ការកសាងអត្តសញ្ញាណរួមគ្នានៅអន្លង់វែង

ការកសាងអត្តសញ្ញាណ​រួមគ្នា​​នៅ​​អន្លង់វែង

អត្ថបទស្រាវជ្រាវដោយ​ លី សុខឃាង សួត វិចិត្រ និងមេក​ វិន

អានអត្ថបទពេញ…

សេចក្តីផ្តើម

ការ​កសាងអត្តសញ្ញាណរួមគ្នានៅតាម​ភូមិនីមួយៗរបស់ប្រជាជន​នៅ​ស្រុក​អន្លង់វែង បាន​ក្លាយ​ជា​កិច្ចការ​​មួយដ៏ចាំបាច់​របស់​ប្រជាជន ដើម្បីការ​ចងចាំរួមគ្នា​ និងជាចំណុចចាប់ផ្តើមនៃ​ការ​កំណត់អត្ថិភាព​របស់​ភូមិ ក្នុងដំណើរការថែរក្សា និង​អភិវឌ្ឍន៍សហគមន៍​របស់ខ្លួន។ ការ​កត់​ត្រាទុក​រួមគ្នាអាចមាន​សារ​សំខាន់​​​ដល់​​ការ​ចងចាំ និង​បូរណភាពទឹកដីនៃប្រទេសកម្ពុជា។ ការ​រៀប​រាប់​រឿង​រ៉ាវ​នៃ​ការ​តស៊ូ​ជាមួយ​បដិវត្តន៍​​ខ្មែរ​ក្រហម ការ​រត់ភៀសខ្លួន​បន្ទាប់ពីការ​ដួល​រលំ​នៃ​របប​កម្ពុជា​ប្រជា​ធិប​តេយ្យ​នា​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​១៩៧៩ ជីវិត​រស់នៅតាម​បណ្តោយព្រំដែនកម្ពុជា-ថៃ ដំណើរការ​តស៊ូប្រដាប់​អាវុធ​ ការ​ធ្វើ​សមា​ហរ​ណ​​កម្ម​ចូល​មក​ក្នុងសង្គមជាតិវិញ​នាថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​១៩៩៨ និង​ការកសាងភូមិស្ថាន​ថ្មី​នៅ​លើ​ទឹកដី​សមរភូមិ​របស់​​ប្រជាជន​នៅអន្លង់វែង។

អន្លង់វែង ​គឺជាសហគមន៍សម្បូរទៅដោយ​កេរដំណែល​​ប្រវត្តិសាស្ត្រ​នៃ​ចលនា​តស៊ូ​​ខ្មែរក្រហម​​នៅ​តាម​បណ្តោយព្រំដែន​នៃ​ប្រទេសកម្ពុជា ​និង​ថៃ។ ​ប្រជាជនប្រមាណជាជិត ៦ម៉ឺននាក់ ​កំពុងរស់នៅ​តាមភូមិស្ថានចំនួន​ ៦៨ភូមិ នៅទូទាំងស្រុក។ បន្ទាប់ពីការ​ធ្វើសមាហរណកម្ម​ជាផ្លូវការ​នៅថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​១៩៩៨ អន្លង់វែង ​ត្រូវ​បាន​ចារឹកទុកថាជាតំបន់តស៊ូចុងក្រោយ​របស់ចលនាខ្មែរក្រហម និង​មាន​ប្រជាជន​ប្រមាណជា ​៧០ទៅ ​៨០ភាគរយ ដែលធ្លាប់ចូលរួម​ក្នុង​ចលនាតស៊ូនេះ។ ភូមិស្ថាន​នីមួយៗ​ត្រូវ​បាន​បង្កើតឡើងដោយ​ផ្អែកលើទិដ្ឋភាពជាក់ស្តែង​មួយចំនួន រួមមាន (១) អង្គភាពកងទ័ព​ចាស់​របស់ខ្មែរក្រហម (ភូមិ​៩៨០ ភូមិ៨០៨), (​២)​ ធម្មជាតិនៃ​អូរ និង​ប្រភេទដើមឈើ (ភូមិអូរក្រញូង ភូមិស្រះឈូក ភូមិទួល​ទ្រាស ភូមិទួលត្បែង), (៣)​ ទួលបុរាណ ឬប្រាសាទ (ភូមិទួល​ប្រាសាទ), (៤) ភូមិសាស្ត្រ​ (ភូមិជើងភ្នំដែលស្ថិតនៅក្បែរជើងភ្នំ) និង​ (៥)​ ការ​ដំណាលតគ្នារបស់ប្រជាជន ឬ​ការ​សំគាល់ថាជាភូមិដោយ​ប្រធាន​អង្គ​ភាព (ភូមិសន្តិភាព ភូមិឯកភាព)។

ការ​ចងក្រងប្រវត្តិសាស្ត្រភូមិចាប់ពីពេលនេះតទៅអាចជាការ​ចាប់ផ្តើមដ៏ល្អមួយ សម្រាប់​ការ​បង្កើត​បាន​នូវសាវតាររបស់ភូមិ និងអត្តសញ្ញាណរួម​គ្នាមួយ បន្ទាប់ពី​ការ​ធ្វើសមាហរណកម្មចុងក្រោយ​របស់​​អន្លង់វែង។ ប្រជាជននៅក្នុង​ស្រុក​អន្លង់វែង ដែល​ភាគច្រើន​មាន​ដើម​កំណើតនៅតាម​បណ្តាខេត្ត​ផ្សេងៗ​គ្នា បាន​ចាត់ទុកភូមិស្ថាន​របស់​ខ្លួន​នៅ​អន្លង់វែងថាជាភូមិកំណើតទីពីរ​។​ អ្នកភូមិទាំងឡាយបាន​ក្លាយ​ជា​អ្នកតាំងទីលំនៅដំបូងបង្អស់ ដែលការចងចាំនៅក្នុងសំណេរភូមិនីមួយៗ​​​គឺជាកញ្ចក់​ឆ្លុះ​បញ្ចាំងត្រលប់​ទៅ​វិញសម្រាប់សហគមន៍​អន្លង់វែងទាំងមូល។

ភូមិអូរក្រញូង

ស្លាកវត្តអូរគ្រញូងនេះស្ថិតនៅជាយច្រាក់ភ្នំនៅត្រង់ម្តុំវត្តអូរគ្រញូងសព្វថ្ងៃ។ វត្តនេះ និងសាលាបឋមសិក្សាអូរគ្រញូង បានក្លាយជាចំណុចប្រទាំងប្រទើសគ្នារវាងភាគីកម្ពុជា និង ភាគីថៃ ដោយសារភាគីថៃជំទាស់។ បច្ចុប្បន្ន ទីតាំងទាំងពីរបានដំណើរយ៉ាងល្អ ក្នុងការអប់រំ និងវិស័យសាសនា។

ភូមិអូរក្រញូង​ មាន​ទីតាំង​ស្ថិត​នៅលើជួរភ្នំដងរែកនៃស្រុកអន្លង់វែង។ ភូមិនេះធ្លាប់ជាទីជម្រកយុទ្ធ​សាស្ត្រ​​របស់​​មេដឹកនាំ​ខ្មែរក្រហម ហើយ​ត្រូវ​បានស្គាល់ថាជា​ភូមិសាស្ត្រនៃ​បង្គោល​សីមាទី​១​​របស់​ប្រទេស​កម្ពុជា​ដែរ។​ ផ្លូវ​ដី​មួយខ្សែ​របស់​ភូមិ​នេះ​​បាន​​ក្លាយជាខ្សែទំនាក់ទំនងចម្បង។ ភូមិនេះ​ដែលធ្លាប់​ជា​តំបន់​ព្រៃក្រាស់ បាន​ក្លាយជា​ទីតាំង​ដ៏​សម្ងាត់​បំផុត​របស់​ខ្មែរក្រហម ដែលអនុញ្ញាតឱ្យ​ចេញ​ចូលបាន​តែ​សម្រាប់​​អង្គភាព​កងសន្តិសុខ​របស់​មេដឹកនាំ​ខ្មែរ​ក្រហម​ប៉ុណ្ណោះ។ គ្រាន់មីន​យ៉ាងច្រើន​ត្រូវ​បាន​​បង្កប់​ ដើម្បី​​បង្កើន​​​សន្តិសុខ​កម្រិត​ខ្ពស់​ ហើយ​​មានតែផ្លូវ​មួយចំនួន ដែល​អាច​​ធ្វើដំណើរចុះឡើងដោយ​សុវត្ថិភាព។​ ភូមិ​នេះ​​ស្ថិតក្នុង​ចំណោម​ភូមិ​ចំនួន ​៦៨ភូមិ នៅ​ក្នុង​ស្រុក​អន្លង់វែង​ទាំងមូល។ ភូមិស្ថាន​ទាំងអស់នេះ​ បាន​កើត​​ឡើងនៅក្នុង​ទម្រង់ជា​អង្គភាព​កងទ័ព​របស់​ខ្មែរ​ក្រហម បន្ទាប់ពី​ការ​ធ្វើសមាហរណកម្ម​នៅក្នុង​ឆ្នាំ​១៩៩៨។ ប៉ុន្មាន​ឆ្នាំក្រោយមក ប្រជាជន​ក៏បាន​ចាប់ផ្តើម​ចូលទៅរស់នៅ​ក្នុង​ស្រុក​អន្លង់វែង។

ទីតាំងភូមិសាស្ត្រ៖ ព្រៃព្រឹក្សា ធម្មជាតិ និងពយ

ភូមិអូរក្រញូងធ្លាប់ជា​តំបន់គម្របព្រៃឈើដ៏ក្រាស់ និងក៏ជាបរិព័ទ្ធភូមិដ៏សម្ងាត់បំផុតរបស់​អតីត​មេដឹក​នាំ​​ខ្មែរ​ក្រហម ដែល​បាន​សំងំលាក់ខ្លួន​នៅកណ្តាលព្រៃ។ មេដឹកនាំកំពូលរបស់ខ្មែរក្រហម រួមមាន ឈិត ជឿន ហៅតាម៉ុក​(អតីត​ប្រធាន​ភូមិភាគនិរតី​ នៅក្នុងជំនាន់កម្ពុជាប្រជាធិបតេយ្យចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៩) និង​ក៏​ជា​មេបញ្ជាការ​នៅអន្លង់វែង) សុន សេន អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ ប៉ុល ពត អតីត​នាយក​​​​រដ្ឋ​មន្ត្រី​នៃ​កម្ពុជាប្រជាធិបតេយ្យ និងខៀវ សំផន អតីតប្រមុខរដ្ឋ បាន​រស់នៅក្នុងភូមិនេះ។

បង្គោលព្រំដែនសីម៉ាទី១រវាងព្រះរាជាណាចក្រកម្ពុជា និងថៃ នៅក្នុងស្រុកអន្លង់វែង

ព្រៃឈើបាន​លាតសន្ធឹង​ពីច្រកព្រំដែនជាំបច្ចុប្បន្ន​រហូត​ដល់​​ក្បាល​ទន្សោង។ នៅ​ពេល​នោះ អ្នក​ដំណើរ​ទាំងឡាយ​ស្ទើរ​តែ​មើល​មេឃមិន​ឃើញផង ដោយ​សារ​តែ​ព្រៃ​ស្រោង​យ៉ាង​ក្រាស់។​ មាន​សត្វព្រៃ​ជាច្រើន​រួម​មាន ស្វា ទន្សាយ ខ្លា និង​សត្វ​កម្រ​ផ្សេងៗទៀត។ បច្ចុប្បន្ននេះ ពយ​តាម៉ុក ត្រូវ​បាន​ស្គាល់​ថា​ជា​​ច្រក​​ភ្នំ​ដ៏ស្រស់ស្អាត ដែល​អាច​មើលឃើញទិដ្ឋភាពទីរួមស្រុកទាំងមូល។​ ពយតាម៉ុកបាន​ក្លាយ​ទៅ​ជា​និមិត្ត​រូបនៃការ​ចងចាំដែលមិន​អាចបំភ្លេចបាន​ នៅក្នុង​ស្រុក​អន្លង់វែង។ ខណៈដែល​ភូមិសាស្ត្រ​របស់ភូមិ​មាន​ភាពអំណោយផល​សម្រាប់ការ​តស៊ូរបស់កងកម្លាំងប្រដាប់អាវុធ​ខ្មែរក្រហមកាលពីអតីតកាល ភូមិ​សាស្ត្រ​​នេះ ក៏ផ្តល់នូវទិដ្ឋភាពគួរជាទីគយគន់សម្រាប់​គោលដៅ​លម្ហែកម្សាន្ត សម្រាក និង​ទេសចរណ៍​ថែម​ទៀត​ផង។

ជីវិតជាកងទ័ពនៅលើកំពូលភ្នំ

ក្នុងអំឡុង​នៃការ​គ្រប់គ្រងរបស់ខ្មែរក្រហម (១៩៨៩-១៩៩៨) អង្គភាពកងទ័ព​ខ្មែរ​ក្រហម​​​​ជាក់​លាក់​មួយ​ចំនួន​​ត្រូវ​បាន​អនុញ្ញាតឱ្យ​កសាងមូលដ្ឋាន​​ដើម្បីផ្តល់ការការពារ​សន្តិសុខ​ដល់អតីតមេដឹកនាំ​ខ្មែរ​ក្រហមទាំងអស់នោះ។ អ្នកដែលធ្វើដំណើរ​ឆ្លងកាត់​ទីតាំងនេះដោយ​គ្មាន​ការអនុញ្ញាត​អាចប្រឈម​មុខ​នឹង​ការ​ស្លាប់។

ទាហាននៃកងល្បាតទី១ កំពុងឈរ និងអង្គុយនៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

ភ្លាមៗបន្ទាប់ពីការធ្វើសមាហរណកម្ម ទាហានរដ្ឋាភិបាល ត្រូវបាន​បញ្ជូនទៅក្នុងភូមិសាស្ត្រ​នេះ​ដើម្បី​​ធានាបាន​នូវទឹកដីដែលទើបដណ្តើមកាន់កាប់បាន។ អ៊ុន ខេមរ៉ា[1] ដែលជាកូន​ប្រុស​របស់ រ៉ង សារួន កង​ទ័ពម្នាក់​ឈរជើងនៅទីនោះដែរ បាន​និយាយថា គាត់ និង​ក្រុមគ្រួសារ ​បាន​ចាប់ផ្តើមរស់នៅលើភ្នំនេះ​ចាប់​តាំងពីចុងឆ្នាំ​១៩៩៨ មកម៉្លេះ ដែលជាឆ្នាំសមាហរណកម្មចូលមកក្នុង​រាជរដ្ឋាភិបាល។ ខេមរ៉ា ក៏បាន​និយាយ​ដែរថា «ខ្ញុំ​បាន​មកដល់ភូមិនេះ ក្នុងនាមជាទាហានម្នាក់ដែរ។ ឪពុករបស់ខ្ញុំ រ៉ង សារួន ធ្លាប់​ធ្វើជាបញ្ជាការ​​រងចំណុះឱ្យ​​តំបន់យោធភូមិភាគទី​៤​។ ភូមិសាស្ត្រ​នេះ ត្រូវបានដាក់ឈ្មោះ​ថាជា «តំបន់​អភិវឌ្ឍន៍​ព្រះ​សីហនុ​រាជ»។ សារួន​ បាន​ដឹកនាំ និង​គ្រប់គ្រងកម្លាំង​ចំនួន ​​៤២​នាក់ នៅក្នុង​ភូមិនេះ ដើម្បី​ត្រួតពិនិត្យ​ និងយាមកាម​ផ្ទះ​របស់​អតីតខ្មែរក្រហម និង​រក្សាបាន​នូវ​ព្រំដែន។ កងវរសេនាតូច​ចំនួន​ពីរ​បាន​ឈរ​ជើងនៅទីនេះ ហើយ​កម្លាំងខ្មែរក្រហម​ក៏មាន​វត្តមាននៅទីនេះ​ដែរ។

ទាហាន​រដ្ឋាភិបាលមួយចំនួន​បាន​រស់នៅខាងក្នុង​ផ្ទះកណ្តាល​របស់តាម៉ុក ខណៈដែល​ទាហាន​ផ្សេងៗ​ទៀតបោះតង់ដើម្បីស្នាក់នៅ។ បន្ទាប់មក ទាហាន​នៃកងពល​២៣  នៅក្រោម​ការ​ដឹកនាំបញ្ជា​របស់ យឹម ពឹម បាន​ដាក់មូលដ្ឋាន​នៅក្បែរក្បាលទន្សោង។ កាលពីដើមឡើយ កងពលនេះ គឺជាកងពលរបស់​ខ្មែរក្រហម ដែល​រដ្ឋាភិបាលបានបង្កើត​បន្ទាប់ពីសមាហរណកម្ម។ ឥឡូវនេះ ទាហានភាគច្រើន​​ត្រូវ​បាន​​ផ្ទេរ​ទៅកាន់មូលដ្ឋាន​ផ្សេងៗទៀតនៅក្នុង​ខេត្តសៀមរាប​ និង​ទីតាំងដទៃ។

កងកម្លាំង​របស់​ សារួន ​មាន​វត្តមាន​នៅក្នុងភូមិនេះ​​ចាប់ពីខែកក្កដា ឆ្នាំ​១៩៩៨ រហូតដល់​ឆ្នាំ​២០០៤។​ ទាហាន​ជាង ១០នាក់ នៅក្នុង​ចំណោម​ទាហាន​ទាំងអស់​ បាន​នាំយកក្រុមគ្រួសារមកជាមួយ ដោយសារ​តែ​អ្នកទាំងនោះ​គ្មាន​ដីធ្លី​ធ្វើស្រែចំការនៅ​ឯភូមិកំណើតរបស់ខ្លួន។ ទាហាន​ទាំងអស់នោះ​បាន​បោះទីតាំងឈរជើង​នៅតាមបណ្តោយផ្លូវ ខណៈពេលដែលខ្លួន​មិន​សូវ​ស៊ាំ​ជាមួយនឹង​មូលដ្ឋាន​នោះ​នៅ​ឡើយ។ ទាហានត្រូវ​ប្រឈម​នឹង​ស្ថានភាពរស់នៅយ៉ាងលំបាក រួមមាន គ្រាប់មីនដែលកប់នៅក្នុង​ដី និង​ជំងឺគ្រុនចាញ់នៅក្នុង​ព្រៃ ​និង​ការរស់នៅតាម​ភ្នំ។

ដើម្បី​ការរស់នៅរបស់ខ្លួន​ ប្រជាជន និង​ទាហាន​ដែលបាន​មកដល់តំបន់នេះ បាន​ចាប់​ផ្តើម​ប្រមាញ់​សត្វព្រៃ និង​ប្រមូលភោគផល​ព្រៃឈើ។ ប្រជាជនមិន​អាចដើរចូលទៅក្នុងព្រៃ​លើស​ពី ​១០ម៉ែត្រទេ ដោយ​សារ​តែ​គ្រាប់មីនមិនទាន់ផ្ទុះមានបង្កប់ក្នុងដីជាច្រើនកន្លែង។ គ្រាប់មីនយ៉ាងច្រើនឥតគណនា​បាន​នៅរប៉ាត់រប៉ាយ​ពី​ច្រកព្រំដែនបច្ចុប្បន្ននេះ ​រហូតដល់​ទីតាំង​​លាក់​ខ្លួន​របស់​ ប៉ុល ពត និង​ ខៀវ សំផន។ ក្រោយមក ប្រជាជន បានចាប់ផ្តើមដោះមីន​ដោយ​ខ្លួនឯង និង​ស្វែងយល់​ពី​តំបន់​នោះផ្ទាល់។ 

ការ​កកើតភូមិស្ថាន

បច្ចុប្បន្ន តំបន់កំពូលភ្នំដងរែក ត្រូវ​បាន​ហៅជាទូទៅថាជា «ភូមិអូរក្រញូង»។ តាមការ​សង្កេតមើល ភូមិនីមួយៗ​ត្រូវ​បានឱ្យ​ឈ្មោះស្របទៅតាម​ទីតាំង​ជាក់លាក់ និង​ធម្មជាតិ​ព័ទ្ធជុំ​វិញ។ ភូមិ​ភូមិអូរក្រញូង បាន​ទទួល​ឈ្មោះនេះ ដោយសារតែជា​តំបន់​សម្បូរទៅដោយ​ដើមក្រញូង និង​អូរ​ដែល​ហូរចាក់​ពី​ខាងប្រទេស​ថៃ ចូលមកក្នុង​ភូមិសាស្ត្រ​អូរក្រញូង។ ភូមិសាស្ត្រ​នេះ ​មាន​ចំងាយប្រមាណជា ១គីឡូម៉ែត្រប៉ុណ្ណោះពី​អតីត​ផ្ទះប្រជុំ​របស់តាម៉ុក ដែលបច្ចុប្បន្ននេះគឺជាមជ្ឈមណ្ឌល​សន្តិភាពអន្លង់វែង។    ប្រជាជនដែលមករស់នៅក្នុងភូមិអូរក្រញូងដំបូង បានជួបប្រទះនឹង​ការលំបាកជាច្រើន​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅផ្សារ និងទី​កន្លែងដទៃទៀត។ ប្រជាជនត្រូវរស់នៅដោយទទួលបាន​អាហារបន្តិចបន្តួច ​ដូចជា​អំបិល និង​សាច់ខ្លះៗតែប៉ុណ្ណោះ។ ប្រជាជនត្រូវបរិភោគ​អាហារក្រៀមក្រោះ ហើយសូម្បីតែកា​រទិញទឹកត្រី​ក៏ត្រូវចំណាយ​ពេល​មួយ​​ថ្ងៃ​ពេញដែរ ដើម្បីធ្វើដំណើរទៅផ្សារ ដែលស្ថិតនៅចម្ងាយ​ប្រមាណជា​២០គីឡូម៉ែត្រ។​​​​ ការ​ធ្វើដំណើរ​បែបនេះ​ត្រូវចំណាយលុយច្រើន។​ ចំណែកឯ ឡានធំៗមិន​អាចធ្វើដំណើរមកដល់ភូមិនេះបាន​ទេ។ ដូច្នេះហើយ ទាហាន​ម្នាក់ៗ​ត្រូវ​រែកសែងអង្ករត្រីសាច់​មកកាន់តំបន់កំពូលភ្នំ។

អារម្មណ៍នឹកភូមិកំណើតតែងកើតឡើងចំពោះអ្នកគ្រប់គ្នា។ យើងអាចស្រក់ទឹកភ្នែកដោយ​មិន​ដឹង​ខ្លួន​ នៅពេល​យើងស្តាប់ឮបទចម្រៀង «ឳ! កំពូលភ្នំ»។ នេះគឺជា​ចម្ងាយផ្លូវដ៏សែនឆ្ងាយ។ ការ​បញ្ជូន​មនុស្ស​ឱ្យ​មករស់នៅទីនេះប្រៀបដូចជាការរស់នៅក្នុង​កន្លែងឃុំខ្លួន​ដាច់តែឯង។ អ្នកទាំងឡាយ​មិន​អាច​​ចូល​ទៅកន្លែងផ្សេងៗ ដូចជាផ្សារបានឡើយ។ ទាហានម្នាក់ៗទុកសក់យ៉ាងវែងដល់ត្រឹមក ដោយ​សារ​តែ​គ្មានជាងកាត់សក់។

មុនពេលមានការ​បើកច្រកទ្វារព្រំដែនអន្តរជាតិ មន្ត្រីរបស់ថៃ​បាន​ចូលមកទំនាក់ទំនងជាមួយ​យើង។ មន្ត្រី​ទាំងនោះសិក្សាអំពីលទ្ធភាពនៃការ​បើកច្រក។ តែទោះជាយ៉ាងណាក៏ដោយ ជនជាតិ​ថៃមួយចំនួន​​បាន​ឆ្លៀត​ចូលមកកាន់ភូមិអូរក្រញូង។ ជនជាតិថៃទាំងនោះ គឺជាទាហានថៃ ដែល​ស្លៀកពាក់​បែបស៊ីវិល។ អ្នកទាំង​នោះ​មាន​កាតាបស្ពាយពីខាងក្រោយខ្នង និង​បោះតង់​ទំហំពីរម៉ែត្រកន្លះបួន​ជ្រុង​ នៅភូមិអូរក្រញូង។ ដោយ​សារតែ​មាន​វត្តមាន​ប្រជាជនកម្ពុជា អ្នកទាំងនោះត្រូវ​បាន​ស្នើសុំ​ឱ្យ​ចេញពីភូមិអូរក្រញូង នៅក្នុងឆ្នាំ​១៩៩៩។

បច្ចុប្បន្ននេះ ប្រធានភូមិអូរក្រញូងឈ្មោះ សាក់ សុផន[2] បាន​និយាយថា កាលពីដើមឡើយ ដីធ្លី​ត្រូវ​បាន​​បែង​ចែកឱ្យ​ទៅអតីតទាហានខ្មែរក្រហម ដែល​បាន​ធ្វើសមាហរណកម្ម​ចូលមកក្នុង​រដ្ឋាភិបាល។ ប៉ុន្តែ​ក្រោយមក មានអ្នកចំណូលស្រុកថ្មីៗជាច្រើន​ក៏បាន​ធ្វើដំណើរមកទីនេះ នៅពេលដែលច្រកព្រំដែន​បាន​បើកឱ្យ​ដំណើរ​ការ​នៅ​ក្នុង​ឆ្នាំ​២០០៣។ សុផន បាននិយាយថា «ខ្ញុំ​មកទីនេះដើម្បីរកស៊ី ហើយប្រជាជនដែលចូលមកបាន​រស់នៅ​យ៉ាងរប៉ាត់រប៉ាយ»។ ដូច្នេះហើយ យោធភូមិភាគ​ ក៏​បាន​ចាប់ផ្តើម​រៀបចំភូមិនេះឡើង។ ម្ខាងច្រកជាំ គឺជា​ភូមិ​អូរក្រញូង ចំណែកឯម្ខាងទៀតគឺ ភូមិអូរថ្ម។ ក្រុម​គ្រួសារចំនួន ​៦៩គ្រួសារ ​បាន​ចាប់ផ្តើមរស់នៅក្នុង​ភូមិនេះ​ បន្ទាប់​ពី​មានការចែកដីធ្លី​ដល់អតីតសមាជិក​ខ្មែរក្រហម។ ​ក្រុម​គ្រួសារប្រជាជនខ្លះដែលបាន​ស្ម័គ្រចិត្ត​រស់នៅ​ក្នុងភូមិ ​ក៏​ទទួលបាន​ដីធ្លីដែរ។

ភូមិភូមិ​អូរក្រញូង ​ត្រូវ​បាន​ទទួលស្គាល់ជាផ្លូវការ​នៅក្នុងឆ្នាំ​២០០៧។​ កាលពីដើម ភូមិនេះមាន​២៤៥គ្រួសារ​ (៦៩គ្រួសារ គឺជាអ្នកចំណូលថ្មី)។ ប៉ុន្តែក្រោយមក អ្នកភូមិបានចាកចេញពីភូមិជាបន្តបន្ទាប់។ ក្រុមគ្រួសារជាច្រើន​បាន​​ជម្លៀសខ្លួន​ចេញពីភូមិនេះ ដោយសារ​តែជម្លោះរវាងប្រទេសកម្ពុជាថៃ​កាលពីឆ្នាំ​២០០៨។ អ្នកភូមិត្រូវ​រស់នៅដោយបោះតង់ជាបណ្តោះ​អាសន្ន។ នៅក្នុង​រដូវក្តៅ ផ្ទះជាច្រើនខ្នងត្រូវឆាបឆេះ​ខ្ទេចខ្ទីរអស់។ នេះគឺជា​បញ្ហាប្រឈម​ដ៏ធំ​បំផុត​សម្រាប់អ្នកភូមិ។

ចំនួន​ក្រុមគ្រួសារ​បាន​ចុះថយយ៉ាងខ្លាំងពីមួយឆ្នាំ​ទៅមួយឆ្នាំ។ ឥឡូវនេះ ភូមិ​អូរក្រញូង មាន​តែ​១១៧​គ្រួសារ​តែប៉ុណ្ណោះ។ ជាធម្មតា អ្នកភូមិបាន​ផ្លាស់ទៅរស់នៅ​តំបន់ខាង​ក្រោម​​​ភ្នំ ដើម្បី​បាន​ទទួលដីស្រែចំការធំៗជាងមុន។ អ្នកភូមិផ្សេងទៀតក៏បាន​ស្វែងរកឱកាសរកស៊ីថ្មី ដោយ​សារ​​តែ​​មាន​ដីធ្លីតូចពេក ហើយ​គ្មានឱកាស​ប្រកបរបរចិញ្ចឹមជីវិតបាន​ល្អ។

ផ្លូវឈូសថ្មី និង​ត្រពាំងទឹក កាលពីមុន និងបច្ចុប្បន្ន

ផ្លូវតាម៉ុក ដែលត្រូវឈូសឆាយថ្មីនៅជំនាន់តាម៉ុក

ផ្លូវលំមួយខ្សែនៅលើខ្នងភ្នំ​ត្រូវបាន​កសាងដោយ ​តាម៉ុក នៅក្នុង​ទឹកដីរបស់ប្រទេសកម្ពុជា ហើយនៅ​ពេលនោះ កងទ័ពខ្មែរក្រហម​ក៏បាន​ប្រឈម​នឹង​ការជំទាស់ពី​ទាហានឈុតខ្មៅថៃដែរ នៅពេលកសាង​ផ្លូវ។ ទាហានឈុតខ្មៅថៃ​បាន​រារាំង​តាម៉ុកមិនឱ្យ​ធ្វើផ្លូវនេះទេ។ មិត្ត​របស់ ​សុផន បាន​ចងចាំពីការ​ឆ្លើយ​តបរបស់​តាម៉ុកទៅកាន់​ទាហានឈុតខ្មៅថៃថា «ដីម៉ែហ្អែងទុកនៅហ្នឹង!» ហើយតាម៉ុក​បាន​ប្រាប់ឱ្យ​កម្លាំង​​របស់​គាត់​បន្ត​ឈូស​ឆាយ​ផ្លូវនេះដដែល រហូតដល់រួចរាល់ និង​បន្តប្រើប្រាស់ដល់រាល់ថ្ងៃនេះ។

ផ្លូវលំមួយខ្សែនៅលើខ្នងភ្នំនោះពីដើម​ហៅឈ្មោះថា «ផ្លូវតាម៉ុក»។ ផ្លូវនេះ ​បម្រើឱ្យ​គោលបំណងចំនួនពីរគឺ (១)​ ​គឺជាខ្សែទំនាក់ទំនង​រវាង​មេដឹកនាំខ្មែរក្រហម ជាមួយកងកម្លាំង និង(២) ​ដើម្បីដឹកជញ្ជូនគ្រាប់​រំសេវទៅកាន់ផ្ទះតាម៉ុកនៅខ្នងភ្នំដងរែក។ តាម៉ុក ​មាន​ឃ្លាំងធំមួយនៅ​ជិតផ្ទះ​របស់គាត់។ឃ្លាំងបន្ទាប់ទៀតគឺស្ថិតនៅ​ជិតផ្ទះ ប៉ុល ពត។

ស្រះទឹកធម្មជាតិនៅក្បាលទន្សោងក្បែរផ្ទះលាក់ខ្លួនរបស់ប៉ុល ពត និង ខៀវ សំផន

នៅតាមបណ្តោយផ្លូវនេះ ទាហាន​ខ្មែរក្រហម​ត្រូវ​បាន​ចាត់តាំងឱ្យ​បង្កើតប៉ុស្តិ៍ត្រួតពិនិត្យនៅរៀង​រាល់ ​២០០ ឬ៣០០​ម៉ែត្រមួយ ដើម្បីការពារ​សន្តិសុខឱ្យ​មេដឹកនាំខ្មែរក្រហម។ អតីត​ផ្ទះរបស់ សុន សេន ស្ថិតនៅ​ត្រង់ម្តុំ​សាលារៀនបឋមសិក្សាអូរក្រញូង។ អាងទឹករបស់ សុន សេន ​ក៏ស្ថិតនៅខាងស្តាំដៃ​ សាលា​រៀននោះដែរ។

ត្រពាំងទឹកមួយចំនួននៅក្នុង​ភូមិសាស្ត្រ​នេះ​ស្ថិតនៅក្នុង​ប្រទេសកម្ពុជា។ ប៉ុន្តែ​ ដោយសារ​ជម្លោះ​ព្រំ​ដែន ត្រពាំងទឹកទាំងនោះ​បែរជាត្រូវ​ចាត់ចូលក្នុង​តំបន់ស ដែលគ្មាន​ភាគីណាមួយអាច​ទាមទារជាកម្មសិទ្ធិ​បាននោះ​ទេ។ ដូចដែលភូមិសាស្ត្រ​តំបន់នេះបាន​បង្ហាញឱ្យ​ឃើញ ទីតាំងកាត់ទោស ប៉ុល ពត និង​កន្លែងលាក់​ខ្លួន​របស់​ប៉ុល ពត មាន​ចម្ងាយត្រឹមតែ ​៩គីឡូម៉ត្រប៉ុណ្ណោះ។ ត្រពាំងទឹកមួយស្ថិតនៅ​ចម្ងាយមួយគីឡូម៉ត្រ​ពី​ទីតាំងកាត់ទោសប៉ុល ពត នេះនៅខាងឆ្វេងដៃ។ រាប់ចាប់ពីត្រពាំងទឹកនេះទៅ ត្រពាំងទឹកថ្មីមួយទៀត ដែលស្ថិតនៅត្រឹមតែ​ ១គីឡូម៉ែត្រ​កន្លះ និង​ចម្ងាយ​ ១៥០ម៉ែត្រ​ពីផ្លូវតាម៉ុក។

អ្នកភូមិ​នៅចងចាំបាន​ថា ត្រពាំងទឹកមួយត្រូវ​បាន​ដាក់ឈ្មោះថា ត្រពាំងទឹកចម្ការគុយ។​ ​ត្រពាំង​ទឹក​នេះមាន​ឈ្មោះ គុយ ដោយសារ​តែ​ដើមវល្លិ៍ដុះ​យ៉ាងក្រាស់ដូចជា ចំការនៅត្រង់ម្តុំ​នោះ។ បច្ចុប្បន្ននេះ យើង​មិន​អាច​ប្រើប្រាស់​ត្រពាំងទឹកនេះទៀតឡើយ ដោយសារ​មន្ត្រីថៃ​បាន​ហាមឃាត់​ប្រជាជនកម្ពុជា​មិន​ឱ្យ​ប្រើទឹក។ រឿងនេះក៏កើតមាន​ទៅលើត្រពាំងទឹកថ្កូវដែរ។ ត្រពាំងទឹកថ្កូវ ​មាន​ចម្ងាយ​ប្រហែល​ ២០០​ម៉ែត្រ​ពី​ផ្លូវតាម៉ុក និង​៣៥០ម៉ែត្រ​ពីត្រពាំងទឹកចម្ការគុយ។

ត្រពាំងទឹកនៅខ្នងភ្នំដងរែក ស្រុកអន្លង់វែង

ត្រពាំងទឹកមួយទៀត​ស្ថិតនៅ​ចម្ងាយ​ប្រមាណជា​២០០ម៉ែត្រពីអូរក្រញូង។ ត្រពាំងទឹកនេះត្រូវ​បាន​ដុះ​ព័ទ្ធ​ជុំ​វិញដោយ​ដើម​ថ្កូវ។ អាស្រ័យ​ហេតុនេះហើយ ត្រពាំងទឹកនេះ​ត្រូវបាន​ដាក់ឈ្មោះថា ស្រះដើមថ្កូវ។ ប្រជាជន​​បានពឹងផ្អែកលើ​ប្រភពទឹកនៃត្រពាំងទឹកនេះ។ កម្ពស់ទឹកអាចស្រកខ្លាំង​នៅក្នុង​ខែក្តៅ ខណៈដែល​​ត្រពាំងទឹកថ្កូវនេះ​ឡើងទឹកប្រៀប​ ហើយ​ហូរចាក់មកអូរក្រញូងនៅក្នុង​ខែវស្សា។ គម្លាតរវាង​ត្រពាំងទឹកថ្កូវ និងអូរ​ក្រញូង មាន​ចម្ងាយ ​២គីឡូម៉ែត្រ​កន្លះ ហើយ​ទឹកហូរចុះ​ធ្លាក់មកពីភ្នំតែម្តង។ ត្រពាំងទឹកមួយទៀត​ស្ថិតនៅ​ចម្ងាយ​១០០​ម៉ែត្រ​ពីដីចំការ​របស់អ្នកភូមិ។ ដោយ​ស្ថិតនៅ​ចម្ងាយ​ ៣គីឡូម៉ែត្រទៀត ផ្លូវទឹកមួយ​បាន​ហូរពីថៃ និង​ចូលមកក្នុង​បរិវេណ​ទីតាំងលាក់ខ្លួន​របស់​ប៉ុល ពត និង​ខៀវ សំផន ដែលនៅទីនោះ​មាន​អាងស្តុក​ទឹក​ធំ​មួយនៅ​លើផ្ទៃដី ​១១៧​ហិកតា​ អនុលោម​តាម​អនុក្រឹត្យ លេខ៣៥ អនក្រ.បក ស្ដីពីការកំណត់តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រអន្លង់វែង។

ផ្លូវតាម៉ុក ​ត្រូវ​បាន​សម្គាល់យ៉ាងស្រពេចស្រពិលថាជាខ្សែបន្ទាត់ខណ្ឌសីមារវាង​ប្រទេសកម្ពុជា​ និង​ប្រទេសថៃ បើទោះជាបង្គោលសីមាទី១របស់កម្ពុជាបាន​បោះនៅទីនោះក៏ដោយ។ អ្នកភូមិជាច្រើន​បាន​ចងចាំថា ទឹកដីថៃស្ថិតនៅ​ប្រហែលជាកន្លះគីឡូម៉ែត្រ​ពី​ផ្លូវនេះ។ តែទោះជាយ៉ាងណាក៏ដោយ ការ​កំណត់ខ្សែបន្ទាត់​ព្រំដែន​តម្រូវឱ្យ​មាន​យន្តការ​នយោបាយ​ និង​បច្ចេកទេស​បន្ថែមទៀត នៅក្នុង​កម្រិត​រដ្ឋាភិបាល​នៃប្រទេសទាំងពីរ។

​សេចក្តីសន្និដ្ឋាន

ភូមិ​អូរក្រញូង ​​បាន​ស្តែងឱ្យ​ឃើញថាមាន​សារសំខាន់ផ្នែកយុទ្ធសាស្ត្រសម្រាប់​ប្រជាជន​មូលដ្ឋាន ដែល​បាន​ចាប់ផ្តើមចារទុកនូវអត្តសញ្ញាណ​របស់ខ្លួន​ក្នុង​ជំនាន់នេះតទៅមុខ។ ផ្លូវតាម៉ុក ដែលជាឆ្អឹង​ខ្នង មាន​លក្ខណៈ​គួរឱ្យ​កត់សម្គាល់យ៉ាងប្រត្យក្ស និង​មាន​ភាពពិសេស​ផ្នែកប្រវត្តិសាស្ត្រ​ ដោយ​សារ​តែ​ផ្លូវ​តាម៉ុក ​ត្រូវ​បាន​ដឹកនាំបញ្ជា ​និង​កសាង​នៅ​ក្នុង​ជំនាន់នៃការ​គ្រប់គ្រងរបស់តាម៉ុក សម្រាប់​សហគមន៍​អន្លង់វែង។ ផ្លូវតាម៉ុក ​ក៏ក្លាយ​ជាសញ្ញាណ​នៃ​ការ​ចាប់ផ្តើម​ជីវិតមនុស្ស​នៅលើកំពូលភ្នំដងរែក ដែល​ពី​មុន​គ្មាន​មនុស្ស​រស់នៅ។ ផ្លូវតាម៉ុក អាចជាគន្លឹះសំខាន់សម្រាប់​ការ​ធ្វើឱ្យ​ប្រសើរឡើងនូវ​ចរាចរណ៍ជាសាធារណៈ និង​ជំរុញដល់​ការ​អភិវឌ្ឍសេដ្ឋកិច្ច​សង្គម​របស់អ្នកភូមិ។ ការធ្វើបែបនេះ អាចដោះស្រាយការ​ព្រួយបារម្ភ​នៃ​ការ​ធ្លាក់​ចុះ​ចំនួន​ប្រជាជន ដោយសារ​តែ​ការ​លំបាកផ្នែកសេដ្ឋកិច្ច និង​សេវាកម្មប្រើប្រាស់​ផ្សេងៗ ដូចជា​ ទឹកស្អាត អគ្គិសនី និង​សាលារៀន​ ដែល​អាចដំណើរការ​ពេញលេញ។

ម្យ៉ាងវិញទៀត ផ្លូវតាម៉ុក ​អាចជាយន្តការ​បង្ការទុកជាមុន​នូវជម្លោះ​រវាងប្រទេស​ស្តីពីបញ្ហាព្រំដែនដែរ។ សកម្ម​ភាព​ដ៏គួរជាទីសង្ឃឹម ​និង​ជាក់ស្តែងនោះ គឺ​គំនិតផ្តួចផ្តើមនៃ​ការ​បង្កើតផ្លូវថ្មី ដែលតភ្ជាប់​មជ្ឈ​មណ្ឌល​​សន្តិភាព​អន្លង់វែង ទៅអតីត​​ផ្ទះកណ្តាលរបស់តាម៉ុក និង​កន្លែងលាក់ខ្លួន​របស់​ ប៉ុល ពត និង​ ខៀវ សំផន។ ផ្លូវថ្មី​នេះ​នឹង​កាន់តែមាន​ភាពទាក់ទាញភ្ញៀវទេសចរមកកាន់ភូមិនេះឱ្យ​កាន់បានតែច្រើន។ អាទិភាព​មួយចម្បងរបស់ភូមិ​នេះ ​គឺការ​មើលឃើញពី​ផ្លែផ្កា​នៃការ​រស់នៅ​និងអភិវឌ្ឍន៍ប្រកបដោយ​ចីរភាព។ (លី សុខឃាង)

ភូមិស្រះឈូក

ផ្កាឈូកថតនៅក្នុអំឡុងពេលដែលកវី ស៊ុម សារឿន ចាប់ផ្តើមនិពន្ធបទចម្រៀង៖ «អន្លង់វែងស្នេហា»និង«គ្មានឥន្ធនូស្នេហ៍»

ភូមិស្រះឈូក ត្រូវបានយកឈ្មោះតាម​ធម្មជាតិ​នៃដើម​​ឈូកចំនួន​ ៣ឬ៤គុម្ព ដែល​កាល​ពី​ដើម​ឡើយ បាន​​ដុះ​នៅ​ចំ​កណ្ដាល​​ស្រះបុរាណមួយ​។ ខណៈដែល​​កងទ័ព​ខ្មែរក្រហមមួយក្រុម បាន​ព្យាយាម​ដើរ តាម​ច្រកភ្នំ និងតោងវល្លិព្រៃផង ដើម្បី​ធ្វើដំណើរចុះ​ពី​លើ​ខ្នង​ភ្នំដង​​រែក នៅត្រង់ម្តុំ​ភ្នំ​២០០(បច្ចុប្បន្ន) កាល​ពី​​ដើម​ឆ្នាំ​១៩៩០ កងទ័ព​ខ្មែរក្រហម​ទាំងនោះ​​ក៏ប្រទះឃើញ​ស្រះ​ដែលមាន​ទឹកសម្រាប់ទទួលទាន និង​អម​ដោយ​ដើមឈូក ព្រមទាំងមាន​ដើមឈើត្រឈឹងត្រឈៃសម្រាប់ជ្រកម្លប់ទៀតផង។ ​ចាប់​ពី​ពេល​នោះ​​មក ​ស្រះឈូកបានក្លាយទៅជា​ទីសម្គាល់​សម្រាប់​ការ​ណាត់ជួបជុំគ្នា​របស់កងទ័ពខ្មែរក្រហម និង​ប្រជាជន​​ទូទៅដែរ។ នា​​ពេល​បច្ចុប្បន្ន​ ស្រះឈូកនេះ ​ក៏​បាន​ក្លាយទៅ​ជា​ឈ្មោះ​ភូមិ​ជា​ផ្លូវការគឺ «ភូមិស្រះឈូក»។

ភូមិស្រះឈូក មាន​សក្ដានុពល​ទៅលើលើ​វិស័យ​​​​​​​​កសិកម្មដោយសារ​សណ្ឋានដី​អំណោយផល​។ ប្រជាជន​​ស្ទើរ​តែទាំងស្រុងបាន​ចាប់យក​របរកសិកម្មជាចម្បង​​​ រួមមាន​ ដំណាំ​ដំឡូងមី ស្វាយ​ចន្ទី និងស្រូវ​ ជា​ដើម។ ភូមិស្រះឈូក ​មាន​​ព្រំ​ប្រទល់​ខាង​​កើត​ជាប់​ភូមិ​ទំនប់​លើ ខាង​​លិច​ជាប់​នឹង​ភូមិ​ទឹកជប់​​ ខាង​ជើង​ជាប់​នឹង​ភូមិ​​​​ជើងភ្នំ និង​ខាង​ត្បូង​ជាប់​នឹង​ភូមិ​ទួលត្បែង​ និងមានចម្ងាយ​ប្រមាណ ​៣គីឡូម៉ែត្រមុន​នឹង​ទៅ​ដល់​​ច្រក​អន្ដរ​ជាតិជាំ-សាង៉ាំលើភ្នំដង​រែក​។ ភូមិស្រះឈូក គ្របដណ្ដប់​ទីតាំងប្រវត្ដិសាស្រ្ដសំខាន់​ៗ​ រួមមាន រោងចក្រអារឈើតាម៉ុក, ទីតាំងបូជាសព សុន សេន​ និងក្រុមគ្រួសារ និងចេតិយរបស់តាម៉ុក។ 

ប្រវត្ដិនៃការកកើតភូមិ​

ភូមិ​ស្រះឈូក​ កើត​ឡើងដំបូង​ជាមួយនឹង​ប្រជាជន​ចន្លោះពី ​៥០ទៅ​៩០គ្រួសារ ដែល​រស់នៅ​ជុំវិញ​ស្រះ​ឈូក​មាន​​ទទឹង​​​ ១០០​​ម៉ែត្រ និងបណ្ដោយ​ ២០០​ម៉ែត្រ​។ ​រហូត​ដល់​​ឆ្នាំ១៩៩១ តាម៉ុកបាន​រៀបចំ​ភូមិ​ស្រះ​​ឈូក​ឱ្យស្ថិតក្នុងមន្ទីររបស់គាត់ដែលមាន​អង្គភាព​អារឈើ អង្គភាពឡាន និង​ត្រាក់​ទ័រ អង្គភាព​ស្បៀង​អាហារ និងអង្គភាព​ឃ្លាំងគ្រាប់ជាចំណុះ​។

រោងចក្រអារឈើតាម៉ុក

ការពិសារអាហារជុំគ្នារបស់អ្នកភូមិនៅក្នុងពិធីមង្គលការមួយ នៅអន្លង់វែង

រោង​ចក្រ​អារ​ឈើ​​តាម៉ុក​ ​​​​​មាន​ទីតាំង​ស្ថិត​នៅក្នុងបរិវេណ​វត្ដ​ស្រះឈូកនាពេលបច្ចុប្បន្ន​។ តាម៉ុក​បាន​​ដាក់​ឱ្យ​​ដំណើរក្នុង​ឆ្នាំ​១៩៩១ ដល់​ឆ្នាំ​១៩៩៨ ដើម្បី​​ផ្គត់​ផ្គង់ឈើ​សង់​ផ្ទះ​ដល់​ប្រជាជន​ខណៈ​ដែល​​​ភូមិ​ជា​ច្រើន​​ទៀតត្រូវ​បាន​បង្កើត​​នៅក្នុង​តំបន់​អន្លង់វែង។ ​ តាម៉ុក បានបង្កើត​រោងចក្រអារឈើ ដើម្បី​ផ្គត់​ផ្គង់​​ឈើ​សង់ផ្ទះដល់​ប្រជាជននៅតំបន់អន្លង់វែង និង​នាំ​ចូល​គ្រឿង​ចក្រសម្រាប់​ធ្វើ​ផ្លូវថ្នល់ និងរុញ​ព្រៃ​​ធ្វើ​​កសិកម្ម។ ប្រជាជន​នៅ​ជុំវិញ​​​ស្រះឈូក​បាន​ស្នើឱ្យអង្គភាព​ត្រាក់ទ័រ​តាម៉ុក​រុញ​ព្រៃ​នៅ​តាម​មាត់​ស្រះ​ដើម្បី​​​សង់ លំនៅស្ថាន។ ក្រោយ​មក​​ក៏មានចំនួនគ្រួសារ​ចេះតែ​រីកធំទៅៗនៅក្នុងភូមិ។ យក់ ហម អតីតប្រធាន​​អារឈើបាន​រំឭកថា «ខ្ញុំធ្វើការងារ​នៅ​ក្នុង​រោង​ចក្រអារឈើ​​តាម៉ុក​ចន្លោះ​ពីឆ្នាំ១៩៩១ ដល់១៩៩៨។ ខ្ញុំគ្រប់គ្រងកម្មករ​ចំនួ​ន ​៣០​នាក់។ នៅក្នុងមួយ​ថ្ងៃ​ ​យើងផ្គត់​ផ្គង់​​ឈើ​ដល់​អង្គភាព​ទ័ព​​ចន្លោះ​ពី ៨០​ទៅ​ ​១០០គូប​​។ ខ្ញុំ មមាញឹកណាស់​ និងគ្មានពេល​សម្រាកទេ​។ ក្រៅ​ពី​ឈើ​សង់​ផ្ទះ តាម៉ុក​ក៏បាន​បញ្ជា​ឱ្យ​យើង​​ជ្រៀក​​ឈើ​ប្រណិតៗ​ ដូច​ជា ឈើបេង​ និង​គ្រញូងជាដើម​​​លក់​ទៅ​ឱ្យ​ឈ្មួញជនជាតិ​​ថៃ»។

រោងចក្រអារឈើតាម៉ុកធ្លាប់ជាទីតាំងប្រជុំដើម្បីបំផុសបំផុល​ឱ្យ​​ប្រជាជន​ស្អប់ ប៉ុល ពត និង​បក្ខ​ពួក។ នៅ​ក្នុង​ព្រឹត្ដិការណ៍សម្លាប់​ សុន សេន (អតីតរដ្ឋមន្រ្ដី​ក្រសួង​ការ​ពារ​ជាតិ) និងក្រុមគ្រួសារក្រោម​ការ​បញ្ជា​របស់ ប៉ុល ពត ​ក្នុង​​ឆ្នាំ​១៩៩៧ ខឹម ង៉ុន (កងទ័ពតាម៉ុក) បាន​ដឹកនាំការ​ប្រជុំមួយដោយឱ្យ​​ប្រជាជន​ដែល​នៅ​​ក្នុង​មន្ទីរតាម៉ុក​​អង្គុយស្ដាប់​​លើគំនរ​ឈើ​។ ពៅ វ៉ា[3] អតីត​ជាង​ជួស​ជុល​ឡាន​តាម៉ុក​​បានរំឭក​​សម្ដី​មួយ​ឃ្លា​របស់ ខឹម​ ង៉ុន ថា « យើង​ធ្លាប់​តែ​ឮ​​ត្រី​​ឆ្ដោ​ស៊ី​កូន​ខ្លួន​ឯង តែឥឡូវ​នេះ​យើង​បាន​ឃើញ​​ច្បាស់​ហើយ​​»។​​ ក្រោយមក គំនរឈើ​តាម៉ុកនៅក្បែររោងចក្រ​អារឈើ​នោះ ត្រូវបាន​បំផ្លាញ​ដោយសារគ្រាប់​ផ្លោង​​រវាងឆ្នាំ១៩៩៣ និង១៩៩៨។

ទីតាំងបូជាសព សុន​ សេន និងក្រុមគ្រួសារ

ការពិសារអាហារជុំគ្នារបស់អ្នកភូមិនៅក្នុងពិធីមង្គលការមួយ នៅអន្លង់វែង

ទីតាំង​បូជាសព សុន សេន និងក្រុមគ្រួសារ ត្រូវបាន​បូជា​ក្បែរ​គំនរឈើតាម៉ុកក្នុងឆ្នាំ១៩៩៧។ បច្ចុប្បន្ន​ទីតាំង​នេះ​ត្រូវបានអភិរក្សហ៊ុមព័ទ្ធដោយបង្គោល​ថ្មនៅ​ក្បែរវត្ដ​ស្រះ​ឈូក​។ ដើម​ឡើយ សាកសព សុន សេន និង​សមាជិកក្រុម​គ្រួសារចំនួន ​១១នាក់​ ​​ត្រូវ​បាន​ដឹក​​ចុះពី​លើ​ភ្នំដងរែក​ដោយ កូវ (អ្នក​បើកបរ​​ឡាន​​ក្នុង​មន្ទីរ​​តាម៉ុក)។ បន្ទាប់មក មាស ថន[4] អតីតជាងផ្ទះ​តាម៉ុក​ បាន​​​​​បូជាសពទាំងនោះ​នៅលើ​គំនរ​ឧស​​ដែលរៀបចំនៅក្បែរនោះ​។ ប្រជាជននៅក្បែរជុំវិញ ​បាន​ចោម​​​រោម​មើល និងបាន​​ត្រឹម​ពោលពាក្យថាស្រណោះ​អាណិត​ទៅ​លើក្រុមគ្រួសារ​របស់ សុន សេន​។

ចេតិយតាម៉ុក

ចេតិយតាម៉ុក​ បាន​កសាងឡើង​ដោយក្រុមគ្រួសារ និងសាច់ញាតិរបស់​​តាម៉ុក។ ចេតិយតាម៉ុក​ មាន​​លក្ខណៈ​​​​សមរម្យជាងគេ​បើប្រៀប​ធៀប​ទៅនឹងទីតាំង​​​​ដែល​មេ​ដឹក​​នាំខ្មែរក្រហម​ផ្សេងទៀតបានស្លាប់​នៅ​ក្នុងស្រុក​​អន្លង់​វែង​។

ចេតិយតាម៉ុក​ ជាទីតាំងប្រវត្ដិសាស្រ្ដដែលបន្ថែមទៅលើ​ទីតាំងប្រវត្ដិសាស្រ្ដ​១៤ទៀតដែល​មាន​នៅ​ក្នុង​​ស្រុក​​​​អន្លង់​​វែង​។ ក្រុមយុវជន និង​អ្នក​សិក្សាស្រាវជ្រាវ​ជាតិ-អន្ដរ​ជាតិ ធ្វើ​ទស្សន​កិច្ចសិក្សា​ទៅ​កាន់​ទីតាំង​​ប្រវត្ដិ​​សាស្រ្ដ​នេះដោយសារតែ​កិត្ដិសព្ទ​ដ៏ល្បីល្បាញរបស់​តាម៉ុកនៅអន្លង់វែង​។

តាម៉ុក បាន​ស្លាប់​នៅ​ក្នុង​ឆ្នាំ​២០០៦ នៅ​មន្ទីរ​ពេទ្យ​កេតុ​មាលាក្នុងរាជធានីភ្នំពេញ ដោយសារ​ជំងឺ​របេង។ បច្ចុប្បន្ន​​ចេតិយតាម៉ុក​ស្ថិតនៅក្នុងបរិវេណ​​វត្ដ​ស្រះឈូក(អតីតទីតាំងរោងចក្រអារឈើរបស់គាត់​)។

បញ្ហា​​មីន និង​គ្រាប់មិនទាន់ផ្ទុះ

ភូមិស្រះឈូកក៏មិនខុសប្លែកពី​ភូមិដទៃទៀតដែរនៅអន្លង់វែង គឺប្រឈមនឹងគ្រាប់​​​មិន​ទាន់​​ផ្ទុះ។ នៅត្រឹម​ឆ្នាំ​១៩៩២ គ្រាប់មីនជាច្រើន​ត្រូវ​បាន​​កងទ័ព​ខ្មែរក្រហម​បោសសម្អាត និង​​យក​ទៅ​ផ្អែក​​តាម​​គល់​ឈើ​​ដើម្​បីចាំក្រុម​ជំនាញ​ចុះកម្ទេច។ គ្រោះថ្នាក់នឹងអាចកើតឡើង ប្រសិនបើ​មានការ​ធ្វេស​​ប្រហែស​​ជា​ពិសេស​​​ទៅលើក្មេងៗ។ ចំពោះគ្រោះ​ថ្នាក់ដែលបង្កឡើងដោយសារ​គ្រាប់មីន យក់ ហម[5] បាន​រំឭក​អំពី​ការ​បាត់​​​បង់​​កូន​ម្នាក់របស់គាត់​ថា « នៅ​​ក្នុងឆ្នាំ​​១៩៩២ ខ្ញុំ​បាន​​បាត់​បង់កូនម្នាក់ដោយ​សារ​​ផ្ទុះគ្រាប់មីន​។ នៅពេល​នោះ​ យើង​បាន​​បោសសម្អាត​មីនជាច្រើន​យកទៅ​ដាក់​​ផ្អែក​គល់​ឈើ និងតាមដំបូក។ ជាអកុសល ថ្ងៃ​មួយ​កូន​របស់​ខ្ញុំបា​ន​ទៅ​​លេងទី​នោះ​​បណ្ដាល​ឱ្យ​ផ្ទុះ​ស្លាប់​​មួយ​រំពេច​។ ​​ខ្ញុំ​ផ្ទាល់​បានត្រឹម​​ដួល​សន្លប់​បន្ទាប់​ពី​​ឃើញ​​កូន​ជួប​​គ្រោះ​ថ្នាក់​បែបនេះ»​។

ក្រោយ​មក អង្គការ​បោស​សម្អាត​មីន និងគ្រាប់​មិន​ទាន់​ផ្ទុះ​បានសហការ​ដោះ​ស្រាយ​​បញ្ហានេះ​ឱ្យ​មាន​ភាព​ធូរស្រាល​​ឡើង​វិញ​។ ចាប់ពី​ឆ្នាំ១៩៩៣មក គ្រោះថ្នាក់ដោយសារ​មីនមិនធ្លាប់​កើត​មានទៀត​ទេ។

ការអភិវឌ្ឍក្នុងភូមិស្ថាន​

ភូមិស្រះឈូក មាន​ប្រជាជនរស់នៅ​សរុបចំនួន ១៦២គ្រួសារ ដែលមាន​មនុស្សសរុប ៦៥០នាក់ គិតត្រឹម​ឆ្នាំ​២០២៤។ ភូមិ​នេះ​រួមមាន​សំណង់​អគារ​សំខាន់ៗ​ ដូចជា ​ វត្ដ​ស្រះ​ឈូក និង​សាលាបឋម​សិក្សា ហ៊ុន សែន ស្រះ​ឈូក។ ​ ដើម្បីឱ្យមានការអភិវឌ្ឍ ភូមិស្រះឈូក ត្រូវពឹងផ្អែកទៅលើកត្តាសំខាន់ៗមួយចំនួន រួមមាន (១)​​ជម្រុញ​ឱ្យ​ប្រជាពលរដ្ឋ​បង្កើន​ការ​ងារ​​កសិកម្ម​​, (២)បង្កើត​ផ្លូវ​ក្រវ៉ាត់​ភូមិឱ្យបានច្រើនសម្រាប់​​តភ្ជាប់បណ្ដាញ​អគ្គិសនី​​, (៣)បង្កើត​ផ្សារ​ក្នុង​​​ភូមិ​ដើម្បី​​ទាក់​ទាញ​​អាជីវករ,(៤) ​​អភិរក្ស​​ទីតាំង​​ប្រវត្ដិសាស្រ្ដដែលមានស្រាប់​​​​នៅក្នុងភូមិ​​​​ និង(៦)​​រៀប​ចំ​ស្រះទឹក​បុរាណ​ឱ្យ​ទៅ​​ជា​​កន្លែង​ទេសចរណ៍ទាក់ទាញ (យោងតាម​សម្ដីរបស់​ យក់ ហម មេភូមិស្រះឈូក)។ (សួត វិចិត្រ)

ភូមិឃ្លាំងកណ្ដាល

ភូមិឃ្លាំងកណ្ដាល ត្រូវបានដាក់ឈ្មោះបែបនេះ ​ដោយសារ​តែមានឃ្លាំង​មួយកន្លែង​របស់​​ខ្មែរក្រហម​នៅ​​ទី​នោះ​​។​ ឃ្លាំង​​​​​កណ្ដាល ​​មាន​ទីតាំង​​ស្ថិត​នៅចំ​កណ្ដាល​រវាង​ទីប្រជុំជនអន្លង់វែង និងភ្នំដងរែក។ ​កង​​​ទ័ព​​ខ្មែរ​​ក្រហម ​​​តែង​ហៅ​​តៗគ្នា​ថា ឃ្លាំងកណ្ដាល រហូតដល់​​​ពេល​បច្ចុប្បន្ននេះ។ ភូមិឃ្លាំងកណ្ដាល​មាន​សក្ដានុ​ពល​​ទៅលើ​វិស័យកសិកម្ម។ ប្រជាជន​ស្ទើរតែទាំងស្រុងពឹងផ្អែក​លើការ​ដាំ​ដុះ​​ដំណាំ ដូចជា ស្វាយ​ចន្ទី ដំឡូង​មី និងធ្វើស្រូវ។​ ភូមិ​ឃ្លាំង​កណ្ដាល ​មាន​ព្រំ​ប្រទល់​ខាង​កើត​ជាប់​នឹង​ភូមិបឹង និង​ភូមិ​សន្ដិភាព ខាង​ជើង​​ជាប់​នឹង​ភូមិ​ទួល​ត្បែង ខាង​ត្បូង​ជាប់នឹងភូមិទឹកជុំ និង​ខាង​លិច​ជាប់​​​នឹង​ភូមិ​ស្លែង​ព័រ។ ភូមិឃ្លាំង​កណ្ដាល​ ​មានទីតាំងប្រវត្ដិសាស្រ្ដ​សំខាន់មួយ​ គឺឃ្លាំងកណ្ដាល ។

ប្រវត្ដិនៃការកកើតភូមិ​

ប៊ុន រន ប្រធានភូមិឃ្លាំងកណ្តាល ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង

ដើម​ឡើយ ភូមិ​ឃ្លាំង​កណ្ដាល​ សម្បូរ​ទៅ​ដោយ​ព្រៃ​កា្រស់អាចប្រឈមនឹង​ភ្លើង​ឆេះព្រៃ និង​ជា​​ចម្ការ​របស់​ប្រជាជន​​មុនពេល​តាម៉ុក​បង្កើតជា​ឃ្លាំង​កណ្ដាល​ក្នុង​ឆ្នាំ​១៩៩២។ នៅ​ក្នុង​ឆ្នាំ​១៩៩០ តាម៉ុក​ បានរៀប​ចំ​ឱ្យ​ប្រជាជន​រស់​នៅ​​​ក្នុង​ភូមិ​ឃ្លាំង​កណ្ដាល​។ ប្រជាជន​​បាន​សង់​ផ្ទះ​តូចៗ​ ប្រក់​ស្បូវ ដែលមាន​រាងបែប​​​ក្រពើ​ហា​។ ប្រជាជន​បាន​កាប់ឆ្ការព្រៃ​ដោយ​ប្រើ​កាំបិត និងពូថៅ​ បន្ទាប់មកប្រើប្រាស់ចប​ដើម្បី​​កាប់ដីដាំដំណាំ​។ ប្រជាជនត្រូវថែទាំ​ផ្ទះសំបែង និងភូមិរបស់ខ្លួន​​ជាប្រចាំ បើមិនដូច្នោះទេ ភ្លើង​នឹង​ឆេះ​​អស់ជា​មិនខាន​។

រហូត​ឆ្នាំ១៩៩២ តាម៉ុកបានបង្កើតឃ្លាំងកណ្ដាលសម្រាប់ស្ដុកស្បៀងអាហារ និងសព្វាវុធ​។ នៅពេលនោះ ​ប្រជា​ជនប្រមាណ​​ ​១០​គ្រួសារ​ដែលធ្វើការ​នៅ​ក្នុង​មន្ទីរតាម៉ុក (អង្គ​​​ភាព​​ឃ្លាំងគ្រាប់ និងកង​កាត់​ឈើ)​ត្រូវ​បាន​​អនុញ្ញាត​ឱ្យទៅរស់នៅជុំវិញឃ្លាំងនោះ​។ ភូមិឃ្លាំងកណ្ដាល ក៏​​ធ្លាប់ជាទីតាំងប្រយុទ្ធគ្នា​ទ្រង់ទ្រាយធំរវាងកងទ័ព​ខ្មែរក្រហម និងកងទ័ពរដ្ឋកម្ពុជា នៅ​ក្នុង​​​រដូវ​ប្រាំងនា​​​​ឆ្នាំ​១៩៩៣។ រថក្រោះ​ប្រមាណបី​គ្រឿងរបស់កងទ័ពរដ្ឋកម្ពុជា​​ត្រូវបាន​ខ្មែរក្រហមបាញ់​ឆេះ​នៅ​ចំកណ្ដាលភូមិ។ រី​ឯ កងទ័ពវិញ​ បាន​​​ស្លាប់​ដោយសារការបាញ់ប្រហារ និងផឹកទឹក​ដែល​មាន​ថ្នាំ​ពុលអស់​ជាច្រើននាក់​។

ទីតាំងប្រវត្ដិសាស្រ្ដ

បឹងអន្លង់វែងគឺជាប្រភពទឹកសម្រាប់ប្រជាជនអន្លង់វែង

ឃ្លាំងកណ្ដាល ជាចំណុចកណ្ដាលនៃការចែកចាយ​ស្បៀង​អាហារ និងគ្រឿងសព្វាវុធ​​​សម្រាប់តំបន់អន្លង់វែង​។ តាម៉ុកបានកសាង​ឃ្លាំង​នេះឡើងនៅខែឧសភា ឆ្នាំ១៩៩២ នៅពេល​​ប្រទេសចិនបានកាត់​​ផ្ដាច់​ជំនួយ។ កងទ័ព​ខ្មែរ​​ក្រហម និង​ប្រជាជន​បាន​​ពឹង​ផ្អែក​ទាំង​ស្រុង​​លើ​​ស្បៀងអាហារ​ដែលតាម៉ុក​ទិញ​ពី​ប្រទេស​ថៃ ដូចជា អង្ករជាដើម​។ អង្ករ​រាប់​ម៉ឺនបា​វ ​បានស្ដុកទុក​ក្នុង​ឃ្លាំង​នេះ​នៅក្នុងមួយខែៗ។

[6]ឃ្លាំងកណ្ដាលនៅសេសសល់តែបាតបេតុង និងអាងទឹកតែប៉ុណ្ណោះ បន្ទាប់ពី​សមាហរណ​កម្ម​នៅ​អន្លង់វែង។​ ទុំ រឹម[7] ភេទ​ស្រី អាយុ​៨២ឆ្នាំ ជា​អ​តីត​កង​ទ័ព​ខ្មែរ​ក្រហមបានរំឭកថា «ខ្ញុំបាន​​សង់ផ្ទះ​នៅជាប់​ទីតាំង​​ឃ្លាំងកណ្ដាល​តាំង​ពី​ឆ្នាំ​១៩៩៨​ មក​។ នៅ​ពេល​នោះ ខ្ញុំបាន​ឃើញ​ឃ្លាំង​កណ្ដាល​សេស​សល់​តែ​បាត​បេតុង និង​អាង​ទឹក​​ខាង​​ក្រោយ​តែប៉ុណ្ណោះ​។ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ក្រោយ​មក ​មន្រ្ដី​ទេស​ចរណ៍​​បាន​ចុះ​ពិនិត្យ​ទីតាំង​ប្រវត្ដិ​សាស្រ្ដ​ឃ្លាំង​កណ្ដាល។ ​នៅ​ពេលនោះ ឃ្លាំងកណ្ដាលត្រូវបានចាត់ចូលទីតាំង​អភិរក្ស​ដោយ​កំណត់​ផ្ទៃដី​ទំហំ ​០,១២២​ហិក​តា។  ខ្ញុំ ​និង​​ក្រុម​គ្រួសារ ​បានបរិច្ចាគធ្វើផ្លូវ​ចូល​ក្បែរ​ផ្ទះ​របស់ខ្ញុំ​ទំហំ ​១០​ម៉ែត្រ ​ដើម្បី​ធ្វើ​ដំណើរ​ចូល​ទៅ​កាន់​ឃ្លាំង​កណ្ដាល​​រហូត​ទៅ​ដល់​អណ្ដូង​​ទឹក​ខាង​ក្រោយ​ផ្ទះ»។ 

ភូមិស្ថាន​ក្នុងពេលបច្ចុប្បន្ន

បន្ទាប់ពី​ការ​ធ្វើ​សមាហរណកម្មក្នុងឆ្នាំ១៩៩៩ រាជរដ្ឋាភិបាលបានចែកដីធ្លីដល់ប្រជាជនក្នុងភូមិ​ឃ្លាំង​កណ្ដាល ​​​ដើម្បី​រួមរស់ជាមួយគ្នាឡើងវិញ។ ប្រជាជនក្នុងមួយគ្រួសារទទួលបានដីទទឹង​ ២៥ម៉ែត្រ និង​បណ្ដោយ​​ ១០០​​ម៉ែត្រ ជាប្រភេទដីភូមិ។

មកទល់បច្ចុប្បន្ននេះ ភូមិ​ឃ្លាំង​កណ្ដាល​ មាន​ប្រជាជន​រស់នៅសរុប​ចំនួន ​១៨០​គ្រួសារ ស្មើ​នឹង​១១០១​នាក់ (ប្រុស​ចំនួន​ ៧៤៦​នាក់ និង​ស្រី​ចំនួន ​៣៥៥​នាក់) គិត​ត្រឹម​​ឆ្នាំ​​២០២៤។ ប្រជាជន​ប្រមាណ​ ៩០​ភាគ​រយ គឺ​ជា​កសិករ និង១០​ភាគ​រយ​ទៀត គឺជា​អាជីវករ។ ទិន្ន​ន័យ​ជន​ពិការ​នៅ​ក្នុង​ភូមិ គឺ​មាន​តែ​​ចំនួន ​១០​នាក់​​​​ប៉ុណ្ណោះ​​ក្នុង​ចំណោម​​ប្រជាជន​សរុប​។

ភូមិ​ឃ្លាំង​កណ្ដាល មាន​សំណង់​អាគារ​សំខាន់ៗ​ ដូច​ជា សាលា​ឃុំ​ត្រពាំង​ប្រិយ៍ ប៉ុស្ដិ៍​នគរ​បាល​​ត្រពាំង​​ប្រិយ៍ សាលា​រៀន​ប​ឋម​សិក្សា ហ៊ុន សែន ត្រពាំង​ប្រិយ៍ និង​អនុ​វិទ្យាល័យ ហ៊ុន សែន ត្រពាំង​ប្រិយ៍។ ចំពោះ​វិស័យ​សុខា​ភិបាល គឺ​ប្រជាជ​ន​មាន​ជម្រើស​ចំនួន​៣ សម្រាប់ការថែទាំ និងព្យាបាលជំងឺ គឺ (១) មណ្ឌល​សុខ​ភាព​ទួល​សាលា (អតីត​ពេទ្យ​៨០០​ចាស់) ដែល​ស្ថិត​នៅ​ក្បែរ​ភូមិ​ឃ្លាំង​កណ្ដាល, (២) មន្ទីរ​ពេទ្យ​បង្អែក​អន្លង់​វែង និង​ (៣) ឱសថ​ស្ថាន​ឯកជ​ន​នៅ​ក្នុង​ភូមិ។

ចំណែក​ឯ ​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​នៅ​ក្នុង​ភូមិ​វិញ ​គឺ​ថ្នាក់​ដឹក​នាំ​ភូមិ​បាន​រៀប​ចំ​ឱ្យ​មាន​កង​ប្រជា​ការពារ​ចំនួន ​១០​នាក់ ដើម្បី​ពិនិត្យ​មើល​ទៅ​លើ​បញ្ហា​អសន្ដិ​សុខ ដូច​ជា​បញ្ហា​គ្រឿង​ញៀន​ និង​ក្រុម​ក្មេង​ទំនើង ជា​ដើម​។ បញ្ហា​ទាំង​នេះ ​ហាក់​មិន​ទាន់​មានអ្វីគួរ​ឱ្យ​​​​កត់​​សម្គាល់​​នៅ​​ឡើយ​​ទេ​។ បច្ចុប្បន្ន ភូមិ​ឃ្លាំង​កណ្ដាល​ មានបញ្ហា​ប្រឈមនឹង​ប​​ញ្ហាកង្វះ​ទឹក​ស្អាតប្រើប្រាស់​ និ​ងចរន្ដ​អគ្គិសនី​សម្រាប់​ប្រជាជន​ប្រមាណ ២​៥​គ្រួសារ​ ​នៅ​ត្រង់​ចំណុច​ជុំវិញឃ្លាំង​កណ្ដាល​៕ (មេក វិន)


[1] លី សុខឃាង សម្ភាសន៍ជាមួយ អ៊ុន ខេមរ៉ា នៅក្នុងភូមិ​អូរក្រញូង ឃុំ​ត្រពាំងប្រិយ៍ ស្រុក​អន្លង់វែង នៅក្នុងឆ្នាំ​២០១៨

[2] លី សុខឃាង សម្ភាសន៍ជាមួយ សាក់ សុផន នៅក្នុង​ភូមិអូរក្រញូង ឃុំត្រពាំងប្រិយ៍ ស្រុក​អន្លង់វែង ក្នុងឆ្នាំ​២០១៨

[3] សួត វិចិត្រ សម្ភាសន៍ជាមួយ ពៅ វ៉ា នៅ​ក្នុង​ភូមិជាំ ឃុំ​ត្រពាំងប្រិយ៍ ស្រុក​អន្លង់វែង នៅក្នុងឆ្នាំ​២០២៤

[4] សួត វិចិត្រ សម្ភាសន៍ជាមួយ មាស ថន នៅក្នុងភូមិ​ស្រះឈូក​ ឃុំ​ត្រពាំង​ប្រិយ៍ ស្រុក​អន្លង់វែង នៅក្នុងឆ្នាំ​២០២៤

[5] សួត វិចិត្រ សម្ភាសន៍ជាមួយ យក់ ហម​ នៅក្នុងភូមិ​ស្រះឈូក​ ឃុំ​ត្រពាំង​ប្រិយ៍ ស្រុក​អន្លង់វែង នៅក្នុងឆ្នាំ​២០២៤

[6]

[7] មេក វិន សម្ភាសន៍ជាមួយ ទុំ រឹម នៅក្នុងភូមិ​ឃ្លាំង​កណ្តាល ឃុំ​ត្រពាំងប្រិយ៍ ស្រុក​អន្លង់វែង នៅក្នុងឆ្នាំ​២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin