ងួន មិន ៖ អតីតពេទ្យកងពល២០៧

នៅឆ្នាំ១៩៧៦ មិន ត្រូវបានជ្រើសរើសឲ្យទៅរៀនពេទ្យនៅកាល់ម៉ែត និងសិក្សាពីរបៀបជួយសង្រ្គោះបន្ទាន់ ។ បន្ទាប់ពីរៀនចប់ មិន ត្រូវបានបញ្ជូនទៅជួយព្យាបាលរបួសឲ្យកងទ័ពនៅតាមព្រំដែនប្រទេស​វៀតណាម ដែលស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ មិន បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖

ងួន មិន ភេទប្រុស អាយុ៧៧ឆ្នាំ ។ មិន មានស្រុកកំណើតនៅភូមិថ្មីដងទង់ ឃុំប្រាំបីមុំ  ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នរស់នៅភូមិកាក់សិន ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ មិន មានប្រពន្ធឈ្មោះ ង៉ែត សុខុម បានលែងលះគ្នាតាំងពីឆ្នាំ១៩៩៤។ មិន មានកូនប្រុស២នាក់។ មិន មានឪពុកឈ្មោះ​ សុខ ឡឹក ជាទាហាន លន់ នល់ (ស្លាប់ឆ្នាំ១៩៧៣) និងម្ដាយឈ្មោះ សុខ គៀត (ស្លាប់)។ មិន មានបងប្អូនចំនួន១៣នាក់ (ប្រុស២នាក់ ស្រី១១នាក់)។ បងប្អូនរបស់មិន បានទទួលមរណៈភាព១១នាក់ (ប្រុស១នាក់ ស្រី១០នាក់)។ មិន ជាកូនពៅក្នុងគ្រួសារ។

កាលពីក្មេង មិន ចូលរៀនបានត្រឹមថ្នាក់ទី៨ (សង្គមចាស់) នៅសាលាភូមិថ្មី។ នៅឆ្នាំ១៩៦៨ មិន បានឈប់រៀន រួចបានចូលបួសនៅវត្តដងទង់ថ្មី។ បន្ទាប់ពីបួសនៅក្នុងវត្តដងទង់ថ្មីបាន៥វស្សា មិនបានផ្លាស់ចេញទៅរៀនសូត្របន្តនៅក្នុងវត្តកោះមហាមន្រ្តី បានរយៈពេល៤ខែ ទើបផ្លាស់ទៅរៀនសូត្រនៅវត្តកោះសំពៅមាសវិញ។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានវាយចូលមករំដោះទីក្រុងភ្នំពេញ។ មិន បាននិយាយថា ពេលនោះព្រះសង្ឃនៅក្នុងវត្តសំពៅមាស មានចំនួន៦០០០អង្គ ត្រូវបានខ្មែរក្រហមជម្លៀស​ចេញពីវត្តឲ្យទៅរស់នៅជើងភ្នំឱរ៉ាល់។ លុះទៅដល់ជើងភ្នំឱរ៉ាល់ មិន ត្រូវបានខ្មែរក្រហមប្រើឲ្យ​មើល​គោ និងជួយធ្វើស្រែប្រជាជន។ សម្រាប់អាហារហូបចុករបស់មិន គឺត្រូវដាំបាយហូបដោយខ្លួនឯង។ នៅ​ពាក់កណ្ដាលឆ្នាំ១៩៧៦ មិន និងព្រះសង្ឃទាំងអស់បានសម្រេចចិត្តសឹកពីព្រះសង្ឃដើម្បីចូលធ្វើការ​ងារ​នៅក្នុងកងចល័ត។ បន្ទាប់មក មិន ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើជាក្រសួងធម្មការអប់រំ និងឃោ​សនានៅតាមកងចល័តតំបន់៣២ នៅក្នុងភូមិភាគបស្ចិម។ ការងារដែល មិន ត្រូវធ្វើគឺត្រូវដើរឃោសនាប្រាប់ទៅកាន់ប្រជាជនដែលធ្វើការងារនៅក្នុងកងចល័ត ឲ្យខិតខំប្រឹងធ្វើការងារ និងស្មោះត្រង់ជា​មួយ​បក្ស។ នៅចុងឆ្នាំ១៩៧៦ មិន ត្រូវបានខ្មែរក្រហមដកចេញពីក្រសួងធម្មការឲ្យទៅរៀនពេទ្យនៅកាល់ម៉ែត (ជំនាន់ខ្មែរ​ក្រហមមន្ទីរពេទ្យលោកសង្ឃ)។ ពេលទៅរៀនពេទ្យនៅកាល់ម៉ែត មិន បានសិក្សាពីរបៀបជួយសង្រ្គោះបន្ទាន់ដែលបង្រៀនដោយលោកគ្រូពេទ្យ ជួន ជឿន។

សម្រាប់ការសិក្សាជួយសង្រ្គោះជាបន្ទាន់ គឺដើម្បីត្រៀមចេញទៅជួយព្យាបាលរបួសឲ្យកងទ័ពដែលបានត្រូវរបួស​នៅសមរភូមិ។ បន្ទាប់ពីរៀនពេទ្យនៅកាល់ម៉ែតបានរយៈពេល៣ខែ មិន និងក្រុមពេទ្យផ្សេងទៀត ត្រូវបាន ជួន ជឿន បញ្ជូនឲ្យទៅព្រំដែនវៀតណាម ដែលស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ហើយអង្គភាពពេទ្យរបស់មិន បានបោះទីតាំងឈរជើងនៅក្នុងវត្តសួង។ ពេលធ្វើដំណើរតាមរថយន្តចូលទៅដល់វត្តសួងដំបូង មិន បានឃើញកងទ័ពខ្មែរក្រហមជាច្រើនបានត្រូវរបួស ហើយត្រូវបានដឹកបញ្ជូនយកមកសម្រាកព្យាបាលរបួសនៅវត្តសួង។ កងទ័ពរបួសត្រូវដឹកយកមកសម្រាកព្យាបាលនៅក្នុងវត្តសួង កងទ័ពភាគច្រើនមកពីកងពល២០៧ ដែលគ្រប់គ្រងដោយឈ្មោះលោក វិន (កូន​ប្រសារតាម៉ុក​) ជាប្រធាន និង ញ៉រ ជាអនុប្រធាន ដែលបានឈរជើងវាយតតាំងជាមួយកងទ័ពវៀតណាម នៅខេត្តតៃនីញ ប្រទេសវៀត​ណា​ម។ ក្នុងអង្គភាពពេទ្យ មិន ដែលឈរជើងនៅក្នុងវត្តសួងមានគ្នាចំនួន៦នាក់ ប៉ុន្តែសព្វថ្ងៃបានទទួលមរណៈ​ភាព៤នាក់។

នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមវាយចូលរំដោះទីក្រុងភ្នំពេញ។ ពេលនោះ ​មិន និងអង្គភាពពេទ្យទាំងអស់បានផ្លាស់ចេញពីវត្តសួង ដោយទៅឈរជើងជាមួយកងពល២០៧ នៅខេត្តតៃនីញ។ បន្ទាប់ពីទទួលដំណឹងថា កងទ័ពវៀតណាមវាយរំដោះបានទីក្រុងភ្នំពេញ កងពល២០៧ និងអង្គភាពពេទ្យទាំងអស់ បានផ្លាស់ពីតៃនីញ ត្រឡប់មកសួងវិញ។ ពេលធ្វើដំណើរចូលមកដល់មន្ទីរកងរថក្រោះតំបន់សួង កងទ័ពវៀតណាម បានបើកការវាយប្រហារមកលើកងពល២០៧ និងអង្គភាពពេទ្យរបស់ មិន ដោយមិនអាចទប់ទល់កងទ័ពវៀតណាម កងពល២០៧ និងអង្គភាពពេទ្យទាំងអស់ បានរត់គេចខ្លួនចេញពីតំបន់សួង សំដៅទៅស្រុកកោះសូទិន រួចបានបន្តដំណើរចេញពីស្រុកកោះសូទិន សំដៅទៅកាន់ខេត្តកំពង់ធំ ហើយបានបន្តដំណើរចេញពីខេត្តកំពង់ធំ ឆ្ពោះទៅភ្នំគូលេន ដែលស្ថិតក្នុងខេត្តសៀមរាប។ បន្ទាប់ពីស្នាក់​នៅភ្នំគូលេន មិនបានប៉ុន្មានថ្ងៃ កងពល២០៧ និងអង្គភាពពេទ្យទាំងអស់ បានបន្តដំណើរចេញពីភ្នំគូលេន​ទៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រួចហើយបានបន្តដំណើរចេញពីជាំក្សាន្តទៅស្ទឹងអូរក្រញូង ដែលមានព្រំប្រទល់ជាប់ជាមួយព្រំដែនឡាវ។

នៅឆ្នាំ១៩៨០ វិន ដែលជាអ្នកគ្រប់គ្រងកងពល២០៧ ត្រូវបានតា ម៉ុក ចោទថាក្បត់ជាតិ រួចបានបញ្ជាកូនចៅឲ្យទៅសម្លាប់នៅស្ទឹងអូរក្រញូង ដោយបង្កប់មីនក្លេម័រចុច ក្រោមអង្រឹងបំផ្ទុះស្លាប់។ មូលហេតុដែលតាម៉ុក បញ្ជាកូនចៅឲ្យមកសម្លាប់ ​វិន ដោយតែតា ម៉ុក បានស៊ើបដឹងថា វិន ចង់រួមដៃជាមួយទាហានអាមេរិកាំង  ហើយចង់បំបែកកងទ័ពមកចូលរួមជាមួយទាហានប៉ារ៉ា។ បន្ទាប់ពី វិន ត្រូវបានតាម៉ុក បញ្ជាឲ្យ​កូនចៅសម្លាប់ កងពល២០៧ ត្រូវបានរំសាយ។ ពេលនោះ មិន និងកងទ័ពខ្មែរក្រហមប្រហែលមួយវរសេនាធំដែលមានគ្នាប្រហែល២០០០នាក់ ​ត្រូវបាន ជឿន ដឹកនាំឲ្យចូលរួមជាមួយទាហានប៉ារ៉ា នៅជំរំស្ទឹងចាន់ ដែលគ្រប់គ្រងដោយតា ឈួង (បច្ចុប្បន្នរស់នៅអាមេរិក) និងនៅក្រោមការដឹកនាំដោយលោកតា សឺន សាន។ ពេលចូលរស់នៅក្នុងជំរំស្ទឹងចាន់ កងវរសេនាធំដែលដឹកនាំដោយ ជឿន ត្រូវបានផ្លាស់ឲ្យ ជីវ (ប្រធាន) និងមករា (អនុប្រធាន) ជាអ្នកគ្រប់គ្រង។

នៅឆ្នាំ១៩៨១ បន្ទាប់ពីស្នាក់នៅជំរំស្ទឹងចាន់ បានរយៈពេល៣ទៅ៤ខែ ជំរំស្ទឹងចាន់ ត្រូវបានរំសាយ​។ ក្រោយមក មិន និងអង្គភាពពេទ្យក្នុងកងវរសេនាធំទាំងអស់ ត្រូវបានផ្លាស់មករស់នៅជាមួយ តាវឿង  តាប៉ក់ និងតារក្សាសំបុក នៅជំរំអូរបុក ដែលមានទីតាំងនៅស្រុកពងទឹក ឃុំអំពិល ហើយប្រធានជំរំអូរបុកឈ្មោះ តាឈួង  តាម័រ តាម៉េង និងក្រោមការដឹកនាំដោយលោកតា សឺន សាន។ ប្រធានពេទ្យនៅក្នុងកងវរសេនាធំឈ្មោះ គ្រូ រ៉េត។ ពេលធ្វើដំណើរចូលមកដល់ជំរំអូរបុកដំបូង មិន បានឃើញប្រជាជនប្រហែល៣០០០ ទៅ៤០០០នាក់ កំពុងរស់នៅក្នុងជំរំ។ ប្រជាជនដែលរស់នៅក្នុងជំរំអូរបុកភាគ​ច្រើនជាក្រុមគ្រួសាររបស់កងទ័ព។ ចំណែកជំរំពងទឹក គឺជាជំរំដែលសំ​បូរទៅដោយគ្រួសារប្រជាជនរស់នៅ។ ពេលចូលដល់ជំរំអូរបុក កងទ័ពនិងប្រជាជន ត្រូវបានបែកចែកឲ្យរស់នៅដាច់ដោយឡែកពីគ្នា សម្រាប់កងទ័ពគឺត្រូវមានតួនាទីការពារនៅតាមព្រំដែនកម្ពុជា-ថៃ ចំណែកប្រជាជនត្រូវបានបែកចែកឲ្យទៅរស់នៅលើកំពូលភ្នំអូរ​បុកដែលស្ថិតក្នុងទឹកដីខ្មែរ។ សម្រាប់ស្បៀងអាហារហូបចុករបស់ប្រជាជន និងទាហាននៅក្នុងជំរំអូរបុក ភាគច្រើន​ត្រូវបានផ្គត់ផ្គងដោយអង្គការ យូ អិន ប្រូ។ ក្នុងរយៈពេល១សប្ដាហ៍អង្គការ យូ អិន ប្រូ តែងតែដឹកអង្ករ ត្រីខ និងម្ហូបអាហារយកមកចែកជូន​ប្រជាជននៅក្នុងជំរំអូរបុក។ ជំរំអូរបុក មានចំងាយឆ្ងាយពី​ជំរំខ្មែរក្រហមប្រហែល១០គីឡូម៉ែត្រ ហើយទៅស្ថិតនៅខាងកើតជំរំខ្មែរក្រហម ហៅថាជំរំអណ្ដែងមុត។

នៅឆ្នាំ១៩៨២ មិន និង ឈឹម ឈន (បច្ចុប្បន្ននៅភ្នំពេញធ្វើការងារនៅក្រសួងការពារជាតិ) និងកងទ័ពចំនួន៨០នាក់ មកពីអង្គភាពផ្សេងទៀត ត្រូវបានជ្រើសរើសឲ្យទៅរៀនពេទ្យក្របខណ្ឌនៅជំរំអំពិល​។ អង្គភាពដែលត្រូវបានជ្រើសរើសឲ្យទៅរៀនពេទ្យក្របខណ្ឌ នៅជំរំអំពិលភាគច្រើន មកពីជំរំណងចាន់, ជំរំរិទ្ធីសែន, ជំរំអូរបុក, ជំរំអូរបីជាន់ រហូតដល់សុខសាន្ត ដែលស្ថិតនៅស្រុកខ្លងយៃ ខេត្តត្រាត ប្រទេសថៃ។ គ្រូពេទ្យដែលមកបង្រៀន មិន នៅជំរំអំពិលសុទ្ធតែដុកទ័រមកពីទីក្រុងភ្នំពេញមានឈ្មោះដូចជា គ្រូពេទ្យប៊ូសែ, គ្រូពេទ្យប៊ូខេង, គ្រូផុន, គ្រូរ៉យ និងមានគ្រូផ្សេងទៀត។ ពេលចូលមករៀនពេទ្យដំបូង មិន ត្រូវបានបង្រៀនមុខសញ្ញាផ្សេងៗគ្នាដូចជាបង្រៀនពេទ្យ បង្រៀនយុទ្ធសាស្រ្តទាហានកសិកម្ម និងបង្រៀនគ្រូ(បង្រៀនដោយអង្គការយូសេដ)។ បន្ទាប់ពីបញ្ចប់ការសិក្សាពេទ្យក្របខណ្ឌនៅជំរំអំពិល មិន ត្រូវបានជ្រើស​រើសចូលបម្រើការងារនៅក្នុងមន្ទីរពេទ្យអគ្គសេនាធិការ ដែលគ្រប់គ្រងដោយតា ដៀង ដេល នៅជំរំអំពិល។ ប្រធានពេទ្យដែលគ្រប់គ្រងនៅក្នុងមន្ទីរពេទ្យអគ្គសេនាធិការឈ្មោះ ប៊ូ សែ។ បន្ទាប់មក ប៊ូ សែ ត្រូវបានជ្រើសរើសឲ្យទៅសហរដ្ឋអាមេរិកដោយចាត់តាំងឲ្យ វេង ប៊ុនឡាយ មកគ្រប់គ្រងជំនួស។

នៅឆ្នាំ១៩៨៣ អង្គការយូសេដ បានចុះមកត្រួតពិនិត្យនៅក្នុងមន្ទីរពេទ្យអគ្គសេនាធិការបន្ទាយអំពិល ហើយអង្គការយូសេដ តែងតែឲ្យ មិន ជូនទៅធ្វើជើងសិប្បនិមិត្តឲ្យកងទ័ពតស៊ូ នៅតាមជំរំសុខសាន្ត, ជំរំតាទុំ, ជំរំណងចាន់ និងជំរំរិទ្ធីសែន ដែលមានប្រាសាទតូចមួយក្នុងជំរំ បច្ចុប្បន្នត្រូវបានទាហានថៃឈូសចោល។ ជំរំសុខសាន្ត គឺជាជំរំដែលស្ថិតនៅក្នុងដីខ្មែរ ហើយជំរំសុខសាន្ត មានទីតាំងស្ថិតនៅខាងលិចជាប់ខេត្តច័ន្ទបុរី និងមកខាងកើតស្រុកខ្លងយៃ ខេត្តត្រាត ប្រទេសថៃ។ នៅឆ្នាំ១៩៨៥ កងទ័ពវៀតណាម​សហការណ៍ជាមួយកងទ័ពរណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា បាន​ដើរវាយបណ្ដេញកងទ័ពខ្មែរក្រហមនៅតាមព្រំដែន។ បន្ទាប់មកទៀត មិន ត្រូវបានផ្លាស់ចេញពីជំរំបន្ទាយអំបិល ឲ្យមកធ្វើពេទ្យនៅអគ្គសេនាធិការនៅជំរំ ​ឈៀង ដយ ដែលមានទីតាំងនៅចំហៀងថ្នល់ពីជំរំសាយធូ  ដែលគ្រប់គ្រងដោយ វេង ប៊ុន​ឡាយ និងនៅក្រោមជំនួយរបស់អង្គការ យូសេដ។ ពេលផ្លាស់មកធ្វើការងារនៅជំរំ ឈៀង ដយ បានរយៈពេល២ខែ មិន ត្រូវបានជ្រើសរើសឲ្យទៅរៀនស៊ីសដង់ នៅអង្គររាជ្យ ចំនួន៣វគ្គ ដោយរៀនមួយវគ្គប្រើរយៈពេល៣ខែ ទៅ៦ខែ សម្រាប់ការរៀនចំនួន៣វគ្គ មិន ប្រើរយៈពេល៣ឆ្នាំ ហើយការរៀនស៊ីសដង់ គ្រូថៃជាអ្នក​បង្រៀន។ ចំណែកកងទ័ពទៅរៀនក្នុងមួយវគ្គៗមាន១៦ ទៅ២០នាក់។ បន្ទាប់ពីបញ្ចប់ការសិក្សានៅអង្គររាជ្យ មិន បានផ្លាស់មកជំរំ ឈៀង ដយ វិញ។ បន្ទាប់មក មិន បានរៀបការជាមួយប្រពន្ធឈ្មោះ ង៉ែត សុខុម (មានស្រុកកំណើតនៅទីក្រុងភ្នំពេញ) ដែលរស់នៅក្នុងជំរំសាយធូ។

នៅឆ្នាំ១៩៩១ កងទ័ពវៀតណាមបានដកកម្លាំងចេញពីខេត្តបន្ទាយមានជ័យ ពេលនោះ មិន និងប្រពន្ធបានសម្រេចចិត្តចាកចេញពីជំសាយធូ មករស់ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ពេលចុះមករស់នៅស្រុកថ្មពួកដំបូង មិន បានចូលធ្វើពេទ្យនៅក្រសួងអគ្គសេនាធិការ នៅស្វាយជ្រុំ(ពេទ្យជាងដយ)។ នៅឆ្នាំ១៩៩៤ មិន និងប្រពន្ធបានលែងលះគ្នា ដោយបន្សល់ទុកកូនប្រុស២នាក់ឲ្យ មិន ចិញ្ចឹម។ នៅឆ្នាំ២០០១ មិន បានចូលនិវត្តន៍ពីពេទ្យ នៅក្រសួងអគ្គសេនាធិការនៅស្វាយជ្រុំ។ បន្ទាប់ពី មិន បានចូលនិវត្តន៍ពីពេទ្យ នៅក្រសួងអគ្គសេនាធិការនៅស្វាយជ្រុំ ឈ្មោះ ដារី ដែលត្រូវជាមិត្តភគ្គិ បានហៅ មិន ឲ្យមករស់នៅភូមិកាក់សិន ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ហើយបានឲ្យមិនចូលបម្រើការងារពេទ្យនៅស្រុកថ្មពួក រហូតដល់ឆ្នាំ២០១៦ បានចូលនិវត្តន៍ម្ដងទៀត៕


អត្ថបទដោយ ចាន់ ណារិទ្ធ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin