នារវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហមក៏ដោយ ខ្ញុំ និងអ្នកភូមិនៅតែឆ្លៀតបន្តធ្វើស្រែ និងដាំដំណាំដើម្បីបំពេញការអត់ស្រេកឃ្លានប្រចាំថ្ងៃ។ នៅឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៤ ភូមិព្រែកដំបូកក្រោម ត្រូវបានរៀបចំចូលជាសហករណ៍ ហៅថា “ក្រុមផ្ដាច់អាជីព”។ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ គឺជាពេលវេលាទីក្រុងភ្នំពេញត្រូវបានកាន់កាប់ដោយកងទ័ពខ្មែរក្រហម និងក៏ជាវេលានៃការជម្លៀសប្រជាជនចេញពីទីក្រុងទៅកាន់ទីជនបទផ្សេងៗ។ នៅពេលនោះ ខ្ញុំ ឃើញមានប្រជាជនជម្លៀសមកពីភ្នំពេញបានមករស់នៅក្នុងភូមិ។

នៅឆ្នាំ១៩៧៥  ខ្ញុំរស់នៅ និងធ្វើការងារនៅក្នុងភូមិ។ ការងាររបស់ខ្ញុំ គឺដកស្ទូង ស្រូតស្រូវ, ដាំដុះបន្លែ និងការងារផ្សេងៗទៀត។  ខ្ញុំ ត្រូវបានប្រើឲ្យរែកដី និងលើកទំនប់គ្មានពេលសម្រាកគ្រប់គ្រាន់។ កាលនោះ ខ្ញុំ ទើបតែមានអាយុ១៦ឆ្នាំ ដូច្នេះ ខ្ញុំ ត្រូវបានដាក់ឲ្យធ្វើការងារនៅក្នុងកងចល័តយុវជនយុវនារី។ ខ្ញុំ ត្រូវជីកប្រឡាយ លើកទំនប់ ស្ទូងស្រូវ នៅភូមិសាគេន និងភូមិបឹងត្រាវ។ នៅពេលយប់ទៅវាយកណ្ដុរក្នុងស្រូវ អង្គការឲ្យខ្ញុំជីកព្រែកបឹងសាង ខ្ញុំ ត្រូវក្រោកពីម៉ោង៦ ចេញទៅធ្វើការរហូតដល់ម៉ោង១១ និងធ្វើការបន្តនៅម៉ោង ១ដល់ម៉ោង ៥បានឈប់សម្រាក។ នៅការដ្ឋានជីកព្រែកប្រើកម្លាំងមនុស្សច្រើន ដោយជីកជម្រៅ៤ម៉ែត្រ ក្នុង១នាក់ ជីក១ម៉ែត្រ។ ខ្ញុំ ធ្វើការនៅការដ្ឋានរយៈពេលយូរប៉ុន្តែមិនចាំរយៈពេលច្បាស់លាស់។

ក្នុងអំឡុងពេលធ្វើការងារបើធ្វើការមិនគ្រប់តាមផែនការរបស់ខ្មែរក្រហមដាក់ឲ្យនឹងត្រូវខ្មែរក្រហមស្ដីបន្ទោស។ ក្រោយមកខ្មែរក្រហមបានបញ្ជូន ខ្ញុំ ឲ្យទៅច្រូតស្រូវ នៅបឹងត្រាវ មានប្រជាជនជាច្រើនត្រូវខ្មែរក្រហមឲ្យទៅច្រូតស្រូវរួមគ្នា ហើយពេលធ្វើការងារចប់យប់ឡើងខ្មែរក្រហមឲ្យទៅដេកនៅរោងការដ្ឋានការងាររួមគ្នាមានស្រីមានប្រុសដោយប្រុសៗដេកមួយចំហៀង និងស្រីៗដេកមួយចំហៀងដេកទល់ក្បាលគ្នា។

ចំពោះការស្លៀកពាក់មានតែសម្លៀកបំពាក់មួយឈុតសម្រាប់ពាក់ធ្វើការរាល់ថ្ងៃគឺឈុតខ្មៅ។  នៅពេលព្រឹកឡើង ខ្ញុំ ទៅធ្វើការងាររហូតដល់ម៉ោងហូបបាយ ឬបបរត្រូវហូបជុំគ្នាដោយមានសំឡេងជួងជាសញ្ញា ពេលឮសំឡេងជួងប្រជានជនដែលធ្វើការត្រូវឈប់សម្រាកហើយ ត្រូវកាន់កាន់ចានមកជាមួយម្នាក់មួយសម្រាប់ដាក់បាយហូបរាងៗខ្លួន សម្រាប់បាយមានតែអង្ករប៉ុន្មានគ្រាប់លាយជាមួយទឹកប្រៀបដូចជាបបរ។

ក្រោយពេលធ្វើការងារលើកដីរួចរាល់ស្រីៗត្រូវខ្មែរក្រហមឲ្យលើកអាចម៌គោយកមកធ្វើជី ចំណែកប្រុសៗធ្វើការងារធ្ងន់ៗ។ ខ្ញុំ មិនដែលឃើញខ្មែរក្រហមយកមនុស្សទៅសម្លាប់ឡើយ ប៉ុន្តែ ខ្ញុំ នៅពីរថ្ងៃទៀតត្រូវខ្មែរក្រហមត្រូវយកទៅសម្លាប់នៅអូរត្រកួន ប៉ុន្តែប្រទេសជាតិត្រូវបានរំដោះ។

បន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩ ខ្ញុំ បានប្រកបរបរចិញ្ចឹមជីវិតដោយបង្កបង្កើនផលស្រូវ, ដំាដំណាំ, បន្លែ, ផ្លែឈើហូបផ្លែគ្រប់មុខ និងនៅពេលទំនេរ ខ្ញុំ តែងតែធ្វើនំខ្មែរលក់ទៀតផង៕

អត្ថបទដោយ សាំង ចាន់ធូ


[1] បទសម្ភាសន៍ជាមួយ អ៊ំ សារ៉ែន នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅឆ្នាំ២០២៣; បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin