ភ័យខ្លាចទូកលិចទឹក

(ក្រចេះ)៖ ឪ លេខ ឈ្មោះហៅក្រៅ ម៉ាប់ មានអាយុ៧២ឆ្នាំ រស់នៅភូមិកំបោរ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ បច្ចុប្បន្ននេះ លេខ តែងតែឈឺក្បាល វិលមុខ និងឈឺក្រពះជាប្រចាំ។
នៅឆ្នាំ១៩៧០ ប្រជាជននៅក្នុងភូមិ និងគ្រួសាររបស់លេខ ត្រូវភៀសខ្លួនចេញពីភូមិ ព្រោះតែការទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពរបស់សត្រូវ។ ការភៀសខ្លួនពីការទម្លាក់គ្រាប់បែក លេខ បានជួបប្រទះទុក្ខលំបាកជាច្រើន, គាត់ភៀសខ្លួនទៅស្រុកសំបូរ ជាមួយកូនៗរបស់គាត់ ដោយការឆ្លងទឹកទន្លេ។ លេខ បាននិយាយថា នៅពេលចែវទូកឆ្លងទន្លេគាត់មិនសូវចេះចែវទូកនោះទេ ដូច្នេះហើយនៅក្នុងចិត្តរបស់គាត់ភ័យខ្លាចថាទូកត្រូវក្រឡាប់លិចចូលទឹកទន្លេ។ លេខ ខិតខំពុះពារចែវទូកបន្តិចម្ដងៗរហូតដល់ច្រាំង។ លេខ បានលើកឡើងថា នៅអំឡុងពេលដែលរត់ភៀសខ្លួនពីការទម្លាក់គ្រាប់បែក គាត់បានជួបប្រទះឃើញមានប្រជាជនជាច្រើនដែលស្លាប់នៅតាមដងផ្លូវ ព្រោះតែមិនមានអាហារបរិភោគ និងខ្លះទៀតស្លាប់ដោយសារជំងឺ។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមចូលគ្រប់គ្រងនៅក្នុងស្រុកសំបូរ។ លេខ ជាប្រជាជនមូលដ្ឋាន ហើយខ្មែរក្រហម បានចាត់តាំងឱ្យគាត់ធ្វើការងារដូចជា ធ្វើស្រែចម្ការ, រែកដី, ជីកប្រឡាយ និងលើកទំនប់។ លេខ ធ្វើការងារនៅទំនប់អន្លង់ដំរី។ នៅពេលនោះកូនៗរបស់គាត់នៅតូច ដូច្នេះហើយគាត់ត្រូវយកកូនទៅផ្ញើនៅកងកុមារ ដើម្បីឱ្យគាត់ងាយស្រួលធ្វើការងារ។ កូនរបស់ លេខ ដែលយកទៅផ្ញើនៅកងកុមារនោះ មិនទទួលបានការថែទាំបានដិតដល់នោះទេ ព្រោះនៅក្នុងកងមានកុមារច្រើន ហើយអ្នកមើលថែមានចំនួនតិច។
លេខ បាននិយាយថា នៅក្នុងរបបខ្មែរក្រហម មិនមានទីកន្លែងស្នាក់នៅត្រឹមត្រូវ និងច្បាស់លាស់ឡើយ មានតែកូនខ្ទមតូចៗដែលខ្មែរក្រហមបានរៀបចំ ហើយក្នុងនោះគ្មានសម្ភារប្រើប្រាស់គ្រប់គ្រាន់ឡើយ, នៅពេលនោះ ប្រជាជនត្រូវរស់នៅក្នុងសហករណ៍ ដែលត្រូវធ្វើការងាររួម និងបរិភោគអាហាររួម។ នៅក្នុងរបបខ្មែរក្រហម ពាក់ព័ន្ធរបបអាហារដែលប្រជាជនទទួលបានគឺជាបបរសលាយជាមួយនឹងសម្លម្ជូរត្រកួន ឬសម្លរម្ជូរព្រលឹត។ នៅពេលនោះក្នុងមួយថ្ងៃ ខ្មែរក្រហមផ្ដល់អាហារចំនួន២ពេល គឺពេលថ្ងៃត្រង់ និងពេលល្ងាច។ បញ្ហាខ្វះខាតអាហារតែងតែកើតមានជារៀងរាល់ឆ្នាំ ទោះបីជាទិន្នផលស្រូវទទួលបានច្រើនយ៉ាងណាក៏ដោយក្ដី ប៉ុន្តែប្រជាជននៅតែបរិភោគបបរជាប្រចាំ។
នៅចុងឆ្នាំ១៩៧៨ ខ្មែរក្រហមបានឃោសនាថាកងទ័ពវៀតណាម បានវាយចូលក្នុងទឹកដីកម្ពុជា, គោលបំណងដែលកងទ័ពវៀតណាមចូលមកគឺ ដើម្បីសម្លាប់ប្រជាជននៅក្នុងភូមិទាំងអស់។ ក្រោយពីឮបែបនោះប្រជាជននៅក្នុងភូមិមានភាពតក់ស្លុត ហើយបាននាំគ្នារត់ចូលក្នុងព្រៃ។ នៅពេលនោះ លេខ និងប្ដីរបស់គាត់បានរត់បែកផ្លូវគ្នា ដោយសារតែមានភាពវឹកវរខ្លាំងមិនអាចស្វែងរកគ្នាឃើញ។ មួយរយៈពេលក្រោយមក លេខ បានទទួលដំណឹងថាប្ដីរបស់គាត់បានជាន់មីន បណ្ដាលឱ្យបាត់បង់ជីវិតនៅខេត្តសៀមរាប។
ក្រោយពីរបបខ្មែរក្រហម បានដួលរលំ លេខ បាននាំកូនៗរបស់គាត់ត្រឡប់ទៅស្រុករបស់គាត់វិញ ប្រកបរបរធ្វើស្រែចម្ការ និងបន្តរស់នៅទីនោះជាមួយនឹងបងប្អូនរបស់គាត់៕
សម្ភាសន៍ដោយ៖ អេង សុខជា ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

