សកម្មភាពខ្មែរវៀតកុងក្នុងស្រុកបាទី ខេត្តតាកែវ នៅចុងឆ្នាំ១៩៧១ និង ១៩៧២

វត្តមានរបស់កងកម្លាំងវៀតកុងនៅក្នុងប្រទេសកម្ពុជា បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា និងបានរួមចំណែកដល់ការបង្កើតឲ្យមានភាពចលាចលក្នុងសង្គម សេដ្ឋកិច្ច និងនយោបាយនៅក្នុងប្រទេស។ សកម្មភាពបង្កដោយកងកម្លាំងវៀតកុង និងខ្មែរកុម្មុយនីស្តដែលបានកើតឡើងនៅតាមភូមិ ឃុំ ស្រុក ខេត្ត ក្នុងប្រទេសកម្ពុជាបន្ទាប់ពីថ្ងៃរដ្ឋប្រហារឆ្នាំ១៩៧០ បានបង្ហាញពីភាពជាប់ទាក់ទងគ្នានៃជម្លោះនៅអាស៊ីអាគ្នេយ៍ និងបញ្ហាប្រឈមដែលបង្កឡើងដោយសារជាតិនិយម របស់ប្រជាជននៅតាមស្រុកស្រែចម្ការ ការតស៊ូមនោគមវិជ្ជា និងការអន្តរាគមន៍នានាពីខាងក្រៅ។ ហេតុការណ៍ទាំងនេះ មិនត្រឹមតែធ្វើឲ្យប្រវត្តិសាស្ត្រប្រទេសកម្ពុជា ប្រែក្លាយជាប្រវត្តិសាស្ត្រដ៏ជូរចត់សម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យប៉ះពាល់ដល់សក្ដានុពលនានាក្នុងតំបន់ទៀតផង។ ការយល់ដឹងអំពីព្រឹត្តិការណ៍ទាំងនេះ ផ្តល់នូវការយល់ដឹងយ៉ាងសំខាន់ទៅលើភាពស្មុគស្មាញនៃសង្គ្រាម នយោបាយ និងផលវិបាកនៃជម្លោះក្នុងតំបន់ ដែលនេះគឺជាមូលហេតុដ៏សំខាន់ក្នុងការបំផ្លិចបំផ្លាញជីវិតមនុស្សស្លូតត្រង់នៅតាមមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា។
អត្ថបទនេះ រៀបរាប់ពីសកម្មភាពរបស់កងកម្លាំងវៀតកុង ដែលបានជ្រៀតចូលជ្រៅមកក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនរស់នៅក្នុងស្រុកបាទី ខេត្តតាកែវ ក្នុងអំឡុងចុងឆ្នាំ១៩៧១ និងពាក់កណ្តាលឆ្នាំ១៩៧២ និងការសហការយ៉ាងជិតស្និទ្ធរបស់ក្រុមខ្មែរកុម្មុយនីស្តនៅក្នុងមូលដ្ឋាន ដើម្បីរួមគ្នាបំផ្លាញឫសគល់នៃចក្រពត្តិនិយម និងរាជានិយមនៅកម្ពុជា។ ឯកសារធ្វើឡើងដោយភ្នាក់ងារសម្ងាត់របស់របប លន់ នល់ រាយការណ៍ចេញពីតំបន់រំដោះចំនួន១១ឯកសារ ត្រូវបានអាន និងដកស្រង់យកព្រឹត្តិការណ៍ និងសកម្មភាពរបស់កងកម្លាំងវៀតកុង និងខ្មែររំដោះ មករៀបរាប់តាមកាលបរិច្ឆេទនៃព្រឹត្តិការណ៍ដែលបានកើតឡើងចាប់ពីខែវិច្ឆិកា ឆ្នាំ១៩៧១ រហូតដល់ខែកញ្ញា ឆ្នាំ១៩៧២។ វត្តមាន សកម្មភាព និងការសហការជាមួយក្រុមខ្មែរកុម្មុយនីស្តក្នុងស្រុកបាទី បានបង្កឲ្យមានភាពចលាចលជាបន្តបន្ទាប់ដល់ប្រជាជនរស់នៅក្នុងមូលដ្ឋាន ដែលភាពចលាចល ទាំងនេះបានត្រួសត្រាយផ្លូវដល់ការងើបឡើងនៃរបបខ្មែរក្រហមនៅពាក់កណ្តាលខែមេសា ឆ្នាំ១៩៧៥។
ក្នុងរយៈពេលប្រមាណជាងមួយឆ្នាំបន្ទាប់ពីរដ្ឋប្រហារថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ កងកម្លាំងវៀតកុងបានបង្ហាញវត្តមាន និងពង្រីកឥទ្ធិពលរបស់ខ្លួនកាន់តែខ្លាំងឡើងៗនៅក្នុងស្រុកបាទី ស្រុកព្រៃកប្បាស ស្រុកសំរោង និងស្រុកត្រាំកក់ខេត្តតាកែវ និងនៅក្នុងតំបន់ជុំវិញដូចជា ស្រុកកណ្តាលស្ទឹង ក្នុងខេត្ត កណ្តាល និងស្រុកខ្លះទៀតនៅក្នុងខេត្តកំពង់ស្ពី។ ពីមួយថ្ងៃទៅមួយថ្ងៃ កងកម្លាំងនេះបានជ្រៀតចូលជ្រៅទៅក្នុងមូលដ្ឋាននានាដែលគ្រប់គ្រងដោយខ្មែរំដោះ ឬខ្មែរកុម្មុយនីស្ត និងបានបង្កើនការសហការយ៉ាងស្អិតរមួតជាមួយកងកម្លាំងខ្មែររំដោះនៅក្នុងមូលដ្ឋាន។
នៅខែវិច្ឆិកា ឆ្នាំ១៩៧១ កងកម្លាំងខែ្មររំដោះ និងវៀតកុងប្រមាណ២០០នាក់ ត្រូវបានរាយការណ៍មកថា បានមកតាំងមូលដ្ឋាននៅក្នុងឃុំក្រាំងធ្នង់ និងឃុំលំពង់ ស្រុកបាទី[1]។ កងកម្លាំងទាំងនេះ បានធ្វើសកម្មភាពក្នុងមូលដ្ឋានដែលក្រុមខ្លួនតាំងទីជម្រក ក្នុងគោលបំណងឃោសនា បញ្ចុះបញ្ចូលមនោគមន៍វិជ្ជា បំភិតបំភ័យ និងបំផ្លិចបំផ្លាញជីវភាពរស់នៅរបស់ប្រជាជននៅក្នុងមូលដ្ឋាន ដែលកងកម្លាំងនេះស្នាក់នៅ[2]។ នៅវេលាម៉ោង៨យប់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៧១ កងកម្លាំងនេះមានប្រដាប់ដោយអាវុធគ្រប់ដៃ បានចូលទៅបាចខិតប័ណ្ណនៅភូមិត្រពាំងកក់ និងភូមិត្រពាំងថ្ម ក្នុងឃុំជំរះពេន ស្រុកសំរោង ដើម្បីបំផុសបំផុលអ្នកភូមិឲ្យចាកចេញពីផ្ទះសម្បែងរបស់ខ្លួន ក្រោមមូលហេតុផ្តល់លទ្ធភាពដល់ក្រុមខ្លួនក្នុងការវាយ ដណ្តើមយកមូលដ្ឋានកងទ័ព លន់ នល់ ស្ថិតនៅក្នុងបិរវេណវត្តប្រាសាទនាងខ្មៅ ឃុំរវៀង[3]។ មួយថ្ងៃក្រោយមក គឺនៅថ្ងៃទី៩ ខែវិច្ឆិកា ក្រុមដដែលនេះបានធ្វើសកម្មភាពចាប់អ្នកភូមិនៅភូមិទន្លេបាទីចំនួន ២០ នាក់ យកទៅដាក់ឃុំឃាំងនៅក្នុងមូលដ្ឋានរបស់ខ្លួននៅឃុំក្រាំងធ្នង់ និងឃុំលំពង់[4]។
នៅខែកុម្ភៈ ឆ្នាំ១៩៧២ សកម្មភាពរបស់កងកម្លាំងវៀតកុង និងក្រុមខ្មែររំដោះ បានរីករាលដាលកាន់តែខ្លាំងឡើងនៅក្នុងស្រុកបាទី។ នៅវេលាម៉ោង៤រសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ១៩៧២ កងកម្លាំងវៀត កុងក្នុងសម្លៀកបំពាក់ខ្មៅប្រមាណ២០០នាក់ មានប្រដាប់ដោយអាវុធ និងស្បៀងជាប់នឹងខ្លួនផង បានចាកចេញពីភូមិទន្លេបាទី ឆ្ពោះមកកាន់ភូមិត្រពាំងស្វា ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងគោលបំណងវាយដណ្តើមយកទីតាំងកងទ័ពនៃរបបសាធារណរដ្ឋខ្មែរឈរជើងនៅស្ពានកំពង់ដង្កោ[5]នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៧២ ដែលជាថ្ងៃទីបីនៃពិធីចូលឆ្នាំប្រពៃណីចិន។ សេចក្តីរាយការណ៍មួយទៀត បានរៀបរាប់ពីសកម្មភាពរបស់វៀតកុងមួយក្រុមមានគ្នា២០នាក់ ចាកចេញពីភូមិត្រកៀតនៅវេលាម៉ោង ១០ យប់ ឆ្ពោះទៅកាន់តំបន់ដីក្រហមស្ថិតជាប់នឹងសាលាសំណាក់ប៉ែកខាងជើងភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ដើម្បីស្ទាក់ចាប់ប្រជាជនដែលដើរលេងក្នុងពិធីចូលឆ្នាំប្រពៃណីចិន។ ជាលទ្ធផល ក្រុមនេះបានស្ទាក់ចាប់បានប្រជាជនដើរលេងក្នុងពិធីចូលឆ្នាំចិនបានមួយក្រុម រួមទាំងមធ្យោបាយធ្វើដំណើម៉ូតូហុងដា១១គ្រឿងផង។ មធ្យោបាយធ្វើដំណើរដែលរឹបអូសបាន ត្រូវនាំយកទៅទុកនៅក្នុងព្រៃអន្លង់គង ដែលជាព្រៃក្រាសស្ថិតនៅខាងកើតផ្លូវជាតិលេខ២ ខាងកើតភូមិមឿងប្រចិន ហើយម្ចាស់ម៉ូតូទាំងអស់ ត្រូវកងកម្លាំងវៀតកុង និងខ្មែរក្រហមនាំយកទៅដាក់ក្នុងមន្ទីរឃុំឃាំងដើម្បីអប់រំ[6]។ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ១៩៧២ កងកម្លាំងវៀត កុង និងខ្មែររំដោះប្រមាណ៦៥០នាក់ទៀត បានបើកអង្គប្រជុំមួយដើម្បីបែងចែកតំបន់គ្រប់គ្រង។ ក្នុងនោះ កងកម្លាំងចំនួន១៥០នាក់ ស្ថិតក្រោមបញ្ជាការផ្ទាល់ពីឈ្មោះ ឯក សួន បានមកដាក់ទីបញ្ជាការ និងពង្រាយគ្នាចាប់ពីភូមិត្រពាំងត្របែក ភូមិក្រសាំង និង ភូមិព្រែក ឃុំពារាម ស្រុកបាទី។ ចំណែកកងកម្លាំងប្រមាណ៣០០នាក់ទៀត ស្ថិតក្រោមបញ្ជាការផ្ទាល់ពីឈ្មោះ នី ឯម បានមកតាំងមូលដ្ឋាននៅភូមិត្រគៀត ឃុំចំប៉ី ស្រុកបាទី។ រីឯកងកម្លាំងប្រមាណ២០០នាក់ផ្សេងទៀត ក្រោមបញ្ជាការពីឈ្មោះ នួន ពុល បានមកតាំងមូលដ្ឋាននៅភូមិជ្រោងស្តៅ ភូមិត្របែកដើម និងភូមិក្រាំងធ្នង់ ឃុំក្រាំងធ្នង់ ស្រុកបាទី[7]។
នៅក្នុងឃុំសូភី ស្រុកបាទី មានកងកម្លាំងវៀតកុង និងខ្មែររំដោះប្រហែល៤០០នាក់ ប្រដាប់ដោយអាវុធគ្រប់ប្រភេទ បានមកបោះទីតាំងឈរជើងនៅមូលដ្ឋានចន្លោះភ្នំតូច និងភ្នំចុងស្លឹក ដើម្បីជីកលេណ- ដ្ឋានធំៗជាច្រើនកន្លែង សម្រាប់លាក់ខ្លួនពីសត្រូវក្នុងពេលធ្វើសង្គ្រាម[8]។ ក្រៅពីនេះ កងកម្លាំងជាច្រើននាក់ទៀតស្ថិតក្រោមបញ្ជាការផ្ទាល់ពីឈ្មោះ ឈិន ពាក់ស័ក្តិ៤ ធ្លាប់បានទទួលការសិក្សានៅប្រទេសវៀតណាមខាងជើង បានដាក់ពង្រាយគ្នានៅតាមបណ្តោយផ្លូវលេខ៤៥ ចាប់ពីភូមិព្រែក រហូតដល់ភូមិខ្សាច់លប់ ដើម្បីវាយដណ្តើមយកសាលាស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងវាយប្រហារបន្ទាយទាហានត្រាំខ្នារ ស្រុកត្រាំកក់[9]។
នៅខែមេសា ឆ្នាំ១៩៧២ កងកម្លាំងវៀតកុងនិងខ្មែររំដោះប្រដាប់ដោយអាវុធ និងកាំភ្លើងផ្លោងចំនួន ៥០០នាក់ បានចូលមកដាក់មូលដ្ឋាននៅក្នុងឃុំត្បែង និងឃុំត្នោត ស្រុកបាទី ដើម្បីធ្វើសកម្មភាពនៅក្នុងមូលដ្ឋានទាំងពីរនេះ។ ស្ថិតក្នុងអំឡុងពេលចូលឆ្នាំខ្មែរ កងកម្លាំងវៀតកុង និងខ្មែរកុម្មុយនីស្តចំនួន៣០០នាក់ បានចូលរួមក្នុងកម្មវិធីសប្បាយរាំរែកនៅផ្ទះថ្មមួយកន្លែងស្ថិតនៅភូមិត្បែង ឃុំត្បែង ស្រុកបាទី[10]។ ចំណែកកងកម្លាំងវៀតកុង និងខ្មែររំដោះ២០០នាក់ផ្សេងទៀត បានធ្វើសកម្មភាពជីកលេណដ្ឋាននៅភូមិចេក និងភូមិត្នោត ឃុំត្នោត ស្រុកបាទី ដើម្បីត្រៀមប្រយទ្ធជាមួយកងទ័ព លន់ នល់[11]។
នៅពាក់កណ្តាលខែឧសភា ឆ្នាំ១៩៧២ ផែនការវាយដណ្តើមប៉ុស្តិ៍វិទ្យុស្ទឹងមានជ័យស្ថិតនៅជាយក្រុងភ្នំពេញ ត្រូវបានរៀបចំឡើងដោយកងកម្លាំងវៀតកុង និងខ្មែររំដោះ។ សេចក្តីរាយការណ៍របស់ភ្នាក់ងារសម្ងាត់បានឲ្យដឹងថា ចលនាផ្លាស់ទីរបស់កងកម្លាំងវៀតកុង និងខ្មែររំដោះប្រហែល២០០នាក់ បានកើតមានឡើងនៅក្នុងភូមិកណ្តាល និងភូមិបាក់រនាស់ ឃុំតាំងដូង ស្រុកបាទី។ កងកម្លាំងទាំងនោះមានប្រដាប់ដោយអាវុធ និងគ្រាប់បែកគ្រប់ដៃ។ ការផ្លាស់ទីនេះ ធ្វើឡើងដើម្បីរៀបចំកម្លាំងទុកជាស្រេច មុននឹងធ្វើការប្រយុទ្ធ[12]។ នៅក្នុងឃុំកណ្តឹង ឯណោះវិញ មេឃុំបានបង្ហាញពីការចូលរួមពេញទំហឹងជាមួយកងកម្លាំងវៀត កុង និងខ្មែររំដោះ[13]។ សេចក្តីរាយការណ៍បានបង្ហាញថា មេឃុំកណ្តឹង ស្រុកបាទី បានជិជាន់ប្រជាជនក្នុងឃុំខ្លួនឯង តាមរយៈការជម្រិតឲ្យបង់ប្រាក់ដើម្បីទទួលបានប័ណ្ណអនុស្សាវរីយ៍ប្រជាមតិរដ្ឋធម្មនុញ្ញ ចំពោះ ភាពយឺតយ៉ាវក្នុងការទទួលបានប័ណ្ណនេះ។ អ្នកភូមិជាច្រើននាក់ បានបង្ហាញពីការមិនពេញចិត្តចំពោះទង្វើនេះ និងបានចោទមេឃុំរូបនោះថា បានបង្កចលាចលជាច្រើននៅក្នុងឃុំ។ តាមការបញ្ជាក់ពីប្រភពបានឲ្យដឹងថា មេឃុំកណ្តឹងរូបនោះគឺជាអតីតចោរលួចដ៏សកម្មនៅក្នុងភូមិ ហើយគាត់ទើបតែត្រូវបានតែងតាំងជាមេឃុំ បន្ទាប់ពីថ្ងៃរដ្ឋប្រហារថ្ងៃទី១៨ ខែមិនា ឆ្នាំ១៩៧០រួចភ្លាមៗ[14]។ នៅចុងខែឧសភា ឆ្នាំ១៩៧២ សេចក្តីរាយការណ៍លេខ៣៦៦៧ បានបញ្ជាក់ថា ពីថ្ងៃទី២៥ រហូតដល់ចុងខែឧសភា ឆ្នាំ១៩៧២ កងកម្លាំង វៀតកុង និងខ្មែររំដោះមានមូលដ្ឋាននៅក្នុងភូមិចារ បានធ្វើសកម្មភាពគៀងគរប្រជាជនជាច្រើននាក់រស់នៅភូមិក្រហាន ភូមិកន្លែងខ្លា ភូមិស្តៅឯម និងភូមិប្រើស ស្ថិតនៅប៉ែកខាងកើតថ្នល់ជាតិលេខ២ ឲ្យទៅស្នាក់នៅភូមិព្រៃល្វា និងភូមិកំពង់ចក ជំនួសវិញ[15]។ មូលហេតុនៃការអនុវត្តសកម្មភាពនេះ គឺធ្វើឡើងដើម្បីបើកច្រកវាយប្រយុទ្ធទៅលើកងកម្លាំងនៃរបបសាធារណរដ្ឋខ្មែរប្រចាំការនៅសាលាស្រុកបាទី និងវាយកម្ទេចកងទ័ពរបស់របប លន់ នល់ នៅតាមបណ្តោយផ្លូវជាតិលេខ២ និងលេខ៣ ក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតី[16]។
ចាប់ពីខែកញ្ញា ឆ្នាំ១៩៧២ ផែនការប្រយុទ្ធប្រឆាំងនឹងសត្រូវរបស់ក្រុមកុម្មុយនីស្ត បានពង្រីកឥទ្ធិពលកាន់តែខ្លាំងឡើងៗ ដើម្បីឈានទៅរកការក្តោបក្តាប់តំបន់នានាដែលគ្រប់គ្រងដោយមូលដ្ឋានទ័ព លន់ នល់ និងផ្តួលរំលំរដ្ឋាភិបាលនៃរបបសាធារណរដ្ឋខ្មែរ ដឹកនាំដោយ លន់ នល់។ ឯកសារចុងក្រោយមួយ ក្នុងចំណោមឯកសារទាំង១១ឯកសារ ដែលត្រូវបានកំណត់សម្រាប់ការស្រាវជ្រាវពីសកម្មភាពរបស់កងកម្លាំង វៀតកុង និងក្រុមខ្មែររំដោះនៅក្នុងស្រុកបាទី បានបង្ហាញពីគម្រោងផែនការរបស់ក្រុមកុម្មុយនីស្ត ក្នុងការវាយដណ្តើមយកទីក្រុងតាខ្មៅ និងការបង្កវិនាសកម្មផ្សេងៗនៅក្នុងមូលដ្ឋានដែលក្រុមនោះកំពុងតាំងនៅ។ ឧទាហរណ៍៖ នៅយប់ម៉ោង៧ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៧២ កងកម្លាំងវៀតកុង និងខ្មែររំដោះ បានដុតបំផ្លាញសាលារៀន ព្រៃទ្រព្យ មួយខ្នង និងដុតសាលារៀន សៀមរាប ចំនួន១ខ្នងទៀត ស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ជាប់ព្រំប្រទល់នឹងស្រុកបាទី[17]។ មួយថ្ងៃក្រោយមក នៅថ្ងៃទី២២ ខែឆ្នាំដដែល កងកម្លាំងនេះ បានស្ទាក់ចាប់រថយន្តធន់ធំមួយគ្រឿងនៅតាមបណ្តោយផ្លូវជាតិលេខ២ត្រង់ខ្លោងទ្វារវត្តអញ្ចាញ និងបានលើកទំនប់ខ្ពស់ៗកាត់ផ្លូវជាតិ ដើម្បីរារាំងការធ្វើដំណើរតាមរថយន្ត ឬម៉ូតូ[18]។ នៅថ្ងៃដដែលនេះ កិច្ចប្រជុំមួយត្រូវបានរៀបចំឡើងនៅក្នុងវត្តទន្លបាទី ដោយមានការចូលរួមពីប្រធានភូមិទាំងអស់ក្នុងឃុំក្រាំងធ្នង់ ស្រុកបាទី ដើម្បីរួមចំណែកក្នុងការបើកសមរភូមិប្រយុទ្ធជាមួយកងទ័ព លន់ នល់ នៅតាមបណ្តាយផ្លូវជាតិលេខ២ឆ្ពោះទៅកាន់ក្រុងតាខ្មៅ និងដាក់បទបញ្ជាឲ្យជម្លៀសអ្នកភូមិទាំងអស់ឲ្យទៅស្នាក់នៅឆ្ងាយពីថ្នល់ជាតិលេខ២យ៉ាងតិចមួយគីឡូម៉ែត្រ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការប្រយុទ្ធជាមួយសត្រូវ[19]។
តាមរយៈការអានឯកសារទាំងចំនួន១១ឯកសារ ដែលត្រូវបានជ្រើសរើសសម្រាប់ការស្រាវជ្រាវ បានបង្ហាញពីសកម្មភាពជាច្រើនរបស់កងកម្លាំងវៀតកុងនិងក្រុមខ្មែររំដោះ ក្នុងការរៀបចំយុទ្ធសាស្ត្រប្រយុទ្ធដណ្តើមយកប៉ុស្តិ៍វិទ្យុស្ទឹងមានជ័យ ទីតាំងកងទ័ព បន្ទាយទាហាន និងសាលាស្រុកបាទី ស្ទាក់ចាប់ប្រជាជនក្នុងពេលធ្វើដំណើរ ជីកលេណដ្ឋាន បញ្ចុះបញ្ចូលមនោគមន៍វិជ្ជា និងអូសទាញប្រជាជន និង បំបែកកម្លាំងប្រជាជន។ ផែនការសកម្មភាពទាំងនេះ ត្រូវបានធ្វើឡើងដើម្បីរំខានដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងភូមិឃុំ នយោបាយ សេដ្ឋកិច្ច និងទម្លាប់រស់នៅរបស់ប្រជាជនកម្ពុជានៅក្នុងមូលដ្ឋាននោះ។ គោលបំណងនេះ ត្រូវបានធ្វើឡើងដើម្បីបង្កើនឥទ្ធិពលកុម្មុយនីស្តនៅក្នុងស្រទាប់វណ្ណៈកសិករក្រីក្រនៅក្នុងមូលដ្ឋាន តាមរយៈការគំរាមកំហែងផ្នែកយោធា ការបង្កចលាចលសង្គម ការបំភិតបំភ័យនិងគំរាមកំហែងជីវិតមនុស្ស និងការផ្លាស់ទីលំនៅរបស់ប្រជាជនក្នុងមូលដ្ឋាន។
អត្ថបទដោយ៖ ផេង ពង្សរ៉ាស៊ី
កំណែអក្ខរាវិរុទ្ធដោយ៖ សូ ហ្វារីណា
[1] ឯកសារលេខ L0002866 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «សកម្មភាពខ្មាំងយៀកកុង នៅក្នុងស្រុកបាទី និងស្រុកសំរោង ខេត្តតាកែវ»។ ឯកសារនេះ បង្ហាញពីសកម្មភាពបង្កចលាចលរបស់យៀកកុង ក្នុងការតាំងមូលដ្ឋាននៅក្នុងឃុំក្រាំងធ្នង់ បាចខិតបណ្ណ និងចាប់ប្រជាជនរស់នៅក្នុងតំបន់ខ្លួនគ្រប់គ្រងយកទៅដាក់ឃុំឃាំង។
[2] ដូចគ្នា។
[3] ដូចគ្នា។
[4] ដូចគ្នា។
[5] ឯកសារលេខ L0002696 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «សកម្មភាពខ្មាំងក្នុងស្រុកបាទី ខេត្តតាកែវ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល»។ ឯកសារនេះ ជាសេចក្តីរាយការណ៍របស់ភ្នាក់ងារលេខ ២២៥ រាយការណ៍ចេញពីតំបន់ខ្មាំង ទាក់ទងនឹងការចល័តកម្លាំង និងរៀបចំកម្លាំងដើម្បីត្រៀមលក្ខណៈប្រយុទ្ធដណ្តើមយកទីតាំងកងទ័ពរបស់ លន់ នល់។
[6] ឯកសារលេខ L0002697 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «សកម្មភាពយៀកកុងក្នុងស្រុកបាទី ខេត្តតាកែវ»។
[7] ឯកសារលេខ L0002713 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «សកម្មភាពខ្មាំងយៀកកុងក្នុងស្រុកបាទី ខេត្តតាកែវ»។
[8] ឯកសារលេខ L0002705 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «សកម្មភាពយៀកកុងយួនខាងជើង និងខ្មែរយៀកកុង ក្នុងស្រុកបាទី ខេត្តតាកែវ»។
[9] ដូចគ្នា។
[10] ឯកសារលេខ L0002954 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «សកម្មភាពយៀកកុងយួនខាងជើង និងខ្មែរយៀកកុង ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ»។
[11] ដូចគ្នា។
[12] ឯកសារលេខ L0002980 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «សកម្មភាពយៀកកុងក្នុងស្រុកបាទី ខេត្តតាកែវ»។
[13] ឯកសារលេខ L0002978 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «សកម្មភាពចៅសង្កាត់កណ្តឹង ស្រុកបាទី ខេត្តតាកែវ»។
[14] ដូចគ្នា។
[15] ឯកសារលេខ L0003052 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «សកម្មភាពយៀកកុងក្នុងស្រុកបាទី ខេត្តតាកែវ»។
[16] ដូចគ្នា។
[17] ឯកសារលេខ L0003091 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «សកម្មភាព និងការរួមប្រជុំរបស់ខ្មែរយៀកកុងក្នុងសង្កាត់ក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ»។
[18] ដូចគ្នា។
[19] ដូចគ្នា។