សេចក្តីរំឭកពីការឈឺចាប់ និងការចងចាំពីប្រវត្តិជីកទំនប់១មករា (ស្ទឹងជីនិត) នៅក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ប៊ុន លីម[1] អាយុ៦១ឆ្នាំ។ បច្ចុប្បន្ន ខ្ញុំ មានមុខរបរជាអ្នកឡើងត្នោត។ ខ្ញុំ រស់នៅភូមិថ្មកែវ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានប្រពន្ធឈ្មោះ គឹម ម៉ន អាយុ៥០ឆ្នាំ មានមុខរបរជាកសិករ។ យើងមានកូនស្រី២នាក់ ដែលកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ និងឆ្នាំទី៤ នៅទីក្រុងភ្នំពេញ។
នៅក្នុងរបបខ្មែរក្រហម អ្វីដែលខ្ញុំមិនអាចបំភ្លេចបាននោះ គឺខ្មែរក្រហមចាត់តាំងឱ្យខ្ញុំទៅធ្វើការក្នុងកងចល័ត។ ខ្ញុំបានទៅឡើងត្នោត មើលគោ និងធ្វើជីដាក់ស្រែ។ ខ្មែរក្រហមបានជម្លៀសឱ្យខ្ញុំទៅរស់នៅភូមិព្រៃស្រង៉ែ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ខ្មែរក្រហមបានបញ្ជូនឱ្យខ្ញុំទៅធ្វើការក្នុងកងចល័តដដែល។ ខ្ញុំបានទៅជីកទំនប់១មករា (ស្ទឹងជីនិត)។ ខ្ញុំធ្វើការងារបានប្រហែល១០ថ្ងៃ ខ្មែរក្រហមបានដកចេញពីកង ហើយបញ្ជូនអ្នកថ្មីមកដាក់ជំនួសវិញ។ ខ្មែរក្រហមបានចាត់តាំងឱ្យខ្ញុំទៅឡើងត្នោត។ ខ្មែរក្រហមចង់ពិសោធន៍ថា ខ្ញុំអាចតស៊ូទ្រាំនឹងការងារនេះបានដែរឬទេ? ការងារនេះ ខ្ញុំធ្វើបានប្រហែល៥ថ្ងៃ ខ្មែរក្រហមបានដកឱ្យខ្ញុំទៅមើលគោវិញ។ ដោយកំណត់ឱ្យធ្វើការចាប់ពីម៉ោង៩ព្រឹក រហូតដល់ម៉ោង៥ល្ងាច។ មួយក្រុមខ្ញុំមានគ្នា១០នាក់។ ខ្មែរក្រហមបានចែកអង្ករឱ្យមួយថ្ងៃ៣កំប៉ុង។ រយៈពេលមួយឆ្នាំពេញខ្ញុំមិនដែលស្គាល់ជាតិបាយទេ។ ពេលនោះខ្មែរក្រហមបានចាត់តាំងឱ្យខ្ញុំមើលការខុសត្រូវមនុស្ស៥០នាក់។ ប្រជាជនទាំងអស់ធ្វើការងារបានល្អណាស់ មិនហ៊ានត្អូញត្អែរអ្វីឡើយ។ សូម្បីតែខ្ញុំផ្ទាល់ជាប្រធាន នៅតែធ្វើការដូចប្រជាជនទូទៅដែរ។ ក្រោយមកខ្មែរក្រហមបានជម្លៀសឱ្យខ្ញុំមករស់នៅស្រុកសំពៅលូន ខេត្តបាត់ដំបង។ ខ្មែរក្រហមប្រើឱ្យខ្ញុំទៅជីកទំនប់ និងលើកប្រឡាយដដែល។ ខ្មែរក្រហមកំណត់ឱ្យធ្វើចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១១កន្លះ។ ពេលរសៀលពីម៉ោង១ ដល់ម៉ោង៨ល្ងាច ទើបឲ្យឈប់សម្រាក។ របបអាហារទទួលបានបបរពីរពេលក្នុងមួយថ្ងៃ។ សម្លៀកបំពាក់ក្នុងរបបខ្មែរក្រហម មានតែខោអាវមួយកំប្លេ ពណ៌ខ្មៅៗ និងស្បែកជើងកង់ឡានមួយសម្រាប់ប៉ុណ្ណោះ។ នៅក្នុងរបបខ្មែរក្រហមគ្មានកម្មសិទ្ធិឯកជនឡើយ។ កាលនោះ ឪពុកខ្ញុំមានកង់មួយ ត្រូវខ្មែរក្រហមប្រមូលយកទៅដាក់រួម។ គោមួយនឹមដូរបានត្រឹមតែចានពីរប៉ុណ្ណោះ។ ប្រជាជនដែលត្រូវខ្មែរក្រហមធ្វើបាបភាគច្រើន គឺប្រជាជនជម្លៀសមកពីភូមិភាគបូព៌ា។ ខ្មែរក្រហមសម្លាប់ប្រជាជនទាំងដែលគ្មានកំហុស ដោយប្រើពាក្យថា «បញ្ជូនទៅកសាង» តាមពិត គឺយកទៅសម្លាប់ចោល។
ក្រោយរបបខ្មែរក្រហមដួលរលំ ខ្ញុំនិងក្រុមគ្រួសារ បានធ្វើដំណើរវិលត្រឡប់មកស្រុកកំណើតវិញជាមួយប្រជាជនជាច្រើនទៀត។ អំឡុងពេលនោះដែរមានប្រជាជនមួយចំនួនបានទៅរស់នៅក្រៅប្រទេសរហូតដល់បច្ចុប្បន្ន។ ចំពោះការឈឺចាប់ខ្ញុំនៅតែចងចាំជានិច្ច នៅពេលដែលខ្ញុំធ្វើដំណើរទៅកាន់ខេត្តកំពង់ធំម្ដង ខ្ញុំនៅតែនឹកឃើញអំពីប្រវត្តិនៃការជីកទំនប់ ទាំងយប់ ទាំងថ្ងៃ មិនអាចបំភ្លេចបានឡើយ៕
[1] កិច្ចសម្ភាសដោយរវាង ជីម ស្រីភួង យុវជនស្ម័គ្រចិត្តនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឈ្មោះ ប៊ុន លីម អាយុ៦១ឆ្នាំ រស់នៅភូមិថ្មកែវ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ សម្ភាសន៍នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥
អត្ថបទដោយ ជីម សុគា
អត្ថបទទាក់ទង

ស្រី សុខ៖កងទ័ពវៀតកុងបានទម្លាក់គ្រាប់លើស្រុកកោះធំ

ខ្ញុំត្រូវរបួសចំត្រង់ពោះ និងក្រលៀន

ទេព ប៉ូច៖ អនុប្រធានអប់រំស្រុកស្អាង (ខេត្តកណ្ដាល)

ឌឿ ប្រាក់ ប្រើរូបសម្រស់ដ៏ទាក់ទាញ ដើម្បីប្រឆាំងបដិវត្តន៍ខ្មែរក្រហម

ស្រី ហួន ៖ ពេទ្យឯកទេសជំងឺគ្រុនចាញ់នៅក្នុងរបបខ្មែរក្រហម


