មើមក្ដួចជួយបំពេញការអត់ឃ្លានរបស់ខ្ញុំ ក្នុងរបបខ្មែរក្រហម

ទក់ សឿន រស់នៅ ស្រុកបុរីអូរស្វាយ-សែនជ័យ ខេត្តស្ទឹងត្រែង។ រូបថត ស្រេង លីដា/បណ្ណាសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ខ្ញុំឈ្មោះ អោម សាម៉ៃ អាយុ៧៣ មានទីកន្លែងកំណើតនៅស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ប៉ុន្តែបច្ចុប្បន្ននេះរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំ រៀបការប្ដីឈ្មោះ ឈុន ឡោ ហើយមានកូនប្រុសស្រីសរុបចំនួន៦នាក់ (ស្រី២ ប្រុស៤)។ ខ្ញុំបានចូលរៀននៅត្រឹមថ្នាក់ទី៧ (សង្គមចាស់)។ ខ្ញុំអាចអាន សរសេរ និងនិយាយភាសាបារាំងបានខ្លះៗ ប៉ុន្តែខ្ញុំភ្លេចស្ទើរតែអស់ទៅហើយ ពីព្រោះខ្ញុំបានឈប់រៀន ចាប់តាំងពីអាយុ១៧ឆ្នាំមកម្ល៉េះ។ បន្ទាប់ពីឈប់រៀន ខ្ញុំក៏បានផ្លាស់មករស់នៅបុរីអូរស្វាយនេះតែម្ដង។ ខ្ញុំក៏រៀបការប្ដីជាទាហាននៅបុរីអូរស្វាយ និងបន្តការរស់នៅ រហូតដល់សព្វថ្ងៃនេះ។ ខ្ញុំមិនអាចទៅធ្វើការងារអ្វីនោះទេ ពីព្រោះតែជរាភាព។

ខ្ញុំបានផ្លាស់មករស់នៅបុរីអូរស្វាយជាមួយឪពុកមារបស់ខ្ញុំដែលធ្វើជាទាហាន។ នៅពេលដែលខ្ញុំមកដល់បុរីអូរស្វាយ, ខ្ញុំឃើញមានការអភិវឌ្ឍន៍ជាច្រើននៅតំបន់នេះ ដែលមានដូចជា បន្ទាយទាហាន, សាលារៀន, ផ្ទះការឡុង (ផ្ទះនិគមន៍ជន), ផ្សារ, និងទីចាត់ការ។ នៅពេលនោះ មានប្រជាជន និងទាហាន ជាច្រើនគ្រួសារ បានរស់នៅក្នុងតំបន់បុរីអូរស្វាយនេះ។ ខ្ញុំក៏ចូលរួមព្រះរាជដំណើររបស់សម្ដេចព្រះ នរោត្តម សីហនុ ដែលព្រះអង្គយាងមកចូលរួមព្រះរាជសម្ពោធសម្មទិផលនៅបុរីអូរស្វាយ និងទទួលបានក្រណាត់ស២ដុំ ដែលមានសរសេរថា «សង្គមរាស្រ្តនិយម»៖ ក្រណាត់សដុំទី១ ត្រូវបានទម្លាក់ពីឧទ្ធម្ភាគចក្រ ហើយនិងក្រណាត់សដុំទី២ គឺត្រូវបានចែកអោយដោយស្នាព្រះហស្តរបស់ព្រះអង្គ ក្នុងអំឡុងពេលដែលព្រះអង្គយាងទៅថ្លែងព្រះរាជសន្ទរកថា។

អ្វីៗបានផ្លាស់ប្ដូរបន្ទាប់ពីមានរដ្ឋប្រហារ លន់ នល់ ទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ចេញពីអំណាច។ សង្រ្គាមស៊ីវិលបានផ្ទុះឡើងរវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម។ បុរីអូរស្វាយ ក្លាយទៅជាសមរភូមិ ហើយប្រជាជនត្រូវទទួលរងនូវការទម្លាក់គ្រាប់បែក និងមិនអាចរត់ទៅទីកន្លែងណាបាន។ បុរីអូរស្វាយ ត្រូវបានកងទ័ពខ្មែរក្រហមវាយកាន់កាប់ និងដាក់ជាតំបន់រំដោះ។ ក្រោយមកទៀត ខ្ញុំរៀបការប្ដី និងបន្តរស់នៅតំបន់រំដោះខ្មែរក្រហម។​

នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥, ខ្ញុំបានរស់នៅបែកបាក់ពីក្រុមគ្រួសារ។ ខ្ញុំទើបតែសម្រាលកូនទី១រួច ហើយត្រូវបានបំបែកចេញពីប្ដីរបស់ខ្ញុំ ដែលអង្គការដាក់ឲ្យធ្វើការងារនៅតាមកងចល័តបុរស។ បើទោះបីជាខ្ញុំមានកូនតូចយ៉ាងណាក៏ដោយ, អង្គការបានបញ្ជូនខ្ញុំឲ្យទៅធ្វើការងារនៅកងចល័តនារី ពីកន្លែងមួយទៅកន្លែងមួយដែលស្ថិតនៅឆ្ងាយពីភូមិ។ ការងាររបស់ខ្ញុំមានដូចជា​ បុកអង្ករ, កាប់គុលឫស្សី, ធ្វើស្រែ និងរែកដី។ ខ្ញុំតែងតែខិតខំធ្វើការងារទៅតាមផែនការកំណត់ ហើយក្រោយមកទៀតត្រូវបានអង្គការចាត់តាំងឲ្យជាប្រធានក្រុម។ ខ្ញុំមិនទទួលបានការហូបចុកគ្រប់គ្រាន់នោះទេ។ ជារៀងរាល់ថ្ងៃ ខ្ញុំហូបមិនឆ្អែតនោះទេ ហើយខ្ញុំ និងប្ដី តែងតែលួចចេញទៅជីករកមើមក្ដួចយកមកហូប។ នៅថ្ងៃមួយ ក្នុងពេលដែលខ្ញុំទៅរកជីកមើមក្ដួចជាមួយប្ដី, ខ្ញុំបានវង្វេងផ្លូវនៅក្នុងព្រៃ ហើយព្យាយាមដើរចេញពីព្រៃចូលទៅទីវាល ប៉ុន្តែនៅតែមិនឃើញប្ដី។ ខ្ញុំភ័យខ្លាំងណាស់។ ចំណែកឯប្ដីរបស់ខ្ញុំ ខំប្រឹងដើរស្វែងរក តែនៅតែមិនបានឃើញខ្ញុំទៀត។ នៅពេលនោះ ខ្ញុំក៏បានចាប់ផ្ដើមតាំងចិត្តថា នេះគឺដូចជាទន្លេ នៅផ្នែកខាងកើតនេះ ហើយខ្ញុំត្រូវតែព្យាយាមហែលចេញ។ ខ្ញុំបន្តដើរៗ រហូតដល់មកជួបជាមួយប្រជាជនមួយក្រុម ដែលកំពុងតែធ្វើស្រែនៅភូមិសាស្រ្តស្រែបី។ អ្នកទាំងអស់គ្នាបានសួរខ្ញុំថា៖ «មិត្តនៅឯណា?» ខ្ញុំក៏បានឆ្លើយប្រាប់ថា «នៅព្រុំដែនជាប់ស្រែបី»។ ប្រជាជនមួយក្រុមប្រាប់ទិសដៅឲ្យខ្ញុំដើរវិលត្រឡប់មកភូមិវិញ។

ក្នុងអំឡុងពេលការបង្ខំធ្វើការងារហួសកម្លាំង គ្មានពេលសម្រាក និងអាហារហូបចុកគ្រប់គ្រាន់, ខ្ញុំឃើញក្រុមប្រជាជនដែលងាយរងគ្រោះជាងគេនោះគឺក្រុមប្រជាជនមកពីទីក្រុងភ្នំពេញ (ហៅថាប្រជាជន១៧មេសា ឬប្រជាជនថ្មី)។ ប្រជាជន១៧មេសា មិនចេះស៊ូទ្រាំក្នុងការងារស្រែចម្ការ, ក្រោមកម្ដៅថ្ងៃ និងអាហារហូបចុកមិនគ្រប់គ្រាន់។ ប្រជាជន១៧មេសា មួយចំនួនបានស្លាប់ ចំណែកឯមួយចំនួនទៀតត្រូវបានដឹកតាមទូកយកទៅសម្លាប់ចោល។ ខ្ញុំដឹង និងឃើញការយកប្រជាជន១៧មេសាទៅសម្លាប់ចោល ប៉ុន្តែខ្ញុំមិនហ៊ាននិយាយអ្វីទាំងអស់។ ប្រសិនបើខ្ញុំហ៊ាននិយាយ, ខ្ញុំនឹងត្រូវបានយកទៅសម្លាប់ ដូចគ្នាទៅនឹងប្រជាជន១៧មេសា ជាមិនខាន។ បើទោះបីជាឃើញ, ខ្ញុំធ្វើជាមិនឃើញមិនដឹងដើម្បីរក្សាជីវិតឲ្យនៅរស់។

ខ្ញុំក៏ធ្លាប់ឃើញការរៀបចំប្រជាជនឲ្យរៀបការជាមួយគ្នាផងដែរ។ អង្គការរៀបចំការរៀបការឲ្យមិត្តៗណាដែលធ្វើការងារបានល្អ ហើយអ្នកដែលមានប្រវត្តិមិនល្អ គឺត្រូវរៀបចំការជាមួយអ្នកដែលមានប្រវត្តិមិនល្អ។ ប្រសិនបើមានមិត្តណាបដិសេធការរៀបចំការរៀបការរបស់អង្គការ, មិត្តនោះនឹងត្រូវបានយកទៅសម្លាប់ចោល។ ក្នុងពេលរៀបការម្ដងៗ, មានគូចាប់ពី៧ទៅដល់១០គូ ដោយបានមិត្តបុរស និងមិត្តនារី ត្រូវបានដាក់ឲ្យអង្គុយទល់មុខគ្នា និងនិយាយប្ដេជ្ញាចិត្តថា៖ «យកគ្នាមួយជីវិត មិនលែងលះគ្នា!» បន្ទាប់ពីកម្មវិធីបានបញ្ចប់, គូនីមួយៗត្រូវវិលត្រឡប់ទៅកាន់ផ្ទះរៀបចំដោយអង្គការរៀងៗខ្លួន។[1]

នៅឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានវាយផ្ដួលរលំរបបខ្មែរក្រហម និងរំដោះប្រទេសកម្ពុជា និងសង្គ្រោះប្រជាជន។[2] នៅពេលនោះ ខ្មែរក្រហមបានជម្លៀសប្រជាជន និងខ្ញុំទៅកាន់ខេត្តព្រះវិហារ។ ខ្មែរក្រហមជម្លៀសប្រជាជនផង និងបន្តកាប់សម្លាប់ផង។ ខ្ញុំដឹងជាមុនថា ខ្ញុំនឹងត្រូវបានសម្លាប់ មុននិងក្រោយ។ ខ្ញុំធ្វើជាដើរយឺត រហូតដល់កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាវាយចូលមកដល់ និងបានដឹកយកខ្ញុំវិលត្រឡប់មកភូមិវិញ។ ខ្ញុំរួចផុតពីការកាប់សម្លាប់របស់ខ្មែរក្រហម ប៉ុន្តែបានបាត់បង់បងប្រុសម្នាក់ និងឪពុកមា ដែលខ្មែរក្រហមជម្លៀសទៅខេត្តពោធិ៍សាត់។ បច្ចុប្បន្ននេះ ខ្ញុំមានបញ្ហាសុខភាព ដូចជា ការខ្វះជាតិស្ករ, ឈឺជើង និងភ្នែកដុសកន្ទុយថ្លែន។ ខ្ញុំធ្លាប់ទទួលបានការពិនិត្យសុខភាពបឋម តាមរយៈអង្គការមជ្ឈមណ្ឌលឯកសាកម្ពុជា៕


[1] បទសម្ភាសន៍ «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ជាមួយ ទក់ សឿន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅស្រុកបុរីអូរស្វាយ-សែនជ័យ ខេត្តស្ទឹងត្រែង ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

[2] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិឡាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ៖ អនុគណៈកម្មការមុខវិជ្ជឯកទេសប្រវត្តិវិទ្យា, ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin