អាន គុម៖ រឿងរ៉ាវសង្ខេបអំពីជីវិតនៅក្នុងរបបខ្មែរក្រហម

អាន គុម (២០២៤) រូបថតដោយ ផាត ពន្លក

ខ្ញុំឈ្មោះ អាន គុម អាយុ៧៣ឆ្នាំ ខ្ញុំកើតនៅឆ្នាំ១៩៥១។ ខ្ញុំមានទីកន្លែងកំណើតស្ថិតនៅ ភូមិស្រែជា ឃុំប្រឡាយ ស្រុកអង្គរជ័យ ខេត្តកំពត។ សព្វថ្ងៃខ្ញុំរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ កាលពីកុមារភាពខ្ញុំមិនបានចូលរៀននោះទេ​ ដោយសារឪពុកម្ដាយរបស់ខ្ញុំមានជីវភាពខ្វះខាត។ ម្យ៉ាងវិញទៀត គាត់ខ្លាចកូនចេះអក្សរសរសេរសំបុត្រស្នេហាឱ្យគ្នាទៅវិញទៅមក។ ខ្ញុំមានបងប្អូនបង្កើតចំនួន៨នាក់ (ស្លាប់៣នាក់)។

នៅឆ្នាំ១៩៧០ ក្នុងរបប លន់ នល់ ខ្ញុំមានអាយុ ២២ឆ្នាំ។ ឪពុកម្ដាយខ្ញុំបានរៀបចំឱ្យខ្ញុំមានគ្រួសារ។ ខ្ញុំរៀបការអំឡុងពេលពេលមានសង្គ្រាមរដ្ឋប្រហារទម្លាក់សម្តេច​​​​ព្រះបាទ នរោត្តម សីហនុ។ ពេលនោះ កើតមានសង្គ្រាមពេញផ្ទៃប្រទេស ដោយមានយន្តហោះទម្លាក់គ្រាប់បែកជារៀងរាល់ថ្ងៃ ប្រជាជនត្រូវបាត់បង់ជីវិតអស់ជាច្រើន ទោះបីជាគាត់បានជីករណ្តៅត្រង់សេ​សម្រាប់គេចពីការទម្លាក់គ្រាប់បែក​យ៉ាងណា​ក៏ដោយ។ ចំណែក ឪពុកម្ដាយរបស់ខ្ញុំបាននាំខ្ញុំ និងបងប្អូនរបស់ខ្ញុំផ្សេងទៀតរត់គេចពីគ្រាប់បែកចូលទៅពួនក្នុងរណ្តៅត្រង់សេដែលឪពុកខ្ញុំបានជីកទុក។ សង្គ្រាមស៊ីវិលបានបន្តរហូតដល់ឆ្នាំ១៩៧៥។

នៅឆ្នាំ១៩៧៥ កើតមានរបបមួយទៀតគឺ របបកម្ពុជាប្រជាធិបតេយ្យ ដែលប្រជាជនខ្មែរស្គាល់យ៉ាងច្បាស់គឺជារបបខ្មែរក្រហម ឬរបប ប៉ុល ពត។ ពេលនោះខ្ញុំមានអាយុប្រហែល ២៨ឆ្នាំ ។ ក្នុងរបបខ្មែរក្រហមខ្ញុំចងចាំរឿងមួយចំនួន ដោយខ្មែរក្រហមចូលមកដល់ភូមិស្រុករបស់ខ្ញុំ និងបានជម្លៀសប្រជាជនចេញពីភូមិស្រុកទៅធ្វើការងារផ្សេងៗឆ្ងាយពីគ្នា អ្នកខ្លះបែកបាក់គ្រួសារ។ ខ្ញុំនិងស្វាមីត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិស្រុកទៅធ្វើការនៅកងចល័ត ដោយខ្មែរក្រហមប្រើខ្ញុំទៅច្រូតស្រូវតាំងពីព្រឹករហូតដល់ថ្ងៃត្រង់ សម្រាកហូបបាយរយៈពេល១ម៉ោង ខ្មែរក្រហមប្រើខ្ញុំធ្វើការងារបន្តទៀតរហូតដល់ល្ងាច​ទើបបានសម្រាក។ ក្នុងរបបខ្មែរក្រហម ខ្ញុំមិនមានអាហារហូបចុកគ្រប់គ្រាន់នោះទេ គឺហូបត្រឹមតែ១ពេលក្នុងមួយថ្ងៃ ជួនកាលបានហូបបបរស ជួនកាលសម្លព្រលិត។

ខ្ញុំបន្តការងារក្នុងរបបខ្មែរក្រហមរហូតដល់ឆ្នាំ១៩៧៩ ពេលនោះកងទ័ពវៀតណាមបានចូលមកដល់ធ្វើឱ្យមានសង្គ្រាមកើតឡើងម្ដងទៀត ខ្ញុំបាននាំកូនភៀសខ្លួនទៅជាមួយប្រជាជនផ្សេងទៀត ឡើងលើភ្នំគ្រាប់បែកផ្លោងហោះមកជិតខ្លួន ខ្ញុំមិនដឹងថាខ្លួនឯងត្រូវស្លាប់ ឬរស់នោះទេ ដឹងត្រឹមថានាំកូនរត់យករួចខ្លួនសិន។ ខ្ញុំបានរស់នៅក្នុងព្រៃអស់រយៈពេលជាច្រើនខែ ជាមួយនិងកូនខ្ញុំពីរអ្នកទៀត។ នៅក្នុងព្រៃគឺមិនមានអាហារហូបគ្រប់គ្រាន់នោះទេមានអ្វីហូបហ្នឹង។ អំឡុងពេល នៅក្នុងព្រៃខ្ញុំបានឃើញសាកសពនៅពាសពេញព្រៃ អ្នកខ្លះទុកឪពុកម្ដាយចាស់ជរាចោល ខ្លះទៅមុខមិនរួចស្លាប់នៅនឹងកន្លែង។ បន្ទាប់ពី បានដំណឹងថាសង្គ្រាមបញ្ចប់ខ្ញុំនាំកូនៗមកភូមិស្រុកវិញ ហើយបានជួបនឹងស្វាមីនៅតាមផ្លូវ មកដល់ភូមិស្រុកខ្ញុំ និងស្វាមីបានបន្តការងារជាកសិករមករហូតដល់បច្ចុប្បន្ន។

សព្វថ្ងៃខ្ញុំមានជំងឺប្រចាំកាយដូចជា ឈឺសន្លាក់ដៃជើងដើរមិនបានឆ្ងាយ ជំងឺលើសឈាមជាដើម។ ចំពោះជំងឺសន្លាក់ដៃជើង និងជំងឺលើសឈាមវិញខ្ញុំនៅលេបថ្នាំជាប្រចាំថ្ងៃ។ មូលហេតុដែលខ្ញុំកើតមានជំងឺខាងលើនេះគឺបណ្តាលមកពីកាលនៅពីក្មេងខ្ញុំធ្វើការងារលើសកម្លាំង​ និងមកដល់ពេលបច្ចុប្បន្នខ្ញុំមានអាយុកាន់តែច្រើន។ ខ្ញុំធ្លាប់ឈឺគ្រុនចាញ់ពីមុនមក។ ចុងក្រោយខ្ញុំសូមអរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានមកសួរសុខទុក្ខអំពីសុខភាពរបស់ខ្ញុំ៕

ដោយ ផាត ពន្លក

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin