អ៊ុត សុខា៖ ខ្ញុំមានសំណាងមិនស្លាប់រហូតដល់ទៅបីដង ដោយសារខ្ញុំឆ្លាត
ខ្ញុំឈ្មោះ អ៊ុត សុខា ភេទស្រី អាយុ៦៥ ឆ្នាំ រស់នៅភូមិជើងទឹក សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ កាលនៅពីតូចខ្ញុំបានចូលសិក្សារៀនសូត្រ នៅសាលាព្រៃវែងក្រុងត្រឹមថ្នាក់ទី៩។
នៅសម័យខ្មែរក្រហម គ្រួសារខ្ញុំត្រូវបានជម្លៀសទៅភូមិខ្យោកដើម្បីធ្វើស្រែនិងជីកប្រឡាយ។ គ្រួសារខ្ញុំ ជាគ្រួសារដែលត្រូវចាត់ចូលក្នុងជំពូកប្រជាជនថ្មី ប៉ុន្តែខ្មែរក្រហមមិនបានគាបសង្កត់សមាជិកគ្រួសារខ្ញុំខ្លាំងពេកទេ។ នៅពេលដែលខ្ញុំធ្វើការងារហត់ ខ្ញុំអាចសម្រាកមួយភ្លែតបាន ហើយនៅពេលដែលខ្ញុំឃ្លាន ខ្ញុំអាចគាស់នេះ គាស់នោះ យកមកស្ងោរហូបបាន ប៉ុន្តែក៏ត្រូវលាក់កំបាំងពីគេឯងដែរ។
នៅខែវិច្ឆិកា ឆ្នាំ១៩៧៧ គ្រួសាររបស់ខ្ញុំ ត្រូវបានជម្លៀសទៅកាន់ខេត្តពោធិ៍សាត់។ ពេលនោះ ខ្ញុំមិនដឹងគិតយ៉ាងណាទេ ព្រោះប្រជាជននៅក្នុងភូមិ ត្រូវបានជម្លៀសស្ទើរតែទាំងអស់ រួមទាំងគណៈឃុំដែរ។ អ្នកជម្លៀសទំាងអស់ ត្រូវបញ្ជូនទៅកាន់កំពង់ចម្លងអ្នកលឿងដោយថ្មើរជើង ដើម្បីបន្តដំណើរមកភ្នំពេញ។ នៅពេលកប៉ាល់បានមកដល់មុខវាំង ប្រជាជនជាច្រើនសប្បាយរីករាយយ៉ាងខ្លាំង ព្រោះបានមើលឃើញព្រះរាជវាំងដ៏ស្រស់ស្អាត។ បន្តិចក្រោយមក អ្នកនៅលើកប៉ាល់ទាំងអស់បានជ្រួលច្របល់ឡើង បន្ទាប់ពីបានដឹងថា កប៉ាល់ដែលខ្លួនកំពុងជិះបានលិចទឹកចូលពេញ។ ជាសំណាងល្អ កប៉ាល់នោះមិនបានលិចភ្លាមៗទេរហូតដល់យើងបានមកដល់ទីចំណតក្បែរស្ពានជ្រោយចង្វារ។ អ្នកជម្លៀសទាំងអស់បានចាកចេញពីកប៉ាល់យ៉ាងប្រញាប់ប្រញាល់ ហើយឡើងទៅជិះរថភ្លើងបន្តរហូតទៅដល់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
មនុស្សស្រីម្នាក់ ក្នុងសម្លៀកបំពាក់ពណ៌ខ្មៅ និងពាក់មួកកន្តឹប បានបើកទ្វាររថភ្លើង រួចប្រកាសឲ្យអ្នកជម្លៀសទាំងអស់ប្រញាប់ចាកចេញពីរថភ្លើងចូលទៅក្នុងព្រៃ។ អ្នកគ្រប់គ្នាបានចាកចេញយ៉ាងលឿន ហើយគ្រួសារខ្ញុំបានចាកចេញជាមួយគេ និងបានដើរទៅសែនឆ្ងាយតាមការបញ្ជារបស់អ្នកនាំផ្លូវ។ ជើងខ្ញុំស្ទើរតែរលាកដើរលែងរួច ដោយសារតែដើរកាត់ដីខ្សាច់ដោយជើងទទេរ។ នៅតាមផ្លូវ យើងមានពេលសម្រាកបន្តិច ដើម្បីដាំបាយហូប។ ពេលហូបបាយរួច យើងត្រូវអង្គការហៅឲ្យទៅចូលរួមប្រជុំ ដើម្បីរៀបចំឲ្យមានក្រុមៗ និងត្រូវបានចាត់តាំងឲ្យចូលធ្វើការភ្លាមៗដែរ។ ខ្ញុំពុំបានដឹងថា តើខ្ញុំនិងគ្រួសារត្រូវសម្រាកនៅទីណាទេ។ នៅពេលយប់ ខ្មែរក្រហមបាននាំយើងមករកកន្លែងសម្រាក គឺនៅក្នុងខ្ទមតូចមួយក្បែរវាលស្រែ។ ការមកដល់ខេត្តពោធិ៍សាត់នេះ ខ្ញុំមានអារម្មណ៍មិនល្អភ្លាម ព្រោះខ្ញុំគិតថា ខ្ញុំកាន់តែលំបាកជាងមុនទៅទៀត។ ពេលព្រឹកព្រលឹមឡើង អង្គការបានគោះជួង ដើម្បីដាស់យើងឲ្យចុះទៅធ្វើការ។ ជូនកាល អង្គការប្រើយើងឲ្យងើបតាំងពីម៉ោង ២ព្រឹក ទៅធ្វើការងារនៅឯស្រែ។ មុននឹងចេញទៅស្រែ ពួកយើងត្រូវឈរតម្រង់ជួរឲ្យកម្មាភិបាលខ្មែរក្រហម ដើររាប់។ ពេលរាប់គ្រប់ចំនួនហើយ ទើបកម្មាភិបាលរូបនោះ បញ្ជាយើងឲ្យបំបែកជួរដើរទៅកាន់ស្រែ។ ខ្ញុំនៅចាំបានថា ការងារដំបូងដែលខ្ញុំធ្វើ គឺកាប់ដី និងលើកប្រព័ន្ធភ្លឺស្រែ។ បន្ទាប់មក ខ្ញុំត្រូវទៅដកស្ទូង ច្រូតស្រូវ លើកកណ្តាប់ និងជីកប្រឡាយ។
នៅដើមខែមករា ឆ្នាំ១៩៧៩ ខ្ញុំ និងអ្នកឯទៀត ត្រូវខ្មែរក្រហមជម្លៀសឲ្យទៅឆ្ងាយពីភូមិដែលខ្ញុំនិងអ្នកទាំងនោះពុំធ្លាប់រស់នៅ។ នៅទីនោះ ខ្ញុំត្រូវខ្មែរក្រហមបង្ខំឲ្យជីករណ្តៅទំហំ៥០ម៉ែត្របួនជ្រុង ក្នុងរយៈពេល២ថ្ងៃ។ យើងទាំងអស់គ្នា ពុំបានដឹងឡើយថា រណ្តៅដែលយើងកំពុងតែជីកនេះ ជារណ្តៅសម្រាប់កប់ខ្លួនឯងទាល់តែសោះ។ ។ ខ្ញុំសប្បាយចិត្តណាស់ ព្រោះអង្គការបានឲ្យយើងហូបឆ្អែត។ ប៉ុន្តែ ខ្ញុំបានឮគេនិយាយតគ្នាថា ខ្មែរក្រហមនឹងសម្លាប់ពួកយើងចោល បន្ទាប់ហូបឆ្អែតហើយ។ ជាសំណាងល្អ ពួកយើងមិនទាន់ត្រូវក្រុមខ្មែរក្រហមសម្លាប់ឡើយ ព្រោះក្រុមខ្មែរក្រហមទាំងនោះបានរត់ចោលយើងបាត់ទៅហើយ។ ខ្ញុំ និងអ្នកផ្សេងទៀត បានវិលត្រឡប់មកកាន់ស្រុកកំណើតវិញ ហើយបានរួចរស់ជីវិតរហូតមកដល់ពេលនេះ។
ឆ្លងកាត់របបខ្មែរក្រហម ខ្ញុំបានជួបប្រទះរឿងរ៉ាវច្រើនណាស់ និងបានរួចផុតសេចក្តីស្លាប់ចំនួន៣ដង។ នេះប្រហែលមកពីខ្ញុំមានភាពឆ្លាតវៃគួបផ្សំផង។ ខ្ញុំនៅចងចាំថា ខ្ញុំត្រូវខ្មែរក្រហមបញ្ជូនឲ្យទៅធ្វើការនៅក្នុងកងហា និងត្រូវខ្មែរក្រហមចងស្លាបសេកជាមួយនឹងមនុស្ស៥០នាក់ទៀតនៅក្នុងកង។ ពួកយើង ត្រូវខ្មែរក្រហមនាំយកទៅសម្លាប់នៅវេលាម៉ោង១២យប់។ នៅពេលទៅដល់រណ្តៅ កងឈ្លបឲ្យយើងអង្គុយចុះ។ យើងមិនអាចរត់ទៅណាបានទេ ព្រោះកងឈ្លបនៅយាមជាប់ជុំវិញ។ អ្នកផ្សេងទៀត ត្រូវបានចងដៃ និងបិទត្រចៀក លើកលែងតែខ្ញុំម្នាក់ប៉ុណ្ណោះ។ ខ្ញុំបានឃើញ និងឮសម្លេងវាយអ្នកទោសនឹងពូថៅ ឮសូរតែប៉ូកៗ ហើយមនុស្សបានប្រកាច់ និងត្រូវបានធាក់ចូលទៅក្នុងរណ្តៅ។ ឃើញហើយ ខ្ញុំត្រជាក់ចុងដៃជើង និងភ័យខ្លាំងណាស់។ ខ្ញុំអង្គុយស្ទើរតែក្រាបដល់ស្មៅទៅហើយ ព្រោះមិនចង់ឲ្យឈ្លបទាំងនោះបានឃើញ។ ជាសំណាងល្អ កងឈ្លបមិនបានវាយសម្លាប់ខ្ញុំទេ ព្រោះកងឈ្លបទាំងនោះ អស់កម្លាំង និងរោយដៃ។ ខ្ញុំក៏បានរួចខ្លួន ប៉ុន្តែកងឈ្លបបានបញ្ជូនខ្ញុំមកកាន់កងរយ ដើម្បីត្រៀមយកទៅសម្លាប់នៅរយៈពេល៥ថ្ងៃបន្ទាប់ទៀត។ រយៈពេល៥ថ្ងៃបន្ទាប់បានមកដល់ ខ្ញុំក៏ត្រូវបញ្ជូនមកសម្លាប់ម្តងទៀត ហើយខ្ញុំបានរួចខ្លួនម្តងទៀតដែរ។ បន្ទាប់មក ខ្ញុំក៏ត្រូវបញ្ចូនទៅកាន់កងសែបន្តទៀត។ លើកនេះ ខ្ញុំក៏មានសំណាងដែរ ព្រោះកងទ័ពវៀតណាមបានចូលមកដល់។ ខ្មែរក្រហម បានរត់ប្រាសអាយុទៅបាត់អស់ បន្សល់ទុកពួកខ្ញុំនៅក្បែររណ្តៅ។ ពួកយើងបានធ្វើដំណើរមកកាន់ស្រុកកំណើតវិញ តាមបញ្ជារបស់កងទ័ពវៀតណាម។ នៅតាមផ្លូវ ខ្ញុំបានជួបជាមួយបងប្អូនឪពុកម្តាយដោយចៃដន្យនិងនាំគ្នាធ្វើដំណើរត្រឡប់មកស្រុកកំណើត។
អត្ថបទដោយ៖ ថុន ស្រីពេជ្រ
កំណែអក្ខរាវិរុទ្ធដោយ៖ លី សុខចំរើន